ភ្នំពេញៈ ដើមបណ្តឹងដែលប្តឹងលោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា ទារសំណង១០០ លានដុល្លារ គឺលោកស្រី ឈិន សុគន្ធារី ហៅយាយ ក្រពើ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឡាយីម៉ិច ហូលឌីងគ្រុបនោះកាលពីម្សិលមិញ បានទទួលលិខិតជូនដំណឹងពីអយ្យការអមសាលាដំបូងរាជធានីជម្រាបថា ពាក្យបណ្តឹងប្តឹងចោទលោកអភិបាលពីការប្រើអំណាចដោយរំលោភ ដកហូតយកដីរបស់គាត់ស្របច្បាប់ចំនួនជាង៣៤ហិកតា នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពីឆ្នាំមុន ចុះថ្ងៃ១៨ មីនា ឆ្នាំ២០១៣ នោះបានសម្រេចតម្កល់មិនចាត់ការទេ តាមដីកាចុះថ្ងៃទី៩ ខែមេសា។
Tuesday, 23 April 2013
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍
កូនស្រីអ្នកស្រី ឈិន សុគន្ធារី ឈ្មោះ លឹម រតនៈ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា នាងបានទទួលលិខិតជូនដំណឹងរបស់លោកព្រះរាជអាជ្ញារងមាស ច័ន្ទពិសិដ្ឋ ពីប៉ូលិសពីម្សិលមិញនេះ ខណៈលិខិតនេះចុះហត្ថលេខាតាំងតែងពីថ្ងៃ ៩ ខែមេសា មកម្ល៉េះ។
លិខិតជូនដំណឹងថតចម្លងដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបាន លេខ ២៣៥ ចុះថ្ងៃ៩ ខែមេសា ចុះហត្ថលេខាដោយ លោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ បានជម្រាបមកលោកស្រី ឈិន សុគន្ធារី ថា៖ «ពាក្យបណ្តឹងចុះថ្ងៃទី ១៨ មីនា ឆ្នាំ២០១៣ ដែលប្តឹងលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងគូកនពីបទប្រើអំណាចដោយរំលោភដកហូតយកដីចំនួន ៣៤២.២៣៦,៨៩ ម២ ស្ថិតនៅក្នុងសង្កាត់ ភ្នំពេញថ្មី រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ សីហា ឆ្នាំ ២០១៣ នោះ យើងបានសម្រេចតម្កល់ទុកឥតចាត់ការ តាមដីកាសម្រេចលេខ ៣៣៦ អយឆ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៣រួចហើយ»។
លោក សុក សំអឿន មេធាវីការពារលោកស្រី ឈិន សុគន្ធារី បានឲ្យដឹងថា កូនក្តីរបស់លោកបានដាក់ពាក្យប្តឹងលោកកែប ជុតិមា ជាផ្លូវការទៅតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣។ ឥឡូវនេះ បណ្តឹងនោះស្ថិតនៅក្នុងដៃតុលាការនៅឡើយ។
លោក សុក សំអឿន មានប្រសាសន៍ថា៖«ខ្ញុំបានដាក់សារណាការពារកូនក្តីខ្ញុំ ជូនទៅអយ្យការតុលាការរាជធានីភ្នំពេញ រួចហើយកាលពីថ្ងៃទី៥ ខែមេសាមុននេះ។ ឥឡូវខ្ញុំកំពុងតែរង់ចាំមើលចំណាត់ពីតុលាការ»។
លោកបានបញ្ជាក់ដែរថា លិខិតជម្រាបពីការតម្កល់ពាក្យបណ្តឹងមិនចាត់ការលោកទើបតែទទួល បាននៅព្រលប់ៗម្សិលមិញនេះដែរទេ។
លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញមិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេ កាលពីថ្ងៃចន្ទ ដោយមិនលើកទូរស័ព្ទនៅពេលទូរស័ព្ទចូលជាច្រើនដង។
ក៏ប៉ុន្តែ ទោះជាយ៉ាងណាលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីបានប្រាប់ភ្នំពេញ ប៉ុស្តិ៍តាមទូរស័ព្ទពីម្សិលមិញថា៖«សំណុំរឿងរបស់លោកកែប ជុតិមា គឺស្ថិតនៅលើដៃរបស់ខ្ញុំ។ ខ្ញុំបានចេញដីកាកោះហៅគាត់ឲ្យចូលមកឆ្លើយបំភ្លឺនៅ យ្យការតុលាការហើយ កាលពីមុនពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅនេះ។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះគាត់មិនទាន់ចូលមកឆ្លើយបំភ្លឺនៅឡើយ»។
លោក មាស ច័ន្ទពិសិដ្ឋ បានបន្ថែមថា៖ «ឥឡូវនេះ ខ្ញុំកំពុងតែធ្វើការស៊ើបអង្កេតករណីនេះ និងរង់ចាំគាត់ចូលខ្លួនមកឆ្លើយបំភ្លឺនៅអយ្យការតុលាការ តាមដីកាកោះ»។ ប៉ុន្តែលោកព្រះរាជអាជ្ញារង មិនបញ្ជាក់ពីកាលបរិច្ឆេទនៃដីកាកោះហៅលោក កែប ជុតិមា ឲ្យចូលបំភ្លឺនោះជាក់លាក់ទេ។
យោងតាមពាក្យបណ្តឹងថតចម្លងដែលទទួលបាន លោកស្រី ឈិន សុគន្ធារី ជាដើមបណ្តឹងបានលើកឡើងថា៖«ទោះជាបានដឹងច្បាស់ថា ដីខាងលើ(ជាង៣៤ហិកតា)នេះ នាងខ្ញុំបានកាន់កាប់ដោយស្របច្បាប់ក៏ដោយ ក៏លោក កែប ជុតិមា និងគូកននៅតែបំពានរំលោភដោយគ្មានក្រែងរអែងច្បាប់បន្តិចឡើយ ពួកគាត់ថែមទាំងបានធ្វើរបាយការណ៍ភូតកុហកសមេ្តចនាយករដ្ឋមន្រ្តីថា នាងខ្ញុំរំលោភកាន់កាប់ដីសាធារណៈរបស់រដ្ឋទៅវិញ»។
លោកស្រីបន្តថា៖ «អាស្រ័យហេតុនេះនាងខ្ញុំសូមប្តឹងលោក កែប ជុតិមា និងគូកនពីការប្រើអំណាចដោយរំលោភ ការក្លែងបន្លំ ការកសាងប័ណ្ណដោយបំពាននិងការធ្វើរបាយការណ៍ភូតកុហក សមេ្តចនាយករដ្ឋមន្រ្តីដើម្បីរឹបអូសយកដីនាងខ្ញុំស្របច្បាប់ ចំនួនជាង ៣៤ហិកតា។ នាងខ្ញុំសូមសំណូមពរឲ្យសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសលោក កែប ជុតិមា និងគូកនតាមច្បាប់។សុំឲ្យរដ្ឋប្រគល់ដីខាងលើមកនាងខ្ញុំវិញនិង បង្ខំឲ្យលោក កែប ជុតិមា និងគូកនសងជំងឺចិត្តមកនាងខ្ញុំ ចំនួន១០០លានដុល្លារអាមេរិក»។ ជាមួយនឹងពាក្យបណ្តឹងនេះលោកស្រី ឈិន សុគន្ធារី ក៏អំពាវនាវដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំជួយផ្តល់យុត្តិធម៌ និងផ្តល់ដីដែលកាត់ចូលក្នុងអនុក្រឹត្យ និងជាសម្បត្តិរដ្ឋកាលពីឆ្នាំ២០១២ ឲ្យមកគ្រួសារគាត់វិញ។
សូមបញ្ញាក់ថា លោកស្រីឈិនសុគន្ធារីអាយុ៥៨ឆ្នាំត្រូវសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកំបាំងមុខ ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ៦ខែពីបទ«ធ្វើឲ្យប៉ះពាល់លើកម្មសិទ្ធិសាធារណៈ» នៅលើដីដែលគាត់បានកាន់កាប់ខាងលើព្រមទាំងបានចេញដីកាចាប់ខ្លួនគាត់ទៀតផង កាលពីខែ ធ្នូ ឆ្នាំ ២០១២៕

តើតុលាការខ្មែរស្ថិតក្រោមសម្ពាធលុយនិងចុងកាណុងដូចរបាយការណ៍របស់ក្រសួងការបរទេស អាមេរិកមែនទែ???