Tuesday, 04 June 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ បន្ទាប់ពីឆក់បានឱកាសចេញសម្តែងច្រៀងនៅលើទឹកដីសហរដ្ឋអាមេរិកដោយចាប់ដៃគូជាមួយនឹងតារាកំប្លែងល្បីបទ «អាចម៍គោ» នាង កាតុ មក នាង កែវ នីសា ក៏ឆក់បានឱកាសដ៏ធំមួយផ្សេងទៀតនៅពេលដែលរូបនាងត្រូវបានផលិតកម្មមួយនៅអាមេរិកបានអញ្ជើញរូបនាងថតចម្រៀងការ៉ាអូខេដ៏គួរឲ្យទាក់ទាញមួយនៅលើទឹកដីប្រទេសមហាអំណាចអាមេរិកនោះ។
ពិធីការិនីជើងថ្មីរបស់ស្ថានីយទូរទស្សន៍ស៊ីធីអិនឫស្សីកែវនាង កែវ នីសា បានចេញទៅសម្តែងនៅអាមេរិកកាលពីដើមខែមេសា ដោយនាងបានឡើងឆាករាំច្រៀងនិងចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរជាមួយនឹងបងប្អូនខ្មែរនៅទីនោះជាមួយនឹងតារាកំប្លែងសម្បូរវោហារនាងសុខ ចាន់ធីតា ហៅ កាតុ។
ជាមួយនឹងរូបសម្ផស្សបែបកូនកាត់ សាច់នៅតែសខ្ចីម៉ដ្តរលោង នាង កែវ នីសា ត្រូវបានគេមើលឃើញថា ទីផ្សារនៅក្នុងសង្គមសិល្បៈរបស់នាងនៅតែខ្លាំង បើទោះបីជាកន្លងមក គេឯងបានដឹងថា តារារូបនេះមិនមែនជានារីក្រមុំក៏ដោយពោលគឺមុននឹងនាងមុជជ្រៅនៅក្នុងផ្លូវតារានេះនាងធ្លាប់ទទួលយកជីវិតអាពាហ៍ពិពាហ៍ជាមួយនឹងបុរសម្នាក់រួចម្តងទៅហើយ។ នៅពេលនេះគេសង្កេតឃើញថា មិនត្រឹមតែមានទីផ្សារនៅក្នុងស្រុកប៉ុណ្ណោះទេ កែវ នីសា ក៏កំពុងលេចធ្លោនៅលើទីផ្សារអាមេរិកផងដែរហើយអ្វីដែលពិសេសនោះ គឺនាងកំពុងត្រូវបានអ្នកធានាទៅអាមេរិកយកចិត្តទុកដាក់និងលើកស្ទួយនាងយ៉ាងខ្លាំងក្នុងការសម្តែងទៀតផង។
ក្រៅពីមានអ្នកយកចិត្តទុកដាក់បែបនេះ អតីតគូស្នេហ៍សាន ផានិត នាង កែវ នីសា ក៏ទទួលបានឱកាសដ៏ធំមួយផ្សេងទៀតនៅលើទឹកដីអាមេរិកនោះ គឺនាងត្រូវបានផលិតកម្ម Nuon Film អញ្ជើញរូបនាងឲ្យថតចម្រៀងការ៉ាអូខេរបស់តារាចម្រៀងខ្មែរសញ្ជាតិអាមេរិកលោក ចេយ ឆេន (Jay Chan) ទៀតផង។
តារាសម្តែងដែលកាន់តែកាក់កបការដើរហើរក្រៅប្រទេសនាង កែវ នីសា បានសម្តែងការសប្បាយចិត្តពីសហរដ្ឋអាមេរិកនៅកន្លែងនាងថតវីដេអូការ៉ាអូខេថា៖«សួស្តីថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់នៅពេលបានឱកាសថតចម្រៀងកាយវិការឲ្យផលិតកម្មអាមេរិកមួយ»។ នាងបានបន្តថា នៅក្នុងចំណោមបទចម្រៀងទាំង១០របស់លោក ចេយ ឆេន ខ្ញុំមានឱកាសបានថតចម្រៀងកាយវិការជាមួយគាត់បានមួយបទហើយសង្ឃឹមថា បទនោះនឹងទទួលបានការគាំទ្រពីបងប្អូនទស្សនិកជន។
គួរបញ្ជាក់ថា លោក ចេយ ឆេន គឺជាតារាចម្រៀងមួយរូបដែលលោកមានកំណើតនៅប្រទេសកម្ពុជា តែបានធំដឹងក្តីនៅពេលដែលរូបលោកបានទៅដល់សហរដ្ឋអាមេរិក នៅក្នុងអំឡុងពេលប្រទេសកម្ពុជាស្ថិតនៅក្នុងភ្នក់ភ្លើងសង្គ្រាមសម័យប៉ុល ពត។ តារារូបនេះទើបតែមានឱកាសចេញបទចម្រៀងជាលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០១២ ក្រោមចំណងជើងថា «ចម្លើយចុងក្រោយ» តែបទមួយនេះបានទទួលការគាំទ្រច្រើននៅអាមេរិកកាណាដា និងអូស្ត្រាលី។
នៅក្នុងឈុតស្នេហាថតយ៉ាងស្និទ្ធស្នាលជាមួយនឹង ចេយ ឆេន តារាសម្តែងដែលទើបតោងបានភាពល្បីល្បាញក្នុងវិស័យពិធីការិនីនាង កែវ នីសា បានទទូចសុំឲ្យបងប្អូនខ្មែរនៅកម្ពុជាចូលរួមលើកទឹកចិត្តដល់កូនខ្មែរដែលកំពុងព្យាយាមផលិតបទចម្រៀងដោយខ្លួនឯងថា៖«នៅក្នុងបទចម្រៀងទាំង១០បទរបស់បង ឆេន គឺសុទ្ធតែជាស្នាដៃផលិតរបស់កូនខ្មែរទាំងអស់ទាំងអ្នកថត អ្នកដឹក និងសម្តែង។ ខ្ញុំគិតថា ពួកគាត់ធ្វើបានល្អ ដូច្នេះសូមបងប្អូនទាំងអស់ជួយគាំទ្រ និងផ្តល់កម្លាំងចិត្តដល់ពួកគាត់គ្រប់ៗគ្នាផង»៕
She is very beautiful!