រឿងរ៉ាវចោទប្រកាន់គ្នាពីការរំលោភសិទ្ធិគាំទ្រគណបក្សនយោបាយ បានកើតមានជាហូរហែ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ខិតជិតមកដល់។ នៅឯឃុំដាច់ស្រយាលមួយក្នុងខេត្តពោធិ៍សាត់ មានការចោទប្រកាន់អាជ្ញាធរភូមិ ថាបានប្រើអំពើហិង្សាមកលើអ្នកគាំទ្រគណបក្សជំទាស់។
ដោយ មណ្ឌល កែវ
2013-06-04
RFA
សកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានចោទប្រកាន់អាជ្ញាធរភូមិថា បានប្រើអំពើហិង្សាមកលើរូបគាត់ ដោយសារតែគាត់បានលើកស្លាកគណបក្សសង្គ្រោះជាតិ មួយផ្ទាំងនៅមុខផ្ទះ។
លោក លីវ ឆេង ជាសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ នៅភូមិស្ទឹងថ្មី ឃុំប្រមោយ។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ មិថុនា ថា លោក សុត អេត ជាគ្រូពេទ្យ និងជាភ្នាក់ងារប្រចាំការរបស់ភូមិស្ទឹងថ្មី ប្រចាំចំណុចទួលគ្រួស បានស្ទាក់ផ្លូវនៅពេលដែលគាត់ចេញពីចម្ការ ហើយសួរគាត់ថា តើគាត់លើកស្លាកគណបក្សមានការអនុញ្ញាតពីលោក (សុត អេត) ឬទេ។
លោក លីវ ឆេង បន្តថា ពេលនោះគាត់ក៏បានឆ្លើយទៅវិញថា ម៉េចបានចាំបាច់សុំច្បាប់ពីលោក ក៏ស្រាប់តែលោក សុត អេត វាយគាត់តែម្ដង៖ «ឈ្មោះ អេត ហ្នឹង បានឃាត់ខ្ញុំឲ្យឈប់ ហើយរួចគេវាយខ្ញុំបាន ១ដៃត្រូវចំស្មាយ៉ាងខ្លាំង។ រួចគេថា ហ្អែងលើកផ្លាកហ្នឹងហ្អែងសម្អាងអី ហ្អែងដឹងទេថា ក្នុងទឹកដីនេះនរណាមិនស្គាល់អញ។ គាត់ហ្នឹងជាភ្នាក់ងាររបស់ភូមិឃុំ ខ្ញុំអត់ហ៊ានតតាំងអីទេ ហើយគេគំរាមកំហែងថា ហ្អែងប្រយ័ត្នបាត់ខ្លួន»។
ឆ្លើយតបចំពោះការចោទប្រកាន់នេះ លោក សុត អេត ពន្យល់ថា ដើមហេតុនៃជម្លោះ គឺបញ្ហាព្រំដី មិនមានពាក់ព័ន្ធនឹងរឿងស្លាកគណបក្សនោះទេ។ ហើយលោកក៏ពុំបានវាយតប់លោក លីវ ឆេង នោះដែរ។ លោក សុត អេត បន្តថា គណបក្សសង្គ្រោះជាតិ បានយករឿងជម្លោះបុគ្គលមកប្រើប្រាស់ក្នុងបំណងឲ្យគេជួយផ្សព្វផ្សាយ ដើម្បីឲ្យគេស្គាល់ពីគណបក្សសង្គ្រោះជាតិ ប៉ុណ្ណោះ៖ «រឿងផ្លាកគណបក្សអី ខ្ញុំអត់មានប៉ះពាល់ទេបង! សុំទោស ពីព្រោះខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំអត់ត្រូវការរឿងគណបក្សប្រឆាំង ឬមិនប្រឆាំងអីទេ។ ខ្ញុំនិយាយតែពីរឿងដីធ្លីខ្ញុំដែលគេរំលោភបំពាន។ខ្ញុំអត់ដឹងថាគាត់បានលើកផ្លាកគណបក្សអីផង»។
ដូចគ្នានេះដែរ មេឃុំប្រមោយ អ្នកស្រី សេក សំអាត បដិសេធថា ជម្លោះនេះជាជម្លោះបញ្ហាដីធ្លីរវាងបុគ្គល និងបុគ្គល ពុំមានពាក់ព័ន្ធនឹងរឿងគណបក្សនយោបាយ ឬអាជ្ញាធរដែនដីទេ៖ «ខ្ញុំទើបតែដឹងរឿងនេះដែរ ហើយខ្ញុំបានសួរទៅមេភូមិ ហើយគាត់ប្រាប់ថា រឿងជម្លោះដីធ្លីទេ មិនមែនជារឿងគណបក្សនយោបាយ ឬរឿងផ្លាកគណបក្សនោះទេ។ ហើយឥឡូវ ខាងអធិការស្រុកគេហៅទៅដោះស្រាយរួចហើយ។ មិនមែនរឿងផ្លាកគណបក្សទេ គឺរឿងដីធ្លី»។
យ៉ាងនេះក្ដី សមាជិកគណៈកម្មាធិការប្រតិបត្តិខេត្ត និងជាប្រធានប្រតិបត្តិស្រុកវាលវែង នៃគណបក្សសង្គ្រោះជាតិ គឺលោក ឈុំ វណ្ណារិទ្ធ មានប្រសាសន៍ថា លោកកំពុងរៀបចំបណ្ដឹងពីករណីនេះទៅគណៈកម្មការបោះឆ្នោតឃុំ ឬហៅកាត់ថាស៊ិក (CEC) និងទៅអង្គការក្រៅរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីរកយុត្តិធម៌ដល់លោក លីវ ឆេង សមាជិកគណបក្សសង្គ្រោះជាតិ ប្រចាំភូមិដាច់ស្រយាលមួយនេះ។
ទាក់ទិនចំពោះបញ្ហានេះ នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា និកហ្វិច (NICFEC) បណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា គណបក្សនយោបាយនៅកម្ពុជា មិនថាគណបក្សកាន់អំណាច ឬគណបក្សប្រឆាំង គួរតែប្រកួតប្រជែងគ្នាដោយសុចរិត ក្នុងដំណើរការបោះឆ្នោតនេះ។ លោកថា ការគំរាមកំហែងអ្នកគាំទ្រគណបក្សនយោបាយណាមួយពីសំណាក់អាជ្ញាធរដែនដី គឺជាសកម្មភាពខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
មិនមែនលោកជាតិសរសេរទេ គ្រាន់តែកែសម្រួលពាក្យពេជន៏ខ្លះប៉ុណ្ណោះ
*************************************************************
សំដីប្រមាថមាក់ងាយរបស់កឹម សុខា ទៅលើព្រលឹងជនរងគ្រោះនៅគុកទួលស្លែងកំពុងតែទទួលរងប្រតិកម្មយ៉ាងក្ដៅគគុកពីគ្រប់ទិសទី ហើយតម្រូវឲ្យកឹមសុខា ត្រូវទៅលុតជង្គង់លើកដៃសំពះសុំខមាលទោសចំពោះព្រលឹងជនរងគ្រោះទាំងនោះនៅឯគុកទួលស្លែង។ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះគណបក្សសង្គ្រោះជាតិរបស់កឹម សុខា កំពុងតែធ្វើឲ្យប្រជាជនកើតមានការសង្ស័យថា បើគណបក្សនេះឈ្នះឆ្នោតសង្គ្រាមនឹងកើតឡើងវិញ ហើយរបបខ្មែរក្រហមក៏របូតរលូតមកជាមួយដែរ។ ហេតុអ្វី? ព្រោះថាក្រុមកឹមសុខា- សមរង្ស៊ីបានប្រកាសថា បើពួកគេឈ្នះឆ្នោតគេនឹងទៅដណ្ដើមយកទឹកដីកម្ពុជាពីប្រទេសជិតខាងមកវិញ ហើយគេនឹងចាប់យករដ្ឋមន្ត្រីក្នុងរាជរដ្ឋាភិបាលបច្ចុប្បន្នទៅកាត់ទោស។
គេថាបើគេឈ្នះឆ្នោតគេនឹងយកទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី របស់អ្នកមានទៅចែកជូនប្រជាជនក្រីក្រវិញ។ គេនិយាយទៀតថា បើគេឈ្នះឆ្នោតគេនឹងលុបបំណុលទាំងអស់របស់ប្រជាជននៅឯធនាគារ។ ប៉ុន្តែចុងក្រោយនេះកន្ទុយរបស់ក្រុមកឹម សុខា- សម រង្ស៊ី ធ្លាយចេញមកលើគោកតែម្ដងគឺគេឃោសនាថាគុកទួលស្លែងគ្រាន់តែជាគុកសិប្បនិម្មិត ដែលវៀតណាមរៀបចំឡើងគ្រាន់ជាឆាកល្ខោនឃោសនាតែប៉ុណ្ណោះ។ សំដីរបស់កឹម សុខា មួយឃ្លានេះធ្វើឲ្យយើងនឹកឃើញទៅដល់សំដីរបស់នួន ជា ដែលមានតួនាទីជាប្រធានសភា តំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបាននិយាយកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៨០ថា គុកទួលស្លែងគឺគ្រាន់តែជាឆាកល្ខោនដែលវៀតណាមរៀបចំឡើងដើម្បីឃោសនាបង្កាច់បង្ខូចមេដឹកនាំកម្ពុជាប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ឥឡូវនេះកឹមសុខា បាននិយាយការពារទឡ្ហីករណ៍ របស់នួន ជាដោយឥតមានខ្វះចន្លោះឡើយ។ ជាការពិតហើយនរណាក៏ដោយបើហ៊ាននិយាយការពារថា គ្មានការសម្លាប់មនុស្សនៅគុកទួលស្លែងគឺមានន័យស្មើនឹងការទទួលស្គាល់ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺគ្មានការសម្លាប់មនុស្សទេ ហើយវាមានន័យស្មើនឹងការនិយាយប្រឆាំងនឹងប្រជាជនកម្ពុជារាប់លាននាក់ ដែលបានរស់រានឡើងវិញក្រោយថ្ងៃ៧មករា និងជាការនិយាយប្រមាថយ៉ាងអាក្រក់បំផុតទៅដល់វិញ្ញាណក្ខន្ឋប្រជាជនកម្ពុជាដែលបានស្លាប់យ៉ាងអយុត្តិធម៌នៅក្នុងទូទាំងប្រទេស និយាយជារួម និងនៅក្នុងគុកទួលស្លែងនិយាយដោយឡែក។
កឹម សុខា និងបក្ខពួករបស់គាត់ពិតជាបានដឹងថា ទួលស្លែងគឺជាមន្ទីរឧក្រិដ្ឋកម្មដែលមេដឹកនាំកម្ពុជាប្រជាធិបតេយ្យបានបង្កើតឡើងជាកន្លែងធ្វើទារុណកម្មអ្នកទោសយ៉ាងឃោរឃៅ។ លោកកាំងហ្គេចអ៊ាវ ហៅឌុច ដែលជាប្រធានគុកទួលស្លែងកាលពីពេលនោះបានសារភាពនៅក្នុងសវនាការតុលាការកាត់ក្ដីមេដឹកនាំខ្មែរក្រហមរួចហើយ។ កាំងហ្គេចអ៊ាវបានសំដែងការសោកស្ដាយ និង បានទទួលស្គាល់ នូវទង្វើឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលបានកើតឡើងនៅទីនោះ។ កាំងហ្គេចអ៊ាវ ក៏ត្រូវបានតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមផ្ដន្ទាទោសគាត់ឲ្យជាប់ពន្ធនាគារមួយជីវិត។ មានតែ កឹម សុខា ទេមិនទទួលយកការពិតនេះ។ កឹម សុខា អន់ជាង កាំងហ្គេចអ៊ាវឆ្ងាយណាស់។ សំដី កឹម សុខា មួយម៉ាត់នេះផ្ដល់ពិន្ទុយ៉ាងច្រើនឲ្យនួន ជានិងខៀវសំផន ដែលកំពុងត្រូវបានតុលាការបើកសវនាការកាត់ទោសក្នុងសំណុំរឿង០០២។ មិនដឹងថានៅក្នុងបេះដូងកឹម សុខា រំជើបរំជួលប៉ុណ្ណាទេ ប៉ុន្តែសំដីរបស់កឹម សុខា បែបនេះគឺមានន័យថាគាត់កំពុងស្វះស្វែងការពាររបបខ្មែរក្រហម ស្វះស្វែងរកយុត្តិធម៌ឲ្យរបបខ្មែរក្រហម ហើយមិនខ្លាចនឹងបង្កើតរបបខ្មែរក្រហមថ្មីមួយទៀតទេ ប្រសិនបើគាត់មានលទ្ធភាពនៅពេលណាមួយនោះ។
បើគណបក្សសង្គ្រោះជាតិរបស់កឹម សុខា ឈ្នះឆ្នោតរឿងដែលយើងមិននឹកស្មានដល់ជាច្រើនអាចនឹងកើតឡើងយ៉ាងពិតប្រាកដ។ ប៉ុន្តែដំបូងបំផុតពេលនេះកឹម សុខា ត្រូវទៅកាន់ទួលស្លែងដើម្បីសុំទោសដល់ព្រលឹងអ្នកស្លាប់ដើម្បីឲ្យប្រជាជនកម្ពុជាបានស្ងប់ចិត្ត។ ការពិតជាប្រវត្តិសាស្ត្រមួយដែលពិភពលោកបានឃើញ បានឮ បានដឹង យ៉ាងជាក់ស្ដែងបែបនេះទៅហើយ កោតតែលោក កឹម សុខា និយាយភូតកុហកទៅកើត ចុះទម្រាំពាក្យសន្យាខ្យល់ដទៃទៀតតើវានៅឯក្រហែងណាទៅ។ ប៉ុន្តែក្រុមកឹម សុខា មិនមែនចេះតែភូតកុហកគ្រប់រឿងនោះទេ។ រឿងខ្លះគឺគាត់និយាយពិតកុំអាលមើលស្រាលកឹមសុខាឲ្យសោះ…ជាពិសេសគឺការសន្យាដកយកដីធ្លី ទ្រព្យសម្បត្តិពីអ្នកមានឲ្យអ្នកក្រ ការលុបបំណុលរបស់ប្រជាជនដែលជំពាក់ធនាគារ នោះគឺមានន័យស្មើនឹងការលុបបំបាត់ធនាគារចោលតែម្ដង…តើពេលនោះស្រុកទេសនឹងច្របូកច្របល់យ៉ាងណា? តើរបបខ្មែរក្រហមវាមិនកើតឡើងវិញទេឬអី?ពីមុននោះចេះតែសង្ស័យ ចេះតែពិភាល់ក្នុងចិត្ត ឥឡូវនេះច្បាស់ណាស់ ខ្មោចរបបខ្មែរក្រហមកំពុងអង្រួនផ្នូរប្រុងពុះជ្រែកដីចេញមកវិញទៀតហើយ។ ប៉ុន្តែការសម្រេចចិត្តគឺស្ថិតនៅលើប្រជាជនកម្ពុជា។ ខ្មែរក្រហមងាប់បាត់ហើយ។ អ្នកណាចង់គាស់យករបបខ្មែរក្រហមមកហិតឡើងវិញ អ្នកនោះត្រូវតែបរាជ័យ ហើយជីវិតនយោបាយអ្នកនោះគឺចប់សូន្យសុងតែម្ដង!!