ភ្នំពេញៈ ក្តីរំពឹងរបស់តារាចម្រៀងនិងជាអតីតពិធីការិនីទូរទស្សន៍ខ្សែកាបអង្គរ ស្រីស្រស់តូចច្រឡឹង នាងគង់ ចាន់រដ្ឋា ដែលត្រូវចេញទៅសម្តែងកើបប្រាក់លើដីកោះដ៏ស៊ីវិល័យ ប្រទេសអូស្រ្តាលីនោះ ពេលនេះមិនទទួលបានតាមការប្រកាសរបស់នាងឡើយខណៈនាងប្រាប់ថា ពេលនេះគម្រោងចេញទៅសម្តែងនៅប្រទេសអូស្រ្តាលីរបស់នាងនោះ បានក្លាយជាខ្យល់ហើយ ព្រោះតែរត់ឯកសារមិនទាន់។
Tuesday, 12 March 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
តាំងពីគ្រវែងអាជីពជាពិធីការិនីងាកមកស្រវាអាជីពសិល្បៈចម្រៀងដើម្បីសម្រេចមហិច្ឆតាចេញច្រៀងនិងសម្តែងនៅក្រៅប្រទេសដើម្បីបានស្គាល់ស្រុកទេសគេផងនិងបានកើបលុយនោះមិនបានប៉ុន្មានផងនាងក៏បានប្រកាសក្នុងភាពជាក់លាក់របស់ខ្លួនប្រាប់ទៅទស្សនិកជន និងមិត្តភក្តិក្នុងហ្វេសប៊ុកថា៖«មហិច្ឆតារបស់ខ្ញុំចេញសម្តែងក្រៅប្រទេសបានសម្រេចហើយ ហើយនៅចុងខែកុម្ភៈខាងមុខនេះខ្ញុំនឹងបានចេញទៅសម្តែងប្រទេសអូស្រ្តាលី»។
ប៉ុន្តែក្តីរំពឹងរបស់ស្រីស្រស់តារាចម្រៀងពូកែលេងហ្វេសប៊ុកវ័យ២៣ឆ្នាំនេះ បែរជារលាយទៅវិញទាំងក្តីអាម៉ាស់ខណៈស្ពនស័រដែលធានានាងនោះ បានលុបឈ្មោះនាងចេញពីបញ្ជីអ្នកសិល្បៈដែលត្រូវចេញទៅសម្តែងនៅចុងខែបីនេះ។ ប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទកាលពីថ្ងៃម្សិលមិញខណៈដែលនាងកំពុងធ្វើដំណើរត្រឡប់ពីខេត្តរតនគិរីនោះ នាងគង់ ចាន់រដ្ឋា បានប្រាប់ថា ពេលនេះដំណើរបើកឆាកចេញសម្តែងលើដីកោះប្រទេសអូស្រ្តាលីនោះ មិនបានសម្រេចតាមការប្រកាសឡើយ។
នាងបន្តទាំងពាក្យសម្តីរដិបរដុបថា៖«មុននេះខ្ញុំធ្លាប់បាននិយាយថា នៅចុងខែបីនេះ ខ្ញុំនឹងចេញទៅសម្តែងនៅអូស្រ្តាលី រយៈពេល៥សប្តាហ៍ដោយរួមដំណើរជាមួយសិល្បករសិល្បការិនីយើងចំនួន៣នាក់ទៀតតាមការកំណត់របស់ស្ពនស័រនៅប្រទេសអូស្រ្តាលី តែពេលនេះខ្ញុំម្នាក់ឯងមិនបានចេញទៅតាមកាលកំណត់ទេ ខណៈដែលស្ពនស័រនោះ គេមិនអាចរង់ចាំខ្ញុំបាន ហើយគេក៏ជម្រុះខ្ញុំចេញហើយពន្យារឲ្យរង់ចាំដល់រដូវបុណ្យភ្ជុំវិញ»។
កាលដែលឈ្មោះនាងត្រូវបានខាងស្ពនស័រគេជម្រុះចេញនិងរង់ចាំរហូតដល់ទៅរដូវភ្ជុំនោះ មិនមែនដោយសារតែស្រីស្រស់វ័យ២៣ឆ្នាំនាង គង់ ចាន់រដ្ឋា មានជាប់បញ្ជីខ្មៅនៅស្ថានទូតដោយសារករណីមិនស្របច្បាប់ណាមួយនោះឡើយ នោះមកពីនាងរត់ឯកសារមិនទាន់តាមការកំណត់។ នាងបញ្ជាក់ទាំងសោកស្តាយថា៖«ឯកសារនានាទាក់ទិននឹងសំបុត្រកំណើតអីៗហ្នឹងវាគ្រប់គ្រាន់ហើយ ប៉ុន្តែខ្ញុំយឺតយ៉ាវសំបុត្របញ្ជាក់ពីខាងទូរទស្សន៍ជាតិនិងនាយកដ្ឋានសិល្បៈថា តើខ្ញុំនេះជាអ្នកសិល្បៈពិតប្រាកដអត់»។
តារាចម្រៀងដែលល្បីមានស្នេហាជាមួយក្រុមយូធូភា នាងគង់ ចាន់រដ្ឋា និយាយថា៖«ខ្ញុំមានអារម្មណ៍សោកស្តាយមែនទែនចំពោះភាពខកខានដំណើរចេញសម្តែងលើកដំបូងនៅលើប្រទេសអូស្រ្តាលីនេះ ហើយខ្ញុំនេះក៏មិនចង់ឲ្យគម្រោងហោះហើរដំបូងនេះខកខាននោះឡើយ ហើយថាមិនបានអាចនឹងជួបរឿងស៊យរហូតក៏មានដែរ»៕

ចេញទៅ អាមេរិច ឬអឹរុប ម្តេចនិងកើត បើស្លៀកពាក់ជិតដូចនេះ