សាលា​ក្ដី​ខ្មែរ​ក្រហម​ទទួល​មេធាវី​ជាង​២០​នាក់​ក្នុង​សំណុំ​រឿង​០០៣​និង​០០៤

សំណុំ​រឿង​លេខ​០០៣ និង​០០៤ បាន​ជាប់​គាំង​ជា​យូរ​មក​ហើយ​នៅ​ក្នុង​នីតិវិធី​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម ដោយសារ​តែ​សហ​ចៅក្រម​ជាតិ និង​អន្តរជាតិ មិន​ត្រូវរ៉ូវ​គ្នា ពីព្រោះ​សហ​ចៅក្រម​ជាតិ​បាន​ខ្វែង​គំនិត​គ្នា​ទៅ​លើ​សំណុំ​រឿង​ដ៏​ចម្រូងចម្រាស​នេះ រហូត​ដល់​សហ​ចៅក្រម​អន្តរជាតិ​បាន​លា​លែង​ពី​តួនាទី​ជា​បន្តបន្ទាប់​កន្លង​មក។

 

ដោយ ទីន ហ្សាការីយ៉ា
2013-04-23
RFA


ស្តាប់សំឡេង ថតសំឡេង

សាលាក្ដី​ខ្មែរ​ក្រហម​បើក​សវនាការ​ដើម្បី​ពិនិត្យ​កាយ​សម្បទា និង​ស្មារតី​របស់​ជន​ជាប់ចោទ​ពីរ​រូប​នៅ​ក្នុង​សំណុំ​រឿង​ ០០២ គឺ​លោក នួន ជា និង​អ្នក​ស្រី អៀង ធីរិទ្ធ កាល​ពី​ថ្ងៃ​ទី​២៩ សីហា ឆ្នាំ​២០១១។ Photo courtesy of ECCC

 

ប៉ុន្តែ នៅ​ពេល​នេះ សំណុំ​រឿង​លេខ​០០៣ និង​០០៤ នេះ ត្រូវ​បាន​សហ​ចៅក្រម​អន្តរជាតិ​ដែល​មក​ជំនួស​លោក ឡូរ៉ង់ កាសប៉ឺ-អានសឺម៉េត (Laurant Kasper Ansermet) ដែល​បាន​លា​លែង​កាល​ពី​ឆ្នាំ​២០១២ នោះ នៅ​ពេល​នេះ​លោក​បើក​ឱកាស​ឲ្យ​មេធាវី​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី បើក​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​ទាំង​ពីរ​នេះ​ទៀត។

មន្ត្រី​នាំ​ពាក្យ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៣ មេសា ថា សហ​ចៅក្រម​អន្តរជាតិ​បាន​ទទួល​ស្គាល់​មេធាវី​ការពារ​ក្ដី​នៅ​ក្នុង​សំណុំ​រឿង​០០៣ និង​០០៤ ជាង ៤០​នាក់ ប៉ុន្តែ​សហ​ចៅក្រម​ជាតិ​បាន​ជំទាស់​ចំពោះ​ការ​សម្រេច​នេះ។

លោក នេត្រ ភក្ដ្រា ជា​អ្នក​នាំ​ពាក្យ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម។ លោក​មាន​ប្រសាសន៍​ថា សហ​ចៅក្រម​អន្តរជាតិ លោក ម៉ាក ប្រាយអិន ហាម៉ុន (Mark Brian Harmon) បាន​ទទួល​ស្គាល់​មេធាវី​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​០០៣ ចំនួន ២០​នាក់ និង​មេធាវី​សម្រាប់​ការពារ​ក្ដី​ក្នុង​សំណុំ​រឿង​០០៤ ចំនួន ២៥​នាក់​ទៀត ប៉ុន្តែ​ការ​ទទួល​ស្គាល់​នេះ គឺ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​សហ​ចៅក្រម​អន្តរជាតិ លោក ម៉ាក ហាម៉ុន និង​សហ​ចៅក្រម​ជាតិ​លោក យូ ប៊ុនឡេង៖ «នីតិវិធី​នៃ​ការ​ខ្វែង​យោបល់​គ្នា​នេះ ជា​រឿង​ធម្មតា​ទេ​របស់​តុលាការ ហើយ​យើង​មាន​វិធី​សម្រាប់​ដោះស្រាយ​តាម​ច្បាប់​របស់​តុលាការ​ហើយ»

នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ នៅ​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ បាន​ទទួល​ស្គាល់​មេធាវី​ការពារ​ក្ដី​សំណុំ​រឿង​០០៣ ចំនួន ២០​នាក់។ ដោយ​ឡែក សេចក្ដី​សម្រេច​របស់​សហ​ចៅក្រម​អន្តរជាតិ​ដដែល ដែល​ចុះ​ថ្ងៃ​ទី១ មេសា ឆ្នាំ​២០១៣ ទទួល​ស្គាល់​មេធាវី​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​០០៤ ចំនួន ២៥​នាក់។ សេចក្ដី​សម្រេច​ទាំង​ពីរ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍ ទី២០ មេសា។

នៅ​ក្នុង​សេចក្ដី​សម្រេច​នោះ សហ​ចៅក្រម​អន្តរជាតិ លោក ម៉ាក ហាម៉ុន មាន​ប្រសាសន៍​ថា លោក​ផ្ដល់​នីតិសម្បទា និង​ទទួល​ស្គាល់​មេធាវី​ទាំង​នេះ​ក្នុង​គោល​បំណង​សម្រាប់​ធ្វើ​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​០០៣ និង​០០៤។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​កម្មវិធី​តុលាការ​ខ្មែរ​ក្រហម​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ឡាត់ គី បាន​ពន្យល់​ថា ទោះ​បី​ជា​សហ​ចៅក្រម​អន្តរជាតិ​បាន​ខំ​ប្រឹងប្រែង​ដើម្បី​ខំ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​យ៉ាង​ណា​ក៏ដោយ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​ខំ​ប្រឹង​ប្រែង​នេះ មិន​អាច​វិវឌ្ឍន៍​ទៅ​មុខ​ទេ សំណុំ​រឿង​លេខ​០០៣ និង​០០៤ នេះ បញ្ហា​សំខាន់​ស្ថិត​នៅ​លើ​ឯករាជ្យ​ភាព​របស់​តុលាការ៖ «បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​អំពី​កម្រិត​ឯករាជ្យ​ភាព​របស់​តុលាការ​អីចឹង​ទាំងអស់​នេះ ពិបាក​មែន​ទែន អីចឹង​ធ្វើ​ឲ្យ​សាលា​ក្ដី​ខ្មែរ​ក្រហម​មាន​ឧបសគ្គ​ជាច្រើន»

សំណុំ​រឿង​០០៣ និង​០០៤ រដ្ឋាភិបាល​ធ្លាប់​បាន​ប្រកាស​ថា រដ្ឋាភិបាល​មិន​ចង់​ឲ្យ​តុលាការ​ដំណើរ​ការ​នីតិវិធី​នេះ​ទេ។ បញ្ហា​នេះ​ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចោទ​ប្រកាន់​ថា សាលា​ក្ដី​ខ្មែរ​ក្រហម​មិន​ឯករាជ្យ​នោះ។

ការ​ខ្វែង​គំនិត​គ្នា​អំពី​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​០០៣ និង​០០៤ នេះ មិន​មែន​ជា​លើក​ទី១ នោះ​ទេ កន្លង​មក​សហ​ចៅក្រម​ជាតិ និង​សហ​ចៅក្រម​អន្តរជាតិ តែង​ខ្វែង​គំនិត​គ្នា​អំពី​សំណុំ​រឿង​ដ៏​ចម្រូងចម្រាស​នេះ​រហូត​ដល់​សហ​ចៅក្រម​អន្តរជាតិ​បាន​លា​លែង​ពី​តួនាទី​ជា​បន្តបន្ទាប់ រួម​មាន លោក ស៊ីក ហ្វ្រ៊ីដ ប្លាំង (Siegfried Blunk) និង​លោក ឡូរ៉ង់ កាសប៉ឺ-អានសឺម៉េត បាន​លា​លែង​កាល​ពី​ឆ្នាំ​២០១២។

ទាក់ទង​នឹង​បញ្ហា​នេះ សាធារណជន​នឹង​រង់ចាំ​មើល​ទៀត​ថា ការ​ខ្វែង​គំនិត​គ្នា​រវាង​សហ​ចៅក្រម​ជាតិ លោក យូ ប៊ុនឡេង និង​សហ​ចៅក្រម​អន្តរជាតិ លោក ម៉ាក ហាម៉ុន នេះ តើ​លោក​នឹង​អាច​លា​ឈប់​ពី​ការងារ​ទៀត​ដោយសារ​តែ​ភាព​មិន​ចុះ​សម្រុង​នឹង​គ្នា​នេះ​ឬ​យ៉ាង​ណា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles

4 Responses to "សាលា​ក្ដី​ខ្មែរ​ក្រហម​ទទួល​មេធាវី​ជាង​២០​នាក់​ក្នុង​សំណុំ​រឿង​០០៣​និង​០០៤"

  1. BaBaBoo says:

    សាលាក្តីមួយនេះដូចបានដឹងហើយ វាគ្មានប្រយោជន៍អ្វីដល់ការផ្សះផ្សារជាតិ មានតែបំបែកបំបាក់ឆ្កឹះឆ្កៀលដំបៅចាស់

    ដែលសះស្បើយ ។ រួចចេតនាសហចៅក្រមជាតិ ហាក់ដូចជាត្រួតលើសហចៅក្រអន្តជាតិពេញទីជាបញ្ហាមួយ ទំនងដូច

    ជាចេតនា របស់រដ្ឋាភិបាលកំពុងក្តាប់ជាប់ព្រឹត្តការណ៍ផ្ទៃក្នុងនៃសាលាការនេះ ។

  2. ក្មេងវត្ត says:

    គ្មានបានការអីសោះ បង្ហិនតែពេលវេលានិងលុយ,រហូតទល់ពេលនេះអស់លុយជាងកន្លះពាន់លានដុល្លាទៅហើយ,នេះជាចេតនានយោបាយរបស់រដ្ឋាភិបាលខ្មែរនិងចៅហ្វាយយួន
    ដែលចង់ឲ្យមានការកាត់ក្ដីអតីតមេខ្មែរក្រហមក្នុងស្រុក,ព្រោះបើកាត់នៅក្រៅស្រុកទីក្រុងឡាអេ,រដ្ឋា
    ភិបាលខ្មែរមិនអាចលូកដៃក្នុងការកាត់ក្ដីបានជាដាច់ខាត។

  3. ស្មូមយាយចក says:

    បាត់មុខលោកក្មេងវត្តយូរ

  4. says:

    ក្រោយ​ឆ្នាំ​១៩៧៩ ប្រជាពលរដ្ឍច្រើនគ្រួសារ​ត្រូវបាន​គេ​នាំ​ផ្លូវ​ចូលមក​រាជធានី​ភ្នំពេញ ហើយ​

    ពេលនោះ គ្រប់ៗ​គ្នា​បាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​បានឃើញ​មេដឹកនាំ​ថ្ងៃ​១៧ មេសា និង​ក្រុម​

    អ្នក​សង្គ្រោះ​ថ្ងៃ​៧ មករា សុទ្ធតែជា​ក្រុមខ្មែរក្រហម​ដូចគ្នា​ មុខ​ដដែលៗ​។ នៅ​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​

    តាមបែប​សាសនា​មួយ នៅ​មណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​

    ២០១៣​កន្លងទៅនេះ ​លោក​ សម រង្ស៊ី បានលើកឡើង​អំពី​បញ្ហា​ចម្រូងចម្រាស​ដែល​កើតមាន​

    ក្នុង​សាលាក្តី​ខ្មែរក្រហម ដែល​មិនអាច​ផ្តល់​ភាពយុត្តិធម៌​ពិតប្រាកដ​ជូន​សមាជិកគ្រួសារ​ជនរង​គ្រោះ​

    ដោយ​របប​វាលពិឃាត ហើយ​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត ចាប់ពី​ចុងឆ្នាំ​២០១៣​នេះ​

    តទៅ នាយករដ្ឋមន្ត្រី​ថ្មី នឹង​ព្យាយាម​រៀបចំ​ប្រព័ន្ធតុលាការ​ឲ្យ​មាន​ភាព​ឯករាជ្យ​ ​ដើម្បី​នាំយក​

    ឧក្រិដ្ឋជន​ដែលមាន​បាតដៃ​ប្រឡាក់​ឈាម​ខ្មែរ​ស្លូតត្រង់​ទៅ​ផ្តន្ទាទោស​តាមច្បាប់​។​

    ​ដោយសារតែ​ការលើកឡើង​របស់លោក សម រង្ស៊ី អំពី​ការនាំយក​ឧក្រិដ្ឋជន​ទៅ​ជំនុំជម្រះ​

    ទោស និង​បញ្ឈប់​ការជ្រៀតជ្រែក​ឥទ្ធិពល​នយោបាយ​ទៅលើ​សាលាក្តី​ខ្មែរក្រហម​បានធ្វើ​ឲ្យ​

    ឥស្សរជន​បក្សកាន់អំណាច​ភាគច្រើន​បាន​ភ័យ​ស្លន់ស្លោ អំពី​ជោគវាសនា​ចុងក្រោយ​ដែល​អាច​

    នឹងត្រូវ​នាំខ្លួន​ទៅ​ប្រឈម​ចំពោះ ការជំនុំជម្រះ​ទោស​នៅក្នុង​តុលាការ​ឯករាជ្យ​។ លោកនាយក​

    រដ្ឋមន្ត្រី ក៏បាន​ប្រតិកម្ម​ចំពោះ​ផែនការ​របស់លោក សម រង្ស៊ី ដែល​បាន​ថ្លែង​នៅ​បឹង​ជើង​ឯក ដោយ​

    ព្រលយ​ឲ្យ​ដឹងថា គ្មាន​អាណាម្នាក់​សុខចិត្ត​នៅ​ស្ងៀម​ឲ្យ​គេ​មក​នាំខ្លួន​ទេ​វ៉ើ​យ​..!! ហើយ​បើ​ចាញ់ឆ្នោត

    នឹង​កើតមាន​សង្គ្រាម​។ ប្រតិកម្ម​របស់លោកនាយរដ្ឋមន្រ្តី បែបនេះ​ធ្វើ​ឲ្យ​សាធារណមតិ​ជាតិ និង​

    អន្តរជាតិ​មើលឃើញ​កាន់តែច្បាស់​ថា ការរារាំង​មិន​ឲ្យ​សាលាក្តី​ខ្មែរក្រហម​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​

    បាន​ត្រឹមត្រូវ​និង​ពេញលេញ​ គឺជា​ចេតនា​យ៉ាង​អាក្រក់​បំផុត​របស់​ក្រុម​អ្នកកាន់អំណាច​ដែល​ប៉ុនប៉ង​

    បិទបាំង​និង​រារាំង​មិន​ឲ្យ​មានការ​នាំខ្លួន​ឥស្សរជន​មួយចំនួន​ដែល​កំពុងកាន់​អំណាច​ទៅ​ជំនុំជម្រះ​

    ទោស​ក្នុង​សាលាក្តី​ខ្មែរក្រហម ​ពីបទ​ឧក្រិដ្ឋកម្ម​ជាច្រើន​ករណី​។​