រំលងទៅជាង ១ខែហើយ ដែលសាលាឧទ្ធរណ៍បានសម្រេចអោយសាលាដំបូងខេត្តស្វាយរៀង ជំនុំជម្រះសំណុំរឿងក្ដីអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត។ បន្ទាប់ពីបានទទួលរឿងក្ដីមកដំណើរការឡើងវិញ សាលាដំបូងខេត្តនេះបានជូនដំណឹងពីការកំណត់បើកការជំនុំជម្រះរឿងក្ដីនៅខែក្រោយ។
ដោយ សុ ជីវី
2013-04-25
RFA

អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង លោក ឈូក បណ្ឌិត ពេលចេញពីបន្ទប់សវនាការសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៣។ RFA/Sochivy
ក្រុមសហជីពកម្មករ និងអង្គការមិនមែនរដ្ឋាភិបាល គ្រោងនឹងចូលរួមឃ្លាំមើលដំណើរការជំនុំជម្រះរឿងក្ដីអតីតអភិបាលក្រុងបាវិត នៅសាលាដំបូងខេត្តស្វាយរៀង បន្ទាប់ពីតុលាការនេះបានកំណត់យកថ្ងៃទី២១ ខែឧសភា ជាថ្ងៃចាប់ផ្ដើមជំនុំជម្រះ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា តំណាងសហជីព និងអង្គការមិនមែនរដ្ឋាភិបាល នឹងចូលរួមតាមដានដោយរំពឹងទុកថា សាលាដំបូងខេត្តស្វាយរៀង នឹងកាត់ក្តីដោយត្រឹមត្រូវ យុត្តិធម៌។
ប្រធានសហជីពសេរីកម្មករ លោក ជា មុនី មានប្រសាសន៍ថា លោកនៅតែចង់ដឹងថា តើយុត្តិធម៌នឹងត្រូវផ្ដល់អោយកម្មកររោងចក្រកៅវ៉េ ដែរឬទេ នៅខណៈដែលសំណុំរឿងក្ដីមួយចំនួនទៀតទាក់ទិននឹងសហជីព ឬកម្មករកម្រនឹងទទួលបានយុត្តិធម៌។
ប្រធានតុលាការខេត្តស្វាយរៀង លោក ប៉ិច ឈឿត បានអោយដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ថា ចៅក្រមបានកំណត់កម្មវិធីជំនុំជម្រះរឿងក្ដីនេះ ដោយចាប់ផ្ដើមពីថ្ងៃទី២១ ខែឧសភា ប៉ុន្តែដំណើរការទៅយ៉ាងណា ឬត្រូវចំណាយរយៈពេលប៉ុន្មានថ្ងៃ គឺនៅមិនទាន់ដឹងច្បាស់នៅឡើយ។
កាលពីថ្ងៃទី៤ មីនា សាលាឧទ្ធរណ៍បានប្រកាសសាលដីកាអសាធារណៈ ចោទប្រកាន់លោក ឈូក បណ្ឌិត ជាអភិបាលក្រុងបាវិត ពីបទបង្ករបួសស្នាមដោយអចេតនាតាមក្រមព្រហ្មទណ្ឌមាត្រា២៣៦ ហើយបញ្ជូនសំណុំរឿងនេះ និងជនត្រូវចោទ ឈូក បណ្ឌិត ទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីជំនុំជម្រះតាមផ្លូវច្បាប់។
ការចោទប្រកាន់លោក ឈូក បណ្ឌិត ធ្វើឡើងនៅក្រោយហេតុការណ៍បាញ់កម្មការិនីរោងចក្រកៅវ៉េ ៣នាក់ អោយរបួសនៅក្នុងកូដកម្មមួយ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត។ ក្នុងហេតុការណ៍នោះ កម្មការិនី ប៊ុន ចិន្តា របួសខាងលើដោះឆ្វេងធ្លាយទៅខ្នង កម្មការិនី កែវ នា របួសខ្នង និងកម្មការិនី នុត សុខន របួសដៃ។
សហមេធាវីការពារក្ដីអោយកម្មការិនីទាំង ៣នាក់ គឺអ្នកស្រី សារី បុត្រចរិយា អោយដឹងថា បន្ទាប់ពីបានទទួលដំណឹងពីតុលាការសហមេធាវី ៣រូប បានត្រៀមរៀបចំឯកសារដើម្បីការពារក្ដីនេះ។
កម្មការិនីរងគ្រោះ ប៊ុន ចិន្តា បានសាទរចំពោះការកំណត់ពេលវេលាជំនុំជម្រះរបស់តុលាការ ប៉ុន្តែបានបង្ហាញភាពអស់សង្ឃឹមចំពោះពាក្យថា យុត្តិធម៌សម្រាប់ពួកគាត់ជាកម្មករក្រីក្រ។
ចៅក្រមសាលាដំបូងខេត្តស្វាយរៀង ធ្លាប់បានសម្រេចទម្លាក់បទចោទបង្ករបួសស្នាមដោយអចេតនា លើលោក ឈូក បណ្ឌិត ដែលបានចោទប្រកាន់ដោយព្រះរាជអាជ្ញាខេត្តនេះរួចម្ដងមកហើយ កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
It is 99% that the corrupted court under control of the corrupted government will work in favor of the rich and powerful…