សមាគមខ្មែរកម្ពុជាក្រោម គ្រោងដាក់លិខិតទៅអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ពិសេសដាក់ទៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដើម្បីឲ្យជួយដោះស្រាយបញ្ហារំលោភសិទ្ធិដើរហើររបស់បងប្អូនខ្មែរក្រោម ដែលកំពុងរងការគាបសង្កត់ពីសំណាក់រដ្ឋាភិបាលវៀតណាម។
ដោយ ទីន ហ្សាការីយ៉ា
2013-04-21
RFA

ចាងហ្វាងកាសែតព្រៃនគរ លោក លី ឈួន លើកបង្ហាញលិខិតឆ្លងដែនរបស់លោកដល់អ្នកកាសែត នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២១ មេសា ឆ្នាំ២០១៣។ RFA/Tin Zakariya
សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ដែលមានតីតាំងនៅស្រុកខ្មែរ បានបញ្ចេញរបាយការណ៍មួយបង្ហាញថា មានប្រជាពលរដ្ឋខ្មែរក្រោម និងព្រះសង្ឃជាង ៣០នាក់ ដែលត្រូវអាជ្ញាធរវៀតណាម ចាប់ខ្លួន និងរារាំងមិនឲ្យចូលទៅលេងនៅស្រុកកំណើតនៅទឹកដីកម្ពុជាក្រោម គិតពីឆ្នាំ២០១០ មកដល់ឆ្នាំ២០១៣។
ការបញ្ចេញរបាយការណ៍នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២១ មេសា ឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ។ ថ្លែងក្នុងសន្និសីទនោះ ចាងហ្វាងកាសែតព្រៃនគរ លោក លី ឈួន ដែលត្រូវវៀតណាម ហាមមិនឲ្យចូលទៅលេងស្រុកកំណើតពេលបុណ្យចូលឆ្នាំខ្មែរដែរនោះ មានប្រសាសន៍ថា លោកដាក់ពាក្យបណ្ដឹងស្ដីពីការអាជ្ញាធរវៀតណាម មានការរើសអើង និងរំលោភសិទ្ធិដើរហើររបស់លោកទៅសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ដើម្បីឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យបញ្ឈប់ជាបន្ទាន់នូវការរំលោភសិទ្ធិខ្មែរក្រោមឥតឈប់ឈរនេះ។
លោកបានរំលឹកថា កាលពីថ្ងៃទី១២ មេសា នៅមុនពេលចូលឆ្នាំខ្មែរ លោកនិងប្រពន្ធកូនបាននាំគ្នាទៅលេងស្រុកកំណើតនៅទឹកដីខ្មែរកម្ពុជាក្រោម ប៉ុន្តែអាជ្ញាធរវៀតណាម នៅច្រកព្រំដែនទិនបៀង (Tinh Bien) បានចាប់លោក និងប្រពន្ធកូនរបស់លោកឃុំខ្លួនចំនួន ៤៨ម៉ោង រួចបានបញ្ជូនក្រុមគ្រូសារលោកឲ្យវិលមកកម្ពុជាវិញ ដោយគ្មានមូលហេតុ។
នៅក្នុងសន្និសីទសារព័ត៌មាននេះ មានប្រជាពលរដ្ឋខ្មែរក្រោម និងព្រះសង្ឃជាច្រើនអង្គទៀត ដែលធ្លាប់បានអាជ្ញាធរវៀតណាម ចាប់ខ្លួន និងបដិសេធមិនឲ្យចូលទៅប្រទេសវៀតណាម ដោយគេបានលើកពីការធ្វើទុក្ខបុកម្នេញចំពោះព្រះចៅអធិការវត្តមួយចំនួនដែលអាជ្ញាធរវៀតណាម ចង់ចាប់ផ្សឹក រួមមាន ព្រះតេជព្រះគុណ លី ចិន្ដា និងព្រះសង្ឃមួយចំនួនទៀត។ ក្រៅពីនេះ គឺអាជ្ញាធរវៀតណាម បានបង្ខំឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមមួយចំនួនឲ្យធ្វើគិញសម្ងាត់ស៊ើបអង្កេតឲ្យវៀតណាម ជាដើម។
ព្រះចៅអធិការវត្តសាមគ្គីរង្សី ព្រះតេជព្រះគុណ សៀង សុវណ្ណរ៉ា និងជាអនុប្រធានសមាគមព្រះសង្ឃខ្មែរក្រោម មានថេរដីកាថា កាលពីថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៣ ព្រះអង្គបាននិមន្តទៅលេងស្រុកកំណើតរបស់ខ្លួននៅកម្ពុជាក្រោម ដើម្បីសួរសុខទុក្ខញាតិញោមនៅទីនោះ។ ព្រះតេជព្រះគុណបញ្ជាក់ថា អាជ្ញាធរវៀតណាម បានដកយកលិខិតឆ្លងដែននៅព្រំដែន ហើយព្រះអង្គធ្វើការតវ៉ាខ្លាំងទើបអាជ្ញាធរប្រគល់លិខិតឆ្លងដែនឲ្យវិញ។ នៅពេលព្រះអង្គនិមន្តទៅដល់ស្រុកកំណើតមួយថ្ងៃ សមត្ថកិច្ចវៀតណាម ប្រមាណ ១០នាក់ បានមកនិមន្តព្រះអង្គឲ្យទៅជួបនៅផ្ទះរបស់មន្ត្រីវៀតណាម ដែលស្ថិតឃុំហ្វាដុង ខែត្រឃ្លាំង។ អាជ្ញាធរវៀតណាម បង្ខំឲ្យព្រះតេជព្រះគុណឆ្លើយប្រាប់អំពីសកម្មភាពរបស់អង្គការ សមាគមនៅកម្ពុជា បានធ្វើអ្វីខ្លះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីនាំពាក្យស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា លោក ឡេ មិញង៉ុក (Le Minh Ngoc) ដើម្បីសួរអំពីបញ្ហានេះបានទេ នៅថ្ងៃទី២១ ខែមេសា។
បន្ថែមពីលើនេះទៀត អង្គការសមាគមខ្មែរក្រោមបានអំពាវនាវដល់អាជ្ញាធរវៀតណាម ត្រូវតែបញ្ឈប់សកម្មភាពគំរាមកំហែងដល់ខ្មែរក្រោមជាបន្ទាន់។ អាជ្ញាធរវៀតណាម ត្រូវតែទទួលស្គាល់ខ្មែរក្រោមថាជាជនជាតិដើម និងត្រូវបញ្ឈប់ការនាំខ្លួន ឬការចាប់ខ្លួនខ្មែរក្រោមយកទៅសួរចម្លើយនៅប៉ុស្តិ៍នគរបាល នៅពេលពួកគាត់ចេញចូលមកកម្ពុជាម្ដងៗ និងត្រូវតែបញ្ឈប់ការរឹតត្បិតសេរីភាពដើរហើររបស់ខ្មែរក្រោមឲ្យស្របទៅតាមសេចក្ដីប្រកាសអង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម។
សេចក្ដីប្រកាសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើមនេះ ជនជាតិដើមមានសិទ្ធិសេរីភាពពេញលេញដូចប្រជាពលរដ្ឋទូទៅ ព្រមទាំងមានសិទ្ធិរួចផុតពីការរើសអើងគ្រប់រូបភាពក្នុងការអនុវត្តសិទ្ធិជាពិសេស ដោយផ្អែកលើមូលដ្ឋាននៃដើមកំណើត ឬអត្តសញ្ញាណរបស់ខ្លួនជាជនជាតិដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1- I believe, logicalally, the problem of enterring the border made by Khmer Krom and Vietnam must have some reason that the news did not mention.
2- Vietnam must give right to Khmer Krom, but the right must base on Vietnamese laws. As I have known, there are a lot of Khmer Krom who went out to joint with the opposite party to against Vietnam. I believe this is a reason that cause trouble to enter Vietnamese border.
អង្កការ សិទ្ធមនុស្ស ហ៊ាន តែជាមួយប្រទេស ក្រីក្រ ដូចជា ប្រទេស កម្ពុជាទេ តែ ប្រទេស យ៉ួន និង ថៃ មិនហ៊ាន ថាទេ ថៃ សំលាប់មនុស្ស បាញ់ខ្មែរ អង្កការ សិទ្ធ មនុស្ស មិនទាំង ហ៊ាន ស្រែក ខ្លាំង ផង គ្រាន់តែ ថា តិច្ច អោយ តែបាន កុំអោយ គេថា អត់ រាយការណ៏ តែ បើខ្មែរ ជាប្រទេស ដែល មិនស្ថិតនៅក្រោម អាមេរិក ដូចថៃមើល អង្កការ សិទ្ធ មនុស្ស ស្រែក មិនដាច់ ល្អក៏ថាអាក្រក់ដែរ ។
អស់លោក ចាំមើល អង្កការ សិទ្ធមនុស្ស បកស្រាយយ៉ាងណា និង ធ្វើយ៉ាងណាចំពោះ យ៉ួន ខ្ញុំជឿថា មិនហ៊ាន ថាអោយ យ៉ួនទេ គឺ ដាក់បន្ទុក នឹង បន្ទោល ដល់រដ្ឋាភិបាល កម្ពុជាមិនចេះជួយ ។