ភ្នំពេញៈ លោកស្រី ឈិន សុគន្ធារី ហៅ យាយក្រពើ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ឡាយីម៉ិចហូលឌីងគ្រុប (LAYIMEX HOLDINGS GROUP) បានឆ្លើយតប និង បំភ្លឺចំពោះ លិខិតបំភ្លឺរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២១ ខែ មិនា ឆ្នាំ២០១៣ ដែលបានចុះផ្សាយដោយ កាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃ ២៧ ខែមិនា ឆ្នាំ២០១៣។ ហើយបានអះអាងថា លិខិតនោះ បានធ្វើឲ្យមតិសាធារណៈ មានការយល់ច្រឡំ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងសុច្ចរិតភាពរបស់គាត់យ៉ាងខ្លាំង។
Thursday, 28 March 2013
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍
នៅក្នុងលិខិត លោកស្រី ឈិន សុគន្ធារី ចុះកាលបរិច្ឆេទ ថ្ងៃទី ២៧ មីនា ២០១៣ ដែលបានផ្ញើរជូន មកភ្នំពេញប៉ុស្តិ៍ កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍នេះ លោកស្រី ឈិន សុគន្ធារី បានបញ្ជាក់ថា លោកស្រីបានទិញដីទំហំជាង៣៤ ហិកតា នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នេះ តាំងពីឆ្នាំ ១៩៩៩ម្ល៉េះ ព្រមទាំងមានលិខិតផ្ទេរសិទ្ធិចំនួន ១៨ ច្បាប់ដោយមានការទទួលស្គាល់ដឹងឮពីអាជ្ញាធរមូលដ្ឋាន និង បានបង់ពន្ធលើអចលនទ្រព្យ ប្រចាំឆ្នាំ ២០១១ ជូនរដ្ឋរួចជាស្រេចទៀតផង។
លោកស្រីមានប្រសាសន៍ថា៖«គ្រប់សកម្មភាពរបស់ក្រុមហ៊ុននៅលើដីកម្មសិទ្ធិរបស់ខ្លួនសុទ្ធតែមានការសុំច្បាប់ និងមានការអនុញ្ញាតច្បាប់ត្រឹមត្រូវពីអាជ្ញាធរជានិច្ច ជាក់ស្តែងការឈូសឆាយដីចុងក្រោយ ដែលលោក កែប ជុតិមា បានបញ្ជាកម្លាំងចុះទៅដកគ្រឿងចក្រ និងនាំខ្លួនកម្មករ ហើយដកហូតដីនាងខ្ញុំ ព្រមទាំងជម្រុញឲ្យមានការកាត់ទោសនាងខ្ញុំ គឺពួកលោកមិនទទួលស្គាល់លិខិតអនុញ្ញាតឲ្យឈូសឆាយដីលេខ ៤៦១ លប ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១២ របស់សាលាសង្កាត់ភ្នំពេញថ្មី»។
លោកស្រីបានបន្តថា គណៈកម្មាធិការ កំណត់ផ្ទៃទីតាំងបឹងបួរក្នុងព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតលេខ ៦៩៩ធទឧ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១២ គោរពជូន សម្តេច នាយករដ្ឋមន្រ្តី ដើម្បីសម្រេចជាផ្លូវការលើលទ្ធផលនៃកិច្ចប្រជុំទាក់ទងនិងការកំណត់ផ្ទៃបឹងពោងពាយ គឺតម្រូវការចាំបាច់ សម្រាប់អាងស្តុកទឹក មានត្រឹមតែ ៥៣,៣១ ហិកតា តែប៉ុណ្ណោះ ហើយ សម្តេច នាយករដ្ឋមន្រ្តី ក៏បានឯកភាព តាមចំណារចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១២ ហើយដីរបស់គាត់ មិនស្ថិតនៅចំអាងស្តុកទឹករបស់រដ្ឋឡើយ។
ទាក់ទងនៅនឹងដីក្នុងតំបន់បឹងពោងពាយខាងលើ លោកស្រីបានឲ្យដឹងថា បឹងពោងពាយ ពិតមែនមានឈ្មោះថាបឹង តែតាមពិតក្រោយឆ្នាំ ១៩៧៩ បឹងនេះ គឺមានតែឈ្មោះទេ ពោលដូចជាបឹងកេងកង បឹងសាឡាង ដូច្នោះដែរ តែបានបាត់បង់លក្ខណៈជាបឹងរួចទៅហើយ ហើយត្រូវបានប្រជាជនចុះចាប់យកធ្វើជាកម្មសិទ្ធិតាំងពីក្រោយឆ្នាំ ១៩៧៩ មកហើយទីតាំងដីក្រុមហ៊ុនរបស់គាត់គឺស្ថិតនៅជាប់ផ្លូវកៅស៊ូតាមបណ្ដោយផ្លូវលេខ១៩២៨ បច្ចុប្បន្នផ្លូវឧកញ៉ាម៉ុង ឫទ្ធី ហើយជាដីគោកដែលបានចាក់បំពេញតាំងពីឆ្នាំ២០០៣ មកម៉្លេះគ្រាន់តែប្រើពាក្យហៅជាប់ថាបឹង ”បឹងពោងពាយ”តែប៉ុណ្ណោះ។ បើពុំនោះទេ មិនមែនក្រោយពីយកដីរបស់គាត់ តាមរយៈអនុក្រិត្យ១០១ មិនបានប៉ុន្មានផង ក៏លោក កែប ជុតិមា អះអាងភ្លាមថា បឹងទាំងមូលលែងមានមុខងារជាអាងស្តុកទឹក ហើយធ្វើការដោះដូរភ្លាមជាមួយនឹង ឧកញ៉ា លី យ៉ុងផាត់ នោះទេ ។
លោកស្រីបានមានប្រសាស៍ថា៖« នាងខ្ញុំសុំឲ្យសាធារណមតិ មេត្តាសង្កេតមើល នៅក្នុងចំណុចទី២នៃលិខិតលោកកែប ជុតិមា និងលោកកើត ឆែ ក៏ឃើញថាមានការប្រែប្រួលឥរិយាបថ១៨០អង្សា ។ លោកកែប ជុតិមា និងលោកកើត ឆែ អះអាងថា ដីនេះប្រើប្រាស់សម្រាប់រងទឹកភ្លៀងនៅរដូវវស្សា ប៉ុន្តែនៅពេលលោកកែប ជុតិមា និងលោកកើត ឆែ យកដីនេះទៅដោះដូរជាមួយលោកឧកញ៉ាលី យ៉ុងផាត់ ពួកគាត់ប្រែក្រឡាសថាបឹងទាំងមូលលែងមានមុខងារជាអាងស្តុកទឹកទៀតហើយ ព្រោះមានស្ថានីយ៍បូមទឹកមួយកន្លែង ដែលអាចរំដោះទឹកបាននៅរដូវវស្សា»។
«ចំពោះការដោះដូរដីនេះ នាងខ្ញុំសូមទុកភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយ និងសមាជិក សមាជិកានៃរដ្ឋសភា ដើម្បីត្រួតពិនិត្យមើល តើមានអំពើពុករលួយដែរឬទេ? ព្រោះការដោះដូរនេះ ហាក់ដូចជាគ្មានតម្លាភាពសោះ។ នាងខ្ញុំសូមបញ្ជាក់ថា ដីនាងខ្ញុំមានគេហ៊ានទិញក្នុងតំលៃ៣៥០ដុល្លាអាមេរិកក្នុងមួយម៉ែត្រការ៉េ ដូច្នេះដី១០៦ហិកតា ដែលប្រគល់ឲ្យឧកញ៉ាលី យ៉ុងផាត់ គឺមានតំលៃជាង៣០០លានដុល្លាអាមេរិក ។ បច្ចុប្បន្ន ឧកញ៉ា លី យុងផាត់ បានលក់ដីដែលបានរំលោភពីនាងខ្ញុំទៅលក់បន្តឲ្យបុរីពិភពថ្មី»។
«នាងខ្ញុំសូមសំណូមពរដល់សាធារណជនទាំងអស់ សូមមេត្តាកុំធ្វើទំនាក់ទំនងទិញលក់ដីរបស់នាងខ្ញុំឲ្យសោះ ព្រោះថាការទិញលក់ដីនេះចាត់ទុកថាបានរួមចំណែករំលោភបំពានយកដីនាងខ្ញុំដែរ។ នាងខ្ញុំធ្លាប់ឃើញសមាជិក-សមាជិកានៃរដ្ឋសភា ពិភាក្សាដេញដោលគ្នាជាច្រើនថ្ងៃស្តីអំពីការកសាងវារីអគ្គិសនី ដែលមានតំលៃជាង២០លានដុល្លាអាមេរិក តែនេះលោកកែប ជុតិមា និងលោកកើត ឆែ សម្រេចដោះដូរដី ដែលរំលោភយកពីប្រជាពលរដ្ឋ ជាមួយឧកញ៉ាលី យ៉ុងផាត់ ដោយមិនមានតម្លាភាពទោះជាដីនេះមានតំលៃរហូតជាង៣០០លានដុល្លាអាមេរិកក៏ដោយ»។
«នាងខ្ញុំសូមបញ្ជាក់ជូនសាធារណជនឲ្យដឹងថាដីតំបន់ពោងពាយ ដែលត្រូវសិក្សាមានទំហំ១៥៧ហិកតាក៏ប៉ុន្តែក្នុងអនុកិត្យលេខ១០១ អគក្រ.បន ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ គឺកំណត់ផ្ទៃដីតែ១៤០ហិកតាតែប៉ុណ្ណោះ ព្រោះថាដីទំហំ១៧ហិកតាទៀតត្រូវបានលោកកែប ជុតិមា ជូនយោបល់ទៅសម្តេចនាយករដ្ឋមន្ត្រី ប្រគល់ទៅឲ្យបុគ្គលមួយចំនួន ដែលគាត់ពេញចិត្តនាងខ្ញុំមិនដឹងថាមនុស្សដែលលោកកែប ជុតិមាពេញចិត្តនោះបានបង់ពន្ធជូនរដ្ឋដូចនាងខ្ញុំដែរឬទេ?»។
ទាក់ទងទៅនឹង សំណង់ការដ្ឋានពហុកីឡាដ្ឋានមរតកតេជោ ដែលត្រូវកសាងលើដីដែលបានដោះដូរជាមួយឧកញ៉ាលីយ៉ុងផាត់នោះ លោកស្រីឈិន សុគន្ធារី បានថ្លែងថា៖« នាងខ្ញុំមានការព្រួយបារម្ភថាអាចនឹងមានរឿងអាស្រូវ ព្រោះពហុកីឡដ្ឋាន ជាកន្លែងដែលកីឡាករប្រកួតគ្នាដោយយុត្តិធម៌ ហើយពហុកីឡដ្ឋាននេះអាចនឹងធ្វើជាកន្លែងប្រកួតស៊ីហ្គេម បើគេដឹងថាប្រវត្តិនៃការសាងសង់នេះ ពោរពេញទៅដោយភាពអយុត្តិធម៌ វានឹងធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសជាតិ នាងខ្ញុំគ្រាន់តែចង់ឲ្យពហុកីឡាដ្ឋាន ដែលមានឈ្មោះសម្តេចនាយករដ្ឋមន្ត្រី កសាងដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ»។
ពាក់ព័ន្ធនឹងការចោទប្រកាន់ និងកាត់ទោសរូបគាត់ លោកស្រី ឈិន សុគន្ធារី បានឲ្យដឹងថា នៅថ្ងៃទី២០ ខែ១២ ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ កាត់ទោស និងផ្តន្ទាទោសគាត់កំបាំងមុខ ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ និង៦ខែ និងពិន័យជាទឹកប្រាក់ចំនួន៣០លានរៀល និងសងជំងឺចិត្តទៅលោកកែប ជុតិមា និងគូកនចំនួន៣០លានរៀល ។ ចៅក្រមសាលាដំបូងបានផ្តន្ទាទោសរូបគាត់ ដោយយោងតាមតាមមាត្រា២៥៩ នៃច្បាប់ភូមិបាល ។
លោកស្រី ឈិន សុគន្ធារី បានថ្លែងថា៖«នាងខ្ញុំសូមអោយសាធារណជនមេត្តាពិនិត្យមើល ខ្លឹមសារនៃមាត្រា២៥៩ ដែលបានដាក់ជូនខាងលើហើយមេត្តាជួយវិនិច្ឆ័យផង ថាតើនាងខ្ញុំជាជនល្មើសឬជាជនរងគ្រោះ? នាងខ្ញុំសង្ឃឹមថាតុលាការថ្នាក់លើនឹងវិនិច្ឆ័យសេចក្តីដោយយុត្តិធម៌ មិនបំភ័ន្តច្បាប់ភូមិបាលមាត្រា២៥៩ អ្នករំលោភដីគេរួចខ្លួន ម្ចាស់រងគ្រោះជាប់គុកឡើយ» ។
សូមរំលឹកថា ទាក់ទងនឹងសំណុំរឿងខាងលើននេះ កាលពីថ្ងៃទី ២១ មីនា ២០១៣ កន្លងទៅនេះ សាលារាជធានីភ្នំពេញ ដែលចុះហត្ថលេខា ដោយ កើត ឆែ នាយករដ្ឋបាល នៃ សាលារាជធានីភ្នំពេញ បានសរសេរបំភ្លឺ មកភ្នំពេញប៉ុស្តិ៍ថា៖«សាលារាជធានីភ្នំពេញ មានការសោកស្តាយយ៉ាងខ្លាំង ចំពោះកាសែតភ្នំពេញប៉ុស្តិ៍ ដែលបានចុះផ្សាយអត្ថបទមួយមានចំណងជើងថា “យាយក្រពើប្តឹងលោកកែប ជុតិមា ទារជំងឺចិត្ត ១០០លានដុល្លាអាមេរិក» ដោយក្នុងអត្ថបទបានចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាប់ ជាមួយការប្រមាថមើលងាយទៅលើឯកឧត្តម កែប ជុតិមា និងមន្ត្រីសាលារាជធានីភ្នំពេញ ព្រមទាំងបានប្រើពាក្យប្រាសចាក សេចក្តីថ្លៃថ្នូរដូចជា ឯកឧត្តមអភិបាលរាជធានីភ្នំពេញ កែប ជុតិមា និងគូកន បានប្រើអំណាច ដោយរំលោភជាដើម សាលារាជធានីភ្នំពេញ សូមធ្វើការកត់សម្គាល់ និងមានកាតព្វកិច្ច បំភ្លឺការពិតជូនសាធារណមតិ នូវការពិតក្នុងបញ្ហានេះ»។
ទាក់ទងនឹងបញ្ហាដីលោកស្រី ឈិន សុគន្ធារី នៅតំបន់បឹងពោងពាយ លិខិតនោះបានបំភ្លឺ៖«សាលារាជធានីភ្នំពេញ សូមបញ្ជាក់ចំពោះសាធារណមតិថា បឹងពោងពាយជាសម្បត្តិរបស់រដ្ឋ ដែលប្រើប្រាស់សំរាប់រងទឹកភ្លៀងនៅរដូវវស្សា។ នៅឆ្នាំ ២០០៥ ដោយមានសកម្មភាពរំលោភលើផ្ទៃដីបឹងពោងពាយ មានសភាពកាន់តែខ្លាំងក្លាឡើងៗនោះ រាជរដ្ឋាភិបាលបានចេញលិខិតជាបន្តបន្ទាប់ ក្នុងនោះបានចេញលិខិតលេខ ១១៤០ សជណ ចុះថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០០៥ បង្គាប់ឲ្យសាលាក្រុងភ្នំពេញ សហការជាមួយក្រសួងការពារជាតិ ដើម្បីចាត់វិធានការជាបន្ទាន់បញ្ឈប់សកម្មភាពរំលោភលើផ្ទៃដីបឹង ដែលបានកំណត់ទុកជា “បឹងធម្មជាតិ” ទំហំ១៥៧ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋតាមលិខិត ៦២៨ សជណ ចុះថ្ងៃទី២០ ខែ មេសា ឆ្នាំ ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ។
ដោយឡែក នៅឆ្នាំ២០០៧ រាជរដ្ឋាភិបាល បានចេញលិខិតលេខ ១៣១៩ សជណ ចុះថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០០៧ ចាត់ក្រសួងធនធានទឹក និងឧតុនិយម ពិភាក្សាជាមួយគណៈកម្មការរៀបចំអនុក្រឹត្យដាក់ផ្ទៃបឹងពោងពាយ ១៥៧ហិកតា ស្ថិតនៅសង្កាត់ភ្នំពេញថ្មី និងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដោយមានផែនទីភ្ជាប់មកជាមួយ ។
ក្រោយមក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១០១ អនក្រ.បក កំណត់ផ្ទៃបឹងពោងពាយខាងជើង និងខាងត្បូង មានទំហំសរុប ១៤០.៣២ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ ។ ដោយឡែក សាលារាជធានីភ្នំពេញបានដោះដូរទីតាំងបឹងពោងពាយទំហំ ១០៦ហិកតា ទៅឲ្យក្រុមហ៊ុន អិល អាយ ភី គ្រុប ក្រៅពីនេះ ត្រូវរក្សាទុកជាប្រព័ន្ធបង្ហូរទឹក ដើម្បីធានានិរន្តភាពតំបន់នោះ ដោយសារបឹងទាំងមូលលែងមានមុខងារជាអាងស្ដុកទឹកទៀតហើយ ព្រោះមានស្ថានីយ៍បូមទឹកមួយកន្លែងដែលអាចរំដោះទឹកបាននៅរដូវវស្សា ។
ការដោះដូរនេះ អាជ្ញាធរបានទទួលជាថ្នូរមកវិញនូវដីទំហំ ៨៥.៥០ហិកតា ក្នុងខណ្ឌឬស្សីកែវ ព្រមជាមួយនឹងសំណង់ពហុកីឡាដ្ឋានជាតិមរតកតេជោដ៏ទំនើប ដែលមានសមត្ថភាពអាចផ្ទុកមនុស្សបានជាង ១០ម៉ឺននាក់ទៀតផង ។ ក្នុងនាមអាជ្ញាធរសាធាណៈ សាលារាជធានីភ្នំពេញ មានកាតព្វកិច្ចការពារទ្រព្យសម្បត្តិរដ្ឋ ការពារផលប្រយោជន៍រួមរបស់រដ្ឋ»។

នណាមិនដឹងថាពួកមន្ត្រីសាលាក្រុងភ្នំពេញ គឺពុករលួយពេញតែម្តងហើយ
នៅពេលខ្លាកំពុងខាំគ្នា សូម ហ្វូង ចចកនៅអោយស្ងៀម ហើយរង់ចាំទទួល
រស់ជាតិសាច់ខ្លាដ៏ឆ្ងាញ់ពិសានេះផងចុះ ។
ស្បែកក្រពើថ្លៃណាស់
Go to hell, shitheads, ah lops!
ah mouyniss thlaop chuy yey kroper hoy barnchea tha kei lop!ha ha!
ចឹងបានជាអ្នកវិនិយោគទុនធំៗមុនបោះទុនរកស៊ីប្រាក់វាល់លានដុល្លាគេប្រយត្ន័ប្រយែងណាស់
ជាពិសេសរឿងនយោបាយ(សេដ្ឋកិច្ច-នយោបាយដើរទន្ទឹមគ្នា)ជាពិសេសស្រុកខ្មែរត្រូវមើលតាម
ខ្សែរទៀតបើមិនចឹងទេដូចទ្បុងឈិន…..
ល្អមើលមែន