ក្រោយពីការតទល់គ្នានៅឯតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ពលរដ្ឋថៃជាច្រើនសម្តែងការព្រួយបារម្ភថា បញ្ហាព្រះវិហារអាចនឹងក្លាយជាការផ្ទុះសង្គ្រាមជាថ្មីរវាងកម្ពុជានិងថៃ។ បញ្ហាផ្ទៃក្នុងប្រទេសថៃ ក៏បានកម្រើកឡើងវិញដែរ។ យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីប្រទេសទាំងពីរបានជួបសន្ទនាគ្នាតាមទូរស័ព្ទ ហើយបានសម្តែងការជឿជាក់ថា បញ្ហានេះនឹងមិនធ្វើឲ្យខូចខាតដល់ចំណងទាក់ទងទ្វេភាគីរវាងប្រទេសទាំងពីរឡើយ។
ថ្ងៃ អាទិត្យ 21 មេសា 2013
ដោយ ប៉ែន បូណា
RFI

ប្រាសាទព្រះវិហារ (DR)
ក្រោយពីកម្ពុជានិងថៃបានបញ្ចប់ការតតាំងគ្នាយ៉ាងតឹងតែង នៅឯតុលាការក្រុងឡាអេ ស្តីពីជម្លោះប្រាសាទព្រះវិហារ មេដឹកនាំទីក្រុងបាងកកនិងភ្នំពេញបានសម្តែងការជឿជាក់ថា បញ្ហានេះនឹងមិនធ្វើឲ្យខូចខាតចំណងទាក់ទងប្រទេសទាំងពីរឡើយ។ ការអះអាងបែបនេះបានធ្វើឡើងតាមរយៈការសន្ទនាតាមទូរសព្ទ័រវាងនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាចុងសប្តាហ៍នេះ។ នេះបើយោងតាមប្រភពពីកាសែត The Nation របស់ថៃ ដែលបានផ្សាយឲ្យដឹងនៅថ្ងៃអាទិត្យនេះ។
កាសែតបានស្រង់សម្តីរដ្ឋមន្ត្រីការបរទេសថៃលោក ស៊ូរ៉ាពង្ស តូវីចាក់ឆាយគុល ដែលអះអាងថា នាយករដ្ឋមន្ត្រីថៃនិងកម្ពុជាយល់ស្របគ្នាថា ភាគីទាំងពីរនឹងគោរពការសម្រេចរបស់តុលាការក្រុងឡាអេ។ ម្យ៉ាងទៀត ថៃនិងកម្ពុជានឹងក្លាយជាសមាជិកសហគមន៍សេដ្ឋកិច្ចតែមួយរបស់អាស៊ាន នៅឆ្នាំ ២០១៥ ខាងមុខ ដែលទាមទារឲ្យមានទំនាក់ទំនងល្អជាមួយគ្នាជាចាំបាច់។ រដ្ឋមន្ត្រីការបរទេសថៃក៏ត្រូវបានកាសែត Bangkok Post ស្រង់សម្តីថា លោកនឹងជួបជាមួយសមភាគីកម្ពុជាក្នុងពេលឆាប់ៗនេះដើម្បីពិភាក្សាគ្នាអំពីផែនការអភិវឌ្ឍន៍ជាច្រើន។
ជំនួបរវាងមេដឹកនាំទីក្រុងភ្នំពេញនិងបាងកកក្នុងន័យបន្ធូរបន្ថយភាពតានតឹង បានធ្វើឡើងខណៈដែលមានការព្រួយបារម្ភថា បញ្ហាព្រះវិហារអាចនឹងបង្កឲ្យមានការផ្ទុះសង្គ្រាមសារជាថ្មីរវាងប្រទេសទាំងពីរ។ ការស្ទាបស្ទង់មតិមួយនៅក្នុងប្រទេសថៃបង្ហាញថា ជាង៤៧ភាគរយនៃពលរដ្ឋថៃដែលត្រូវបានសាកសួរ បានសម្តែងការព្រួយបារម្ភថាសង្គ្រាមព្រំដែនជាមួយកម្ពុជាអាចនឹងផ្ទុះឡើងជាថ្មីជុំវិញបញ្ហាព្រះវិហារ។
នៅក្នុងប្រទេសថៃ បញ្ហាចម្រូងចម្រាស់បានផ្តើមកើតឡើងម្តងទៀត នៅក្រោយសវនាការនៅឯតុលាការក្រុងឡាអេ។ ទោះបីជាមន្ត្រីរដ្ឋាភិបាលថៃបានអួតសរសើរដល់ក្រុមការងាររបស់ខ្លួនថា បានបំពេញការងារយ៉ាងល្អក៏ដោយ ប៉ុន្តែក្រុមប្រឆាំងបានរិះគន់ រដ្ឋាភិបាលលោកស្រីយីងឡាក់ថា បានប្រើក្រុមការងារចាស់តាំងពីជំនាន់អតីតនាយករដ្ឋមន្ត្រី អាភីស៊ីត ដើម្បីចៀសវាងការស្តីបន្ទោសក្នុងករណីដែលថៃចាញ់ក្តីកម្ពុជា។
នៅឯកម្ពុជាឯណេះវិញ គ្មានប្រភពណាបញ្ជាក់អំពីជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយលោកស្រី យីងឡាក់ នៅឡើយទេ។ ប៉ុន្តែ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវកាលពីប៉ុន្មានថ្ងៃមុននេះឲ្យថៃនិងកម្ពុជារក្សាទំនាក់ទំនងល្អជាមួយគ្នា និងចៀសវាងកុំធ្វើឲ្យរឿងតូចក្លាយជាជម្លោះធំ។ យ៉ាងណាក៏ដោយ ថៃបានព្រមានតុលាការក្រុងឡាអេរួចហើយថា ភាពតានតឹងនឹងកើនឡើង ប្រសិនបើតុលាការយកផែនទីឧបសម្ពន្ធ័១ទៅធ្វើជាសំអាង៕


Large scale border clash is unavoidable if the Cambodian counterpart is still reluctant to adopt its Paris peace accord which declared that the neighboring nations must repect Cambodian territorial integrity and national sovereignty.
អ្នកដឹកនាំប្រទេសពិតជាលោកមានវិតិវិធីសំរាប់ដោះស្រាយ ។
បើពួកវាឈ្នះ ប្រហែលមែន ។ តែបើពួកវាចាញ់ កុំដេកយល់សប្ដិអោយ
សោះ។ មុខតែពួកវាក្រឡុកទៀតមិនខាន ។ ហើយតាំងធ្វើជាចោទដាក់
គ្នាវាទៅវិញទៅមក ថាអាក្រហម អាលឿង ។ ខ្មែរកុំទុំជោរតាមសម្ដីគេ
អោយសោះ ក្រហម លឿង នៅតែជាចោរសឿមដដែល។
បើដូចសម្ដីវាថាមែន មិនមែនវាហ៊ានព្រមានតុលាការទុកជាមុនទេ។