ភ្នំពេញៈ ប្រជាពលរដ្ឋជាង ៣០នាក់ តំណាងឲ្យ ៩៤គ្រួសារ រស់នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត និងភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានធ្វើដំណើរមកភ្នំពេញ ដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ ជាថ្មីម្តងទៀតនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
Thursday, 02 May 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍
ក្នុងពាក្យបណ្តឹងសុំអន្តរាគមន៍ដែលដាក់ជូនខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីជាថ្មីម្តងទៀតនេះ បានស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជួយអន្តរាគមន៍ ផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋចំនួនជាង ៥៤គ្រួសារ ដែលត្រូវលោក ប៉ែន លឹម ហៅ ស ឈុនលឹមប្រធានអង្គការវាយអេដស៍ ឆបោក ដោយយកដីសម្បទានសង្គមកិច្ចមកលក់ឲ្យ ដោយសន្យាបើប្រជាពលរដ្ឋ ណាទិញដីចំនួន ១ឡូត៍ និងចែកជូនដីបង្កបង្កើនផលចំនួន ២ ទៅ ៣ហិកតា។
ក្នុងលិខិតស្នើសុំអន្តរាគមន៍ដាច់ដោយឡែកមួយទៀត ប្រជាពលរដ្ឋបានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាជួយអន្តរាគមន៍ទៅអាជ្ញាធរខេត្តព្រះវិហារបញ្ឈប់ការឈូសឆាយដីស្រែចំការដោយលោក ប៉ែន លឹម ហៅ ស ឈុនលឹម ដែលបានដឹកនាំកម្លាំងប្រដាប់វុធរំលោភយកដី ៣៤៥ ហិកតា និងបំផ្លិចបំផ្លាញផលដំណាំ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទាំង ៩៤ គ្រួសារនោះ។
សូមបញ្ជាក់ថា អង្គការវាយអេដស៍បានទទួលដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ៥៥៦ហិកតា កាលពីឆ្នាំ២០០៧ ទៅចែកជូនពលរដ្ឋក្រីក្រ ប៉ុន្តែ បែរជាយកដីលក់ជាន់ប្លង់គ្នា ទើបបង្កឲ្យមានជម្លោះរហូតមកទល់ពេលនេះ ហើយនេះជាលើកទី៤ ហើយប្រជាពលរដ្ឋឡើងមកភ្នំពេញ ដើម្បីសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគម៍។ ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ក៏បានឲ្យអាជ្ញាធរខេត្តដោះស្រាយបញ្ហានេះ ប៉ុន្តែពួកគាត់រង់ចាំដំណោះស្រាយពីអាជ្ញាធរមូលដ្ឋានរហូតមក តែគ្មានលទ្ធផល ដោះស្រាយមិនចេញ។

គួតែចាប់ អ្នកប្រព្រឹត អំពើបោក ប្រាស នេះ ដាក់គុគ ។