លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយអំពីការបង្ការគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃចន្ទ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរចំនួនពីរចុងក្រោយ ២លើកនេះ។ ករណីទាំងពីរដែលលោកនាយករដ្ឋមន្ត្រីបានលើកយកមកនិយាយជាសាធារណៈ ហើយបានថ្លែងចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះទៀតផង។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលលោកនាយករដ្ឋមន្ត្រីអំពាវនាវអោយបញ្ចប់នោះ លោកនាយករដ្ឋមន្ត្រីរម្លឹកអោយមន្ត្រីពិនិត្យរថយន្តកុងតឺន័រ និងរថយន្តសណ្តោងរ៉ឺម៉កវែងដែលអាចបង្កអោយមានគ្រោះថ្នាក់។
ថ្ងៃ ចន្ទ 11 មីនា 2013
ដោយ លាង ដឺលុច
RFI

នាយករដ្ឋមន្ត្រីបានផ្ញើសារទៅពលរដ្ឋ ព្រមទាំងទៅសមត្ថកិច្ច អោយចងចាំទុកក្នុងចិត្តនូវពាក្យមួយឃ្លាថា «ថ្ងៃនេះនិងថ្ងៃស្អែក គ្មានគ្រោះថ្នាក់ចរាចរណ៍»។ RFI/Channa Siv
នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ លោក ព្រហ្ម ពៅ បានថ្លែងនៅថ្ងៃចន្ទ ទី១១មិនានេះថា លោកកំពុងរៀបចំបញ្ជូនសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រ និងរថយន្តតារាចម្រៀង ខេមរៈ សិរីមន្ត នោះទៅតុលាការឆាប់ៗនេះហើយ។
ទោះយ៉ាងនេះក៏ដោយ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍មួយនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រីលើកយកមកនិយាយជាសាធារណៈ នៅព្រឹកថ្ងៃចន្ទនេះ។ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត លោកនាយករដ្ឋមន្ត្រីបានយកឱកាសនេះ រមឹ្លកមន្ត្រីក្រសួងសាធារណៈការ អំពីបញ្ជារបស់លោកទាក់ទងនឹងការត្រូតពិនិត្យរថយន្តសណ្តោងធំៗ និងសណ្តោងរ៉ឺម៉កវែងៗដែលបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃនោះ។
ប្រមុខរាជរដ្ឋាភិបាលស្នើអោយមន្ត្រីទាំងអស់អនុវត្តច្បាប់ ដោយមិនចាំបាច់រង់ចាំអនុសាសន៍របស់លោកឡើយ។ ហើយរឹតបន្តឹងលើក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ដើម្បីកុំឲ្យមានសោកនាដកម្មដូចករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៤ នោះទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានថ្លែងរំលែកទុក្ខគ្រួសារជនរងគ្រោះ ដែលមានទាំងតារាកំប្លែងនាយ កុយ និងលោកស្រី ណយ សំណាង ផងដែរ។
លោកនាយករដ្ឋមន្ត្រីក៏មិនបានភ្លេចករណីគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រសួងមហាផ្ទៃ ដែលបង្កដោយនិស្សិតពេទ្យ ធ្វើអោយស្លាប់កុមារ៣នាក់ នោះដែរ។ លោកនាយករដ្ឋមន្ត្រីបានស្តីបន្ទោសអាណាព្យាបាល ហើយថានិស្សិតពេទ្យនោះក៏មិនអាចគេចផុតពីការផ្តន្ទាទោសដែរ។
ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ទាំងពីរ លោកនាយករដ្ឋមន្ត្រីបានផ្ញើសារទៅពលរដ្ឋនៅទូទាំងប្រទេស ព្រមទាំងទៅសមត្ថកិច្ចផង អោយចងចាំទុកក្នុងចិត្តនូវពាក្យមួយឃ្លាថា «ថ្ងៃនេះនិងថ្ងៃស្អែក គ្មានគ្រោះថ្នាក់ចរាចរណ៍»។
គ្រោះថ្នាក់ចរាចរណ៍ត្រូវបានផ្សព្វផ្សាយជារៀងរាល់ថ្ងៃ នៅក្នុងគេហទំព័រព័ត៌មាន របស់ប៉ូលិសជាតិ។ របាយការណ៍កន្លងមក បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ពលរដ្ឋ៥នាក់ជាមធ្យម ជារៀងរាល់ថ្ងៃ ហើយបានធ្វើអោយខូចខាតទ្រព្យសម្បត្តិ គិតជាថវិកាស្មើនឹងជាង៣០០លានដុល្លារ ក្នុងមួយឆ្នាំ៕
———————————–


ស្រុកយើងជិតមានយុត្តិធម៌ហើយ តែករណីអង្គរក្សអ្នកមានអំណាចប៉ះជាមួយម៉ូតូកង់បី អ្នកមានអំណាចនៅតែឈ្នះ ហើយករណីមួយទៀតគឺ ប្រពន្ធលោកឧកញ៉ាវាយអ្នកបំរើបែកឈាម មិនទាន់ឃើញយុត្តិធម៌ទេ ប្រជាជននិងរងចាំមើលរហូតដល់បាត់ពន្លឺ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែពង្រឹងនឹងកែច្បាប់ចរាចរណ៍ លើចំនុចដាក់ទោសទាន់។ ប្រការនេះគួរយកគំរូតាមប្រទេសចិន បើជនណាបើកបរបង្ករគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ ត្រូវមានទោស ប្រហារជីវិត។ នេះជាប្រការមួយជួយកាត់បន្តយ គ្រោះថ្នាក់ នឹង ការផ្តល់អនុសាសន័ទាន!
គ្មានអ្វី ដែល ថាមិនអាចកាត់បន្ថយអំពីគ្រោះថ្នាក់ចរចរណ៏បាននេះទេ ។ បើសិនជាអំពើពុករលួយ ត្រូវបានកាត់បន្ថយបានដែរនោះ ។ ហើយមិនបាច់និយាយអ្វីអោយលើសពីនេះទៀតនោះទេ ម្នាល ហ៊ុន សែន អើយ ។