អភិបាលក្រុងប៉ារីសនៃប្រទេសបារាំង លោក Bertrand Delanoë បានបំពេញទស្សនកិច្ចនៅក្នុងទីក្រុងភ្នំពេញរយៈពេលមួយថ្ងៃ នៅថ្ងៃអង្គារនេះ។ អភិបាលទីក្រុងប៉ារីសបានជួបពិភាក្សាការងារជាមួយអភិបាលក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រខ្មែរផង ដើម្បីនិយាយអំពីការចូលរួមចំណែករបស់ទីក្រុងប៉ារីស និងសមាគមអន្តរជាតិនៃបណ្តាអភិបាលក្រុងប្រើប្រាស់ភាសាបារាំងដែលលោកធ្វើជាប្រធាន ទៅក្នុងការអភិវឌ្ឍន៍ទីក្រុងនានារបស់កម្ពុជា។
ថ្ងៃ អង្គារ 02 មេសា 2013
ដោយ លាង ដឺលុច
RFI

អភិបាលក្រុងប៉ារីស Bertrand Delanoë (AFP/Martien Bureau)
ក្រោយពីបានបញ្ចប់ការដឹកនាំប្រជុំនៃសមាគមអន្តរជាតិនៃបណ្តាអភិបាលក្រុងប្រើប្រាស់ភាសាបារាំងនៅក្នុងទីក្រុងវៀងចន្ទ ប្រទេសឡាវ កាលពីថ្ងៃចន្ទម្សិលមិញ នៅថ្ងៃអង្គារនេះ អភិបាលក្រុងប៉ារីស លោក Bertrand Delanoë បានមកបំពេញទស្សនកិច្ចមួយថ្ងៃ នៅក្នុងរាជធានីភ្នំពេញ។ ភ្នំពេញដែលមានទំនាក់ទំនងសហប្រតិបត្តិការជាមួយទីក្រុងប៉ារីសជាង២០ឆ្នាំមកហើយ។
ក្នុងដំណើរទស្សនកិច្ចមួយថ្ងៃនេះ លោកBertrand Delanoë បានជួបពិភាក្សាការងារច្រើនជាមួយលោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា ជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងបានចូលគាល់ព្រះមហាក្សត្រនរោត្តម សីហមុនីទៀតផង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យអភិបាលក្រុងប៉ារីស នៅក្នុងជំនួបរវាងលោក Bertrand Delanoë និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ភាគីទាំងពីរបាននិយាយអំពីកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរ កម្ពុជានិងប៉ារីស និងការជួយឧបត្ថម្ភរបស់សមាគមអន្តរជាតិនៃបណ្តាអភិបាលក្រុងប្រើប្រាស់ភាសាបារាំងចំពោះគម្រោងអភិវឌ្ឍន៍ក្នុងទីក្រុងនានានៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបានសរសេរអោយដឹងថា ក្នុងពេលកន្លងមក សមាគមអន្តរជាតិនេះបានផ្តល់ជំនួយជាង១លាន៥សែនអឺរ៉ូ ដល់គម្រោងនានាដែលពាក់ព័ន្ធនឹងសេវាសាធារណៈនៅក្នុងរាជធានីភ្នំពេញ កំពត និងសៀមរាបផងដែរ។
ដោយសារតែមានកិច្ចសហប្រតិបត្តិការជាមួយទីក្រុងប៉ារីស គម្រោងអភិវឌ្ឍន៍ជាច្រើនរបស់រាជធានីភ្នំពេញ ក្នុងវិស័យសេវាដឹកជញ្ជូនសាធារណៈ នគរូបនីយកម្ម បរិស្ថាន និងការផលិតទឹកស្អាតជាដើម ត្រូវបានជួយផ្នែកហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលដោយទីក្រុងប៉ារីស។
យោងតាមគេហទំព័ររបស់សាលារាជធានីភ្នំពេញ រាជធានីភ្នំពេញបានចូលជាសមាជិកសមាគមអន្តរជាតិនៃបណ្តាអភិបាលក្រុងប្រើប្រាស់ភាសាបារាំង និងក្លាយជាសមាជិកគណកម្មការកណ្តាលរបស់សមាគមនេះ នៅឆ្នាំ១៩៩០។ ពេលនោះគឺស្របពេលដែលរាជធានីភ្នំពេញបានចាប់ផ្តើមធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងប៉ារីស។
ចាប់ពីពេលនោះមក ភ្នំពេញបានទទួលមូលនិធិយ៉ាងច្រើន ដើម្បីជួយដល់ការអភិវឌ្ឍន៍រាជធានីភ្នំពេញ ទាំងផ្នែកហិរញ្ញវត្ថុ ទាំងផ្នែកសម្ភារៈ និងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងនោះមាន ការរៀបចំអត្រានុកូលដ្ឋានតាមព័ត៌មានវិទ្យា ការរៀបចំតំបន់បេតិកភ័ណ្ឌវត្តភ្នំ ការសាងសង់អគារសង្រ្គោះបន្ទាន់ មន្ទីរពេទ្យក្រុងភ្នំពេញ និងការរៀបចំផ្គត់ផ្គង់បណ្តាញទឹកស្អាតអោយប្រជាពលរដ្ឋនៅតាមសហគមទៀតផង៕


បែបគេមកសួរ ! អាទំបែកហ្នឹង ថាហេតុអីបានជាធ្វើហ្វាយក្រុងយូរហើយ មិចក៏ភ្លើ ដេញរាស្រ្តចេញពីក្រុង និង
កំទិចស្នាដៃស្ថាបក្យកម្មអ្នកជំនាន់មុខម្ល៉េះ ?