នៅក្នុងសវនាការ ពេញមួយថ្ងៃ កាលពីថ្ងៃចន្ទ ម្សិលមិញ ភាគីកម្ពុជាបានឡើងឆ្លើយការពារពាក្យបណ្តឹងរបស់ខ្លួន នៅចំពោះមុខអង្គចៅក្រម នៃតុលាការយុត្តិធម៌អន្តរជាតិ។ ក្រៅពីបានបញ្ជាក់លម្អិតអំពីអ្វីដែលខ្លួនស្នើសុំ ពោលគឺ ស្នើសុំឲ្យមានការបកស្រាយឡើងវិញនូវសាលក្រមឆ្នាំ១៩៦២, អំពីដែនសមត្ថកិច្ចរបស់តុលាការ និងអំពីការយល់បកស្រាយខុសគ្នា រវាងកម្ពុជា និងថៃ ទៅលើអត្ថន័យ និងវិសាលភាពនៃសាលក្រមឆ្នាំ១៩៦២ មេធាវីរបស់កម្ពុជា ក៏បានធ្វើការបកស្រាយផងដែរ អំពីភាពមិនអាចកាត់ផ្តាច់ពីគ្នាបាន រវាងសេចក្តីសន្និដ្ឋាន (ភាសាបារាំងហៅថា Dispositif) និងសេចក្តីសំអាង (ភាសាបារាំងហៅថា Motif) នៃសេចក្តីសម្រេចឆ្នាំ១៩៦២នេះ។ តើភាពមិនអាចកាត់ផ្តាច់ពីគ្នារវាង Motif និង Dispositif នេះ មានអត្ថន័យយ៉ាងណា ហើយតើវាមានសារៈសំខាន់អ្វី ទើបកម្ពុជាព្យាយាមសង្កត់ធ្ងន់លើចំណុចនេះ?
ថ្ងៃ អង្គារ 16 មេសា 2013
ដោយ សេង ឌីណា
RFI
លោក ហោ ណំាហុង និងគណៈប្រតិភូខ្មែរ នៅឯតុលាការក្រុងឡាអេ ប្រទេសហូឡង់ (រូបភាពឆ្នាំ២០១១) ©Reuters
ជាដំបូងបង្អស់ គួរបញ្ជាក់ថា ជាទូទៅ សេចក្តីសម្រេចរបស់តុលាការចាំបាច់ត្រូវមានចែងកំណត់ជាពីរផ្នែកយ៉ាងតិច៖
- សេចក្តីសន្និដ្ឋានចុងក្រោយ ពោលគឺ អ្វីដែលតុលាការសម្រេច ដើម្បីជាដំណោះស្រាយចំពោះវិវាទរវាងគូភាគី (តាមភាសាបារាំងហៅថា “Dispositif”)
- អ្វីដែលតុលាការយកមកធ្វើជាសេចក្តីសំអាង ដើម្បីឈានទៅដល់សេចក្តីសន្និដ្ឋានចុងក្រោយនេះ។ សេចក្តីសំអាងនេះ តាមភាសាបារាំងហៅថា “Motif”
ចំពោះសាលក្រមតុលាការក្រុងឡាអេ ឆ្នាំ១៩៦២ នៅក្នុងសេចក្តីសន្និដ្ឋាន (Dispositif) តុលាការបានសម្រេចតែទៅលើ ៣ចំណុចប៉ុណ្ណោះ គឺ
· ទីមួយ ប្រាសាទព្រះវិហារ ស្ថិតនៅលើទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា
· ទីពីរ ថៃត្រូវដកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទាំងអស់ ចេញពីប្រាសាទ និងពីជុំវិញប្រាសាទ ដែលជាទឹកដីស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា
· ទីបី ថៃត្រូវប្រគល់មកឲ្យកម្ពុជាវិញ នូវរាល់វត្ថុបុរាណ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ
ចំពោះរឿងខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃវិញ តុលាការក្រុងឡាអេមិនបានចែងនៅក្នុងសេចក្តីសន្និដ្ឋាន (Dispositif) នេះទេ ប៉ុន្តែ មានចែងនៅក្នុង Motif ដែលតុលាការយកខ្សែបន្ទាត់ព្រំដែន ដែលមានគូសនៅលើផែនទីឧបសម្ព័ន្ធទី១ មកធ្វើជាសំអាង ដើម្បីកំណត់ថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជា។
ដោយហេតុនេះហើយបានជាភាគីថៃបានអះអាងថា អ្វីដែលតុលាការបានសម្រេច ហើយដែលចាំបាច់ត្រូវឲ្យគូភាគីគោរពតាម គឺមានតែបីចំណុច ដែលមានចែងនៅក្នុង Dispositif នៃសាលក្រមឆ្នាំ១៩៦២ប៉ុណ្ណោះ ដោយមិនមានសម្រេចទៅដល់ខ្សែបន្ទាត់ព្រំដែននោះទេ។ ម្យ៉ាងទៀត ថៃបានទាមទារថា ប្រសិនបើតុលាការសម្រេចធ្វើការបកស្រាយសាលក្រម ទៅតាមបណ្តឹងរបស់កម្ពុជាមែន តុលាការអាចបកស្រាយតែទៅលើអ្វីដែលមានចែងក្នុង Dispositif នេះប៉ុណ្ណោះ ដោយមិនអាចយកបញ្ហាផែនទី ឧបសម្ព័ន្ធទី១ ដែលចែងនៅក្នុង Motif មកបកស្រាយឡើងវិញបាននោះទេ។
ដើម្បីជាការឆ្លើយតបទៅនឹងការអះអាងរបស់ថៃបែបនេះហើយ ទើបកាលពីថ្ងៃចន្ទម្សិលមិញនេះ មេធាវីតំណាងឲ្យភាគីកម្ពុជា គឺលោក Jean-Marc Sorel បានចំណាយពេលពេញមួយថ្ងៃរសៀល ដើម្បីពន្យល់ដល់អង្គចៅក្រម អំពីលក្ខណៈចាំបាច់ និងមិនអាចកាត់ផ្តាច់ពីគ្នាបាន រវាងផែនទីឧបសម្ព័ន្ធទី១ ដែលមានចែង នៅក្នុង Motif និងសេចក្តីសម្រេចចុងក្រោយ ដែលមានចែង នៅក្នុង Dispositif ដោយបានលើកឡើងពីសេចក្តីសម្រេច កាលពីពេលកន្លងមក ដែលតុលាការក្រុងឡាអេធ្លាប់បានសម្រេចថា ការបកស្រាយទៅលើ Motif នៃសាលក្រមមួយ អាចធ្វើទៅបាន ប្រសិនបើ Motif នេះ មានលក្ខណៈចាំបាច់ និងមិនអាចកាត់ផ្តាច់បានពី Dispositif។
មេធាវីរបស់កម្ពុជាបានបញ្ជាក់ឡើងវិញថា អ្វីដែលតុលាការបានសម្រេច នៅក្នុង Dispositif នៃសាលក្រមឆ្នាំ១៩៦២ គឺថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា ហើយថា ថៃត្រូវតែដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីប្រាសាទ និងពី “ទីតាំងជុំវិញប្រាសាទ ដែលស្ថិតក្នុងទឹកដីរបស់កម្ពុជា”។ ដូច្នេះ សំណួរចោទសួរថា ប្រសិនបើគេមិនមើលទៅលើខ្សែបន្ទាត់ព្រំដែន នៃផែនទីឧបសម្ព័ន្ធទី១ទេនោះ តើធ្វើដូចម្តេចទើបអាចកំណត់បានថា តើ “ទីតាំងជុំវិញប្រាសាទ" ពីត្រឹមណាដល់ត្រឹមណា ដែលត្រូវចាត់ទុកថា ជាទឹកដីដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា? ឬមួយក៏គេអាចចោទសួរម្យ៉ាងទៀតថា តើកាលពីឆ្នាំ១៩៦២នោះ ចៅក្រមតុលាការក្រុងឡាអេធ្វើម៉េចអាចចេញសេចក្តីសន្និដ្ឋានថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជាបាន បើមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែន នៃផែនទីឧបសម្ព័ន្ធទី១នេះ?
ដូច្នេះ សម្រាប់ភាគីកម្ពុជា ផែនទីឧបសម្ព័ន្ធទី១ គឺជាគ្រឹះ ចំណែកឯអ្វីដែលមានចែង នៅក្នុង Dispositif គឺជាអគារ ដែលសង់នៅលើគ្រឹះនេះ។ ប្រសិនបើគេដកគ្រឹះនេះចេញ គឺអគារទាំងមូលនឹងត្រូវរលំ។ ឬក៏អាចនិយាយបានម្យ៉ាងទៀតថា អ្វីដែលមានចែង នៅក្នុង Dispositif នៃសាលក្រមឆ្នាំ១៩៦២ នឹងមិនមានអត្ថន័យពេញលេញគ្រប់គ្រាន់នោះទេ ប្រសិនបើគេកាត់ផ្តាច់វាចេញពីផែនទីឧបសម្ព័ន្ធទី១ ដែលមានចែងនៅក្នុង Motif ។
ហេតុដូច្នេះហើយបានជាភាគីកម្ពុជាបានស្នើសុំឲ្យតុលាការក្រុងឡាអេ ធ្វើការបកស្រាយសេចក្តីសន្និដ្ឋាន ដែលមានចែង នៅក្នុង Dispositif នៃសាលក្រមឆ្នាំ១៩៦២ ដោយយោងទៅលើផែនទីឧបសម្ព័ន្ធទី១ ដែលមានគូសបង្ហាញច្បាស់លាស់ អំពីខ្សែបន្ទាត់ព្រំដែន នៃតំបន់ព្រះវិហារ ហើយជាខ្សែបន្ទាត់ព្រំដែន ដែលតុលាការបានទទួលស្គាល់ និងយកមកធ្វើជាសំអាង ដើម្បីចេញសេចក្តីសម្រេចរបស់ខ្លួន៕



សួរស្តី ប្រីយមិត្ត វាគ្មិន អ្នកបញ្ចេញមតិ ក្នុង Camnews ( ឬហៅថាទីលានប្រជាធិប្បតេយ្យ) ទាំងឡាយជាទីមេត្រី! តើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែររយៈ៣ថ្ងៃនេះ តើលោក អ្នកបានអញ្ជើញទៅកំសាន្តនៅទីកន្លែងណាខ្លះ? ហើយតើបានជួបរឿងចំលែកៗអ្វីខ្លះ? ហើយមានអារម្មណ៏សប្បាយរីករាយយ៉ាងណាដែរ? ចំណែកខ្ញុំ ខ្ញុំបានទៅលេងនៅឯខេត្តស្ទឹងត្រែង ខ្ញុំមានអារម្មណ៏សប្បាយរីករាយណាស់នៅពេលដែលចាកចេញពីបានផ្ទះធ្វើដំណើរតាមផ្លូវ គយគន់ទេសភាពតាមផ្លូវ មានការរីកចំរើនលើគ្រប់វិស័យ ដូចជា ស្ពាន ផ្លូវថ្នល់ ផ្សារ សាលារៀន វត្តអារាម ទំនប់ ប្រឡាយ មន្ទីរពេទ្យ អាគារសំណង់ខ្ពស់ៗ ព្រមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសាងសង់យ៉ាងព្រោងព្រាត រចនាម៉ូតប្លែកៗពីគ្នាទៅតាមធនធានថវិការ ទិដ្ឋភាពបែបនេះខុសពីជាង៣០ឆ្នាំមុន ដែលមិននឹកស្មានដល់និងស្ទើរមិនគួរអោយជឿថាប្រទេសយើងមានការអភិវឌ្ឌ្យន៏និងរីកចំរើនដល់ម្លឹងសោះនេះបញ្ជាក់ពីជីវភាពរស់នៅពិតរបស់គាត់ សូម្បីទីកន្លែងដែលខ្ញុំធ្លាប់ជំលៀសខ្លួនទៅរស់នៅក្នុងសម័យខ្មែរក្រហមដូចជា ស្រុកក្រូចឆ្មារ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ថ្មគ្រែ អូឬស្សី ក្នុងខេត្តក្រចេះ ក៏ខ្ញុំចំណាំមិនបានផង ខ្ញុំចំណាំបានតែមួយកន្លែងគត់ គឺនៅតាមផ្លូវជាតិលេខ៧ ខាងស្តាំដៃ ហួសសួងបន្តិច ត្រង់ចំណុចចំការស្លា ទីនោះហើយក្រោយថ្ងៃរំដោះខ្ញុំបានធ្វើដំណើរត្រឡប់មកស្រុកពារាំងខេត្តព្រៃវែងវិញដោយឆ្លងកាត់ចំការស្លា និងដេកនៅទីនោះក្រោមដើមស្លាខ្ញុំចំណាំច្បាស់ណាស់។ ប៉ុន្តែទន្ទឹមនឹងការសប្បាយរីករាយ ក៏នៅមានអារម្មណ៏ហ្មួរហ្មង មួរម៉ៅ បន្តិចដែរ ពីរឿង សេវាដឹកជញ្ជូន ស្នាក់នៅនិងហូបចុក ថ្លៃកប់ពពក គ្រាន់តែថ្លៃឡាន ពីឧត្តរមានជ័យមកភ្នំពេញ តំលៃ ៨៥.០០០រៀល ថ្លៃធម្មតាតែ ៤៥.០០០ប៉ុណ្ណោះ ពីភ្នំពេញទៅ ស្ទឹងត្រែង តំលៃ ៦០.០០០រៀល តំលៃធម្មតាតែ៣៥.០០០ ថ្លៃផ្ទះសំណាក់ ១យប់តំលៃ ២០ដុល្លា ធម្មតាតែ ១៣ដុល្លាប៉ុណ្ណោះ ថ្លៃម៉ូតូឌុប១ថ្ងៃតំលៃ ១០០.០០០រៀល ឌុបទៅលេង ភូមិព្រះរំកិល អន្លង់ផ្សោតព្រះរំកិល ទឹកធ្លាក់ព្រះរំកិល កុម្ម៉ង់មាន់ដុត១ថ្លៃ ៦០.០០០រៀល រួចហើយទៅលេង នៅទឹកថ្លាបុប្ផាភ្លុក កុម្ម៉ង់ត្រីក្អែកដុតមួយតំលៃ៩០.០០០(ទំងន់ជាង២គីឡូ)មាន់ដុត១ថ្លៃ៥០.០០០រៀលហើយគិតថ្លៃក្ចុះ១៥.០០០រៀលទៀត ខុសប្លែកពីនៅកំពង់សោម បើយើងកុម្ម៉ង់ម្ហូបហើយគេមិនគិតថ្លៃក្ចុះទេ ហើយកាន់តែចំលែកមួយទៀតត្រង់ថា នៅខេត្តស្ទឹងត្រែងនេះ ទាំងអ្នកលក់ដូរ ទាំងភ្ញៀវ ដែលខ្ញុំបានជួប មិនថាតែនៅក្នុងផ្សារ ហាងគុយទាវ ហាងទំនិញ ឬនៅតាមរមណីយ៏ដ្ឋានទេ គឺសុទ្ធតែនិយាយភាសារឡាវ និងវឿតណាម រឿងនេះធ្វើអោយខ្ញុំនឹកទៅដល់ខេត្តសុរិនប្រទេសថៃ ពេលខ្ញុំទៅលេងតាមភូមិនានាក្នុងខេត្តសុរិន ពលរដ្ឋនៅទីនោះនិយាយតែភាសារខ្មែរទេ ទោះបីជាពិធីធំៗអ្វីក៏ដោយដូចជា ពិធីបុណ្យ ឬរៀបការ គឺគេចាក់មេក្រូនិងភ្លេងប្រពៃណីយ៏ព្រមទាំងតាអាចារ្យៗនិយាយភាសារខ្មែរទាំងអស់ ។ តើមានប្រិយ៏មិត្តទាំងឡាយជួបរឿងចំលែកៗដូចខ្ញុំដែរឬទេ? ហើយក៏សូមអរគុណដល់ វាគ្មិន អ្នកបញ្ចេញមតិ យោបល់ ក្នុង Camnews ( ឬហៅថា លានប្រជាធិប្បតេយ្យ ) ទាំងអស់ មិនថា តែអ្នកប្រឆាំង អ្នកគាំទ្រ អ្កកប្រឆាំងទាំងពីរ ឬអ្នកគាំទ្រទាំងពីរ ដែលបានអត់ធ្មត់ ខន្តី អោយគ្នា មិនជេរប្រមាថដាក់គ្នា មិនប្រើពាក្យអសុរោះដាក់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែរ រយៈពេល៣ថ្ងៃនេះ ដែលជាថ្ងៃសិរីសួរស្តី សំរាប់ខ្មែរយើងទាំងអស់គ្នាផងដែរ សូមអាយុៈ វណ្ណៈ សុខៈ ពលៈ មានដល់លោកអ្នក កុំបីខ្លាងឃ្លាតឡើយ ហើយក៏សូមប្រកាសបើកវេទិការជេរគ្នាបន្តទៀតចុះ ពីព្រោះរដូវជេរគ្នាបានមកដល់ហើយ តែអ្នកត្រូវចាំទុកថា អ្នកដែលអ្នកជេរ អ្នកដែលអ្នកប្រមាថ អ្នកដែលអ្នកប្រើពាក្យសំដីអសុរោះនោះ គឺសុទ្ធតែជាខ្មែរទាំងអស់ ហើយអ្នកស្លាប់ទៅក៏នៅតែជាខ្មោចខ្មែរដែរ ហើយបរទេសកាន់តែមើលងាយខ្មែរថែមទៀត គ្មានបរទេសណាស្រលាញ់ខ្មែរទេ ហើយក៏គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរស្រលាញ់ខ្មែរដែរ………ដោយបំណងល្អពីគ្រួសារខ្មែរ។
.
.
ប្រសិនយកមូលដ្ឋានភាសាខ្មែរត្រឹមណាព្រុំដែនខ្មែរត្រឹមនោះ ខ្មែរសូរិន ខ្មែរក្រោមគឺស្ថិតក្រោមអធិបតេយ្យរបស់
ប្រទេសកម្ពុជា នេះបើយកកលល្បិចរបស់ថៃមកនិយាយវិញ ។