ខេត្តកំពតៈ ទឹកជ្រោះ អន្លង់ធំជារមណីយដ្ឋានធម្មជាតិថ្មីមួយទៀតនៅខេត្តកំពត ដែលកំពុងមានការចាប់ អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរនាពេលបច្ចុប្បន្នដែលបានទៅដល់ទឹកដី តំបន់មាត់សមុទ្រមួយនេះ។
Friday, 03 May 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

ទិដ្ឋភាពទឹកហូរថ្លាឈ្វេងរំលេចដោយធម្មជាតិស្រស់បំព្រងនៅរមណីយដ្ឋានអន្លង់ធំនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។ រូបថត លាង ផាន់ណារ៉ា
ដោយចេញពីទីរួមខេត្តកំពត ឆ្ពោះទៅវាលរេញបានចម្ងាយប្រមាណម្ភៃប្រាំពីរគីឡូម៉ែត្រ ហើយក្រឡេកមើលខាងស្តាំដៃនឹងបានឃើញសាលារៀនមួយដែលមានឈ្មោះថា វិទ្យាល័យ ហ៊ុន សែន ចន្លោះគីឡូម៉ែត្រលេខ១៧៧-១៧៨ ហើយបន្តដំណើរតាមផ្លូវសាលានោះក្នុងចម្ងាយផ្លូវក្រាលក្រួសក្រហមជាង មួយគីឡូម៉ែត្រទៀត នោះនឹងបានឃើញស្លាកឈ្មោះរបស់រមណីយដ្ឋានអន្លង់ធំនេះ ស្ថិតនៅក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ អ្នកទេសចរអាចធ្វើដំណើរទៅទីនោះដោយយានយន្តគ្រប់ប្រភេទដោយគ្មានបារម្ភអ្វីឡើយ។
នៅពេលដែលបានទៅទស្សនានៅរមណីយដ្ឋានអន្លង់ធំនោះ យើងនឹងបានឃើញនូវ ទេសភាពដ៏អស្ចារ្យ ដែលយើងកម្របានឃើញពីមុនមកណាស់។ ភាពទាក់ទាញបំផុតនៅរមណីយដ្ឋានថ្មីនេះគឺយើងអាចមើលឃើញទេសភាព ទឹកជ្រោះដែលហូរធ្លាក់មកពីលើកំពូលភ្នំ មកប៉ះនឹងផ្ទាំងថ្មបែកទឹកខ្ចាយជាតំណក់ៗដែលធ្វើឲ្យយើងមើលឃើញតំណក់ទឹកនោះហាក់បីដូចជាដុំព្រិលដែលធ្លាក់ខ្ទាតប៉ះនឹងស្លឹកឈើព្រៃគួរឱ្យចង់គយគន់។ ទឹកដែលធ្លាក់មក ខាងក្រោមបានហូរគេចផ្ទាំងថ្មតូចធំ ដែលមើលទៅថ្លាឈ្វេងដូចកញ្ចក់ដោយមានហ្វូងមច្ឆាតូចធំ ហែលប្រដេញគ្នាគួរឱ្យគយគន់ក្រៃលែង ។
លោក ច្រឹប សុវណ្ណ លេខាសហគមន៍ព្រែកត្នោតបានឲ្យដឹងថា រមណីយដ្ឋានធម្មជាតិអន្លង់ធំបានបង្កើតឡើងកាលពីឆ្នាំ២០០៧ លើផ្ទៃដី ១៧៦ ហិកតា គាំទ្រ និងឧបត្ថម្ភពីសំណាក់អង្គការសង្គ្រោះសត្វព្រៃកម្ពុជា (SCW) និងអង្គការជួយជនក្រីក្រ (CRS)។
លោកបន្តថា ជ្រោះអន្លង់ធំនេះ មានប្រភពមកពីជើងភ្នំបូកគោតភ្ជាប់ទៅនឹងដៃសមុទ្រ ប្រកបដោយទឹកថ្លាឈ្វេងត្រជាក់ដូចទឹកអម្រឹត។ ក្នុងករណីភ្ញៀវមានបំណងចង់ទៅលេងកម្សាន្តនៅសមុទ្រដែលមានចម្ងាយប្រមាណប្រហែល៣គីឡូម៉ែត្រពីរមណីយដ្ឋាននេះ នោះក្រុមការងារអាចទំនាក់ទំនងទៅសហគមន៍អ្នកនេសាទយកទូកមកទទួលបងប្អូនបាន ដោយនៅទីនោះអាចមើលឃើញផ្សោតសមុទ្រនាពេលទឹកស្ងប់ ពិសេសចន្លោះពីខែមេសា ដល់ខែឧសភា និងខែកញ្ញា ដល់ខែតុលា ព្រមទាំងមើលពន្លឺភ្លើងអំពិលអំពែកតាមបែបធម្មជាតិនាពេលយប់។ រមណីយដ្ឋានអន្លង់ធំ ក៏មានសេវាផ្តល់ផ្ទះសម្រាប់ជូនភ្ញៀវស្នាក់នៅផងដែរ ដោយផ្ទះទាំងនោះជ្រើសរើសយកផ្ទះប្រជាពលរដ្ឋសហគមន៍ទាំងបួនភូមិទូទាំងឃុំតែម្តង។
លោក សយ ស៊ីណុល អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឲ្យដឹងថា នៅពេល ដំបូងពុំសូវមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរក្នុងស្រុកប៉ុន្មានឡើយ ប៉ុន្តែទីនោះមានការនិយមចូលចិត្ត យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរបរទេស។
លោកបានបន្តថា ស្ទឹងនោះមានចម្ងាយប្រមាណពីរគីឡូម៉ែត្រពីមាត់សមុទ្រ ឯនៅផ្នែកខាងក្រោមដែលជាប់នឹងមាត់សមុទ្រវិញ រំលេចទៅដោយព្រៃកោងកាងដែលមានទេសភាពគួរឲ្យចង់គយគន់ក្រៃលែង។ ការទៅទស្សនានៅបានធ្វើឲ្យភ្ញៀវទេសចរបានទស្សនាទេសភាពពីរដាច់ដោយឡែកពីគ្នា ទីមួយគឺ បានទស្សនាទឹកធ្លាក់ព្រៃភ្នំជ្រលងដងអូរ និងទីពីរភ្ញៀវទេសចរបានទស្សនាទេសភាពដ៏អស្ចារ្យ នៃតំបន់មាត់សមុទ្រ។ តំបន់ទេសចរណ៍នេះត្រូវបានគ្រប់គ្រងផ្ទាល់ដោយសហគមន៍ ដោយមានការបង្ហាត់ពីមន្ទីរទេសចរណ៍ និងមានការឧបត្ថម្ភផ្ទាល់ទាំងបច្ចេកទេសទាំងថវិកាពីអង្គការសង្គ្រោះសត្វព្រៃ ។
ការបង្កើតរមណីយដ្ឋាននេះឡើងគឺយើងមាន គម្រោងការសំខាន់ពីរ ទីមួយគឺគម្រោងការកាត់បន្ថយភាពក្រីក្រ ជួយប្រជាពលរដ្ឋនៅទីនោះឲ្យមានការងារធ្វើ និងបង្កើតទីផ្សារកសិផលដល់ប្រជាពលរដ្ឋ នៅទីនោះផង និងចំណុចទីពីរគឺការជួយទៅដល់គម្រោងកម្មវិធីមួយ ដើម្បីអប់រំប្រជាពលរដ្ឋនៅសហគមន៍បូកគោ ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០០៣ មកឲ្យដំណើរការកាន់តែប្រសើរឡើងថែមទៀត។
លោក គង់ ប៊ុនរ៉ា មេឃុំព្រែកត្នោត បានឲ្យដឹងថា ការបង្កើតតំបន់ទេសចរណ៍នៅ ទីនេះនឹងជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឲ្យរួមសាមគ្គីគ្នាដើម្បីថែរក្សាព្រៃឈើ និងបរិស្ថានធម្មជាតិនៅគង់វង្ស ដើម្បីឲ្យទីនោះក្លាយទៅជាតំបន់បៃតងជានិច្ច ព្រមទាំងបានដាំ ដើមឈើថ្មីរាប់ពាន់ដើមនៅបរិវេណនោះផង និង ជាពិសេសការទប់ស្កាត់ការកាប់បំផ្លាញព្រៃ ឈើ យកដីជាកម្មសិទ្ធិ ព្រោះធនធានធម្មជាតិនៅទីនេះជាឆ្នាំងបាយរបស់យើង ដូច្នេះយើងត្រូវតែរួមគ្នាថែរក្សាឲ្យបានល្អ ។
គួរបញ្ជាក់ថាកំពត ជាខេត្តដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ហើយខេត្តកំពត ក្រៅពីជាទីរមណីយដ្ឋានជាប់មាត់សមុទ្រនិងមានទេសភាពដ៏ស្រស់ស្អាតនោះ កំពត ក៏បង្កប់ទៅដោយស្លាកស្នាមប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅផងដែរ។ ជាក់ស្តែងដូចជារមណីយដ្ឋានជាតិមុនីវង្ស បូកគោ គឺជាកន្លែងដែលធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិនឹកឃើញដល់សម័យមួយដែលកម្ពុជាស្ថិតក្រោមអាណានិគមនិយមបារាំងដែលសព្វថ្ងៃបូកគោគឺជាតំបន់ដ៏ទាក់ទាញបំផុត៕

គួអោយចាប់អារម្មណដែរ
ហ៎ា…ជាកន្លែង Relax!
សូមអ្នកទាំងអស់ Keep sharing នូវអ្វីដែល! ដាស់បំផុសមនុស្សអោយចេះគ្រប់គ្រង
ចិត្តរបស់ពួកគេអោយបាន! យើងធ្វើអោយពួកគេចេះគិតខ្លួនឯង!
សូមទៅទំព័រនេះ ដើម្បីសំរាកកាយតាមប្រព័ន្ធ Internet…Relax and Calm…(Click)
អីយ៉ាស់! មិនមែនសំរាកកាយទេ គឺសំរាកចិត្ត!