លោក​ហ៊ុន​សែន​ស្នើ CPP ចៀស​ពី​កម្តៅ​នយោបាយ

កំពង់ចាមៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ម្សិល​មិញ​បាន​អំពាវនាវ​ដល់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា CPP ឲ្យ​ចៀស​ឆ្ងាយ​ពី​កម្ដៅ​នៃ​យុទ្ធនាការ​នយោបាយ ដែល​កំពុង​ទទួល​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​គណបក្ស​ប្រឆាំង​ចាប់​ពី​ពេល​នេះ រហូត​ដល់​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា។

Tuesday, 02 April 2013
វង្ស សុខេង
ភ្នំពេញ ប៉ុស្តិ៍

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន អនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា នៅ​ក្នុង​ពិធី​មួយ​កាល​ពី​ពេល​កន្លង​មក​។ រូបថត ផា លីណា

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន អនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា នៅ​ក្នុង​ពិធី​មួយ​កាល​ពី​ពេល​កន្លង​មក​។ រូបថត ផា លីណា

ថ្លែង​ទៅ​កាន់​អ្នក​ភូមិ​រាប់​ពាន់​នាក់ និង​យុវជន​ជាង​៦៧០០ នាក់​ដែល​ជា​សមាជិក​ថ្មី​នៃ​គណបក្ស​ក្នុង​អំឡុង​ពិធី​បញ្ចុះ​បឋម​សិលា​ព្រះវិហារ នៅ​វត្ត​កំពង់​ឫស្សី ឃុំ​ជីរោ​ទីមួយ ស្រុក​ត្បូង​ឃ្មុំ ខេត្ត​កំពង់ចាម លោក ហ៊ុន សែន​បាន​ថ្លែង​ថា សមាជិក​គណបក្ស​ប្រជាជន​ទាំង​នោះ​មិន​ត្រូវ​វាយ​បក​ទៅ​នឹង​ការ​រិះ​គន់​ឡើយ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​ផ្ញើ​សារ​ទៅ​សមាជិក​គណបក្ស​ទាំង​អស់​ថា ឥឡូវ​នេះ មាន​យុទ្ធនាការ​បង្ខូច​កេរ្តិ៍​ឈ្មោះ យុទ្ធនាការ​បំផ្លាញ​កិត្តិយស​និង​ជេរ​ប្រមាថ ដោយ​គណបក្ស​ដទៃ​ទៀត ហើយ​កម្ដៅ​បាន​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ប៉ុន្តែ​យើង​មិន​ចាំ​បាច់​វាយ​បក​ទេ​កុំ​យក​កំហឹង​ទៅ​វាយ​បក​»។

លោក​បាន​បន្ថែម​ថា យោង​តាម​របាយការណ៍​ពី​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៣ មាន​គណបក្ស​នយោបាយ​សរុប​ចំនួន​៥០ ដែល​បាន​ចុះ​ឈ្មោះ​នៅ​ក្រសួង​។ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​លើក​ឡើង​ជា​ថ្មី​ម្តង​ទៀត​ថា ការ​អំពាវនាវ​របស់​លោក​គឺ​ដើម្បី​ឲ្យ​សមាជិក​ទាំង​អស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចៀស​ចេញ​ពី​ការ​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​នាំ​ឲ្យ​មាន​កំហឹង​ពី​អ្នក​បោះ​ឆ្នោត​ទូទាំង​ប្រទេស។

លោក ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​សមាជិក​យុវជន​ថ្មី​របស់​គណបក្ស​ថា​ការ​បោះឆ្នោត នា​ពេល​ខាង​មុខ គឺជា​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​វា​ខុស​ពី​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់។ ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ជា​ការ​កំណត់​ជោគ​វាសនា​របស់​នាយក​រដ្ឋ មន្ត្រី។

លោក​បាន​គូស​បញ្ជាក់​ថា​៖​«ដូច​នេះ សូម​កុំ​ខឹង​គោ​វ៉ៃ​រទេះ ខឹង​មេ​ឃុំ ខឹង​មេ​ភូមិ ឬ ខឹង​ប៉ូលិស​នៅ​តាម​ផ្លូវ​សុំ​កុំ​បោះឆ្នោត​ទម្លាក់​ហ៊ុន សែន។ បើ​ចង់​ឲ្យ ហ៊ុន សែន ធ្វើ​នាយក​រដ្ឋ​មន្ត្រី​បន្ត​ទៀត សូម​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា»។

ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ក៏​បាន​វាយ​ប្រហារ​លើ​ការ​ធ្វើ​នយោបាយ​ខុស​ដោយ​របប​លោក លន់ នល់ ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ដែល​ទម្លាក់​ព្រះ​បាទ នរោត្តម សីហនុ ហើយ​បណ្តាល​ឲ្យ ប៉ុល ពត ឡើង​កាន់​អំណាច​ព្រម​ទាំង​ការ​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិក​មក​លើ​កម្ពុជា​ក្នុង​អំឡុង​ទស្សវត្សរ៍​ទី៧០។

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទេ​ដែល​ហ៊ាន​និយាយ​ថ្កោល​ទោស​របប លន់ នល់ គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ដែល​ដឹក​នាំ​រដ្ឋ​ប្រហារ​ទម្លាក់​ព្រះ​អង្គ សីហនុ​និង​បង្កើត​[សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា] ខណៈ​ពេល​គ្មាន​សំឡេង​ពី​អ្នក​នយោបាយ​ដទៃ​ទៀត​ទាក់​ទង​នឹង​បញ្ហា​នេះ»។

លោក​បាន​បន្ថែម​ថា៖ «​ខ្ញុំ​មាន​មោទនភាព​ដោយ​បាន​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង ប៉ុល ពត រដ្ឋ​ប្រហារ​ខុស​ច្បាប់ និង​ការ​ឈ្លាន​ពាន​របស់​បរទេស ហើយ​ថ្ងៃ​ទី ២៨ ខែ​កក្កដា ការ​បោះ​ឆ្នោត​តំណាង​រាស្រ្ត​មាន​សារៈ​សំខាន់​ក្នុង​ការ​ជ្រើស​រើស​នាយក​រដ្ឋ​មន្រ្តី​កាន់​ដៃ​ចង្កូត​ប្រទេស​»។ លោក​បាន​លើក​ឡើង​ថា សេចក្តី​សម្រេច​ផ្នែក​នយោបាយ​ខុស​របស់ ប៉ុល ពត បាន​សម្លាប់​ប្រជាជន​ជាង ៣ លាន​នាក់​នៅ​កម្ពុជា។

លោក ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា៖ «​ប្រសិន​បើ​អ្នក​ស្រឡាញ់ បើ​អ្នក​អាណិត បើ​អ្នក​អរគុណ និង​បើ​អ្នក​ជឿ​ជាក់​លើ​ហ៊ុន សែន សូម​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា»។

លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ​ខុម ហ្វ្រែល បាន​ថ្លែង​ថា ពុំ​មាន​របាយ​ការណ៍​អំពី​អំពើ​ហិង្សា​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ទេ បើ​ទោះ​បី​ជា​មាន​ការ​និយាយ​វាយ​ប្រហារ​គ្នា រវាង​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច​ក៏​ដោយ។​លោក បញ្ញា លើក​ឡើង​ថា៖«​ខ្ញុំ​មិន​មើល​ឃើញ​អំពើ​ហិង្សា​នយោបាយ​ទេ ទន្ទឹម​នេះ បក្ស​ប្រឆាំង​បាន​ព្យាយាម​យ៉ាង​សកម្ម​ក្នុង​ការ​បញ្ជូន​សារ​រិះ​គន់​គណបក្ស​កាន់​អំណាច​»។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា គណបក្ស​ប្រឆាំង​បាន​បញ្ជូន​សារ​នយោបាយ​អំពី​គណបក្ស​ថ្មី ហើយ​បាន​រៀប​ចំ​រូប​សញ្ញា​គណបក្ស​ថ្មី​ជាង ២០០០០ ច្បាប់ នៅ​ទូទាំង​ប្រទេស​។

លោក​សុវណ្ណ បាន​បញ្ជាក់​ថា៖ «នៅ​ពេល​គណបក្ស​កាន់​អំណាច​មាន​ប្រតិកម្ម​ខ្លាំង​មក​លើ​សារ​នយោបាយ​របស់​យើង​ដូច​ជា​យើង​បាន​សន្យា​ធ្វើ​ការ​ដំឡើង​ប្រាក់​ខែ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្រ្តី​រាជការ នោះ​វា​មាន​ន័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​លើ​បញ្ហា​ទាំង​នេះ​»៕ TK

What Next?

Recent Articles

2 Responses to "លោក​ហ៊ុន​សែន​ស្នើ CPP ចៀស​ពី​កម្តៅ​នយោបាយ"

  1. Khmer Family says:

    អបអរសាទរ សម្តេចនាយករដ្ឋមន្រ្តីដែលបានសន្យា ដំឡើងប្រាក់ខែដល់មន្រ្តីរាជការតាមកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ នេះជាដំណឹងដ៏រីរាយមួយ និងលើកទឺកចិត្តដល់មន្រ្តីរាជការ គ្រប់ស្រទាប់ឋានានុក្រម អោយខិតខំបំរើប្រទេសជាតិអស់ពីចិត្តពីថ្លើម

  2. CPP says:

    «ប្រសិនបើអ្នកស្រឡាញ់ហ៊ុន សែន, បើអ្នកអាណិតហ៊ុន សែន, បើអ្នកអរគុណហ៊ុន សែន និងបើអ្នកជឿជាក់លើ ហ៊ុន សែន សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា»។