ព្រះពុទ្ធរូប ៦៦ អង្គ ក្នុងរូងភ្នំក្ងោកមាស រកឃើញតាមសុបិន្ត ក្មេងប្រុសអាយុ ១៤ឆ្នាំ

ស្ទឹងត្រែង:

ក្មេងប្រុស​អាយុ ១៤​ឆ្នាំ ត្រូវ​លោកសង្ឃ ពន្យល់​ស​ប្តិ​ឱ្យ​ទៅយក​ព្រះ​ពុទ្ធរូប ក្នុង​រូងភ្នំ ដើម្បី​ថែរក្សា​។ មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ ខេត្តស្ទឹងត្រែង មាន​គម្រោង​បញ្ជូន​ព្រះពុទ្ធ​រូប​ទាំង ៦៦ អង្គ​នោះ ទៅ​ទុក​នៅ​ទីក្រុង​ភ្នំពេញ​។​

 

ថ្ងៃទី 22 មេសា 2013
ដោយ: សេសាន
CEN

​ឈ្មោះ វង្ស សុខ​ជា អាយុ ១៤​ឆ្នាំ បាន​យល់សប្តិ​ឃើញ​លោកសង្ឃ មក​ប្រាប់ថា មាន​ព្រះ​ពុទ្ធរូប នៅក្នុង​រូងភ្នំ​ក្ងោកមាស​។ ក្រោយពី​យល់សប្តិ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៣ ក្មេងប្រុស និង​មិត្តភក្តិ​ម្នាក់ទៀត ក៏​ដើរទៅ​មើល ក្នុង​រូងភ្នំ ហើយ​ឃើញ​មាន​ព្រះ​មែន​។​
​ក្រោយមក​ក្មេងប្រុស ក៏​និយាយប្រាប់​ឪពុក​ឈ្មោះ វង្ស មច្ឆា ថា រូងភ្នំ មាន​ព្រះ​ជាច្រើន​អង្គ​។ លោក វង្ស មច្ឆា ពេលឮ​ដំណឹង​កូន​ប្រាប់ ក៏​ដើរទៅ​មើល​។ គាត់ គឺជា​អ្នកធ្វើ​ចម្ការ​ម្នាក់​រស់នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ហើយ​បានប្រគល់​ព្រះ​ចំនួន ៦៦​អង្គ និង​ជើងពាន ១ ទៅឱ្យ​លោក សំ សា​ឯម អតីត​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ ខេត្តស្ទឹងត្រែង​។​
​លោក សំ សា​ឯម បានឱ្យដឹងថា ឈ្មោះ វង្ស មច្ឆា ហៅ អាត គឺជា​អតីតមន្ត្រី​យោធា​ម្នាក់ ហើយ​បាន​ទៅ​រស់នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ធ្វើ​ចម្ការ​នៅ​ទីនោះ​។ ពេល​គាត់​រកឃើញ ព្រះ​ពុទ្ធរូប ៦៦​អង្គ និង​ជើងពាន ១ ក៏បាន​យកមក​ប្រគល់ឱ្យ​លោក​នៅ​ថ្ងៃទី​១៩​ខែមេសា​ឆ្នាំ​២០១៣​។​
​ក្រោយមក​ក៏បាន​ប្រគល់​ទៅឱ្យ​លោក​ប្រធាន​មន្ទីរ​ថ្មី​លោក​ផេង​ណា​ឡៃ​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៣​ថា ព្រះ​ពុទ្ធរូប​នឹងត្រូវ​បញ្ជូនទៅ​រក្សាទុក​នៅ​ភ្នំពេញ​ព្រោះ​ជា​សម្បត្តិ​វប្បធម៌​ខ្មែរ​។ ព្រះពុទ្ធ​រូបនោះ មាន ៥៥ អង្គ ស្រោបប្រាក់ ១០ អង្គ ស្រោបមាស និង ១ អង្គ ធ្វើ​ពី​ឈើ​។ ក្នុងចំណោម​ព្រះពុទ្ធ​រូប​ទាំង ៦៦ អង្គ មាន ១៥ អង្គ បាន​បាក់បែក​មួយចំនួន ហើយ​មាន​ឈើ​នៅ​ផ្នែក​ខាងក្នុង នៃ​ព្រះពុទ្ធ​រូបនោះ​។​
​និទានរឿង​រាវ​របស់​ភ្នំ​ក្ងោកមាស លោក សួន ផុត អភិបាលរង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បានឱ្យដឹងថា ភ្នំ​នោះ មិនមាន​ប្រវត្តិ​ណាមួយ​គួរឱ្យ​បញ្ជាក់​ច្រើនពេក​ទេ​។ លោក សួន ផុន និយាយថា​ភ្នំ​នោះ មាន​រូបរាង​ដូច​សត្វ​ក្ងោក ទើប​គេ​ហៅថា ភ្នំ​ក្ងោកមាស​។ ភូមិ​ឆ្វាំង គឺជា​ភូមិ​មួយ​មាន​ចម្ងាយ​ប្រមាណ​ជាង ៣០ គីឡូម៉ែត្រ ពី​ទីរួមស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ ចម្ងាយ ៧​គីឡូម៉ែត្រ ចេញពី​ភូមិ​ឆ្វាំង​ទៀត ទើប​យើង​ទៅដល់​ភ្នំ​ក្ងោកមាស​។ 
​ចាស់​បុរាណ​ដំណាល​ថា ភ្នំ​ក្ងោកមាស មានតែ​លោកសង្ឃ ( លោកតា​ដុង ) ទេ អាច​ចូលទៅក្នុង​រូងភ្នំ​នោះបាន ដើម្បី​តាំងសម្មាធិ​អុជ​ធូប​ដល់​ព្រះ​ពុទ្ធរូប​។​
​លោក សួន ផុន បាន​បន្តថា មនុស្ស​ធម្មតា គ្មាន​អ្នកណា​គេ​ហ៊ាន​ចូលទៅ​ជិត​ទេ​។ គេ​ជឿថា រូងភ្នំ​មាន​សត្វ​ពស់​ថែរក្សា​។ តែ​ឥឡូវ​បរិវេណ​ភ្នំ​ក្ងោកមាស ត្រូវបាន​គេ​កាប់ឆ្ការ​ព្រៃ​ធ្វើ​ចម្ការ​អស់ហើយ ទើប​មាន​មនុស្ស​ហ៊ាន ចូលទៅក្នុង​រូង​នោះ​។ ក្រៅពី​ភ្នំ​ក្ងោកមាស ក៏មាន​ភ្នំ​ចំនួន ២​ទៀត ដែល​ស្ថិត​នៅក្បែរៗ​គ្នា មាន​ឈ្មោះថា ភ្នំ​ឈ្ងោក និង​ភ្នំ​ធំ​។​
​លោក គង់ សេនា ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង បានឱ្យដឹងថា ពេល​ដើរចូល​ទៅក្នុង​រូងភ្នំ​នោះ ត្រជាក់​ណាស់ ហើយ​ងងឹត​ទៀតផង​។ បើ​យើង​ដើរចូល​ទាល់តែ​កាន់​ពិល​បំភ្លឺ​ទើបបាន​។​
​លោក​បញ្ជាក់ថា ក្នុង​រូង​នោះ មាន​ថ្ម​ខ្លះ ដូចជា​របស់បុរាណ ហើយ​ទេសភាព​ក៏​ស្អាត​ដែរ​។ បើសិន​គេ​បង្កើត ទៅជា​កន្លែង​តំបន់​ទេសចរ​វប្បធម៌​វិញ​នោះ ពិតជា​ល្អ​ណាស់​។​
​តំបន់​ខាងលើនេះ គេ​គ្រាន់តែ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៩ ពី​ស្ទឹងត្រែង ខេត្តព្រះវិហារ ឆ្លងកាត់ ក៏​អាច​ចូល​ទស្សនា​រូងភ្នំ​នោះបាន ព្រោះ​វា​ស្អាត​ល្អ ជាង​ទឹក​ហូរ​ធ្លាក់​ទៅទៀត​។ ដោយសារ​មិនទាន់មាន​ការអភិវឌ្ឍ ទើប​គ្មាន​អ្នក​ចាប់អារម្មណ៍​។​
​លោក ផេង ណា​ឡៃ បាន​និយាយថា គំនិត​កែច្នៃ​បង្កើត​តំបន់​វប្បធម៌ ក្នុង​ខេត្តស្ទឹងត្រែង ពិតជា​ប្រសើរ​ណាស់ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ នៅតាម​កន្លែង​និ​មួយៗ​។ ប៉ុន្តែ​មន្ទីរ​គ្មាន​ថវិកា​ទើប​តំបន់​ទាំងនោះ ដើរទៅ​មុខ​មិន​រួច​បាន ត្រឹម​អភិរក្ស​អ្វី​នៅ​សេសសល់​ពី​ដូនតា​តែប៉ុណ្ណោះ​៕​
ក្មេងប្រុស​ឈ្មោះ​វង្ស​សុខ​ជា​អាយុ​១៤​ឆ្នាំ​បាន​យល់សប្តិ​ឃើញ​លោកសង្ឃ​មក​ប្រាប់​ឱ្យចូល​ទៅក្នុង​រូងភ្នំ
ក្មេងប្រុស​ឈ្មោះ​វង្ស​សុខ​ជា​អាយុ​១៤​ឆ្នាំ​បាន​យល់សប្តិ​ឃើញ​លោកសង្ឃ​មក​ប្រាប់​ឱ្យចូល​ទៅក្នុង​រូងភ្នំ
រូងភ្នំ​ក្ងោកមាស​ដែលមាន​ព្រះ​ពុទ្ធរូប​៦៦​អង្គ​
​រូងភ្នំ​ក្ងោកមាស​ដែលមាន​ព្រះ​ពុទ្ធរូប​៦៦​អង្គ​

​រូងភ្នំ​ក្ងោកមាស​ដែលមាន​ព្រះ​ពុទ្ធរូប​៦៦​អង្គ

 

What Next?

Recent Articles

One Response to "ព្រះពុទ្ធរូប ៦៦ អង្គ ក្នុងរូងភ្នំក្ងោកមាស រកឃើញតាមសុបិន្ត ក្មេងប្រុសអាយុ ១៤ឆ្នាំ"

  1. smart says:

    ចុះអ្នកប្រគល់ជូនបានអ្វីជារង្វាន់លោកទឹកចិត្តអ្នកស្រលាញ់មរតកបុរាណខ្មែរនោះ?????????????

    សូមគិតពីពួកគាត់ផងបើមានចិត្តនោះ៕។។