ឪពុកម្ដាយ និងអាណាព្យាបាលសិស្សជាច្រើននាក់ នៅខេត្តបាត់ដំបង ទាមទារឲ្យសាលាបង្រៀនភាសាឯកជនមួយ សងប្រាក់ជាច្រើនម៉ឺនដុល្លារទៅឲ្យពួកគាត់វិញ។ សាលាពិភពភាសា (World Language School) ជាសាលាឯកជនថ្មីមួយដែលពុំទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះឡើយ។
ដោយ សួន សុផលមុន្នី
2013-06-07
RFA
សាលាបង្រៀនភាសាបរទេសមួយ ដែលមានឈ្មោះថា សាលាពិភពភាសា មានទីតាំងនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបិទទ្វារឈប់បង្រៀនសិស្សកាលពីល្ងាចថ្ងៃទី៥ ខែមិថុនា ធ្វើឲ្យមានប្រតិកម្មពីមាតាបិតា និងអាណាព្យាបាលសិស្សថា អ្នកគ្រប់គ្រងសាលានេះកំពុងបោកប្រាស់លុយពួកគាត់អស់រាប់ម៉ឺនដុល្លារ។
លាង ចរិយា ត្រូវជាបងស្រី លី ធីតា រស់នៅក្រុងបាត់ដំបង ថ្លែងថា សាលាពិភពភាសា នេះ ដំបូងឡើយបានប្រើយុទ្ធសាស្ត្របញ្ចុះបញ្ចូលមាតាបិតាសិស្សឲ្យបញ្ជូនកូនទៅចុះឈ្មោះចូលរៀន តាមក្រុមការងារទីផ្សារជាច្រើននាក់។ សាលាបានផ្សព្វផ្សាយឲ្យសិស្សចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំទី១ ចំនួន ៧៥នាក់ នឹងបញ្ចុះភាគរយឲ្យពី ៤៧០ដុល្លារ មកនៅត្រឹម ២០០ដុល្លារ។
ឮការផ្សព្វផ្សាយដូច្នេះ ធ្វើឲ្យមាតាបិតាសិស្ស និងអាណាព្យាបាលសិស្សជាច្រើននាក់ នាំកូនទៅចុះឈ្មោះចូលរៀន។
សិស្សម្នាក់ៗបានបង់លុយចំនួន ២០០ដុល្លារដូចគ្នាទៅសាលា ហើយមានចេញវិក្កយបត្របញ្ជាក់យ៉ាងត្រឹមត្រូវ។ សាលារៀននេះបានបើកទ្វារបង្រៀនសិស្សកាលពីដើមខែឧសភា រហូតមកដល់ថ្ងៃទី៥ ខែមិថុនា នេះ ក៏បិទទ្វារទៅវិញ៖ «នាងខ្ញុំចង់បានការដោះស្រាយដោយនាយកសាលាផ្ទាល់ដែលមានបានដាក់លេខទូរស័ព្ទ តាមនាងខ្ញុំឮនោះ គឺអ្នកធ្វើការនោះថានាយកសាលានោះ ឈ្មោះ ឡុង ប៉ូលីន ហើយមានកាន់លេខទូរស័ព្ទ ០៩៦ ៩៩៩៩ ២៧៤ ហើយលេខទូរស័ព្ទនាងខ្ញុំព្យាយាមចុចចូល ប៉ុន្តែគាត់មិនមានការទទួលសោះ។ នាងខ្ញុំសំណូមពរឲ្យសាលាសងសំណងទាំងឡាយ ដែលពួកគាត់បានយកពីសិស្សទៅ។ បើមិនមានការដោះស្រាយទេ នាងខ្ញុំសូមដាក់ពាក្យប្ដឹងបោកប្រាស់របស់សាលា កុំឲ្យពួកគាត់ដើរបោកប្រាស់ទៅអ្នកដទៃទៀត»។
ក្រៅពីនេះ សាលាបានប្រកាសថា ការបញ្ចុះតម្លៃឲ្យសិស្សមកនៅត្រឹម ២០០ដុល្លារ ចំនួន ៧៥នាក់ដំបូងនេះ នឹងបន្ថែមជូនសម្ភារៈសិក្សាមួយឈុត ឯកសណ្ឋានមួឈុត សេវាដឹកជូនអត់គិតថ្លៃ និងសិក្សាមួយមុខថែមជូនមុខទៀត។ ប៉ុន្តែ ការផ្សព្វផ្សាយទាំងនេះ គឺសាលារៀនពុំបានផ្ដល់ជូនសិស្សទាំងអស់នោះឡើយ។
អាណាព្យាបាលសិស្សម្នាក់ទៀត បញ្ជាក់ថា ការឆបោករបស់សាលា បានធ្វើឲ្យពួកគាត់មានការខឹងជាខ្លាំង៖ «ខ្ញុំថាឲ្យកូនកុំបង់អី សាលាអីក៏ជូនឡានផងមួយឆ្នាំប៉ុណ្ណឹង ហើយគេថា គ្រូបង្រៀនសុទ្ធតែជនជាតិគេហ្នឹង គេមកដល់តូបលក់ដូរប្រាប់ខ្ញុំ គេមិនបោកទេម៉ែ ជឿទៅបង់លុយអស់ ៤០០ដុល្លារ កូនពីរនាក់ ធំហើយចៅខ្ញុំទៅរៀនភាសាចិន»។
សាលាពិភពភាសា នេះ ក្រោយពីបានបិទទ្វារ ឥឡូវនេះកំពុងបន្តធ្វើសកម្មភាពដើរឆបោកលុយពីមាតាបិតា និងអាណាព្យាបាលសិស្សនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បន្តទៀត។
អតីតនិស្សិតដែលបានដាក់ពាក្យចូលបម្រើការងារផ្នែកទីផ្សារ បញ្ជាក់ថា សាលាពិភពភាសា នេះ ក្រៅពីបោកប្រាស់អាណាព្យាបាលសិស្ស នៅមានការឆបោកបុគ្គលិករបស់ខ្លួនថែមទៀត។ សាលានេះបានផ្សព្វផ្សាយក្នុងខិត្តប័ណ្ណត្រូវការជ្រើសរើសបុគ្គលិក ដោយប្រកាសឲ្យប្រាក់ខែ ២៥០ ទៅ ២៧០ដុល្លារ ហើយអ្នកដែលចង់ធ្វើការ ត្រូវចំណាយលុយ ១ដុល្លារ ដើម្បីទិញពាក្យដាក់ចូលធ្វើការងារ ដោយកំណត់ថា អ្នកណាម្នាក់ជ្រើសរើសសិស្សចូលរៀនបាន ៥នាក់នោះ សាលានឹងយកធ្វើបុគ្គលិកពេញសិទ្ធិ៖ «ក្នុងសិស្ស គេយក ២០០ដុល្លារ។ ខ្ញុំបានក្រៅ ១៥ដុល្លារពីរនាក់ គ្នាខ្ញុំរកបានសិស្ស ២នាក់ ខ្ញុំម្នាក់ មិត្តភក្ដិខ្ញុំម្នាក់ គេកំណត់ឲ្យខ្ញុំទៅជួបគេតាំងពីថ្ងៃទី២៥ ទៅបើកលុយ។ ខ្ញុំទៅថ្ងៃទី២៥ ហ្នឹង គេថាមេអត់នៅ មេទៅសំឡូត។ ដល់ពេលម្សិលមិញ ខ្ញុំទៅទៀត គេថាមេរត់ទៅណាអស់ហើយ ខ្ញុំក៏ឆ្ងល់ អុំអ្នកបើកឡានថា ពួកគេរត់អស់ហើយ»។
និស្សិតជិត ២០០នាក់ បានដាក់ពាក្យបម្រើការផ្នែកទីផ្សារឲ្យសាលាពិភពភាសា នេះ ប៉ុន្តែអ្នកខ្លះក្នុងចំណោមអ្នកទាំងនោះ បានឈប់ធ្វើការវិញក្រោយពីដឹងថា សាលានេះកំពុងឆបោកពួកគាត់។
វិទ្យុអាស៊ីសេរី បានទូរស័ព្ទទៅលោក ឡុង ប៉ូលីន ដែលគេអះអាងថាជានាយកសាលានោះជាច្រើនលើក ប៉ុន្តែទូរស័ព្ទរោទ៍ពុំមានអ្នកទទួល។ ចំណែកលេខទូរស័ព្ទជាច្រើនខ្សែទៀត ដែលបានផ្សព្វផ្សាយនៅក្នុងខិត្តប័ណ្ណនោះ មិនអាចទាក់ទងបានទាំងអស់។
ប្រធានមន្ទីរអប់រំខេត្តបាត់ដំបង លោក ងី សែត បញ្ជក់ថា សាលាពិភពភាសា នេះ បានបើកបង្រៀនសិស្សដោយពុំមានច្បាប់អនុញ្ញាតនោះឡើយ៖ «សាលាហ្នឹងគាត់កំពុងរត់ច្បាប់ទៅខេត្ត គាត់ដាក់ច្បាប់ទៅនាយកសាលាហ្នឹង គាត់សុំដូរចេញពីសាលាហ្នឹងវិញ ហើយគាត់ប្រគល់សាលាហ្នឹងឲ្យទៅនាយករង ហើយគាត់មកជួបខ្ញុំ ខ្ញុំថា បើច្បាប់វាមិនទាន់ចេញទេ អ៊ីចឹងឲ្យគាត់ទៅដូរច្បាប់ហ្នឹងនៅសាលាខេត្តទៅ ហើយដាក់ឲ្យចំឈ្មោះមក អ្នកណាគេអ្នកបើកឲ្យអ្នកហ្នឹងទទួលខុសត្រូវ ខ្ញុំក៏ណែនាំអ៊ីចឹងទៅ។ ឥឡូវថាបិទទ្វារបាត់ហើយ»។
លោកបន្តថា មន្ទីរអប់រំមិនអាចមានវិធានការអ្វីនោះទេ ដោយសារតែសាលារៀននេះជាសាលាឯកជន ពុំទាន់មានច្បាប់អនុញ្ញាត ហើយមន្ទីរអប់រំចាត់ទុកថា ករណីនេះជាការឆបោក។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី ដែលមានកូនស្រីរងគ្រោះខាតបង់ថវិកាដែរនោះ ថ្លែងថា ទឹកប្រាក់ដែលសាលាពិភពភាសា បានប្រមូលពីអាណាព្យាបាលសិស្សមានចំនួនរាប់ម៉ឺនដុល្លារ៖ «តាមរយៈនៃការផ្សព្វផ្សាយសំឡេងវិទ្យុអាស៊ីសេរី នេះ យើងសង្ឃឹមថា អាជ្ញាធរក៏ដូចជាសមត្ថកិច្ចដែរ នឹងបានឮ ចុះធ្វើការអង្កេតករណីនេះសម្រាប់ជនរងគ្រោះ។ យើងរង់ចាំកិច្ចសហការផ្ដល់រាល់ឯកសារ និងព័ត៌មានទាំងអស់ដល់អាជ្ញាធរ ពីព្រោះបទល្មើសព្រហ្មទណ្ឌដែលកើតមានឡើងហើយ គឺសមត្ថកិច្ចលោកត្រូវតែធ្វើ ហើយក្នុងនាមជនរងគ្រោះ យើងរង់ចាំសហការគ្រប់ពេលវេលា»។
លោកបន្តថា សាលារៀនពុំទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវតាមផ្លូវច្បាប់។ ហើយតាមគោលការណ៍ច្បាប់ គេមិនអនុញ្ញាតឲ្យធ្វើសកម្មភាព និងមិនអនុញ្ញាតឲ្យផ្សព្វផ្សាយតាមទីសាធារណៈនោះទេ។ ប៉ុន្តែ សាលានេះបានអនុវត្តផ្ទុយពីគោលការណ៍ច្បាប់។ ការលើកដាក់តាំងផ្លាក និងការបញ្ជូនបុគ្គលិកធ្វើសកម្មភាពផ្សព្វផ្សាយនៅតាមទីសាធារណៈនោះ លោកចាត់ទុកថាជាបញ្ហាមួយដែលតម្រូវឲ្យក្រសួង និងមន្ទីរជាអាណាព្យាបាល ត្រូវពិនិត្យឡើងវិញ កុំឲ្យជនខិលខូចធ្វើសកម្មភាពដែលនាំទៅរកផលប៉ះពាល់ដល់គុណភាពអប់រំរបស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
June 8, 2013 at 11:55 am កសិករមកពីខេត្តកណ្តាល រាប់ពាន់នាក់ បានស្វាគមន៏យ៉ាងកក់ក្តៅ ចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសដកហូតដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុន ឧកញា ឌី ប៉ូ មកចែកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ បងប្អូនប្រជាពលរដ្ឋទាំងអស់ បានសំដែងនូវការសប្បាយរីករាយ ព្រមទាំងសន្យាគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា!!!!!!! ទេវតាពិតជាមានភ្នែកមែន! ទេវតាពិតជាចុះមកជួយមែន!
Khmer Family
says:
June 8, 2013 at 11:56 am ឡា ឡា ឡា ឡា ឡា មកហើយតើ! ហា ហា ហា ថ្ងៃស្អែកនេះ កូនបាតុកម្មគ្រប់ទីកន្លែងទូទាំងប្រទេស មិនក្រោម ៥០០.០០០ នាក់ទេ នឹងស្វាគមន៏ កឹម សុខា យកល្អថែមអង្គរក្សអោយបានច្រើនជាងនេះបន្ថែមទៀត ក្រែងលោសមត្ថកិច្ចគាត់ទប់ទល់មិនជាប់
.
ជិតបោះឆ្នោតហើយទើបធ្វើឯងចិត្តល្អដកហូតដីពិក្រុមហ៊ុនអោយប្រជាជនសប្បាយចិត្ត ពីយូរមកម៉េចមិនធ្វើចឹងដែរទៅ ចាំដល់ពេលជាប់ឆ្នោតហើយប្រាកដជារឹបអូសដី ប្រជាជនទៀតហើយមើល៏ទៅ ល្អបានតែពេលមុនបោះឆ្នោត ហាសហាស!! ទង្វើររបៀបនេះមានប៉ុន្មានអាណត្តិគេមិនដឹង មានតែអា K.Family ទេដែលគ្រួសារវាបានសុខទៅហើយ ដូច្នេះវាមិនខ្វល់ពីអ្នករងគ្រោះឡើយ វានិយាយតែពីអ្នកបានសុខស្រាប់ វានិយាយតែរឿងល្អ រឿងអាក្រក់វាធ្វើមិនដឹង
អាក្មេងល្ងង់របស់បងអ៊ើយ!អញធ្លាប់និយាយអាក្រក់ពីមន្រ្តីរាជរដ្ឋាភិបាលដែលធ្វើអាក្រក់ដែរតើ!អាក្មេងល្ងង់ឯងទើបតែចេញមកពិណា បានជាមិនដែលស្គាល់និងអានសំណេររបស់បង?