ភ្នំពេញៈ ក្រៅពីចេញមកបដិសេធមិនមានគម្រោងចូលរោងការនៅពាក់កណ្តាលឆ្នាំ២០១៣ជាមួយបុរសអាណិកជនខ្មែរអូស្រ្តាលី នោះ តារាសម្តែង និងចម្រៀង រូបស្រស់ រាងតូចច្រឡឹង នាងគឹម លីហ្សា ក៏បានបង្ហើបពីដំណើរឆ្លងទ្វីបទៅសម្តែងនៅប្រទេសសហរដ្ឋអាមេរិក នៅរដូវវស្សានេះ។ ប៉ុន្តែយ៉ាងណាដំណើរនោះនាងបែរជាមិនមានភាពជាក់លាក់លើខ្លួនឯងទៅវិញពេលដែលមានគេសួរថា ត្រូវចេញទៅនៅខែណា?
Wednesday, 03 April 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
នាងបាននិយាយថា៖«គេថាខ្ញុំនេះកំពុងត្រៀមខ្លួនធ្វើកូនក្រមុំ ចូលរោងការជាមួយបុរសម្នាក់នៅអូស្រ្តាលី នៅពាក់កណ្តាលឆ្នាំ២០១៣នេះ។ ប៉ុន្តែក្រែងលោគេយល់ច្រឡំខ្ញុំជាមួយ កញ្ញា អាលីហ្សា ទេដឹង? ព្រោះនាងប្រហែលជារៀបការក្នុងឆ្នាំ២០១៣នេះ ហើយ!»។
តារាសម្តែងនិងចម្រៀងដែលទើបឡើងធ្វើជាថៅកែផ្ទះសំណាក់កញ្ញា គឹម លីហ្សា បានបញ្ជាក់ថា៖«ចំណែកខ្ញុំគឺអត់មានទេ ហើយបើមានមែននោះ ខ្ញុំទៅលាក់លៀមធ្វើអ្វី បើគ្រាន់តែរឿងរៀបការហ្នឹង! ហើយបើសង្ស័យថា ខ្ញុំមានគម្រោងរៀបការជាមួយបុរសម្នាក់ដែលរស់នៅប្រទេសអូស្ត្រាលីនោះ គឺ ប្រហែលជាមិនអាចនោះទេ។ ព្រោះថារវាងគាត់ និងខ្ញុំ គឺរាប់អានគ្នាដូចជាបងប្អូនអ៊ីចឹង» ។
ទោះបីជា គឹម លីហ្សា បានបដិសេធ គ្មានគម្រោងរៀបការនៅដើមឆ្នាំ២០១៣នេះយ៉ាងណាក៏ដោយ ប៉ុន្តែនាងមិនហ៊ានសន្យាថា មង្គលការរបស់នាងនឹងមិនកើត ឡើងក្នុងឆ្នាំ២០១៣នោះឡើយ។ ខណៈនាងនិយាយថា«ខ្ញុំសន្យា យ៉ាងម៉េចបង! ព្រោះមង្គលការគ្មាននរណាមើលឃើញនោះទេ ជួនកាលខ្ញុំនិយាយថា អត់មានរៀបការក្នុងឆ្នាំនេះទេ តែលុះដល់ពីរទៅបីខែខាងមុខទៀត ស្រាប់តែខ្ញុំស្គាល់ បុរសណាម្នាក់ ហើយចំណែកចាស់ទុំក៏ត្រូវរ៉ូវគ្នាទៅទៀត រួចរៀបចំមង្គលការតែម្តង»។
ការប្រកាសថានាងនឹងចេញទៅសម្តែងនៅប្រទេសអាមេរិកនោះត្រូវបានគេគិតថា នោះជាស្ទីលពង្វាងផ្លូវរបស់នាងប៉ុណ្ណោះខណៈនៅពេលមានការចោទសួរថា តើនាងនឹងត្រូវចេញទៅសម្តែងនៅខែណានិងរយៈពេលយូរប៉ុនណានោះ នាងហាក់មានភាពស្រពេចស្រពិលនោះ។
នាង គឹម លីហ្សា បាននិយាយថា៖«ខ្ញុំមានគម្រោងចេញទៅច្រៀងនៅអាមេរិកនៅក្នុងរដូវវស្សានេះមែនតែមិនទាន់ប្រាកដថាក្នុងខែណាមួយឲ្យច្បាស់លាស់នោះទេ ព្រោះពេលនេះខ្ញុំកំពុងតែត្រៀមឯកសារមួយចំនួនដើម្បីរត់ការ។ តែនាងក៏និយាយបែបលាងខ្លួនវិញថា៖«ខ្ញុំមិនទាន់ច្បាស់ដែរ ព្រោះឯកសារកំពុងតែរត់ការ ណាមួយខ្ញុំក៏មិនប្រាកដក្នុងចិត្តដែរ ព្រោះខ្ញុំជាប់កុងត្រា Concert តាមខេត្តច្រើនដែរ។ ម្យ៉ាងបើប្រៀបធៀបចំណូលសិល្បៈនៅក្នុងស្រុកក៏មិនសូវជាខុសគ្នានឹងចំណូលនៅក្រៅស្រុកប៉ុន្មានទេ»៕

doch kmoch