គណបក្សសង្គ្រោះជាតិ បានអះអាងថា បក្សខ្លួនបានរក្សាជំហរប្រមូលផ្តុំសមាជិកគាំទ្រ និងដើរហែក្បួនធ្វើមហាបាតុកម្មអហិង្សាមួយ នៅទីក្រុងភ្នំពេញ ទាមទារកែទម្រង់ស្ថាប័នបោះឆ្នោត (គ.ជ.ប) តាមការគ្រោងទុក នៅព្រឹកថ្ងៃទី២៤ ខែមេសា។ សំណើដើរហែក្បួននេះ ត្រូវមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានព្រមានថា បើសិនជាគណបក្សសង្គ្រោះជាតិ នៅតែរឹងទទឹងដង្ហែក្បួនធ្វើបាតុកម្មនេះទៀត ក្រសួងមហាផ្ទៃ នឹងចាត់វិធានការតាមផ្លូវច្បាប់។
ដោយ ដែន អយុធ្យា
2013-04-23
RFA

សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន (ស្ដាំ)។ រូបភាពឯកសារ (RFA/Mom Sophon)
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាសន៍នៅថ្ងៃទី២៣ ខែមេសា ថា ក្បួនដង្ហែធ្វើបាតុកម្មនេះ នឹងមានមនុស្សប្រមាណ ៤ពាន់នាក់ចូលរួម។ លោកថា ជាកិច្ចចាប់ផ្ដើម អ្នកចូលរួមត្រូវជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៤ មេសា មុននឹងបន្តដើរហែក្បួនពីទីលានប្រជាធិបតេយ្យ ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកបន្តថា គណបក្សសង្គ្រោះជាតិ បានជូនដំណឹង និងជួបពិភាក្សាជាមួយមន្ត្រីសាលារាជធានីភ្នំពេញរួចហើយ ចំពោះការធ្វើមហាបាតុកម្មនេះ តែសាលាក្រុងបានសុំឲ្យលើកសំណើនេះទៅក្រសួងមហាផ្ទៃ តែក្រសួងមហាផ្ទៃ មិនអនុញ្ញាតឲ្យហែក្បួនទេ តែអនុញ្ញាតឲ្យធ្វើបាតុកម្មនៅក្នុងតែបរិវេណទីលានប្រជាធិបតេយ្យនៅក្បែរផ្សារចាស់តែប៉ុណ្ណោះ។
អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួន ស្រេង បានឲ្យដឹងក្នុងកំណត់ហេតុប្រជុំថា សំណើជួបជុំ ឬដើរហែក្បួនទៅស្ថាប័ន គ.ជ.ប របស់គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២៤ ខែមេសា ទាល់តែក្រសួងមហាផ្ទៃ ទើបមានសិទ្ធិសម្រេច។
លោក គួយ ប៊ុនរឿន ដែលជាអ្នកតំណាងរាស្ត្រផងនោះ បានបញ្ជាក់ពីគោលបំណងនៃមហាបាតុកម្មនោះ គឺដើម្បីទាមទារឲ្យ គ.ជ.ប ទទួលយកអនុសាសន៍របស់តំណាងពិសេសអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាល ជុំវិញកំណែទម្រង់បោះឆ្នោត៖ «សមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ហ្នឹង ត្រូវតែមានគោលជំហរអព្យាក្រិតពិតប្រាកដ។ ទី១ ត្រូវរៀបចំធានាអំពីសិទ្ធិជូនប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងឲ្យមានឈ្មោះ ហើយទទួលបានសិទ្ធិបោះឆ្នោត។ ទី៣ ធ្វើម៉េចត្រូវធានាឲ្យមានការនូវប្រព័ន្ធផ្សព្វផ្សាយក្នុងគោលដៅស្មើភាពគ្នាទៅលើវិទ្យុ និងទូរទស្សន៍របស់រដ្ឋ ចំពោះគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា។ ហើយដោយឡែកមួយទៀត យើងស្នើសុំឲ្យមានវត្តមានប្រធានគណបក្សប្រឆាំង ស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្នឹង ពិនិត្យឡើងវិញ ដើម្បីកែសម្រួលនីតិវិធីរបស់ខ្លួន»។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួងមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ដើរហែក្បួនតាមផ្លូវសាធារណៈទេ ព្រោះបារម្ភពីការកកស្ទះចរាចរណ៍ ប៉ុន្តែអនុញ្ញាតឲ្យជួបជុំនៅទីលានប្រជាធិបតេយ្យ៖ «ក្រសួងមហាផ្ទៃ បានឯកភាពតាមយោបល់របស់សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យធ្វើនៅទីលានប្រជាធិបតេយ្យ គឺអនុញ្ញាតឲ្យធ្វើចុះ ប៉ុន្តែមិនអនុញ្ញាតឲ្យដើរហែក្បួនទេ មូលហេតុគឺការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ វាជាសិទ្ធិសេរីភាពរបស់គាត់ក្នុងការបញ្ចេញមតិ»។
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ បានដាក់លិខិតជូនលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ស្ដីពីគម្រោងប្រមូលផ្តុំសមាជិកធ្វើមហាបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យ និងដង្ហែក្បួនទៅកាន់ទីស្ដីការ គ.ជ.ប ដោយសន្តិវិធី។
សេចក្តីជូនដំណឹងគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ការធ្វើមហាបាតុកម្ម គឺចង់ទាមទារឲ្យស្ថាប័ន គ.ជ.ប កែទម្រង់បោះឆ្នោតនាខែកក្កដា ឲ្យមានលក្ខណៈសេរី និងយុត្តិធម៌ ដែលអាចឲ្យគ្រប់គណបក្សនយោបាយទទួលយកបានទាំងអស់គ្នា។
គ.ជ.ប មិនបារម្ភពីការធ្វើបាតុកម្មរបស់បក្សសង្គ្រោះជាតិ
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា មានប្រសាសន៍នៅថ្ងៃទី២៣ មេសា ថា ការត្រៀមធ្វើបាតុកម្មតវ៉ារបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៤ មេសា ទាក់ទងការទាមទារឲ្យមានការកែទម្រង់ គ.ជ.ប នោះ មិនមានជាបញ្ហាអ្វីថ្មីឡើយ ពីព្រោះ គ.ជ.ប ធ្លាប់លើកយកបញ្ហាទាំងអស់នោះពិភាក្សាគ្នាជាមួយតំណាងគណបក្សនយោបាយ និងសង្គមស៊ីវិលរួចអស់ទៅហើយ។
លោក ទេព នីថា៖ «ជារឿងធម្មតាទេ ទី១ ដោយសារថាគណបក្សនេះទើបនឹងបង្កើតថ្មី អ៊ីចឹងទេ ប្រហែលជាគាត់ចង់ឲ្យគេស្គាល់គាត់។ ហើយទី២ អនុសាសន៍នេះគាត់លើកមក គ.ជ.ប មិនមែនជារឿងថ្មីទេ ព្រោះថាអនុសាសន៍ទាំងអស់ហ្នឹងត្រូវបានយកមកជជែកគ្នាម្ដងហើយ តាំងពីរង្វង់ខែមករា រវាង គ.ជ.ប ជាមួយគណបក្សនយោបាយទាំងអស់ហ្នឹង និងជាមួយអង្គការមួយចំនួនទៀត ដែលបានផ្ដល់អនុសាសន៍សម្រាប់ការធ្វើនីតិវិធីសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ នេះ ហើយ គ.ជ.ប បានបញ្ជាក់ច្បាស់ណាស់ ចំណុចណាដែលអាចទទួលយកបាន ហើយចំណុចណាដែលមិនអាចទទួលយកបានដោយមូលហេតុអី ចំណុចណាត្រូវកែលំអរបៀបម៉េច»។
លោក ទេព នីថា បញ្ជាក់ថា ការធ្វើបាតុកម្មជាសិទ្ធិរបស់គណបក្សនយោបាយ ហើយ គ.ជ.ប ក៏ធ្វើអ្វីទៅតាមច្បាប់កំណត់ និងអនុញ្ញាតឲ្យធ្វើដែរ។
មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន ដែលជាអ្នកតំណាងរាស្ត្រផងនោះ បានបញ្ជាក់ពីគោលបំណងនៃមហាបាតុកម្មនោះ គឺដើម្បីទាមទារឲ្យ គ.ជ.ប ទទួលយកអនុសាសន៍របស់តំណាងពិសេសអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាល ជុំវិញកំណែទម្រង់បោះឆ្នោត ដូចជា សមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ហ្នឹង ត្រូវតែមានគោលជំហរអព្យាក្រឹតពិតប្រាកដ ត្រូវរៀបចំធានាអំពីសិទ្ធិជូនប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងឲ្យមានឈ្មោះ ហើយទទួលបានសិទ្ធិបោះឆ្នោត ធ្វើម៉េចត្រូវធានាឲ្យមាននូវប្រព័ន្ធផ្សព្វផ្សាយក្នុងគោលដៅស្មើភាពគ្នាទៅលើវិទ្យុ និងទូរទស្សន៍របស់រដ្ឋ ចំពោះគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា។ ហើយដោយឡែកមួយទៀត ស្នើសុំឲ្យមានវត្តមានប្រធានគណបក្សប្រឆាំង និងស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្នឹង ពិនិត្យឡើងវិញ ដើម្បីកែសម្រួលនីតិវិធីរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
មន្រ្តីរដ្ឋាភិបាលតែងតែអោយអក្នគ្មានអំណាចអោយគោរពច្បាប់ តែពួកអស់លោកទាំងអស់នឹងមិន
ដែលគោរពច្បាប់ម្តងណាទេ
ការធ្វើបាតុកម្មនេះ គោល បំណង ធំនោះ គឺ មិនមេន ដូចនៅ ក្នុង គោលបំណង នៃការស្នើសុំទេ គឺ ដើម្បី ផ្សាយដំណឹង និង អោយ គេស្គាល់ គណៈបក្ស ថ្មី អោយបាន ច្រើន ជាងនេះទៀត ព្រោះ គណៈបក្ស ទើបតែ បង្កើត មានរយៈពេលខ្លីពេក ។ ចំពោះ ការកែទំរង់ គ.ជ.ប គ្រប់ បែបយ៉ាង គេបានធ្វើរួច ជាមួយ គ្រប់គណៈបក្ស និង អង្កការ មួយចំនួន ហើយ ។ ចំពោះ ប្រសាសរបស់ តំណាង អង្កការសហប្រជាជាតិ នោះ គ្រាន់ ជា លេសមួយ តែប៉ុណ្ណៈ ។ បរទេស កុំជឿទាំងស្រុង ពេក ជួនកាល ល្អ ជួនកាល ញុះញុង អោយ យើង ឈ្លោះគ្នា ដើម្បី ចំណេញ ដល់ប្រជាជនគេ ក៏ថាបាន ដូច្នេះ ប្រការសំខាន់នោះ គឺ ស្ថិតនៅលើ ចេះ រួបរួមសាមគីគ្នា ។ រឿង នយោបាយ ជា រឿយ របស់ គេប្រជេងគ្នា ដើម្បី អំណាច ។ ការប្រកួតប្រជេង នយោបាយ ដើម្បី អំណាច គេ មិនខ្លាចខាត កំលាំង មិនស្តាយ ជីវិត គេធ្វើសើច យុំ ក្បត់គ្នាឯង បោក កូនចៅឯង នឹង ហ៊ាន លះបង់ គ្រប់បែបគ្រប់យ៉ាង អោយតែ ទទួលបានជោគជ័យ បន្ទាប់មក គេ ត្រូវគ្នា គេ សប្បាយជាមួយគ្នា តែ អ្នកដែល ទទួល រងនូវ បញ្ហា ទទួលនូវ លំបាក មើល មុខគ្នា មិនត្រង់ និង បាត់បង់ ជីវិត បាត់ បង់ ទ្រព្វសម្បត្តិ គឺ អ្នក ឈ្នាន់នយោបាយ អ្នក បំរើបយោបាយ ។ អ្នកនយោបាយ គឺ មិនដែល ពិបាក និង ស្លាប់ទេ ដូច្នេះ បង ប្អូន គួគឹត និង ពិចារណា មុន ធ្វើអ្វីមួយ ត្រូវ គឹត វេងឆ្ងាយ កំសំរេចចិត្ត ឆាប់ពេក ត្រូវ ចេះគឹត អំពី លទ្ធផល ទៅថ្ងៃខាង មុខ ។
ពាក្យថាព្រមាន និងបង្រ្កាប មាន អ្វីដែលខុសគ្នាទៅ ? យកល្អប្រើពាក្យបង្រ្កាប ហើយ អនុវត្តន៏តែម្តងទៅនៅក្នុងថ្ងៃនេះ ។ ចាំមើលតើវានឹងមានស្ថានភាពបែបណាទៅ ។
ស្តាប់បងទេពនីថា និយាយដូចឆ្កែព្រូស សុំបាយគេស៊ីអញ្ចឹង។ តាមមើលទៅ សមាជិកគជប ទាំងអស់ដូចជាគ្មាន concept អព្យាក្រិតនៅក្នុងខួរក្បាលអីបន្តិចផង តើធ្វើជាអជ្ញាកណ្តាលយ៉ាងម៉េចទៅ?
ឳខ្មែរអើយខ្មែរ។
នេះគឺជាវិធីបាញ់ព្រួញមួយបានសត្វពីររបស់អាភ្នែកមួយហ៊ុនសែន។ ព្រួញមួយគឺសម្រាប់បាញ់ទៅ លោកសរខេង ដោយហេតុនេះហើយបានជាហ៊ុនសែនបញ្ជាទៅសាលាក្រុងទុកភារកិច្ចទប់ទល់ បាតុកម្មទៅលើលោកសរខេង ហើយបើលោកសរខេងហ៊ានតែប្រហេះតែបន្តិចហ៊ុនសែនងាយ និងយកលេស៍ដើម្បីកំចាត់លោកសរខេងដោយស្រួលព្រោះលោកសរខេងជាក្រុមលោកតាជាសីុម ប្រធានបក្សគ្មានអំណាចដែលជាសត្រូវរបស់ហ៊ុនសែន។ ព្រួញទីពីរគឺបាញ់មករកបក្សប្រឆាំង ដោយបង្កើតព្រឹត្តិការណ៍ធ្វើឲ្យច្របូកច្របល់ក្នុងជួរហ្វូងបាតុករហើយទំលាក់កំហុសទៅលើបក្ស ជំទាស់ដោយយកឡេះថាធ្វើបាតុកម្មខុសច្បាប់។