មន្ត្រី​ក្រសួងការងារ​កំពុង​ជួប​ជាមួយ​ពលករ​ខ្មែរ​ នៅ​កូរ៉េខាងត្បូង​

មន្ត្រី​​នៃ​​គណៈកម្មាធិការ​​បណ្តុះបណ្តាល​ និង​​បញ្ជូន​​ពលករ​​ទៅ​​បរទេស​​​នៃ​​ក្រសួង​ការងារ​​ កំពុង​បន្ត​​ជួប​​ជាមួយ​ពលករ​ ពលការិនី​ និង​​ពលរដ្ឋ​ខ្មែរ​​នៅ​​សាធារណរដ្ឋ​​កូរ៉េ​ ដើម្បី​​ចែក​​រំលែក​​ព័ត៌មាន​ស្តី​អំពី​ការ​ថែ​រក្សា​​សុវត្ថិភាព​​ផ្ទាល់​ខ្លួន​​ ក្នុង​​ករណី​មាន​​ការ​ផ្ទុះ​​អាវុធ​​ក្នុង​​ឧបទ្វីប​កូរ៉េ។​ ទោះយ៉ាង​ណា​ក៏​ដោយ​ មន្ត្រី​​របស់​​កម្ពុជា​​បាន​​បញ្ជាក់​​ប្រាប់​ពលរដ្ឋ​​ដែល​​កំពុង​​សិក្សា​ និង​​ធ្វើការ​​នៅ​​សាធារណរដ្ឋ​កូរ៉េ​​​ថា​ មាន​​ហេតុផល​​ជា​ច្រើន​ដែល​​បង្ហាញ​​ថា​ សង្គ្រាម​​បងប្អូន​​ទាំងពីរ​​នឹង​​មិន​អាច​​កើត​ឡើង​​ឡើយ។​

ថ្ងៃ អង្គារ 16 មេសា 2013
ដោយ លាង ដឺលុច
RFI

ប្រជាជន​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​ ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​​ខ្មែរ​​ ២០១៣​ (RFI/Leang Delux)

សេចក្តីរាយការណ៍​របស់​ លាង ដឺលុច

(02:28)

សហគម​ខ្មែរ​នៅ​សាធារណ​រដ្ឋ​កូរ៉េ បន្ត​ជួបជុំ​គ្នា​រហូត​ដល់​ថ្ងៃអាទិត្យ​ខាង​មុខ​នេះ ដើម្បី​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ខ្មែរ។ ហើយមន្ត្រី​ជំនាញ​ផ្នែក​បញ្ជូន​ពលករ​ទៅ​បរទេសនៃ​ក្រសួង​ការងារ ​កំពុង​បន្ត​ស្នាក់នៅ​ក្នុង​សាធារណរដ្ឋ​កូរ៉េ​ ដើម្បី​ជួប​ជាមួយ​ពលករ​នៅ​តាម​រោងចក្រ និង​រង់ចាំ​ជួប​ជុំជាមួយ​ពលរដ្ឋ​ខ្មែរ​ផ្សេងទៀតក្នុង​ពិធី​ជួបជុំ​ នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នោះ ដើម្បី​អាច​ពន្យល់​ប្រាប់​អំពី​វិធានការសុវត្ថិភាព ក្នុង​ករណី​មាន​ជម្លោះ​ប្រដាប់​អាវុធ​រវាង​បងប្អូន​កូរ៉េ​ទាំងពីរនោះ។
 
កាល​ពីថ្ងៃអាទិត្យ​ទី​១៤​មេសា​កន្លងទៅ​នេះ ការជួបជុំ​ទ្រង់ទ្រាយ​ធំ​នៃ​ពលរដ្ឋ​ខ្មែរ​ ប្រមាណ​១០០០នាក់​រួមមាន​ពលករ ពលការិនី និស្សិត និងស្ត្រី​ដែល​រៀបការ​ជាមួយ​ជនជាតិ​កូរ៉េ ​បាន​ប្រព្រឹត្តិ​ទៅក្នុង​ទីក្រុង​អឺយ​ចងប៊ូ នៃ​ខេត្ត គ្យុងហ្គីដូ។ ទីកន្លែង​ជួប​ជុំ​ពលរដ្ឋ​ខ្មែរ​នេះ ស្ថិត​នៅ​ចំងាយ​ប្រមាណ​តែ​២០​គម ​ពី​ព្រំដែន​កូរ៉េ​ខាងជើង​តែប៉ុណ្ណោះ។ ជា​ការ​ជួបជុំ​អបអរ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ផង ប៉ុន្តែ​ក្នុង​ឱកាស​នោះ មន្ត្រី​ក្រសួង​ការងារ និង​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ខាង​ត្បូង ​បាន​ផ្សព្វផ្សាយ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ជា​ច្រើ​ន​បណ្តាញ​ដល់​ពលរដ្ឋ​ខ្មែរ ក្នុង​ករណី​មាន​ហេតុការណ៍​បន្ទាន់ និង​ដើម្បី​ពួកគេ​សួរ​នាំ​នូវ​បញ្ហា​ផ្សេងៗ។
 
នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ សេចក្តី​ណែនាំ​របស់​អាជ្ញាធរ​កម្ពុជា​នេះ​បាន​ប្រាប់​អោយ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្បែរ​ព្រំដែន​នៃ​ប្រទេស​កូរ៉េ​ទាំងពីរ ក្នុង​ករណី​មាន​សង្គ្រាម​កើតឡើង​នោះ ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ចុះ​មក​ភាគខាង​ត្បូង​ ក្នុង​​ទីក្រុង​ចំនួន​៤​ដូចជា ទីក្រុង​JeonJu ទីក្រុងDaegu និង​ពិសេស​ទីក្រុងMu-An និង​ទីក្រុង​Busan។
 
លោកហេង​ សួរ អគ្គនាយក​និង​ជា​ប្រធាន​អង្គភាព​រដ្ឋបាល​និង​ហិរញ្ញវត្ថុ ​នៃ​គណៈកម្មាធិការ​បណ្តុះ​បណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស​នៃ​ក្រសួង​ការងារ ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ពី​កូរ៉េ​ខាង​ត្បូង​មក​ថា មន្ត្រី​ជំនាញ​មិន​អាច​ជួប​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​បាន​ឡើយ។ ដូច្នេះ លោក​បាន​ស្នើ​អោយ​អ្នក​ដែល​បាន​ទទួល​ព័ត៌មាន ត្រូវ​ផ្សព្វផ្សាយ​បន្ត​ដល់​មិត្តភ័ក្ត​របស់​ពួកគេ។ លោក​ហេង សួរ​ បន្តថា លោក​និង ឯកអគ្គរាជទូត​កម្ពុជា បាន​ពន្យល់​ប្រាប់​ពលរដ្ឋ​ខ្មែរ​អំពី​មូលហេតុ​ជាច្រើន​ដែល​បញ្ជាក់​ថា វា​នឹង​មិនអាច​កើត​មានសង្គ្រាម​រវាង​កូរ៉េ​ទាំងពីរ​ឡើយ។ ហើយ​ថា ទោះយ៉ាង​នេះ​ក្តី មេដឹកនាំ​របស់​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ​ក៏​បាន​ប្រាស្រ័យ​ទាក់ទងគ្នា ​ដើម្បី​អាច​ចាត់វិធានការ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​ផងដែរ​ ក្នុង​ករណី​មាន​បញ្ហា​ផ្ទុះ​ឡើង​មែន​នោះ។
 
បើតាមមន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារដដែល​នោះ ពលរដ្ឋខ្មែរ​នៅ​ទីនោះ​មិន​សូវ​មាន​ការ​បារម្ភ​ប៉ុន្មាន​ឡើយ ប៉ុន្តែ​គឺក្រុមគ្រួសារ​ពី​ប្រទេស​កម្ពុជា​ទៅវិញ​ទេ​ ដែល​ថ្លែង​បារម្ភ​ខ្លាំងពី​សាច់ញាតិ​ពួកគេ ហើយ​អោយ​ពួកគេ​ត្រឡប់​មក​កម្ពុជា​វិញ​សិន​នោះ៕

 

What Next?

Recent Articles

One Response to "មន្ត្រី​ក្រសួងការងារ​កំពុង​ជួប​ជាមួយ​ពលករ​ខ្មែរ​ នៅ​កូរ៉េខាងត្បូង​"

  1. Khmer Family says:

    សួរស្តី ប្រីយមិត្ត វាគ្មិន អ្នកបញ្ចេញមតិ ក្នុង Camnews ( ឬហៅថាទីលានប្រជាធិប្បតេយ្យ​​​​​​​​​​​​​​​​​​​​​​) ទាំងឡាយជាទីមេត្រី! តើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែររយៈ៣ថ្ងៃនេះ តើលោក អ្នក​បានអញ្ជើញទៅកំសាន្តនៅទីកន្លែងណាខ្លះ? ហើយតើបានជួបរឿងចំលែកៗអ្វីខ្លះ? ហើយមានអារម្មណ៏សប្បាយរីករាយយ៉ាងណាដែរ? ចំណែកខ្ញុំ ខ្ញុំបានទៅលេងនៅឯខេត្តស្ទឹងត្រែង ខ្ញុំមានអារម្មណ៏សប្បាយរីករាយណាស់នៅពេលដែលចាកចេញពីបានផ្ទះធ្វើដំណើរតាមផ្លូវ គយគន់ទេសភាពតាមផ្លូវ មានការរីកចំរើនលើគ្រប់វិស័យ ដូចជា ស្ពាន ផ្លូវថ្នល់ ផ្សារ សាលារៀន វត្តអារាម ទំនប់ ប្រឡាយ មន្ទីរពេទ្យ អាគារសំណង់ខ្ពស់ៗ ព្រមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសាងសង់យ៉ាងព្រោងព្រាត រចនាម៉ូតប្លែកៗពីគ្នា​ទៅតាមធនធានថវិការ​ ទិដ្ឋភាពបែបនេះខុសពីជាង៣០ឆ្នាំមុន ដែលមិននឹកស្មានដល់និងស្ទើរមិនគួរអោយជឿថាប្រទេសយើងមានការអភិវឌ្ឌ្យន៏និងរីកចំរើនដល់ម្លឹងសោះនេះបញ្ជាក់ពីជីវភាពរស់នៅពិតរបស់គាត់ សូម្បីទីកន្លែងដែលខ្ញុំធ្លាប់ជំលៀសខ្លួនទៅរស់នៅក្នុងសម័យខ្មែរក្រហមដូចជា ស្រុកក្រូចឆ្មារ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ថ្មគ្រែ អូឬស្សី ក្នុងខេត្តក្រចេះ ក៏ខ្ញុំចំណាំមិនបានផង ខ្ញុំចំណាំបានតែមួយកន្លែងគត់ គឺនៅតាមផ្លូវជាតិលេខ៧ ខាងស្តាំដៃ ហួសសួងបន្តិច ត្រង់ចំណុចចំការស្លា ទីនោះហើយក្រោយថ្ងៃរំដោះ​ខ្ញុំបានធ្វើដំណើរត្រឡប់មកស្រុកពារាំងខេត្តព្រៃវែងវិញដោយឆ្លងកាត់ចំការស្លា និងដេកនៅទីនោះក្រោមដើមស្លាខ្ញុំចំណាំច្បាស់ណាស់។ ប៉ុន្តែទន្ទឹមនឹងការសប្បាយរីករាយ ក៏នៅមានអារម្មណ៏ហ្មួរហ្មង​ មួរម៉ៅ បន្តិចដែរ ពីរឿង សេវាដឹកជញ្ជូន ស្នាក់នៅ​និងហូបចុក ថ្លៃកប់ពពក គ្រាន់តែថ្លៃឡាន ពីឧត្តរមានជ័យមកភ្នំពេញ តំលៃ ៨៥.០០០រៀល ថ្លៃធម្មតាតែ ៤៥.០០០ប៉ុណ្ណោះ ពីភ្នំពេញទៅ ស្ទឹងត្រែង តំលៃ ៦០.០០០រៀល តំលៃធម្មតាតែ​៣៥.០០០ ថ្លៃផ្ទះសំណាក់ ១យប់តំលៃ ២០ដុល្លា ធម្មតាតែ ១៣ដុល្លាប៉ុណ្ណោះ ថ្លៃម៉ូតូឌុប១ថ្ងៃតំលៃ ១០០.០០០រៀល ឌុបទៅលេង ភូមិព្រះរំកិល អន្លង់ផ្សោតព្រះរំកិល ទឹកធ្លាក់ព្រះរំកិល កុម្ម៉ង់មាន់ដុត១ថ្លៃ ៦០.០០០រៀល រួចហើយទៅលេង នៅទឹកថ្លាបុប្ផាភ្លុក កុម្ម៉ង់ត្រីក្អែកដុតមួយតំលៃ​៩០.០០០(ទំងន់ជាង២គីឡូ)​មាន់ដុត១ថ្លៃ៥០.០០០រៀលហើយគិតថ្លៃក្ចុះ១៥.០០០រៀលទៀត ខុសប្លែកពីនៅកំពង់សោម បើយើងកុម្ម៉ង់ម្ហូបហើយគេមិនគិតថ្លៃក្ចុះទេ ហើយកាន់តែចំលែកមួយទៀតត្រង់ថា នៅខេត្តស្ទឹងត្រែងនេះ ទាំងអ្នកលក់ដូរ ទាំងភ្ញៀវ ដែលខ្ញុំបានជួប មិនថាតែនៅក្នុងផ្សារ ហាងគុយទាវ ហាងទំនិញ ឬនៅតាមរមណីយ៏ដ្ឋានទេ គឺសុទ្ធតែនិយាយភាសារឡាវ និងវឿតណាម រឿងនេះធ្វើអោយខ្ញុំនឹកទៅដល់ខេត្តសុរិនប្រទេសថៃ ពេលខ្ញុំទៅលេងតាមភូមិនានាក្នុងខេត្តសុរិន ពលរដ្ឋនៅទីនោះនិយាយតែភាសារខ្មែរទេ​ ទោះបីជាពិធីធំៗអ្វីក៏ដោយដូចជា ពិធីបុណ្យ ឬរៀបការ គឺគេចាក់មេក្រូនិងភ្លេងប្រពៃណីយ៏ព្រមទាំងតាអាចារ្យៗនិយាយភាសារខ្មែរទាំងអស់ ។ តើមានប្រិយ៏មិត្តទាំងឡាយជួបរឿងចំលែកៗដូចខ្ញុំដែរឬទេ? ហើយក៏សូមអរគុណដល់​ វាគ្មិន អ្នកបញ្ចេញមតិ យោបល់ ក្នុង Camnews ( ឬហៅថា លានប្រជាធិប្បតេយ្យ ) ទាំងអស់ មិនថា តែអ្នកប្រឆាំង អ្នកគាំទ្រ អ្កកប្រឆាំងទាំងពីរ ឬអ្នកគាំទ្រទាំងពីរ ដែលបានអត់ធ្មត់ ​ខន្តី អោយគ្នា មិនជេរប្រមាថដាក់គ្នា មិនប្រើពាក្យអសុរោះដាក់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែរ រយៈពេល៣ថ្ងៃនេះ ដែលជាថ្ងៃសិរីសួរស្តី សំរាប់ខ្មែរយើងទាំងអស់គ្នាផងដែរ សូមអាយុៈ វណ្ណៈ សុខៈ ពលៈ មានដល់លោកអ្នក កុំបីខ្លាងឃ្លាតឡើយ ហើយក៏សូមប្រកាសបើកវេទិការ​ជេរគ្នាបន្តទៀតចុះ ពីព្រោះរដូវជេរគ្នាបានមកដល់ហើយ តែអ្នកត្រូវចាំទុកថា អ្នកដែលអ្នកជេរ អ្នកដែលអ្នកប្រមាថ អ្នកដែលអ្នកប្រើពាក្យសំដីអសុរោះនោះ គឺសុទ្ធតែជាខ្មែរទាំងអស់ ហើយអ្នកស្លាប់ទៅ​ក៏នៅតែជាខ្មោចខ្មែរដែរ ហើយបរទេសកាន់តែមើលងាយខ្មែរថែមទៀត គ្មានបរទេសណាស្រលាញ់ខ្មែរទេ ហើយក៏គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរស្រលាញ់ខ្មែរដែរ………ដោយបំណងល្អពីគ្រួសារខ្មែរ។

    .

    .