មន្ត្រីគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ធំ ត្រូវចាប់ឃុំខ្លួន ដោយសារមានទំនាស់ និងមានអំពើហិង្សាជាមួយសាច់ញាតិដែលគាំទ្រគណបក្សនយោបាយខុសគ្នា។ គណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យអាជ្ញាធរដោះលែងសមាជិករបស់ខ្លួន។
ដោយ កែវ និមល
2013-04-16
RFA
មន្ត្រីគណបក្សសង្គ្រោះជាតិ និងប្រពន្ធរបស់ជនជាប់ចោទ បានអះអាងនៅថ្ងៃទី១៦ មេសា ថា លោក ឆែ ចែង ហៅ សិទ្ធិ ជាតំណាងគណបក្សសង្គ្រោះជាតិ នៅស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៤ មេសា ដោយសារមានទំនាស់ជាមួយឈ្មោះ ឃុត ហៃ ជាបងថ្លៃ ពីរឿងគាំទ្រគណបក្សនយោបាយខុសគ្នា ហើយមានទំនាស់គ្នារហូតដល់មានរបួសស្នាម។ ឈ្មោះ ឃុត ហៃ ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។
អ្នកស្រី ឃុត បញ្ញា ជាប្រពន្ធរបស់ឈ្មោះ ឆែ ចែង បានអំពាវនាវឲ្យមានការដោះលែងប្ដីរបស់គាត់។ ឈ្មោះ ឆែ ចែង ត្រូវចោទប្រកាន់ពីបទបង្ករបួសស្នាមលើឈ្មោះ ឃុត ហៃ ដែលត្រូវជាបងថ្លៃ៖ «ដំបូងបងប្រុសខ្ញុំគាត់ស្រវឹង ប្ដីខ្ញុំគាត់ចាក់បាយឲ្យឆ្កែ។ បងប្រុសខ្ញុំគាត់ទាត់ចានទាត់ឆ្នាំង។ គាត់ឈរមាត់ទ្វារ ហើយកាងដៃសងខាង មិនឲ្យប្ដីខ្ញុំគាត់ចុះ។ ប្ដីខ្ញុំចុះ គាត់ប្រកាន់ គាត់វាយប្ដីខ្ញុំមួយដៃ ប្ដីខ្ញុំខឹង គប់ចានដាក់បាយឆ្កែលើគាត់។ គេចោទប្ដីខ្ញុំថា កាប់មួយកាំបិត ហើយកាប់ម៉ូតូឲ្យដួល។ ប្ដីខ្ញុំត្រូវគេយកទៅដាក់នៅកំពង់ធំ។ កំពុងតែរឿងនេះ ប្រជាជនគេថា វាយវាសម្លាប់ទៅ វាគណបក្ស សម រង្ស៊ី»។
ទាក់ទងរឿងនេះ មេឃុំសំព្រោច នៅស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា រឿងទំនាស់រហូតដល់មានរបួសស្នាមនេះ ចាប់ផ្ដើមពីរឿងទំនាស់តូចតាចនៅក្នុងគ្រួសារប៉ុណ្ណោះ ប៉ុន្តែដោយសារការជជែកគ្នាចុះឡើងបានកើតមានទៅជារឿងធំ៖ «ដឹងថា ដំបូងវាជាទំនាស់នៅក្នុងគ្រួសារទេ។ យូរទៅវារីកក្លាយជារឿងធំណា»។
លោក ចាន់ ធី មន្ត្រីគណបក្សសង្គ្រោះជាតិ បានរៀបរាប់ឲ្យដឹងថា ការចាប់ខ្លួននេះ ដោយសារមានការរើសអើងការគាំទ្រគណបក្សនយោបាយនៅក្នុងរង្វង់គ្រួសាររបស់លោក ឆែ ចែង។ លោកចាត់ទុកថា នេះជាសកម្មភាពគំរាមកំហែងផ្នែកនយោបាយនៅពេលការបោះឆ្នោតកាន់តែខិតជិតមកដល់៖ «ដើមហេតុដោយសារគ្រួសារនេះ មានការប្រកាន់និន្នាការនយោបាយ។ លោក ឆែ ចែង គាត់ជាកូនប្រសា ដែលរស់នៅក្នុងគ្រួសារមួយដែលខាងប្រពន្ធនោះចែកផ្ទះឲ្យនៅ។ លោក ឆែ ចែង ជាមួយប្រពន្ធ មាននិន្នាការនយោបាយខុសគ្នាពីគ្រួសាររបស់គាត់។ គាត់ជាថ្នាក់ដឹកនាំមួយរូប របស់គណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកស្ទោងនេះ»។
ប៉ុន្តែអធិការប៉ូលិសស្រុកស្ទោង លោក យ៉ង់ សំ បានឲ្យដឹងថា ការចាប់ខ្លួនលោក ឆែ ចែង នេះមិនទាក់ទិនជាមួយរឿងគាំទ្រគណបក្សនយោបាយខុសគ្នានោះទេ គឺទាក់ទងជាមួយការបង្ករបួសស្នាមជាបទល្មើសព្រហ្មទណ្ឌតែប៉ុណ្ណោះ៖ «រឿងគណបក្សដូចគ្នា ឬខុសគ្នា ខ្ញុំក្ដាប់មិនបានដែរ។ ប៉ុន្តែខ្ញុំគិតពីរឿងព្រហ្មទណ្ឌកាប់ចាក់គ្នារបួសស្នាម»។
ការបោះឆ្នោតរើសតំណាងរាស្ត្រអាណត្តិទី៥ កាន់តែខិតជិតមកដល់ហើយ គឺត្រូវថ្ងៃទី២៨ កក្កដា។ រឿងទំនាស់គ្នាក្នុងសមាជិកគ្រួសារ ដោយសារគាំទ្រគណបក្សនយោបាយខុសគ្នានេះតែងកើតមានជារឿយៗ នៅពេលការបោះឆ្នោតខិតជិតមកដល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ចាប់ចុះបើខុសមែន កុំអេាយតែលាបពណ៌គ្នា។
សួរស្តី ប្រីយមិត្ត វាគ្មិន អ្នកបញ្ចេញមតិ ក្នុង Camnews ( ឬហៅថាទីលានប្រជាធិប្បតេយ្យ) ទាំងឡាយជាទីមេត្រី! តើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែររយៈ៣ថ្ងៃនេះ តើលោក អ្នកបានអញ្ជើញទៅកំសាន្តនៅទីកន្លែងណាខ្លះ? ហើយតើបានជួបរឿងចំលែកៗអ្វីខ្លះ? ហើយមានអារម្មណ៏សប្បាយរីករាយយ៉ាងណាដែរ? ចំណែកខ្ញុំ ខ្ញុំបានទៅលេងនៅឯខេត្តស្ទឹងត្រែង ខ្ញុំមានអារម្មណ៏សប្បាយរីករាយណាស់នៅពេលដែលចាកចេញពីបានផ្ទះធ្វើដំណើរតាមផ្លូវ គយគន់ទេសភាពតាមផ្លូវ មានការរីកចំរើនលើគ្រប់វិស័យ ដូចជា ស្ពាន ផ្លូវថ្នល់ ផ្សារ សាលារៀន វត្តអារាម ទំនប់ ប្រឡាយ មន្ទីរពេទ្យ អាគារសំណង់ខ្ពស់ៗ ព្រមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសាងសង់យ៉ាងព្រោងព្រាត រចនាម៉ូតប្លែកៗពីគ្នាទៅតាមធនធានថវិការ ទិដ្ឋភាពបែបនេះខុសពីជាង៣០ឆ្នាំមុន ដែលមិននឹកស្មានដល់និងស្ទើរមិនគួរអោយជឿថាប្រទេសយើងមានការអភិវឌ្ឌ្យន៏និងរីកចំរើនដល់ម្លឹងសោះនេះបញ្ជាក់ពីជីវភាពរស់នៅពិតរបស់គាត់ សូម្បីទីកន្លែងដែលខ្ញុំធ្លាប់ជំលៀសខ្លួនទៅរស់នៅក្នុងសម័យខ្មែរក្រហមដូចជា ស្រុកក្រូចឆ្មារ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ថ្មគ្រែ អូឬស្សី ក្នុងខេត្តក្រចេះ ក៏ខ្ញុំចំណាំមិនបានផង ខ្ញុំចំណាំបានតែមួយកន្លែងគត់ គឺនៅតាមផ្លូវជាតិលេខ៧ ខាងស្តាំដៃ ហួសសួងបន្តិច ត្រង់ចំណុចចំការស្លា ទីនោះហើយក្រោយថ្ងៃរំដោះខ្ញុំបានធ្វើដំណើរត្រឡប់មកស្រុកពារាំងខេត្តព្រៃវែងវិញដោយឆ្លងកាត់ចំការស្លា និងដេកនៅទីនោះក្រោមដើមស្លាខ្ញុំចំណាំច្បាស់ណាស់។ ប៉ុន្តែទន្ទឹមនឹងការសប្បាយរីករាយ ក៏នៅមានអារម្មណ៏ហ្មួរហ្មង មួរម៉ៅ បន្តិចដែរ ពីរឿង សេវាដឹកជញ្ជូន ស្នាក់នៅនិងហូបចុក ថ្លៃកប់ពពក គ្រាន់តែថ្លៃឡាន ពីឧត្តរមានជ័យមកភ្នំពេញ តំលៃ ៨៥.០០០រៀល ថ្លៃធម្មតាតែ ៤៥.០០០ប៉ុណ្ណោះ ពីភ្នំពេញទៅ ស្ទឹងត្រែង តំលៃ ៦០.០០០រៀល តំលៃធម្មតាតែ៣៥.០០០ ថ្លៃផ្ទះសំណាក់ ១យប់តំលៃ ២០ដុល្លា ធម្មតាតែ ១៣ដុល្លាប៉ុណ្ណោះ ថ្លៃម៉ូតូឌុប១ថ្ងៃតំលៃ ១០០.០០០រៀល ឌុបទៅលេង ភូមិព្រះរំកិល អន្លង់ផ្សោតព្រះរំកិល ទឹកធ្លាក់ព្រះរំកិល កុម្ម៉ង់មាន់ដុត១ថ្លៃ ៦០.០០០រៀល រួចហើយទៅលេង នៅទឹកថ្លាបុប្ផាភ្លុក កុម្ម៉ង់ត្រីក្អែកដុតមួយតំលៃ៩០.០០០(ទំងន់ជាង២គីឡូ)មាន់ដុត១ថ្លៃ៥០.០០០រៀលហើយគិតថ្លៃក្ចុះ១៥.០០០រៀលទៀត ខុសប្លែកពីនៅកំពង់សោម បើយើងកុម្ម៉ង់ម្ហូបហើយគេមិនគិតថ្លៃក្ចុះទេ ហើយកាន់តែចំលែកមួយទៀតត្រង់ថា នៅខេត្តស្ទឹងត្រែងនេះ ទាំងអ្នកលក់ដូរ ទាំងភ្ញៀវ ដែលខ្ញុំបានជួប មិនថាតែនៅក្នុងផ្សារ ហាងគុយទាវ ហាងទំនិញ ឬនៅតាមរមណីយ៏ដ្ឋានទេ គឺសុទ្ធតែនិយាយភាសារឡាវ និងវឿតណាម រឿងនេះធ្វើអោយខ្ញុំនឹកទៅដល់ខេត្តសុរិនប្រទេសថៃ ពេលខ្ញុំទៅលេងតាមភូមិនានាក្នុងខេត្តសុរិន ពលរដ្ឋនៅទីនោះនិយាយតែភាសារខ្មែរទេ ទោះបីជាពិធីធំៗអ្វីក៏ដោយដូចជា ពិធីបុណ្យ ឬរៀបការ គឺគេចាក់មេក្រូនិងភ្លេងប្រពៃណីយ៏ព្រមទាំងតាអាចារ្យៗនិយាយភាសារខ្មែរទាំងអស់ ។ តើមានប្រិយ៏មិត្តទាំងឡាយជួបរឿងចំលែកៗដូចខ្ញុំដែរឬទេ? ហើយក៏សូមអរគុណដល់ វាគ្មិន អ្នកបញ្ចេញមតិ យោបល់ ក្នុង Camnews ( ឬហៅថា លានប្រជាធិប្បតេយ្យ ) ទាំងអស់ មិនថា តែអ្នកប្រឆាំង អ្នកគាំទ្រ អ្កកប្រឆាំងទាំងពីរ ឬអ្នកគាំទ្រទាំងពីរ ដែលបានអត់ធ្មត់ ខន្តី អោយគ្នា មិនជេរប្រមាថដាក់គ្នា មិនប្រើពាក្យអសុរោះដាក់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែរ រយៈពេល៣ថ្ងៃនេះ ដែលជាថ្ងៃសិរីសួរស្តី សំរាប់ខ្មែរយើងទាំងអស់គ្នាផងដែរ សូមអាយុៈ វណ្ណៈ សុខៈ ពលៈ មានដល់លោកអ្នក កុំបីខ្លាងឃ្លាតឡើយ ហើយក៏សូមប្រកាសបើកវេទិការជេរគ្នាបន្តទៀតចុះ ពីព្រោះរដូវជេរគ្នាបានមកដល់ហើយ តែអ្នកត្រូវចាំទុកថា អ្នកដែលអ្នកជេរ អ្នកដែលអ្នកប្រមាថ អ្នកដែលអ្នកប្រើពាក្យសំដីអសុរោះនោះ គឺសុទ្ធតែជាខ្មែរទាំងអស់ ហើយអ្នកស្លាប់ទៅក៏នៅតែជាខ្មោចខ្មែរដែរ ហើយបរទេសកាន់តែមើលងាយខ្មែរថែមទៀត គ្មានបរទេសណាស្រលាញ់ខ្មែរទេ ហើយក៏គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរស្រលាញ់ខ្មែរដែរ………ដោយបំណងល្អពីគ្រួសារខ្មែរ។
.
.