Wednesday, 05 June 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រៅពីទទួលរងទុក្ខធំលើខ្លួនឯងធ្លាក់ខ្លួនពិការ និងរស់ជាមួយនឹងជំងឺមិនអាចព្យាបាលបានអស់រយៈពេលជិត៧ឆ្នាំក្រោយពេលខ្មាន់កាំភ្លើងពិឃាតបានលើកដៃបាញ់ប្រហារលើរូបនាងដោយគ្មានត្រាប្រណីនោះនៅពេលនេះទឹកភ្នែករែកទុក្ខកាន់តែហូរនៅពេលដែលម្តាយរបស់នាងក៏ធ្លាក់ខ្លួនឈឺដោយសារជរាពាធនោះ។
ជាមួយនឹងទុក្ខសោកផ្ទួនៗអង្រួនឲ្យជំងឺរបស់នាងកាន់តែដុនដាបនោះ ពៅ បញ្ញាពេជ្រ បាននិយាយរៀបរាប់ទាំងខ្សឹកខ្សួលអួលដើមកកំដរដោយទឹកភ្នែកប្រាប់ដល់ភ្នំពេញ ប៉ុស្តិ៍ និងអ្នកសិល្បៈមួយចំនួនថា នាងពិតជាពិបាកចិត្តរកអ្វីថ្លែងពុំបានឡើយ ដោយសារតែពេលនេះក្តីសង្ឃឹមរបស់នាងថានឹងបានជាសះស្បើយហាក់ដូចជាមិនអាចធ្វើដំណើរទៅដល់ទីគោលដៅបានឡើយ។
តារាចម្រៀងដែលធ្លាប់តែញញឹម បែរប្រែមកជាស្វិតស្រពោនពៅ បញ្ញាពេជ្រ បានឲ្យដឹងថា៖«ដូចបងដឹងស្រាប់ហើយថា កាលដែលខ្ញុំរើអីវ៉ាន់ពីប្រទេសថៃមកស្រុកខ្មែរនេះ ក៏ព្រោះតែខ្ញុំ និងក្រុមគ្រួសារគ្មានលទ្ធភាពបន្តការសម្រាកព្យាបាលនៅទីនោះបានដោយសារតែខ្ញុំត្រូវការចំណាយច្រើនទាំងលើការព្យាបាល និងការរស់នៅដោយជួលផ្ទះគេ និងទិញរបស់របរគ្រប់បែបយ៉ាង។ ខ្ញុំត្រឡប់មកស្រុកខ្មែរនេះ ក៏ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមានឱកាសអាចជាសះស្បើយបាន តែពេលនេះក្តីស្រមៃរបស់ខ្ញុំហាក់រលាយអស់ទៅវិញ»។
ដោយក្តីហត់នឿយចង់ដង្ហក់ តារាចម្រៀងសំឡេងរៃកណ្តឹងរូបនេះបានបន្តថា៖«ខ្ញុំមិនអាចនិយាយបានច្រើននិងអង្គុយបានយូរទេបង វាចេះតែហត់ ថប់ៗ។ ជំងឺរបស់ខ្ញុំបានរើឡើងខ្លាំងនៅពេលនេះ ឥឡូវនេះខ្ញុំមិនអាចសម្រាកនៅផ្ទះបានទេ គឺក្រុមគ្រួសាររបស់ខ្ញុំហ្នឹងបាននាំខ្ញុំមកមន្ទីរពេទ្យ ខេមា ដែលទើបបើកសាខានៅភ្នំពេញ។ អ៊ីចឹងនៅពេលនេះ ខ្ញុំបានជួបនឹងបញ្ហាប្រឈមច្រើន ពិសេសនោះគឺថវិកាសម្រាប់ព្យាបាលតែម្តងព្រោះកាលពីមុនយើងអាចចាក់ថ្នាំធម្មតាៗបាន តែពេលនេះ ចាក់លែងកើតទៀតហើយគឺត្រូវការថ្នាំដែលល្អ អ៊ីចឹងវាមានតម្លៃថ្លៃដែលធ្វើឲ្យយើងគ្មានលទ្ធភាពទៀតទេ គឺមានតែពឹងអាស្រ័យលើសប្បុរសជនជួយតែប៉ុណ្ណោះ»។
ខណៈពេលដែលខ្លួនកំពុងរស់នៅយ៉ាងវេទនាជាមួយនឹងជំងឺដែលកើតឡើងពីការបាញ់ប្រហារយ៉ាងសាហាវកាលពីប្រមាណជិត៧ឆ្នាំមុននោះ នៅពេលនេះ តារារូបនេះកំពុងជួបបញ្ហាទុក្ខជាន់លើទុក្ខដោយសារតែម្តាយរបស់នាងក៏ធ្លាក់ខ្លួនឈឺដែរ ដែលញ៉ាំងឲ្យផ្នែកផ្លូវចិត្តរបស់នាងកាន់តែធ្ងន់ធ្ងរឡើង។
នាងបាននិយាយទាំងអួលដើមកថា៖«នៅពេលនេះ ខ្ញុំនៅពេទ្យតែពីរនាក់ជាមួយនឹងអ្នកថែទាំម្នាក់ បងស្រីរបស់ខ្ញុំបានទៅខេត្តបាត់ហើយ រីឯម្តាយរបស់ខ្ញុំគាត់ឈឺនៅឯផ្ទះមិនបានមកមើលខ្ញុំទេ ព្រោះគាត់ចាស់ហើយ ថ្ងៃម្សិលមិញនេះគាត់ទើបតែរាករូសដាក់សេរ៉ូមចាក់ថ្នាំ។ អ៊ីចឹងហើយបានជាខ្ញុំអស់សង្ឃឹមណាស់ គ្មានក្តីរំពឹងអ្វីទៀតទេមានតែបងថ្លៃខ្ញុំម្នាក់ ឥឡូវគាត់ក៏រវល់ និងមានជំងឺប្រចាំកាយដែរ»។
សម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យខេមា សព្វថ្ងៃនេះ ពៅ បញ្ញាពេជ្រ បានបន្តថា៖«ខ្ញុំក៏ទទួលបានការជួយពីសប្បុរសជននិងមិត្តភក្តិជាសិល្បករដែរ តែមិនច្រើនទេ គឺមានគេជួយម្នាក់បន្តិចៗ អត់មានអ្នកជួយធំដុំគួរជាក្តីសង្ឃឹមទេ។ ដូច្នេះក្នុងឱកាសនេះ ខ្ញុំសូមគោរពទស្សនិកជនទាំងអស់ថា ខ្ញុំ និងក្រុមគ្រួសារគ្មានលទ្ធភាពបន្តការព្យាបាលទៀតទេ គឺមានតែសុំការជួយសង្គ្រោះពីទស្សនិកជន និងមិត្តភក្តិដោយក្តីអនុគ្រោះប៉ុណ្ណោះហើយខ្ញុំក៏សូមអរគុណដល់សប្បុរសជន និងអ្នករួមអាជីពទាំងអស់ដែលបានចំណាយពេល និងថវិកាដើម្បីរួមចំណែកក្នុងការជួយខ្ញុំកន្លងមក»។
គួរបញ្ជាក់ថា ពៅ បញ្ញាពេជ្រ ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ប្រហារយ៉ាងសាហាវកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧ នៅវេលាម៉ោង៦ និង២០នាទីព្រឹកនៅមុខសាលាភាសាបរទេសមួយ ក្បែររបងក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បណ្តាលឲ្យតារារូបនេះទទួលរងរបួសរហូតសព្វថ្ងៃ៕
ជីវិតអើយ ជីវិត .. អាណីតនាង ណាស់ :(
????? បើអាណិតនាងជួយប្រាប់ កែគឹមយ៉ានឲ្យជួយលុយដល់នាងផង ហើយប្រាប់កែគឹមយ៉ានថា បើហ៊ានស៊ីត្រូវហ៊ានសងនោះបានសមនឹងតួនាទីជាអតីតមេទ័ព