លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ការពារ​ការ​ផ្សព្វផ្សាយ​ឯកសារ​សំឡេង​លោក​ កឹម សុខា និង​លោក ​សម រង្ស៊ី

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញមុខ​ការពារ​ ទីស្តីការគណៈរដ្ឋមន្ត្រីរ​បស់​លោក ដែល​បាន​ចេញផ្សាយ​នូវ​កម្រង​ឯកសារ​មួយ ដែល​មាន​បទអត្ថាធិប្បាយ អំពី​ការទិតៀន​គ្នា​ដ៏​ក្តៅគគុក ​រវាង​លោក សមរង្ស៊ី និង​លោក កឹម​សុខា កាលពី​មុន​ពេល​មេ​បក្ស​ប្រឆាំង​ទាំងពីរ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​។ ឯកសារ​សំឡេង ដែល​គេ​ដាក់ឈ្មោះថា​ជា​អា​យ៉ៃ​ឆ្លងឆ្លើយ ​រវាង​លោក កឹម​សុខា និង​លោក​សម​រង្ស៊ី ត្រូវ​បាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជូន​តាម​អ៊ី​ម៉ែ​ល និង​បង្ហោះ​ក្នុង​វេបសាយ​របស់​ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១​ឧសភា​ម្សិលមិញ​។​

 

ថ្ងៃ ព្រហស្បតិ៍ 02 ឧសភា 2013
ដោយ លី ម៉េងហួរ
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបថតឯកសារ)

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ

(02:47)

​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ វត្ត​ក្តុល ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម នៅ​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់ និង​ឆ្លើយតប​ទៅ​នឹង​អ្នកវិភាគ​មួយចំនួន ដែល​បាន​ចាត់ទុកថា គណៈរដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល ដែល​បាន​ផ្សព្វផ្សាយ​នូវ​ឯកសារ​ខ្សែអាត់​សំឡេង បង្ហាញ​ពី​ការ​មិន​ត្រូវរ៉ូវ​គ្នា​រវាង​លោក កឹម​សុខា និង​លោក​សម​រង្ស៊ី កាលពី​អតីតកាល ថា​ជា​ការបំពាន និង​ខុសឆ្គង​មួយ​របស់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។​

​ក៏​ប៉ុន្តែ​ តាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក មាន​ការផ្សព្វផ្សាយ​ពី​ការជេរប្រមាថ មក​លើ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងច្រើន តាម​ប្រព័ន្ធ Facebook ជាដើម​។ លោកនាយក​រដ្ឋមន្ត្រី បាន​ចោទ​ជា​សំណួរ​តប​ទៅ​នឹង​ការរិះគន់​នោះ​ថា ហេតុអ្វី​បានជា​ក្រុមអ្នកវិភាគ​មិន​ថា ជា​រឿង​ខុសឆ្គង​ផង​?​
 
​លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​លើកទឹកចិត្ត​ដល់​វិទ្យុ និង​ទូរទស្សន៍ ព្រមទាំង​វេបសាយ ហើយ​អាច​ចម្លង​ជា​ឌី​ស ផ្សព្វផ្សាយ​ពី​ការរិះគន់​គ្នា​របស់​មេ​បក្ស​ប្រឆាំង លោក កឹម សុខា និង​លោក សមរង្ស៊ី ផងដែរ​។​
 
​ជាមួយគ្នា​នោះ នៅ​ព្រឹក​មិញ ចំពោះមុខ​យុវជន​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​អំពាវនាវ និង​ផ្តាំផ្ញើ​ជាថ្មីទៀត ដល់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ឲ្យ​បន្ត​អត់ធ្មត់ នៅពេល​ការបោះឆ្នោត ជិត​ចូលមក​ដល់​។ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ត្រូវ​ធ្វើ​អំពើ​ល្អ ជាពិសេស​សមាជិក​បក្ស​នៅ​មូលដ្ឋាន​។​
 
​សូម​រម្លឹកថា អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​រសៀល​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៣ បាន​ផ្សព្វផ្សាយ​នូវ​បទ​អត្ថាធិប្បាយ ជា​ខ្សែអាត់​សំឡេង​មួយ ដែល​មាន​ចំណងជើង​ថា “​បទ​បង្ហាញ កឹម សុខា សម រង្ស៊ី កើត​ជំងឺ​ភ្លេច​សំដី​ខ្លួនឯង​”​។ ជា​បទ​បង្ហាញ ដែល​មាន​រយៈពេល ២៥ នាទី និង ១៧ វិនាទី​។
 
​ក្នុង​ខ្សែអាត់​នោះ មាន​បុរស​អ្នក​អត្ថាធិប្បាយ ផ្តើមឡើង អម​ដោយ​សម្តី​របស់​លោក កឹម សុខា និង​លោក សម រង្ស៊ី ដែល​បាន​រិះគន់​គ្នា​ទៅវិញទៅមក​។ ពាក្យ​សម្តី​របស់​មេបក្ស​ប្រឆាំង​ទាំងពីរ​នោះ នៅក្រោយ​ការបោះឆ្នោត​ជាតិ កាលពី​ឆ្នាំ​២០០៨​។ កាលណោះ លោក​សម ​រង្ស៊ី និង​លោក​កឹម​ សុខា បាន​រិះគន់ និង​ទិតៀន​គ្នា​យ៉ាង​ខ្លាំងក្លា​ ដូចជា​ការរិះគន់​​​ថា លោក កឹម សុខា ជា​អាយ៉ង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាដើម​។​ល​។ និង​។​ល​។​
 
​ក៏​ប៉ុន្តែ​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​បង្ហាញ​ការភ្ញាក់ផ្អើល​ទេ ហើយ​បាន​ចាត់ទុក​ការផ្សព្វផ្សាយ​ខ្សែអាត់​សំឡេង​នោះ ថា​ជា​ភាពទ័លច្រក​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​មាន​តែ​យុទ្ធសាស្ត្រ​បង្កាច់បង្ខូច​បក្ស​ប្រឆាំង​ប៉ុណ្ណោះ​។
 
​លោក កឹម សុខា បាន​អះអាង​ថា លោក និង​លោក​សម​រង្ស៊ី មិន​បែកបាក់​គ្នា ដោយសារ​តែ​ខ្សែអាត់​សំឡេង​ពី​អតីតកាល​នោះ​ឡើយ​៕

 

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

 

What Next?

Recent Articles

4 Responses to "លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ការពារ​ការ​ផ្សព្វផ្សាយ​ឯកសារ​សំឡេង​លោក​ កឹម សុខា និង​លោក ​សម រង្ស៊ី"

  1. Kmeng Peal says:

    ជាធម្មតាប្តីប្រពន្ធដែលត្រូវរូវគ្នា ទោះជាត្រូវព្រាយឬយក្សមកបន្លាចក៍គេខ្ពើមនឹងខ្លាចព្រោះគេជ្រេញនឹងតិចនិកដ៌ចាស់គំរិលហ្នោះណាស់។

  2. គាំទ្រមតិលោក Kmeng Peal

    ជាធម្មតាប្តីប្រពន្ធដែលត្រូវរូវគ្នា ទោះជាត្រូវព្រាយឬយក្សមកបន្លាចក៍គេខ្ពើមនឹងខ្លាចព្រោះគេជ្រេញនឹងតិចនិកដ៌ចាស់គំរិលហ្នោះណាស់។

  3. តាមពីត ការធ្វើរបៀបហ្នឹងរបស់សំដាច់វាមិនខុសទេ ព្រោះវាជាប្រជាធិបតេយ្យ គេថាគាត់ គាត់ថាគេ តែត្រង់ថាវាមាន

    តំលៃសំរាប់ជាតិរឺអត់ ! បើមួយនិយាយពីការហិនហោចរបស់ជាតិ ឯ មួយទៀតគិតែពីញុះញុងអោយគេឈ្លោះគ្នានោះ ?

  4. ខ្មែរម្ចាស់ស្រុក says:

    រឿងយួនចូលស្រុកធ្វើសំបុត្រកំណើតជាជនជាតិខ្មែរ,រឿងកាប់បំផ្លាញព្រែឈើខុសច្បាប់
    សំដាច់ហ៌ុន សែន មិនដែលនិយាយទេ ពូកែរណាស់អារឿងញុះញុងបំបែកបំបាក់ធ្វើ
    អោយគេឈ្លោះគ្នា។