Wednesday, 24 April 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

ពិធីការិនី ច័ន្ទ សុផានី និងកូនស្រី ដែលជាចំណងដៃស្នេហ៍ជាមួយតារាចម្រៀងហង្សមាស សូណូ។ រូបថត សហការី
ភ្នំពេញៈ អតីតពិធីការិនីចាស់វស្សាសម្តីទន់ដែលបាត់បង់ទ្រនំនិងអវត្តមានពីសង្វៀនសិល្បៈក្រោយបាត់បង់ឱកាសជាអ្នកផលិតកម្មវិធីទូរទស្សន៍អាស៊ីអាគ្នេយ៍ អ្នកនាង ច័ន្ទ សុផានីពេលនេះផ្តើមមានទឹកមាត់លេបវិញហើយ ខណៈទ្រនំ CTN ផ្តល់ឱកាសឲ្យនាងសាងប្រជាប្រិយភាព។
ជិត៥ឆ្នាំហើយ ដែលមេម៉ាយកូនមួយ នាងច័ន្ទ សុផានី ស្វែងរកទ្រនំឈរក្នុងអាជីពជាអ្នកអត្ថាធិប្បាយតែងតែឃ្វាងរហូតចាប់តាំងពីនាងចុះចេញពីទ្រនំបាយ័នមកគេងចាំតំណែងជាអ្នកផលិតកម្មវិធីនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ ប៉ុន្តែមិនទទួលបានសមបំណង។ បន្តបន្ទាប់ក៏តែងលេចឮដំណឹងថានាងត្រៀមវេចសម្ពាយឡើងទទួលតំណែងជាពិធីការិនីក្នុងកម្មវិធីនេះកម្មវិធីនោះ ទូរទស្សន៍នេះទូរទស្សន៍នោះតែមិនឃើញឡើយបើសូម្បីតែវត្តមាននាងក្នុងកម្មវិធីជួបជុំសិល្បៈនោះពុំដែលឃើញដែរ ក្រៅពីលេចធ្លាយរឿងអាស្រូវស្នេហ៍ដ៏កម្សត់។
ទើបតែថ្ងៃសៅរ៍ ទី២០ មេសា ក្រោយពីបញ្ចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបាន៣ថ្ងៃនោះក៏ស្រាប់តែលេចវត្តមាននាងក្នុងកញ្ចក់ទូរទស្សន៍ CTN ក្នុងតំណែងជាពិធីការិនីជាមួយដៃគូពិធីករល្បីឈ្មោះលោក អ៊ិត សេដ្ឋា ក្នុងកម្មវិធី មន្តស្នេហ៍សំនៀង ជំនួសនាង យុគ ចិន្តា។
ការបង្ហាញមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីផ្សាយផ្ទាល់មន្តស្នេហ៍សំនៀងរបស់អ្នកមេម៉ាយកូនមួយ នាង ច័ន្ទ សុផានី ក្រោយពីបាត់ស្រមោលពីឆាកខនសឺតដល់ថ្នាក់មហាជនស្ទើរភ្លេចមុខហើយនោះ ភ្ញាក់ផ្អើលមិនមែនត្រឹមតែទស្សនិកជននោះទេ បើសូម្បីតែក្រុមតារាសិល្បៈដូចគ្នានោះក៏មានភាពភ្ញាក់ផ្អើលមិនតិចដែរ។
ប៉ុន្តែយ៉ាងណាក៏មានអ្នកនៅចំណាំមុខនាងជាច្រើនផងដែរ ហើយពួកគេបានលើកឡើងថា អីយ៉ា! អ្នកមេម៉ាយកូនមួយ នាងច័ន្ទ សុផានី ក្រោយពីផ្តាច់ចំណងស្នេហ៍ហេងស៊យនំធំជាងនាឡិពីលោកសូណូ ពេលនេះបានចេញមុខស្រង់ដើម ស្តារកេរ្តិ៍ឈ្មោះវិញហើយតើ! អ្នកទស្សនាបន្តថា កន្លែងដែលអ្នកមេម៉ាយនេះវិលមកសាងកេរ្តិ៍ឈ្មោះនេះប៉ះចំកន្លែងប៉ុស្តិ៍ទូរទស្សន៍ខ្លាំងទៀត! មិនតែប៉ុណ្ណោះថែមទាំងដណ្តើមតំណែងពិធីការិនីជើងខ្លាំង អ្នកនាង យុគ ចិន្តា ទៀតផង។
យ៉ាងណាមិញ កាលដែលស្ងាត់ៗស្រាប់តែពិធីការិនីកប់ជើងជាច្រើនឆ្នាំបែរជាទទួលបានកៅអីពិធីការិនី ជាស្តេចត្រាញ់ នៅ CTN នេះត្រូវបានមហាជនម៉ៃថានាងមានខ្នងធំហើយមើលទៅទើបទទួលបានតំណែងធំយ៉ាងនេះ។ ពួកអ្នកនិយមតាមដានកម្មវិធីមន្តស្នេហ៍សំនៀងនោះបាននិយាយតៗគ្នាគ្រប់ៗមាត់ថាប្រហែលជានាង ច័ន្ទ សុផានី មានខ្សែ ឬទុយោណាក្រាស់ក្រែលហើយបានជានាងអាចលេចមុខភ្លែតចេញក្នុងកម្មវិធីផ្សាយបន្តផ្ទាល់តែម្តងថែមទាំងរុញច្រានពិធីការិនីជើងចាស់ល្បីឈ្មោះ យុគ ចិន្តា ឲ្យខ្ទាតចេញ។
ជាមួយគ្នានោះក៏មានអ្នកខ្លះទៀតបង្ហើរសម្តីថា យុគ ចិន្តា អាចត្រូវគេផ្អាកមួយរយៈឬត្រូវដកចេញពីតំណែងឲ្យទៅកាន់កម្មវិធីផ្សេងឬក៏ឈប់រហូតក៏មិនដឹងហើយជំនួសដោយអ្នកនាង ច័ន្ទ សុផានី ទេដឹងបានជាស្ងាត់ៗបាត់មុខនាង។
យ៉ាងណាពាក្យម៉ៃរបស់មហាជនដែលគ្មានមូលដ្ឋានជាក់លាក់នេះ ក៏ត្រូវបានអ្នកគ្រប់គ្រងកម្មវិធីម្នាក់នៅ CTN និងជាអ្នកនិពន្ធរឿងកំប្លែងដ៏ល្បី លោក សុវណ្ណរិទ្ធី ប្រាប់ថា តំណែងនេះគ្មានដកហូតពីអ្នកណាឲ្យទៅអ្នកណាទេ។ អ្នកនាង យុគ ចិន្តា គាត់ជាប់មានភារកិច្ចផ្ទាល់ខ្លួន ទើបឲ្យពិធីការិនីថ្មីជំនួសហើយពេលដែលគាត់ចប់ភារៈគាត់គាត់នឹងមកទទួលតំណែងធម្មតា។
លោក សុវណ្ណ រិទ្ធី បានបន្តថា៖«អ្នកនាង យុគ ចិន្តា មិនមែនទើបតែបាត់មុខពីកម្មវិធីមន្តស្នេហ៍សំនៀងនេះនៅថ្ងៃសៅរ៍ទី២០នេះទេ គាត់បានបាត់មុខពីកម្មវិធីនេះច្រើនសប្តាហ៍ហើយ»។ លោក សុវណ្ណរិទ្ធី បានបញ្ជាក់ថា៖«ដោយសារតែអ្នកនាង ជាប់រវល់ទៅសហរដ្ឋអាមេរិករយៈពេល១ខែទើបអ្នកដឹកនាំកម្មវិធីជំនួសដោយពិធីការិនីល្បីឈ្មោះដែរ នោះគឺអ្នកនាង ច័ន្ទ សុផានី» ។
ចំណែកឯអ្នកនាង ច័ន្ទ សុផានី មុននឹងទទួលបានទ្រនំជ្រកនោះ នាងក៏បានលើកពីគុណសម្បតិ្តដល់លោក សុវណ្ណ រិទ្ធី ដែរ ដោយនាងនិយាយថា៖«ខ្ញុំអរគុណដល់លោក Victor ដែលជា អ្នកដឹកនាំកម្មវិធីនៅទូរទស្សន៍ CTN ដែលបានហៅខ្ញុំទៅធ្វើពិធីការិនីក្នុងកម្មវិធីតន្រ្តីផ្សាយបន្តផ្ទាល់នោះគឺរយៈពេលតែ១ខែទេ ដៃគូជាមួយលោក អ៊ិត សេដ្ឋា»។ នាងបន្តថាអ្នកនាង យុគ ចិន្តា គាត់ជាប់រវល់ទៅសហរដ្ឋអាមេរិក ទើបបានជាអ្នកគ្រប់គ្រងកម្មវិធីឲ្យខ្ញុំឡើងកាន់តំណែងអត្ថាធិប្បាយកម្មវិធីមន្តស្នេហ៍សំនៀងជាមួយលោក អ៊ិត សេដ្ឋាជំនួសគាត់»។
អ្នកមេម៉ាយចាយសម្រស់រូបនេះបញ្ជាក់ថា៖« បន្ទាប់ពីរយៈពេល១ខែនេះទៅ ខ្ញុំក៏មិនបាត់មុខពី CTN នេះដែរ គឺខ្ញុំនៅតែជាពិធីការិនីក្នុងទូរទស្សន៍នេះតែក្នុងកម្មវិធីផ្សេង១ទៀត»៕

Sophany, Congratulation for new job at CTN TV !!!
Be careful in that place have a lot of Fox not Dogs !!!
When U go to work who take care ur daughter???…
congrats, try your best to keep it.