សុគន្ធ និសា បាន​វិល​មក​កម្ពុជា​វិញ​ទាំង​សោះ​កក្រោះ

ភ្នំពេញៈ ក្រោយ​ពី​ជក់​ខ្យល់​នឹង​ដំណើរ​ហោះ​ហើរ​ចេញ​ទៅ​ច្រៀង​កើប​ប្រាក់​នៅ​ក្រៅ​ប្រទេស​មិន​ខ្វល់​នឹង​ការ​កើប​ប្រាក់​ក្នុង​ស្រុក ពិសេស​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នោះ តារា​ចម្រៀង​រូប​ស្រស់​ទឹក​មុខ​ស្រទន់​បែប​ស្រគត់​ស្រគំ​របស់​ផលិតកម្ម​ថោន និង​ជា​អតីត​សង្សារ​កម្សត់​កម្រ​របស់​កវី​ជើង​ខ្លាំង​ប្រចាំ​ផលិត​កម្ម​រស្មី ហង្សមាស សុខ ជំនោរ នោះ នាង​សុគន្ធ និសា បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កំណើត​វិញ នៅ​ចំ​ថ្ងៃ​បញ្ចប់​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ទាំង​ភាព​សោះ​កក្រោះ ដែល​មាន​តែ​អ្នក​គាំ​ទ្រ​របស់​នាង​ពីរ បី នាក់​ប៉ុណ្ណោះ ដែល​បាន​ទៅ​ទទួល​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ។

Friday, 19 April 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

តារា​ចម្រៀង​មុខ​ស្រទន់​នាង សុគន្ធ និសា។ សហ​ការី

តារា​ចម្រៀង​មុខ​ស្រទន់​នាង សុគន្ធ និសា។ សហ​ការី

ដំណើរ​វិល​ត្រឡប់​របស់​នាង​មក​ពី​ច្រៀង​នៅ​ប្រទេស​បារាំង​លើក​នេះ​ត្រូវ​បាន​មហាជន​ជា​ច្រើន​លាន់​មាត់​ថា ក្នុង​ថ្ងៃ​ដែល សុគន្ធ និសា ត្រឡប់​មក​វិញ​នេះ គេ​សង្កេត​ឃើញ​ថា​មាន​អ្នក​គាំទ្រ​របស់​នាង​ពីរ បី នាក់​ប៉ុណ្ណោះ ដែល​បាន​ទៅ​ទទួល​ដល់ ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ពុំ​ឃើញ​មាន​វត្តមាន​បុរស​ដែល​ល្បី​ថា​គូ​ស្នេហ៍​ថ្មី​របស់​នាង​មក​ទទួល​នាង​នោះ​ទេ។​

បន្ថែម​ពី​លើ​ការ​តាម​ដាន​នោះ​ដែរ មហាជន​ជាច្រើន​ក៏​បាន​លើក​ឡើង​ទៀត​ថា ដំណើរ​ចុះ​យន្ត​ហោះ​របស់​សុគន្ធ និសា លើក​នេះ ហាក់​សោះ​កក្រោះ មិន​ដូច​កាល​ដែល​នាង​នៅ​ជុំ​គ្នា​ជាមួយ​លោក​សុខ ជំនោរ​នោះ​ទេ។ កាល​នោះ​គ្រាន់​តែ​នាង​ចុះ​ពី​យន្ត​ហោះ​ម្តងៗ​ក្រៅ​ពី​វត្តមាន​លោក សុខ ជំនោរ នោះ ក៏​មាន​អ្នក​សារ​ព័ត៌មាន​ចោម​រោម​ថត​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ការ​សម្ដែង​នៅ​បរទេស និង​អំពី​ការងារ​ថ្មីៗ របស់​នាង​យ៉ាង​ច្រើន​កុះករ។

ភាព​សោះ​កក្រោះ​របស់​តារា​ចម្រៀង​ឈរ​លំដាប់ កំពូល​មួយ​រូប​នេះ​ក៏​ទំនង​មិន​មែន​ប្រជា​ប្រិយ​ភាព​របស់​នាង​បាន​ថម​ថយ​នោះ​ទេ ពោល​គឺ​នាង​នៅ​តែ​ជា​តារា​ចម្រៀង​ក្នុង​ដួង​ចិត្ត​យុវវ័យ​ដដែល​។ ប៉ុន្តែ​នាង​ត្រូវ​បាន​មហាជន​លើក​ឡើង​ផ្ទុយ​ពី​នោះ​ដោយ​គេ​និយាយ​ថា តាំង​ពី សុគន្ធ និសា ផ្ដាច់​ចំណង​ស្នេហ៍​ពី​កវី សុខ ជំនោរ មក សុគន្ធ និសា ក៏​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​បណ្ដាញ​សារ​ព័ត៌មាន ដែល​នាង​ភ្លេច​ថា បណ្តាញ​សារ​ព័ត៌មាន​នេះ ក៏​មាន​ចំណែក ក្នុង​ការ​កសាង​ប្រជា​ប្រិយ​ភាព​របស់​នាង​ដែរ​។

ដូច​គ្នា​នោះ​ដែរ ទន្ទឹម​នឹង​ដំណើរ​សង្វាត​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​របស់​សុគន្ធ និសា និង​ដល់​ថ្នាក់​មាន​ពេល​ខ្លះ​ឈរ​ជើង​នៅ​ក្នុង​ស្រុក​មិន​បាន​ក្តៅ​បាត​ជើង​នោះ​ក៏​កើត​ជា​ចម្ងល់​របស់​មហាជន​ផង​ដែរ​ដែល​ពួកគេ​លើក​ឡើង​ថា និសា នាង​ប្រឹង​ប្រែង​ក្នុង​ការ​ច្រៀង​នៅ​ក្រៅ​ប្រទេស​គ្មាន​ពេល​សម្រាក​យ៉ាង​នេះ ដោយ​សារ​តែ​នាង​កំពុង​តែ​ប្រឹង​ប្រែង​រក​ប្រាក់​ដើម្បី​ទិញ​វីឡា​ថ្មី។

ម្យ៉ាង​ក៏​ដោយ​សារ​ទីផ្សារ​ក្នុង​ស្រុក​របស់​នាង​ត្រូវ​បាន​គេ​ឆក់​ដណ្ដើម​យក​អស់​បាត់​ទៅ​ហើយ​សូម្បី​តែ​ការ​ផ្សព្វ​ផ្សាយ​ផលិត​ផល​សាំស៊ុង ក៏​ត្រូវ​ចែក​រំលែក​ជាមួយ​នឹង​ឱក សុគន្ធ​កញ្ញា​ដែរ។ ទន្ទឹម​នោះ​ទៀត​គេ​ក៏​សង្កេត​ឃើញ​ផង​ដែរ​ថា តាំង​ពី​ចូល​ផលិតកម្ម​ថ្មី​មក និសា បាន​ប្ដូរ​អត្តចរិត​ខុស​ពី​មុន​ស្រឡះ​ដែល​កាល​ពី​ជ្រក​ក្នុង​ផលិតកម្ម​ចាស់​មើល​ទៅ​នាង​ជា​នារី សុភាព​គួរ​ឲ្យ​ស្រឡាញ់​ពិសេស​ទឹក​ដម​សំឡេង​ត្រូវ​បាន​គេ​កោត​សរសើរ​ថា ច្រៀង​បញ្ចូល​មនោសញ្ចេតនា​បាន​ល្អ​ជាង​នៅ​ផលិតកម្ម​ថ្មី។


បន្ទាប់​ពី​ផ្តាច់​សម្ព័ន្ធភាព​ស្នេហ៍​កម្សត់​ជាមួយ​កវី សុខ ជំនោរ នោះ គេ​សង្កេត​ឃើញ​នាង សុគន្ធ នីសា ហាក់​មិន​សូវ​ជា​សង្វាត​ការ​ងារ​សិល្បៈ​ក្នុង​ស្រុក​ប៉ុន្មាន​ឡើយ ហើយ​នាង​សង្វាត​តែ​ការងារ​សិល្បៈ​ក្រៅ​ស្រុក​ច្រើន​ជាង ហើយ​ទន្ទឹម​នោះ រាល់​ឱកាស​ចេញ​សម្តែង​នៅ​ក្រៅ​ប្រទេស​ម្តងៗ​នោះ​ទៀត នាង​ក៏​មិន​សូវ​ជា​ចង់​អើពើ​វិល​មក​ស្រុក​កំណើត​វិញ​ប៉ុន្មាន​នោះ​ដែរ។

កាល​ពី​ប៉ុន្មាន​ខែ​មុន គ្រា​ដែល​នាង​ច្រៀង​នៅ​អាមេរិក​នោះ​ក្រៅ​ពី​ល្បី​ថា​នាង​រក​បាន​ម្ចាស់​ស្នេហ៍​នៅ​ទី​នោះ​ក៏​ល្បី​ថា​នាង​មាន​ចេតនា​ចង់​បន្ត​ការ​ច្រៀង​រាំ​មិន​ចង់​វិល​មក​ស្រុក​ខ្មែរ​វិញ​ដែរ។ ដូច​គ្នា​នេះ​ដំណើរ​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​បារាំង កាល​ពី​ចុង​ខែ​កុម្ភៈ​នាង​ក៏​មិន​បាន​កំណត់​ថា​វិល​មក​វិញ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​នេះ​ដែរ​។

នៅ​ក្រោម​ចម្លើយ​មិន​ចំហ​នៅ​ថ្ងៃ​ទី​១៦ មេសា ចំ​ថ្ងៃ​បញ្ចប់​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ក៏​ស្រាប់​តែ​លេច​វត្តមាន​តារា​ចម្រៀង​នាង​សុគន្ធ និសា ដឹក​ដៃ​លោក ណុប បាយ៉ារិទ្ធ ដៃ​គូ​ចាស់​តាំង​ពី​នៅ​ផលិតកម្ម​ចាស់​ចុះ​ពី​យន្ត​ហោះ​យ៉ាង​គ្រមើម​ៗ។ ដំណើរ​វិល​ត្រឡប់​មក​វិញ​ចំ​ថ្ងៃ​បញ្ចប់​បុណ្យ​ចូល​ឆ្នាំ​របស់​នាង សុគន្ធ និសា នេះ​ក៏​មាន​ការ​លើក​ជា​ចម្ងល់​ដែរ​ហេតុ​អ្វី​ក៏​នាង​ត្រឡប់​មក​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​ទៅ​វិញ​ព្រោះ​នៅ​ពេល​ចូល​ឆ្នាំ​ថ្មី បើ​នៅ​ក្រៅ​ប្រទេស​រក​លុយ​បាន​ច្រើន​ជាង​ពេល​ធម្មតា ឬ​ក៏​ការ​សម្ដែង​របស់​នាង​មិន​ជោគ​ជ័យ? ម្យ៉ាង​បើ​នាង​មក​ដល់​កម្ពុជា​ថ្ងៃ​ចុង​ក្រោយ​នេះ​ក៏​មិន​មាន​ប្រយោជន៍​អី​ដែរ​ព្រោះ​នាង​មិន​បាន​សម្ដែង​នៅ​ស្ថានីយ​ទូរទស្សន៍​នានា​ដដែល​នោះ​។

បើ​ទោះ ជា​យ៉ាង​ណា ជុំវិញ​ចម្ងល់​របស់​មហាជន​ទាំង​នោះ​មិន​បាន​ស្រាយ​ឡើយ​ខណៈ​ដែល​ភ្នំពេញ ប៉ុស្តិ៍​មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​នាង សុគន្ធ និសា បាន​ប៉ុន្តែ​នាង​បាន​សរសេរ​ផុស​ក្នុង​ហ្វេសប៊ុក​ថា៖ «បង​ប្អូន និង​មិត្ត​ភក្តិ​ដែល​និយម​គាំទ្រ​ខ្ញុំ ខ្ញុំ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ កាល​ពី​ថ្ងៃទី​១៦ មេសា បន្ទាប់​ពី​ចំណាយ​ពេល​សម្តែង​នៅ​បារាំង​ជាង​មួយ​ខែ»។ តាម​រយៈ Facebook និសា ប្រាប់​ថា​«ក្រៅ​ពី​ការ​សម្តែង​នៅ​ប្រទេស​បារាំង និសា ក៏​បាន​ទៅ​កាន់​វត្ត​ខ្មែរ​នៅ​ទីនោះ​ផង​ដែរ​។ សុគន្ធ និសា​បាន​ដាក់​ផ្សាយ​រូប​មួយ​ចំនួន​ទាក់​ទង​នឹង​ទស្សនកិច្ច​របស់​នាង នៅ​ប្រទេស​បារាំង​ផង​ដែរ​។

ជាមួយ​គ្នា​នោះ នៅ Facebook តារា​ចម្រៀង សុគន្ធ និសា ក៏​បាន​ធ្វើ​ការ​ជូនពរ​ដល់​ប្រជាជន​កម្ពុជា សម្រាប់​ឆ្នាំ​ថ្មី ឲ្យ​បាន​ទទួល​ជោគ​ជ័យ និង​រក​ស៊ី​មាន​បាន​គ្រប់ៗ​គ្នា​៕


What Next?

Recent Articles

4 Responses to "សុគន្ធ និសា បាន​វិល​មក​កម្ពុជា​វិញ​ទាំង​សោះ​កក្រោះ"

  1. ទេពីរូ says:

    ពួកមីបំផ្លាញជាតិខ្លួនឯង គ្មានប្រយោជន៏នេះ។។

  2. Father's Cheath says:

    girl us when she poor but when rich she will look for the man who rich like her,

  3. សំឡាញ់! says:

    សុគន្ធ នីសា នាងពិតជាស្អាតណាស់!!!

  4. សំឡាញ់! says:

    សុគន្ធ នីសា នាងពិតជាស្អាតណាស់ បើបានអង្គុយនិយាយទល់មុខគ្នានោះ ប្រហែលជាខ្ញុំសំលឹង
    មើលមុខនាងឲ្យអស់ចិត្តហើយមើលទៅ ។