មេធាវី និងកូនប្រុសរបស់លោកអៀង សារី បានបញ្ជាក់នៅថ្ងៃពុធ ទី១៣មីនានេះថា អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម លោក អៀង សារី ដែលមានអាយុ ៨៧ ឆ្នាំ នៅពេលនេះ មានស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរទៅៗ។ លោក អៀង សារី ត្រូវបានគេបញ្ជូនមកសង្គ្រោះបន្ទាន់ជាថ្មីទៀត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) ក្នុងទីក្រុងភ្នំពេញ ចាប់តាំងពីព្រឹកថ្ងៃទី៤មីនា។ លោកមិនអាចពិសារអាហារបានឡើយ ហើយត្រូវដកដង្ហើមដោយសារម៉ាស៊ីនអុកស៊ីសែន។
ថ្ងៃ ពុធ 13 មីនា 2013
ដោយ លី ម៉េងហួរ
RFI

លោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម © លី ម៉េងហួរ
កូនប្រុសរបស់លោក អៀង សារី ដែលសព្វថ្ងៃជាអភិបាលរងខេត្តប៉ៃលិន គឺលោក អៀង វុធ បានប្រាប់អ្នកកាសែតយ៉ាងខ្លី នៅរសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៣ ថា សាច់ញាតិ និងកូនចៅរបស់លោក អៀង សារី បានមកជួបជុំគ្នាអស់ហើយ នៅមន្ទីរពេទ្យរុស្ស៊ី ក្នុងទីក្រុងភ្នំពេញ។ រីឯស្ថានភាពជំងឺរបស់លោក អៀង សារី ក៏កាន់ធ្ងន់ធ្ងរទៅៗ។
ចំណែកលោកមេធាវី អាង ឧត្តម សហមេធាវីការពារក្តី លោក អៀង សារី ក៏បានឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា “ស្ថានភាពសុខភាពរបស់លោក អៀង សារី មានសភាពធ្ងន់ធ្ងរជាទីបំផុត និងធ្ងន់ធ្ងរជាងមុនហើយ”។
តាមសេចក្តីរាយការណ៍ លោក អៀង សារី សម្រាន្តលើគ្រែ ហើយដកដង្ហើមដោយម៉ាស៊ីនអុកស៊ីសែន។ លោក អៀង សារី មិនអាចបរិភោគអាហារបានឡើយ ចាប់តាំងពីលោក ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ីជាថ្មីទៀត កាលពីថ្ងៃចន្ទ ទី៤មីនា។
នៅមន្ទីរពេទ្យរុស្ស៊ី មានកម្លាំងប៉ូលិស យាមកាមយ៉ាងតឹងរ៉ឹង នៅក្បែរបន្ទប់ ដែលលោក អៀង សារី សម្រាកព្យាបាលជំងឺ។ អ្នកកាសែតមិនត្រូវបានអនុញ្ញាតឲ្យទៅក្បែរបន្ទប់សម្រាកនោះឡើយ។ ក្រុមគ្រូពេទ្យជំនាញធំៗ ក៏បានចេញចូលពិនិត្យស្ថានភាពជំងឺរបស់លោក អៀង សារី ជាបន្តបន្ទាប់ ក៏ប៉ុន្តែ លទ្ធផលនៃស្ថានភាពសុខភាពរបស់លោក អៀង សារី មិនត្រូវបានគេប្រាប់ឲ្យដឹងឡើយ។
លោកវេជ្ជបណ្ឌិត ឈឿង យ៉ាយិន អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបដិសេធមិនធ្វើអត្ថាធិប្បាយ អំពីស្ថានភាពជំងឺរបស់លោក អៀង សារី ឡើយ។ លោកវេជ្ជបណ្ឌិតបានថ្លែងថា “អ្នកដែលផ្តល់ព័ត៌មានទៅប្អូនបាន គឺផ្នែករដ្ឋបាល អ.វ.ត.ក. (សាលាក្តីខ្មែរក្រហម)។ គ្រូពេទ្យទាំងអស់ គ្រាន់តែជាអ្នកបច្ចេកទេស អត់មានសិទ្ធិលើបញ្ហាផ្តល់ព័ត៌មានអស់ហ្នឹងទេ។ អ្វីៗគឺអ.វ.ត.ក. ជាអ្នកចេញជាព័ត៌មាន។ សូមទោស!”។
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា ក៏បានលើកឡើងដែរថា រហូតមកដល់ពេលនេះ ខាងសាលាក្តីមិនទាន់មានរបាយការណ៍ ឬការប្រកាសព័ត៌មានអ្វី ក្រៅពីដំណឹងថា លោក អៀង សារី ស្ថិតនៅមន្ទីរពេទ្យ ហើយស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងដិតដល់របស់ក្រុមគ្រូពេទ្យ។
យ៉ាងណាក៏ដោយ លោក នេត្រ ភក្ត្រា បានពន្យល់ថា ជាធម្មតា នៅពេលដែលជនជាប់ចោទ ស្លាប់ នៅក្នុងពេលដំណើរការសំណុំរឿងក្តី គឺមិនមានការចោទប្រកាន់ និងមិនមានការជំនុំជម្រះក្តីឡើយ ពីព្រោះតុលាការ មិនកាត់ទោសទៅលើអ្នក ដែលស្លាប់ទេ។
មានអាយុ ៨៧ ឆ្នាំ លោក អៀង សារី ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៧។តុលាការខ្មែរក្រហម បានចោទប្រកាន់ និងបញ្ជូនទៅជំនុំជម្រះពីបទឧក្រិដ្ឋកម្ម សម្លាប់មនុស្ស ក្នុងសម័យខ្មែរក្រហម។ សវនាការលើសំណុំរឿង០០២ ដែលមានជនជាប់ចោទ លោកអៀង សារី, លោក នួន ជា និងលោក ខៀវ សំផន បានចាប់ផ្តើមដំណើរការកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១។
ប៉ុន្តែ មកដល់ពេលនេះ សវនាការលើសំណុំរឿងក្តីរបស់អតីតមេខ្មែរក្រហម ក្នុងសំណុំរឿង០០២ ត្រូវជាប់គាំង ដោយសារបញ្ហាសុខភាពរបស់លោក អៀង សារី និងហេតុផលមួយទៀត គឺមកពីវិបត្តិថវិកា ដែលមិនទាន់ដោះស្រាយ ដើម្បីបើកប្រាក់ខែដល់បុគ្គលិកជាតិ នាំឲ្យអ្នកបកប្រែភាសា ធ្វើពហិការ មិនចូលធ្វើការ ចាប់តាំងពីថ្ងៃទី៤មីនា ឆ្នាំ២០១៣៕
—————————————-



អើ…………….ល្មមដល់ពេលទៅជួប
សមមិត្ត ប៉ុល ពត ហើយ។
សង្ឈឹមថាយមរាជដាក់ទោសវាអោយ
ចុះនរក ១៨ជាន់ កុំអោយវាចាប់ជាតិ
មកទឿតបានអោយសោះ។
អោយវាឡើងរការដែក ចុះខ្ទះខ្លាញ់
សីុខ្ទុះ ឈាមជាអលជ្ជី ។
អៀង សារី ស្លាប់ហើយ ម៉ោង ៨ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣