ពិធីស្រង់ព្រះ ត្រូវបានពលរដ្ឋខ្មែរភាគច្រើននិយមធ្វើឡើង នៅថ្ងៃទី៣ នៃឱកាសបុណ្យចូលឆ្នាំខ្មែរជារៀងរាល់ឆ្នាំ។ ក៏ប៉ុន្តែមានមនុស្សជាច្រើនដែរ ដែលមិនបានដឹងថា ពិធីនេះមានអត្ថន័យប៉ុណ្ណាទេ។
ដោយ ឡេង ម៉ាលី
2013-04-16
RFA

ពុទ្ធបរិស័ទនាំគ្នាធ្វើពិធីស្រង់ព្រះ ក្នុងវត្តនារាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ មេសា ឆ្នាំ២០១៣។ RFA/Ouk Savborey
តើពិធីស្រង់ព្រះ មានអត្ថន័យដូចម្ដេចខ្លះ?
នៅពេលចូលឆ្នាំខ្មែរម្ដងៗ ជាពិសេសនៅថ្ងៃទីបី ដែលជាថ្ងៃបុណ្យឆ្លងចូលឆ្នាំថ្មី យើងតែងសង្កេតឃើញពលរដ្ឋខ្មែរទាំងក្មេងចាស់ប្រុសស្រីភាគច្រើននាំគ្នាទៅវត្ត ហើយស្រោចទឹកលើពុទ្ធបដិមាដោយទឹកចិត្តអំណរ។ ការប្រតិបត្តិពិធីស្រោចទឹកលើពុទ្ធបដិមា ដែលមានអប់ផ្កាភ្ញី និងទឹកអប់ផង យើងតែងហៅថា ពិធីស្រង់ព្រះ។
លោកតាជី ឈ្មោះ ម៉ី ផន នៅវត្តកណ្ឋារាម ហៅវត្តតាខ្មៅ ខេត្តកណ្ដាល មានប្រសាសន៍ថា ពិធីស្រង់ព្រះនេះ មិនត្រឹមតែស្រោចទឹក និងលាងសម្អាតព្រះពុទ្ធបដិមាប៉ុណ្ណោះទេ គឺគេអាចស្រោចទឹក ឬងូតទឹកថ្វាយព្រះសង្ឃ ឪពុកម្ដាយ ឬចាស់ទុំដែរ៖ «លោកស្រង់ទៅស្រោចទឹកអីអ៊ីចឹងទៅ ស្រោចទឹក។ អញ្ជើញចាស់ៗមក យើងក្មេងៗ ដុសសាប៊ូជូន ឬប្រគេនលោកទៅ។ ប្រុសៗ ដុសប្រគេនលោកទៅ ហើយស្រីៗ ចាស់ៗហ្នឹង ក្មេងៗ យកទៅស្រោចដុសក្អែល ដុសសាប៊ូ ជូនគាត់ទៅបានបុណ្យ។ អាហ្នឹងព្រះពុទ្ធសាសនា»។
ទាក់ទងនឹងពិធីស្រង់ព្រះ ឬហៅពាក្យធម្មតាថា ងូតទឹកឱ្យព្រះនេះ គេមិនដឹងថា មានប្រវត្តិពីត្រឹមណាមកទេ។ ឯកសារខ្លះបានសរសេរថា មានអ្នកប្រតិបត្តិពិធីនេះ កាលពីជំនាន់ព្រះគង់នៅ ហើយអ្នកដែលបានស្រោចទឹកព្រះសង្ឃ ឪពុកម្ដាយ គ្រូឧបជ្ឈា បានទទួលផលបុណ្យច្រើនទៅជាតិក្រោយ ដោយបានទៅកើតក្នុងឋានទេវតា និងមានសេចក្ដីសុខទៀតផង។
ក៏ប៉ុន្តែ គ្រូបង្រៀនព្រះធម៌ពុទ្ធសាសនាមួយរូប នៅវត្តកណ្ឋារាម ហៅវត្តតាខ្មៅ គឺធម្មព្រឹទ្ធាចារ្យ អ៊ូ ម៉េង មានប្រសាសន៍ថា ពិធីស្រង់ព្រះនេះ ពុំមានចែងច្បាស់លាស់នៅក្នុងគម្ពីរព្រះពុទ្ធសាសនាទេ។ រីឯការប្រតិបត្តិពិធីរបស់ពលរដ្ឋខ្មែរស្រោចទឹក ឬងូតទឹកឱ្យព្រះ រហូតមកដល់សព្វថ្ងៃ គឺលោកពន្យល់ថា គ្រាន់តែជាប្រពៃណីមួយដែលពលរដ្ឋខ្មែរមានទម្លាប់ធ្វើតៗ គ្នាតាំងពីបុរាណកាលមក។
ព្រឹទ្ធាចារ្យ អ៊ូ ម៉េង៖ «ជំនឿ ព្រោះជំនឿខាងពុទ្ធសាសនា ដែលមានជាប់ផ្នត់តាំងពីជីដូនជីតាមក គឺទៅត្រកូលគោត្ត សែ នីមួយៗ គឺថាតែដល់ពេលហ្នឹង មាតាបិតាតែងតែថា ទៅស្រង់ព្រះ។ ម្ល៉ោះហើយកូនៗ តមកទៀត ឃើញទំនាក់ហ្នឹង ចេះតែធ្វើតជាបន្តបន្ទាប់មក។ បំណង គឺថាចង់បានសេចក្ដីសុខអ៊ីចឹងតែម្ដង។ គឺត្រជាក់ត្រជំ។ ឆ្នាំចាស់ដាច់ទៅឆ្នាំថ្មីចូលមក ដើម្បីឱ្យបានត្រជាក់ត្រជំសុខដុមរមនាតទៅមុខទៀត»។
ចំពោះអត្ថន័យនៃពិធីស្រង់ព្រះវិញ លោកធម្មព្រឹទ្ធាចារ្យ អ៊ូ ម៉េង ពន្យល់ថា អ្នកប្រតិបត្តិគ្រាន់តែនឹកគិតដល់គុណប្រយោជន៍នៃទឹកត្រជាក់ដែលស្រោចទៅនោះ ធ្វើឱ្យអ្នកដែលបានទទួលទឹកស្រោចនោះ បានត្រជាក់កាយ ហើយនិងអាចធ្វើឱ្យចិត្តសប្បាយបានរីកស្រស់ស្រាយឡើងវិញ។ ការដែលបានស្រស់ស្រាយហើយនោះ អ្នកដែលបានទទួលទឹកស្រោចនោះ តែងតែបង្ហាញនូវភាពអំណរ ហើយជូនពរដល់អ្នកស្រោចទឹកនោះវិញ ឱ្យបានសេចក្ដីសុខដូចធាតុទឹកដែលបានស្រោចនោះ។ដោយកម្លាំងនៃជំនឿមុតមាំលើការជូនពរឱ្យបានសេចក្ដីសុខនេះ ធ្វើឱ្យអ្នកប្រតិបត្តិបានសប្បាយចិត្តដែរ ដែលបណ្ដាលធ្វើឱ្យមានការប្រតិបត្តិតៗ រៀងមក។
ព្រឹទ្ធាចារ្យ អ៊ូ ម៉េង៖ «ក្នុងពិធីស្រង់ព្រះនេះ ជាទំនៀមប្រពៃណីរបស់ជនជាតិខ្មែរ ដែលមានជាយូរមកហើយ។ បើសិនថា ឱ្យមានចង្អុលក្នុងគម្ពីរនេះថា ត្រូវតែធ្វើដូចជាមិនមិនទាន់មានដែរ។ ច្រើនតែរក្សាប្រពៃណីជាទំនៀមដ៏ល្អមួយ ដែលយើងគួររក្សាទុក ព្រោះថា មនុស្សម្នាក់ដែលធ្វើពិធីស្រោចស្រពព្រះពុទ្ធបដិមានេះ គឺសំដៅថាធ្វើម៉េច (ឱ្យ) បានព្រះអង្គត្រជាក់ត្រជំ រួចហើយសុំឱ្យខ្ញុំហ្នឹងបានសេចក្ដីសុខត្រជាក់ត្រជំដែរ។ ហ្នឹងវាមានលក្ខណៈអ៊ីចឹង។ មានបែបហ្នឹងប៉ុណ្ណឹង»។
ជាធម្មតា ពុទ្ធបរិស័ទតែងស្វែងរកការប្រសិទ្ធិពរជ័យពីព្រះ ព្រះសង្ឃ ឪពុកម្ដាយ និងគ្រូព្រឹទ្ធាចារ្យ ឬអ្នកដែលមានឋានៈ ឬបុណ្យបារមី ឬតេជៈខ្ពង់ខ្ពស់ជាងខ្លួន។ ដូច្នេះ ក្នុងពិធីស្រោចស្រង់ទឹក ឬងូតទឹកឱ្យដល់បុគ្គលទាំងនេះ គឺសំខាន់ចង់ជ័យផង និងចង់បង្ហាញការដឹងគុណផង។
លោកយាយវ័យ ៨០ឆ្នាំ ឈ្មោះ ចាន់ ផន ដែលបានទទួលការភ្ងូតទឹកពីកូនចៅ នៅឯវត្តតាខ្មៅ នៅថ្ងៃទីពីរ នៃពិធីបុណ្យចូលឆ្នាំនេះ ថ្លែងថា គាត់បានសប្បាយរីករាយ ពេលដែលឃើញកូនចៅនាំគ្នាមកជុំ ហើយស្រោចទឹកឱ្យគាត់ជាឪពុកម្ដាយ៖ «កូនចៅមកជុំគ្នាអ៊ីចឹងទៅ ស្រោចទឹកឱ្យអរ។ ឱ្យកូនចៅត្រជាក់ត្រជំ ដូចថាគ្នាចង់បានបុណ្យអ៊ីចឹងដែរ។ ឱ្យបានបុណ្យទៅកូន ឱ្យបានកូនសុខសប្បាយអ៊ីចឹងទៅ»។
ទោះជាមានអត្ថន័យយ៉ាងណាក្ដី សម្រាប់កូនស្រីរបស់លោកយាយ ចាន់ ផន គឺអ្នកស្រី ចាន់ ខេមា ដែលតែងប្រតិបត្តិពិធីស្រោចទឹកដល់ឪពុកម្ដាយរៀងរាល់ឆ្នាំថ្លែងថា ជាកិច្ចតបស្នងមួយនៅពេលដែលឪពុកម្ដាយនៅរស់៖ «រាល់រដូវភ្ជុំចូលឆ្នាំ តែងតែមកស្រោចទឹកជូនម្ដាយឪពុកជូនលុយជូនកាក់រណ្ដាប់ភស្តុភារទាំងអស់ បង្សុកូលចេតិយអីហ្នឹង ដើម្បីសងគុណលោកដូចយើងធ្វើខែភ្លឺអ៊ីចឹងឱ្យគាត់ឃើញនឹងភ្នែកគាត់។ គាត់រំភើបត្រេកអរណាស់រាល់ៗ ដង។ គាត់តែងទឹកភ្នែកពេលខ្លះ។ សប្បាយចិត្តជាអនេកអនន្ត។ អរណាស់ដែលបានធ្វើនៅពេលគាត់មានជីវិត»។
ពិធីស្រង់ព្រះជាទូទៅ ខ្មែរយើងតែងតែធ្វើឡើងនៅថ្ងៃទីបីនៃពិធីបុណ្យចូលឆ្នាំ។ លោកធម្មព្រឹទ្ធាចារ្យ អ៊ូ ម៉េង ពន្យល់ថា ថ្ងៃទីបី នៃពិធីបុណ្យចូលឆ្នាំ មានឈ្មោះថា ថ្ងៃឡើងស័ក ដែលមានន័យថា ជាថ្ងៃចូលសករាជថ្មីនៃពុទ្ធសាសនា។
លោកធម្មព្រឹទ្ធាចារ្យមានប្រសាសន៍ថា នៅថ្ងៃឡើងស័ក ចូលសករាជថ្មីនេះ ពុទ្ធបរិស័ទមួយចំនួន ដែលមានជំនឿថា ជាល្អសម្រាប់ឆ្នាំថ្មី ក៏និមន្តព្រះសង្ឃឱ្យស្រោចប្រសិទ្ធិពរជ័យដល់ខ្លួនដែរ ក្រៅពីការស្រង់ព្រះ។
លោកធម្មព្រឹទ្ធាចារ្យ អ៊ូ ម៉េង មានប្រសាសន៍ថា ទឹកគឺតំណាងឱ្យភាពត្រជាក់ត្រជំ និងសេចក្ដីសុខ។ លោកថា នៅក្នុងសង្គមខ្មែរ ពិធីស្រោចទឹក គឺពិធីពេញនិយមមួយសម្រាប់ជួយលើកទឹកចិត្តឱ្យមានសេចក្ដីសុខ។ ដូច្នេះ ការស្រង់ព្រះបដិមានៅឯវត្ត និងព្រះរស់ គឺឪពុកម្ដាយនៅផ្ទះ សុទ្ធតែជាវិធីធ្វើឱ្យចិត្តត្រេកអរ និងមានជំនឿក្នុងចិត្តថា នឹងមានសេចក្ដីសុខ។
ធម្មព្រឹទ្ធាចារ្យ អ៊ូ ម៉េង៖ «បើពិនិត្យពីតម្លៃនោះ ទីមួយដូចថា ព្រះពុទ្ធហ្នឹង គឺសំដៅព្រះអង្គត្រាស់ដឹងឡើង សម្ដែងធម៌ប្រោសមនុស្សសត្វទូទៅអស់រយៈកាល ៤៥ឆ្នាំ រួចព្រះធម៌របស់អង្គហ្នឹងទុកមកដល់សព្វថ្ងៃនេះ ពុទ្ធបរិស័ទតែងតែគោរពបូជារក្សារំឭកគុណរបស់ព្រះអង្គមួយចំណែកទៅ។ មួយចំណែកទៀតដែលយើងជាកូនចៅប្រុសស្រីមកស្រោចទឹកហ្នឹង ក៏រឭកឃើញដូចបានរៀបរាប់មកខាងដើមដែរ។ បើនិយាយពីតម្លៃទៅ ព្រះលោកថា មាតាបិតាមានដូចជាគុណធ្ងន់ជាង។ ហ្នឹងដូចជាថា ព្រះកន្លោង គឺថា បើបូជាដល់ព្រះសង្ឃត្រូវតែបូជាមាតាបិតាសិនសឹមយកទៅវត្ត»។
ហេតុផលមួយ គឺការស្រោចទឹកឱ្យឪពុកម្ដាយនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ នៅក្នុងខែចែត្រ ដែលមានអាកាសធាតុក្ដៅខ្លាំង ពិតជាធ្វើឱ្យរាងកាយរបស់លោកត្រជាក់មែន។ ដូច្នេះ ពិធីស្រង់ព្រះ គឺជាការស្រោចទឹកស្រង់ព្រះបដិមា ព្រះសង្ឃ ឪពុកម្ដាយ និងចាស់ព្រឹទ្ធាចារ្យ ដើម្បីឱ្យបានត្រជាក់កាយ និងសប្បាយចិត្ត ទាំងអ្នកស្រោច និងអ្នកដែលគេស្រោចឱ្យ។ ការស្រង់ព្រះពុទ្ធបដិមា គឺជាការមានជំនឿថា ព្រះអង្គនឹងផ្ដល់សេចក្ដីសុខដល់អ្នកស្រោចវិញ តាមរយៈតេជៈបារមីរបស់ព្រះអង្គតាមជំនឿនៃពុទ្ធបរិស័ទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
សួរស្តី ប្រីយមិត្ត វាគ្មិន អ្នកបញ្ចេញមតិ ក្នុង Camnews ( ឬហៅថាទីលានប្រជាធិប្បតេយ្យ) ទាំងឡាយជាទីមេត្រី! តើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែររយៈ៣ថ្ងៃនេះ តើលោក អ្នកបានអញ្ជើញទៅកំសាន្តនៅទីកន្លែងណាខ្លះ? ហើយតើបានជួបរឿងចំលែកៗអ្វីខ្លះ? ហើយមានអារម្មណ៏សប្បាយរីករាយយ៉ាងណាដែរ? ចំណែកខ្ញុំ ខ្ញុំបានទៅលេងនៅឯខេត្តស្ទឹងត្រែង ខ្ញុំមានអារម្មណ៏សប្បាយរីករាយណាស់នៅពេលដែលចាកចេញពីបានផ្ទះធ្វើដំណើរតាមផ្លូវ គយគន់ទេសភាពតាមផ្លូវ មានការរីកចំរើនលើគ្រប់វិស័យ ដូចជា ស្ពាន ផ្លូវថ្នល់ ផ្សារ សាលារៀន វត្តអារាម ទំនប់ ប្រឡាយ មន្ទីរពេទ្យ អាគារសំណង់ខ្ពស់ៗ ព្រមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសាងសង់យ៉ាងព្រោងព្រាត រចនាម៉ូតប្លែកៗពីគ្នាទៅតាមធនធានថវិការ ទិដ្ឋភាពបែបនេះខុសពីជាង៣០ឆ្នាំមុន ដែលមិននឹកស្មានដល់និងស្ទើរមិនគួរអោយជឿថាប្រទេសយើងមានការអភិវឌ្ឌ្យន៏និងរីកចំរើនដល់ម្លឹងសោះនេះបញ្ជាក់ពីជីវភាពរស់នៅពិតរបស់គាត់ សូម្បីទីកន្លែងដែលខ្ញុំធ្លាប់ជំលៀសខ្លួនទៅរស់នៅក្នុងសម័យខ្មែរក្រហមដូចជា ស្រុកក្រូចឆ្មារ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ថ្មគ្រែ អូឬស្សី ក្នុងខេត្តក្រចេះ ក៏ខ្ញុំចំណាំមិនបានផង ខ្ញុំចំណាំបានតែមួយកន្លែងគត់ គឺនៅតាមផ្លូវជាតិលេខ៧ ខាងស្តាំដៃ ហួសសួងបន្តិច ត្រង់ចំណុចចំការស្លា ទីនោះហើយក្រោយថ្ងៃរំដោះខ្ញុំបានធ្វើដំណើរត្រឡប់មកស្រុកពារាំងខេត្តព្រៃវែងវិញដោយឆ្លងកាត់ចំការស្លា និងដេកនៅទីនោះក្រោមដើមស្លាខ្ញុំចំណាំច្បាស់ណាស់។ ប៉ុន្តែទន្ទឹមនឹងការសប្បាយរីករាយ ក៏នៅមានអារម្មណ៏ហ្មួរហ្មង មួរម៉ៅ បន្តិចដែរ ពីរឿង សេវាដឹកជញ្ជូន ស្នាក់នៅនិងហូបចុក ថ្លៃកប់ពពក គ្រាន់តែថ្លៃឡាន ពីឧត្តរមានជ័យមកភ្នំពេញ តំលៃ ៨៥.០០០រៀល ថ្លៃធម្មតាតែ ៤៥.០០០ប៉ុណ្ណោះ ពីភ្នំពេញទៅ ស្ទឹងត្រែង តំលៃ ៦០.០០០រៀល តំលៃធម្មតាតែ៣៥.០០០ ថ្លៃផ្ទះសំណាក់ ១យប់តំលៃ ២០ដុល្លា ធម្មតាតែ ១៣ដុល្លាប៉ុណ្ណោះ ថ្លៃម៉ូតូឌុប១ថ្ងៃតំលៃ ១០០.០០០រៀល ឌុបទៅលេង ភូមិព្រះរំកិល អន្លង់ផ្សោតព្រះរំកិល ទឹកធ្លាក់ព្រះរំកិល កុម្ម៉ង់មាន់ដុត១ថ្លៃ ៦០.០០០រៀល រួចហើយទៅលេង នៅទឹកថ្លាបុប្ផាភ្លុក កុម្ម៉ង់ត្រីក្អែកដុតមួយតំលៃ៩០.០០០(ទំងន់ជាង២គីឡូ)មាន់ដុត១ថ្លៃ៥០.០០០រៀលហើយគិតថ្លៃក្ចុះ១៥.០០០រៀលទៀត ខុសប្លែកពីនៅកំពង់សោម បើយើងកុម្ម៉ង់ម្ហូបហើយគេមិនគិតថ្លៃក្ចុះទេ ហើយកាន់តែចំលែកមួយទៀតត្រង់ថា នៅខេត្តស្ទឹងត្រែងនេះ ទាំងអ្នកលក់ដូរ ទាំងភ្ញៀវ ដែលខ្ញុំបានជួប មិនថាតែនៅក្នុងផ្សារ ហាងគុយទាវ ហាងទំនិញ ឬនៅតាមរមណីយ៏ដ្ឋានទេ គឺសុទ្ធតែនិយាយភាសារឡាវ និងវឿតណាម រឿងនេះធ្វើអោយខ្ញុំនឹកទៅដល់ខេត្តសុរិនប្រទេសថៃ ពេលខ្ញុំទៅលេងតាមភូមិនានាក្នុងខេត្តសុរិន ពលរដ្ឋនៅទីនោះនិយាយតែភាសារខ្មែរទេ ទោះបីជាពិធីធំៗអ្វីក៏ដោយដូចជា ពិធីបុណ្យ ឬរៀបការ គឺគេចាក់មេក្រូនិងភ្លេងប្រពៃណីយ៏ព្រមទាំងតាអាចារ្យៗនិយាយភាសារខ្មែរទាំងអស់ ។ តើមានប្រិយ៏មិត្តទាំងឡាយជួបរឿងចំលែកៗដូចខ្ញុំដែរឬទេ? ហើយក៏សូមអរគុណដល់ វាគ្មិន អ្នកបញ្ចេញមតិ យោបល់ ក្នុង Camnews ( ឬហៅថា លានប្រជាធិប្បតេយ្យ ) ទាំងអស់ មិនថា តែអ្នកប្រឆាំង អ្នកគាំទ្រ អ្កកប្រឆាំងទាំងពីរ ឬអ្នកគាំទ្រទាំងពីរ ដែលបានអត់ធ្មត់ ខន្តី អោយគ្នា មិនជេរប្រមាថដាក់គ្នា មិនប្រើពាក្យអសុរោះដាក់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែរ រយៈពេល៣ថ្ងៃនេះ ដែលជាថ្ងៃសិរីសួរស្តី សំរាប់ខ្មែរយើងទាំងអស់គ្នាផងដែរ សូមអាយុៈ វណ្ណៈ សុខៈ ពលៈ មានដល់លោកអ្នក កុំបីខ្លាងឃ្លាតឡើយ ហើយក៏សូមប្រកាសបើកវេទិការជេរគ្នាបន្តទៀតចុះ ពីព្រោះរដូវជេរគ្នាបានមកដល់ហើយ តែអ្នកត្រូវចាំទុកថា អ្នកដែលអ្នកជេរ អ្នកដែលអ្នកប្រមាថ អ្នកដែលអ្នកប្រើពាក្យសំដីអសុរោះនោះ គឺសុទ្ធតែជាខ្មែរទាំងអស់ ហើយអ្នកស្លាប់ទៅក៏នៅតែជាខ្មោចខ្មែរដែរ ហើយបរទេសកាន់តែមើលងាយខ្មែរថែមទៀត គ្មានបរទេសណាស្រលាញ់ខ្មែរទេ ហើយក៏គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរស្រលាញ់ខ្មែរដែរ………ដោយបំណងល្អពីគ្រួសារខ្មែរ។
.
.