លោក អ៊ុង អឿន ចេញតែនៅជាប្រធានបក្ស , លោក ទ្រី ណារិន ឡើងជាអភិបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: តំណែង​អភិបាលខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ផ្ទេរ​ប្រគល់​ភារកិច្ច​ហើយ​កាលពី​ថ្ងៃទី ២ ឧសភា ២០១៣ នា​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ ដោយមាន​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

 

ថ្ងៃទី 3 ឧសភា 2013
ដោយ: សូផុន
CEN

​    ​
​លោក អ៊ុង អឿន ត្រូវ​បញ្ចប់​មុខតំណែង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ហើយ​ចូលកាន់​តំណែង​នេះ​វិញ​ដោយ​លោក ទ្រី ណារិន អភិបាលរង​ខេត្តបន្ទាយមានជ័យ ឡើងជា​អភិបាលខេត្ត​បន្ទាយមានជ័យ​។ ប៉ុន្តែ​លោក អ៊ុង អឿន នៅ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​នេះ​ដដែល​។​

​លោក អ៊ុង អឿន អភិបាលខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​បញ្ចប់​មុខតំណែង​អោយដឹងថា ក្នុង​អាណត្តិ​ដឹកនាំ​រដ្ឋបាលខេត្ត លោក​ផ្ទាល់​រួម​នឹង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សមាជិក អភិបាលរង​ខេត្ត , អភិបាល​-​អភិបាលរង​ស្រុក​/​ក្រុង​និង​ប្រធាន​អនុប្រធាន មន្ទីរ អង្គភាព​/​បញ្ជាការដ្ឋាន​ក្នុង​ខេត្ត ពី​ឆ្នាំ​២០០៨ ដល់​បច្ចុប្បន្ន បានសម្រេច​ជោគជ័យ​លើ​ការងារ​សំខាន់ៗ រួមមាន​ការងារ​ព្រំដែន , ការងារ​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​សង្គម , វិស័យ​កសិកម្ម , វិស័យ​ឧស្សាហកម្ម , ជលផល , ព្រៃឈើ , ពន្ធដារ , សាធារណការ​និង​ដឹកជញ្ជូន , អភិវឌ្ឍន៍ជនបទ , អប់រំ , សុខាភិបាល , ទេសចរណ៍ , កែលំអ​សោភ័ណភាព​ក្នុង​ក្រុង , ទំនាក់ទំនង​សហប្រតិបត្តិការ​អន្តរជាតិ ។​ល​។ ក្នុង​នោះបាន​ប្រឹងប្រែង​កែទម្រង់​កាន់តែ​ស៊ីជម្រៅ ទូលំទូលាយ គ្រប់​មន្ទីរ​អង្គភាព​ស្រុក​/​ក្រុង ឃុំ​/​សង្កាត់ ។​
​    ​
​លោក អែ​វ ប៊ុន​ថុល អគ្គនាយករង​នៃ​អគ្គនាយក​រដ្ឋបាល​មូលដ្ឋាន​ក្រសួងមហាផ្ទៃ បាន​អាន​ព្រះរាជ​ក្រិ​ត្យ​និង​អនុ​ក្រិត ដែល​បញ្ជាក់ថា លោក អ៊ុង អឿន ត្រូវ​បញ្ចប់​តំណែង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។ ឯ​លោក ទ្រី ណារិន អភិបាលរង​ខេត្ត ត្រូវ​តែងតាំង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ និង​បានតែងតាំង លោក ចុង ផែត និង​លោក អ៊ឹម ភាន់​សុផល ជា​អភិបាលរង​ខេត្ត​។ តែងតាំង​ថ្មី​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ដែរ គឺ​លោក អ៊ុំ រាត្រី ពី​អតីត​អភិបាលក្រុង​សិរីសោភ័ណ និង​លោកស្រី ប៉ុក ណា​ឌី អតីត​អភិបាលរង​ស្រុក​មង្គល​បូរី ។ ក្នុងនោះ​តែងតាំង​លោក ឃូ ពៅ អភិបាលស្រុក​ស្វាយចេក , លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក​ព្រះនេត្រព្រះ , លោក សេង គី អភិបាលស្រុក​ភ្នំស្រុក និង​តែងតាំង​ថ្មី លោកស្រី ចាន់ ថេ​ង អភិបាលរង​ឡើង ជា​អភិបាលក្រុង​សិរីសោភ័ណ​។​
​    ​
​លោក ទ្រី ណារិន អភិបាល​ថ្មី​ខេត្តបន្ទាយមានជ័យ បាន​ប្ដេជ្ញាចិត្ត ៨ ចំណុច​សំខាន់ៗ រួមមាន គោរព​ខ្ជាប់ខ្ជួន​រដ្ឋធម្មនុញ្ញ ច្បាប់ បទ​បញ្ញា​ត្តិ បទបញ្ជា​គោលនយោបាយ គោរព​និង​ប្រតិបត្តិ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល ការពារ​បូរណភាព​ទឹកដី សន្ដិសុខ​សណ្ដាប់ធ្នាប់​តាម​ព្រំដែន​នៃ​ភូមិសាស្ត្រ​ទទួលខុសត្រូវ លើកកម្ពស់​សមត្ថភាព​ដើម្បី​អនុវត្ត​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ រឹតចំណង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ខិតខំ​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា សា្មរ​តី បំរើ​ជាតិ​មាតុភូមិ សហការ​នឹង​ដៃគូ​នានា អនុវត្ត​ជោគជ័យ គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី ជលផល សហការ​នឹង គ​.​ជ​.​ប ដើម្បី​គាំទ្រ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​អ្នកតំណាងរាស្ត្រ និតិ​កាល​ទី​៥ នៃ​រដ្ឋសភា​អោយមាន​ភាពត្រឹមត្រូវ យុត្តិធម៌ និង​ជឿ​ទុកចិត្តបាន​។​
​    ​
​គួរ​បញ្ជាក់ថា លោក ទ្រី ណារិន អតីត​យុវជន​ដ៏​សកម្ម​និង​មាន​ស្មា​ដៃ​លេចធ្លោ​ជាច្រើន​។ លោក​ធ្លាប់ជា​ចៅសង្កាត់​និរោធ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រួច​ជា​អភិបាលរងខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ លោក​ធ្លាប់ជា​អភិបាលក្រុង​ប៉ោយប៉ែត និង​មុននេះ​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ស្រាប់​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន មានប្រសាសន៍​សាទរ និង ជូនពរ​ដល់​អភិបាល​ខេត្ត មន្ត្រី​ថ្នាក់ដឹកនាំ ខេត្ត​និង​ស្រុក​/​ក្រុង នៅ​ខេត្តបន្ទាយមានជ័យ​ក្នុង​អណ​ត្តិ​ទី​២ រដ្ឋបាលខេត្ត​/​ស្រុក​។​
​    ​
​លោក​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា លោក អ៊ុង អឿន អភិបាលខេត្ត​និង​អ្នកស្រី នួ​ម សុភ័ណ កាន់តំណែង​ពុំទាន់​គ្រប់​ឆ្នាំ​នៃ​អាណត្តិ​រដ្ឋបាលខេត្ត​រប​ស់​ខ្លួន ប៉ុន្តែ​បាន​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​បន្ទាយមានជ័យ ទើបត្រូវ​ផ្ទេរតំណែង​ទៅ​មន្ត្រី​ថ្មី​ដូច្នេះ​។ តែ​លោក អ៊ុង អឿន នៅតែ​បន្តការងារ​ដឹកនាំ អនុវត្ត​ស្ដារ​និង​អភិវឌ្ឍន៍​ខេត្ត​ដោយនៅ​ជាទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​តេ​ជោ​ហ៊ុន សែន , ជា​តំណាងរាស្ត្រ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​។ ក្នុងនោះ លោក​ត្រូវ​បន្ត​ការទាក់ទាញ​នូវ​ប្រភព​វិនិយោគ​បរទេស​ពី​ខេត្ត​សម្ព័ន្ធភាព​នៃ​ខេត្ត​ខ្លួន នៃ​ប្រទេស​ចិន , កូរ៉េខាងត្បូង , វៀតណាម , ថៃ ជាដើម ។​
​    ​
​លោក​ឧបនាយករដ្ឋមន្ត្រី​លើក​ពី​សមិទ្ធផល​សំខាន់​របស់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ផ្សារភ្ជាប់​មក​ទិសដៅ​បន្ត​ដែល​ខេត្ត​ត្រូវ​ចូលរួម​អនុវត្ត​និង​ការស្វាគមន៍​ដល់​មន្ត្រី​វ័យក្មេង​ម​បំរើ​ការងាររដ្ឋបាល​និង​ជំនាញ​នានា​ក្នុង​ខេត្ត​។ ក្នុងនោះ​លោក​ឧបនាយករដ្ឋមន្ត្រី ស្វាគមន៍ ស្ត្រី ពីររូប​ជា​អភិបាលរង​ខេត្ត​និង​អភិបាលក្រុង​ផង ។​
​    ​
​ដោយ​អះអាងថា​មាន​ជំនឿ​ជាក់​លើ​ការប្ដេជ្ញាចិត្ត​របស់លោក ទ្រី ណារិន អភិបាល​ថ្មី​ខេត្តបន្ទាយមានជ័យ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បញ្ជាក់ថា អាណត្តិ​លោក អ៊ុង អឿន ជា​អភិបាលខេត្ត​បាន​ជោគជ័យ លើ​ការពារ​បូរណភាព​ទឹកដី​ក្នុង​យុទ្ធសាស្ត្រ​ការពារជាតិ​និង​ការស្ដារ​អភិវឌ្ឍន៍​ខេត្ត ហេតុនេះ​អភិបាលខេត្ត​ថ្មី​បន្តការងារ​នេះ​និង​ការងារ​ចំពោះមុខ និង​ចំពោះ​អនាគត ដូចជា​ផ្លូវ​ជនបទ ភ្លើងអគ្គិសនី , ប្រឡាយ​ប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ សុខាភិបាល , អភិវឌ្ឍន៍​និង​ពង្រឹងគុណភាព​ធនធាន​មនុស្ស , ដោះស្រាយ​ទំនាស់​ដីធ្លី និង​ពិនិត្យ​ដោះស្រាយ​រាល់​សំណូមពរ​ពលរដ្ឋ​ពាក់ព័ន្ធ​ការប៉ះពាល់​ដីស្រែ និង​ចម្ការ នឹង​ក្រុមហ៊ុន​រដ្ឋបាល​ជលផល​។ ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​បង្ក្រាប​បទ​ល្មើស​នានា រួមទាំង​បទល្មើស​ព្រៃឈើ , នេសាទ ការអនុវត្ត​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​៕

 

What Next?

Recent Articles

One Response to "លោក អ៊ុង អឿន ចេញតែនៅជាប្រធានបក្ស , លោក ទ្រី ណារិន ឡើងជាអភិបាលខេត្តបន្ទាយមានជ័យ"

  1. Cheat យួន says:

    ដូរពីគេញទៅគយ វាដៀតែក្នូច។