កម្ពុជា​ត្រៀម​ប្រារព្ធ​ទិវា​សេរីភាព​​សារព័ត៌មាន​ស្តីពី​សុវត្ថិភាព​នៃ​ការ​បញ្ចេញ​មតិ​

នៅ​ថ្ងៃ​ទី​៣​ឧសភា ​ក្នុង​សប្តាហ៍​នេះ អ្នក​សារព័ត៌មាន​កម្ពុជានឹង​ជួប​ជុំ​គ្នា​ដើម្បី​ប្រារព្ធ​ទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក។ «សុវត្ថិភាព​នៃ​ការ​និយាយស្តី​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ» គឺ​ជា​ប្រធានបទ​នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំ​នេះ។ ទិវានេះ​នឹង​រៀបចំ​រួម​គ្នា​ដោយ​ការិយាល័យ​យូណេស្កូ​ភ្នំពេញ ការិយាល័យ​ឧត្តមស្នងការ​ទទួលបន្ទុក​សិទិ្ធមនុស្ស រួម​សហការ​ជាមួយ​មូលនិធិ Konrad Adenaur Stiftung​ប្រចំាប្រទេសកម្ពុជា វិទ្យាស្ថាន​សារគមនាគមន៍​កម្ពុជា ក្លឹប​អ្នកកាសែត​កម្ពុជា និង​ដេប៉ា​តឺ​ម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​​នៃ​​សាកលវិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ។

 

ថ្ងៃ ពុធ 01 ឧសភា 2013
ដោយ លាង ដឺលុច
RFI

អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ

អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ (RFI/Channa Siv)

សេចក្តីរាយការណ៍​របស់​ លាង ដឺលុច

(02:23)

ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ៣ឧសភា​ឆ្នាំនេះ អ្នកកាសែត​កម្ពុជា​នឹងពិភាក្សា​អំពី​សុវត្ថិភាព​ក្នុង​ការនិយាយ។ គឺជាការធានា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ នៅ​គ្រប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់។​
 
សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្លឹប​អ្នកាសែត​កម្ពុជា​ បាន​សរសេរ​ថា ការប្រារព្ធពិធីអបអរ​ទិវាសេរីភាព​សារព័ត៌មានឆ្នាំនេះ​មានគោលបំណង​ផ្តល់​​វេទិកាសន្ទនា​មួយ​ដល់​អ្នក​តំណាង​ប្រព័ន្ធ​ផ្សព្ធផ្សាយ និង​អង្គកា​រសង្គម​ស៊ីវិល ដើម្បី​ជជែក​វែកញែក​អំពី​ការប្រឈម និង​បញ្ហានានា​ជុំវិញ​សុវត្ថិភាព​​របស់​អ្នកសារព័ត៌មាន​នៅ​កម្ពុជា។ ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នឹង​ប្រព្រឹត្តិទៅ​ក្រោម​វត្តមាន​តំណាង​រាជរដ្ឋាភិបាល គឺ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក​ខៀវ កាញារីទ្ធ​ ដូច​រាល់​ឆ្នាំ​ដែរ។
 
យោង​តាម​កម្មវិធី​ជជែក​ពិភាក្សា​ អ្នក​សារព័ត៌មាន​នឹង​​​ដេញដោល​គ្នា​ថា ​តើ​មាន​គ្រោះថ្នាក់ និង​ការ​គំរាមកំហែង​អ្វីខ្លះ​ទេ ដែល​នាយក​កម្មវិធី និពន្ធ​នាយក អ្នក​កាសែត និង​មន្រ្តី​សិទ្ធមនុស្ស នៅកម្ពុជា​កំពុង​តែ​ប្រឈម? តើ​រាជរដ្ឋាភិបាល អង្គការ​អន្តរជាតិ សង្គម​ស៊ីវិល បណ្តាញ​សារព័ត៌មាន និង​វិស័យ​ឯកជន​នានា មាន​តួនាទី​អ្វីខ្លះ​ក្នុង​ការធានា​នូវ​សុវត្ថិភាព​ក្នុង​ការ​និយាយស្តី? បន្ទាប់​មក​ អ្នក​សារព័ត៌មាន អ្នក​ច្បាប់​ និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​ត្រូវ​ជជែក​ស្វែងរក​ដំណោះស្រាយ​ផ្លូវច្បាប់​ ដើម្បី​ធានា​សុវត្ថិភាព​អ្នក​សារព័ត៌មាន។
 
គួរ​រម្លឹក​ថា ថ្ងៃ​ទី​៣​ខែ​ឧសភា​ត្រូវបាន​ប្រកាស​ជា​សាធារណៈ ថា​ជា​ទិវា​សេរីភាព​សារព័ត៌មាន ដោយ​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ​១៩៩៣ ដោយ​ឆ្លងតាម​ការអនុម័ត​របស់​សន្និសីទ​អង្គការ​យូណេស្កូ​លើក​ទី​២៦ ឆ្នាំ​១៩៩១។ ថ្ងៃ​ទី​៣​ឧសភា ក៏​ជា​ថ្ងៃមួយ​សំរាប់​លើក​ទឹកចិត្ត​និង​លើកកម្ពស់​​ដល់​ការ​ផ្តួចផ្តើម​គំនិត​​បង្កើតថ្មី​ដើម្បី​គាំទ្រ​សេរីភាព​សារព័ត៌មាន ជា​ថ្ងៃ​វាយតំលៃ​ពី​ស្ថានភាព​នៃ​សេរីភាព​សារព័ត៌មាន​ទូទាំង​សកលលោក ហើយ​ក៍ជា​ថ្ងៃ​រំលឹក​រាជរដ្ឋាភិបាល​ឲ្យ​មាន​ការ​តាំងចិត្ត​គោរព​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ផង​ដែរ។
 
មន្ត្រី​រាជរដ្ឋាភិបាល​តែងតែ​អះអាង​ថា ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ល្អ​ជាង​ប្រទេស​ក្នុង​តំបន់​អាស៊ាន។ ប៉ុន្តែ​ ចុងក្រោយ​នេះ របាយការណ៍​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែនបាន​បង្ហាញ​​អំពី​ការធ្លាក់ចុះ​នៃ​ចំណាត់​ថ្នាក់នៃ​ប្រទេស​កម្ពុជា ​​ជា​ប្រទេស​មាន​សេរីភាព​សារព័ត៌មាន​ល្អ​នោះ។ ពោល​គឺ កម្ពុជា​ដែល​ត្រូវ​ផ្តល់​ចំណាត់​ថ្នាក់ទី​១១៧ ​នៅ​ក្នុង​ឆ្នាំ​២០១២​នោះ បាន​ធ្លាក់​មកដល់​ចំណាត់​ទី​១៤៣​វិញ​ ក្នុង​ចំណោម​១៧៩​ប្រទេស​ នៅ​ក្នុង​​ឆ្នាំ​២០១៣​នេះ៕

 

 

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

 

What Next?

Recent Articles

One Response to "កម្ពុជា​ត្រៀម​ប្រារព្ធ​ទិវា​សេរីភាព​​សារព័ត៌មាន​ស្តីពី​សុវត្ថិភាព​នៃ​ការ​បញ្ចេញ​មតិ​"

  1. ពិតជាមានគំនិតល្អ សូមគាំទ្រ តែវាដូចជាគ្មានប្រយោជន៏ទេ យើងធ្លាប់បានលឺហ្នឹងបានឃើញរួចទៅហើយ

    ដែលពួកបននយោបាយបែបអាយ៉ងយួន កំពុងកាន់អំណាច តែងតែចោតប្រកាន់គេថា បង្កភាពអសន្តិសុខ

    ផ្សាយពត៌មានមិនពិត រើសអើងពូជសាស្រ្តជាដើម ដូច្នេះអ្នកឈឺចាប់នៅតែស្រែក ឯឆ្កែគិតតែពីដេញខាំគេ

    ភ្លេចអស់កំណើតខ្លួនថាជាខ្មែរ ។