លោកនាយករដ្ឋមន្ត្រីបានចេញបញ្ជា អោយអាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ អនុវត្តច្បាប់ រក្សាសណ្តាប់ធ្នាប់សន្តិសុខសាធារណៈ ទប់ស្កាត់ការធ្វើបាតុកម្មហិង្សា ពីសំណាក់កម្មករកម្មការិនី។ បទបញ្ជានេះក៏បានបាញ់ឆ្ពោះទៅក្រុមថៅកែរោងចក្រផងដែរ ដោយស្នើអោយពួកគេព្យាយាមដោះស្រាយបញ្ហាជាមួយកម្មករ ដើម្បីចៀសវាងការធ្វើបាតុកម្ម ដែលពេលខ្លះមានរហូតដល់ការបិទផ្លូវទៀតផងនោះ។
ថ្ងៃ ព្រហស្បតិ៍ 28 មីនា 2013
ដោយ លាង ដឺលុច
RFI

ទិដ្ឋភាពបាតុកម្មតវ៉ាបិទផ្លូវជាតិលេខ៤ ដោយកម្មកររោងចក្រកាត់ដេរ កាលពីថ្ងៃ៤ កក្កដា ២០១២ (RFI/Channa Siv)
ប្រមុខរាជដ្ឋាភិបាលបានចេញបញ្ជាម៉ឺងម៉ាត់ អោយអាជ្ញាធរពាក់ព័ន្ធនៅក្នុងតំបន់ឧស្សាហកម្មរោងចក្រ ព្យាយាមរក្សាសណ្តាប់ធ្នាប់សាធារណៈ និងដោះស្រាយជាមួយក្រុមកម្មករនិយោជិកនិងថៅកែរោងចក្រ ដើម្បីចៀសវាងការធ្វើកូដកម្ម និងបាតុកម្ម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាយ៉ាងដូច្នេះបន្ទាប់ពីលោកបានសង្កេតឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មានកូដកម្ម និងបាតុកម្មជាច្រើន ដែលពេលខ្លះបានឈានដល់ការប្រើហិង្សា និងការបិទផ្លូវជាដើម។
ចំពោះលោកនាយករដ្ឋមន្ត្រី ប្រការនេះវាបានធ្វើអោយសាធារណជនព្រួយបារម្ភ ធ្វើអោយប៉ះពាល់បរិយាកាសវិនិយោគ ធ្វើអោយប៉ះពាល់ដល់ជីវភាពកម្មករនិយោជិក និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈទៀតផង។
បញ្ជាជាលាយល័ក្ខណ៍អក្សរកម្រាស់៣ទំព័ររបស់លោកនាយករដ្ឋមន្ត្រី ក៏បានបន្ទោសភាគីថៅកែរោងចក្រមួយចំនួន ថាមិនបានគោរពច្បាប់អោយបានគ្រប់គ្រាន់ជាធរមាន ធ្វើអោយប៉ះពាល់ដល់ប្រយោជន៍របស់កម្មករនិយោជិក ហើយមិនបានសហការដោះស្រាយអោយបានឆាប់ ដែលជាហេតុនាំអោយមានផ្ទុះកូដកម្ម និងបាតុកម្ម។
លោកនាយករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីអាជ្ញាធរពាក់ព័ន្ធ អោយដាក់បញ្ជាដល់មន្ត្រីក្រោមឱវាទ ពង្រឹងការអនុវត្តន៍ច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីការបាតុកម្មដោយសន្តិវិធី។ លោកនាយករដ្ឋមន្ត្រីបានស្នើអោយមានការដោះស្រាយបញ្ហាពីដំបូងទី ចៀសវាងការអូសបន្លាយពេលដែលនាំអោយបញ្ហារាលដាលទៅជារឿងធំ។
ប្រធានសម័្ពន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោកអាត់ ធន់ បានសាទរបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ដែលលោកយល់ឃើញថា នេះគឺជាបញ្ជាដែលតម្រង់ទិសមន្ត្រីអនុវត្តច្បាប់ធ្វើអោយមានការរក្សាសណ្តាប់ធ្នាប់សាធារណៈ។ ប៉ុន្តែ លោកអាត់ ធន់ បានសម្តែងការព្រួយបារម្ភទៅវិញថា បន្ទាប់ពីមានបទបញ្ជានេះទៅ បញ្ជានេះអាចក្លាយទៅជាឧបករណ៍ឬជាលេសសម្រាប់មន្ត្រីអាជ្ញាធរយកទៅរឹតត្បិតលើក្រុមកម្មករទៅវិញ។
ចំពោះលោក អាត់ ធន់ ភាគច្រើននៃបញ្ហាដែលឈានដល់ការធ្វើកូដកម្ម ឬបាតុកម្មដែលកម្មករមិនដែលចង់បាននោះ គឺបណ្តាលមកពីភាគីថៅកែរោងចក្រដែលមិនចង់ដោះស្រាយបញ្ហា ហើយថារោងចក្រខ្លះក៏មានមន្ត្រីមានអំណាចនៅការពារពីក្រោយទៀតផង។ លោកអាត់ ធន់ អត្ថាធិប្បាយថា គេត្រូវតាមដានការអនុវត្តន៍បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី៕



បន្ទាប់ពីមានបទបញ្ជានេះទៅ បញ្ជានេះអាចក្លាយទៅជាឧបករណ៍ឬជាលេសសម្រាប់មន្ត្រីអាជ្ញាធរយកទៅរឹតត្បិតលើក្រុមកម្មករទៅវិញ។