នាយករដ្ឋមន្ត្រី​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​អន្តរាគមន៍​កម្មករ​បាតុកម្ម

សង្គម​ស៊ីវិល និង​សហជីព​ក្នុង​វិស័យ​កាត់​ដេរ បាន​សង្កេត​ឃើញ​ថា នៅ​ឆ្នាំ​២០១៣ នេះ កម្មករ​វិស័យ​កាត់​ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង បាន​ធ្វើ​ការ​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល និង​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​ទៅ​ថៅកែ​រោងចក្រ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន។

 

ដោយ ខែ សុណង
2013-06-19
RFA


ស្តាប់សំឡេង ថតសំឡេង

កម្មករ​បិទ​ផ្លូវ ខេត្ត​កណ្ដាល ៣០៥

កម្មករ​រោងចក្រ​ស្បែក​ជើង​មែកណេតធ៍ ហ៊្វូតវែរ (Magnate Foot Wear) សាខា​ទី១ ធ្វើ​កូដកម្ម​បិទ​ផ្លូវ នា​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៣។ RFA/Ouk Savborey

 

ការ​តវ៉ា​របស់​កម្មករ​នេះ​ទៀត​សោត ក្រៅ​ពី​កូដកម្ម​មិន​ចូល​ធ្វើ​ការ​នោះ ពួក​គាត់​បាន​ឈាន​ទៅ​ដល់​ការ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ទៀត​ផង។ ទាក់ទង​ករណី​នេះ រដ្ឋាភិបាល​បាន​ណែនាំ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់​ថ្នាក់ ឲ្យ​ចាត់​វិធាន​ការ និង​ចុះ​អន្តរាគមន៍​ជា​បន្ទាន់​ដើម្បី​ទប់ស្កាត់។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ការពារ​រោងចក្រ សហគ្រាស ដែល​មាន​ទីតាំង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ជៀសវាង​នូវ​ការ​ធ្វើ​កូដកម្ម បាតុកម្ម ដែល​អាច​ប៉ះពាល់​ដល់​ការ​វិនិយោគ។ លោក​ចាត់​ទុក​ថា ការ​វិនិយោគ​លើ​វិស័យ​កាត់​ដេរ គឺ​ជា​ឆ្នាំង​បាយ​របស់​កម្មករ។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​វិទ្យាល័យ​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ថ្ងៃ​ទី១៩ មិថុនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​សរសើរ​ពី​ផល​ចំណេញ​មក​ដល់​ពលរដ្ឋ​ដែល​បាន​មក​ពី​ការ​វិនិយោគ​របស់​បរទេស និង​អ្នក​វិនិយោគ​នៅ​ក្នុង​ស្រុក ដែល​បច្ចុប្បន្ន​ទំហំ​នៃ​ការ​នាំ​ចេញ​កំពុង​មាន​កំណើន​នោះ។ ទន្ទឹម​នឹង​គ្នា​នេះ លោក​បាន​ណែនាំ​ឲ្យ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ចុះ​អន្តរាគមន៍​ជា​បន្ទាន់ ដែល​លោក​បាន​ថ្លែង​ចំ​ទៅ​លើ​មន្ត្រី​អាជ្ញាធរ​ស្រុក​អង្គស្នួល ដែល​តំបន់​នោះ​សម្បូរ​ទៅ​ដោយ​រោងចក្រ​សហគ្រាស។

ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​និយាយ​បែប​នេះ​មិន​បាន​សំដៅ​ឲ្យ​ភាគី​រោងចក្រ​ធ្វើ​ការ​គាប​សង្កត់​កម្មករ​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​២០១៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ​មួយ ស្ដីពី​ការ​ប្រគល់​ភារកិច្ច​ជូន​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត ជួយ​សម្រប​សម្រួល​ការ​គ្រប់គ្រង​រោងចក្រ សហគ្រាស ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​រាជធានី​ខេត្ត។ សារាចរ​ណែនាំ​នេះ មាន​ចំនួន ៥​ចំណុច ដែល​សំដៅ​ឲ្យ​អភិបាល​រាជធានី​ខេត្ត ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល គាំទ្រ​ដល់​រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុង​ដំណើរ​ការ​ផលិតកម្ម​អាជីវកម្ម​នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន។ អាជ្ញាធរ​រាជធានី​ខេត្ត មាន​សិទ្ធិ​អញ្ជើញ​នាយក​រោងចក្រ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​វិវាទ និង​ក្នុង​ករណី​មាន​វិវាទ​ការងារ កូដកម្ម ឬ​បាតុកម្ម អភិបាល​រាជធានី​ខេត្ត ត្រូវ​ចាត់​វិធាន​ការ​ដោះស្រាយ​តាម​បទប្បញ្ញត្តិ​ជា​ធរមាន ឬ​ជា​ពិសេស​តាម​បទ​បញ្ជា​លេខ​០៣ ស្ដីពី​ការ​រក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​តាម​តំបន់​រោងចក្រ សហគ្រាស និង​តំបន់​ឧស្សាហកម្ម។

យ៉ាង​នេះ​ក្ដី មន្ត្រី​សហជីព បាន​សាទរ​ចំពោះ​សារាចរ​របស់​រដ្ឋាភិបាល​នេះ។ ប៉ុន្តែ​មាន​ការ​ស្នើ​សុំ​ដើម្បី​កែលំអ​ចំណុច​ខ្លះ។

ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ លោក ជួន មុំថុល បាន​គាំទ្រ​ថា សារាចរ​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដល់​កម្មករ ប៉ុន្តែ​កន្លង​មក​លោក​បាន​កត់​សម្គាល់​ឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន​ហាក់​មាន​ភាព​អសកម្ម ដោយ​យល់​ថា​ពុំ​មែន​ជា​បញ្ហា​អាទិភាព​របស់​ខ្លួន ដែល​បណ្ដាល​ឲ្យ​កម្មករ​តវ៉ា​កាន់​តែ​មាន​ទ្រង់ទ្រាយ​ធំ​ឡើង។

ទាក់ទង​បញ្ហា​នេះ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី បាន​សង្កេត​ឃើញ​ថា អាជ្ញាធរ​ដែនដី​នៅ​ពុំ​មាន​ភាព​ឯករាជ្យ​នោះ​ទេ ហើយ​មាន​ភាព​លំអៀង នៅ​ពេល​ដែល​កម្មករ​កម្មការិនី​មាន​កូដកម្ម​បាតុកម្ម​ផ្ទុះ​ឡើង ដែល​លោក​អាច​និយាយ​បាន​ថា មាន​ការ​ចរចា​ថវិកា​ជាមួយ​ភាគី​រោងចក្រ ដើម្បី​បង្ក្រាប​កម្មករ​ជា​ជាង​ស្វែង​យល់​ពី​បញ្ហា​ដែល​នាំ​ឲ្យ​កម្មករ​តវ៉ា។

កាល​ពី​សប្ដាហ៍​មុន កម្មករ​កម្មការិនី​រោងចក្រ​សាប៊្រីណា (Sabrina) បាន​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ដើម្បី​សុំ​ដំឡើង​ប្រាក់​ឈ្នួល និង​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​ទៅ​ថៅកែ​រោងចក្រ ហើយ​បាន​ប៉ះ​ទង្គិច​ជាមួយ​អាជ្ញាធរ។

កម្មការិនី ខេង ម៉ៅ ដែល​បាន​ចូលរួម​ធ្វើ​បាតុកម្ម បាន​អះអាង​ថា អាជ្ញាធរ​ដែល​ចុះ​ទៅ​ភាគ​ច្រើន គឺ​បាន​ត្រឹម​តែ​បង្ក្រាប​កម្មករ​ប៉ុណ្ណោះ មិន​បាន​ជួយ​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា បាន​ចាត់​ទុក​ថា សារាចរ​របស់​រដ្ឋាភិបាល គឺ​ជា​សញ្ញា​មួយ​ល្អ​ដល់​កម្មករ។ លោក​មាន​ប្រសាសន៍​ថា ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ដែល​នាំ​ឲ្យ​កម្មករ​នៅ​តែ​តវ៉ា​នោះ គឺ​ដោយសារ​តែ​បញ្ហា​ប្រាក់​ឈ្នួល​ទាប ដែល​មិន​ទាន់​ធានា​ឲ្យ​កម្មករ​រស់នៅ​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ​នៅ​ឡើយ។ លោក​បន្ត​ថា អាជ្ញាធរ​មាន​តួនាទី​ជំរុញ​ឲ្យ​ភាគី​កម្មករ និង​រោងចក្រ​ចរចា​គ្នា​ដើម្បី​រក​ដំណោះស្រាយ។

សហជីព​សេរី​កម្មករ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៣ មាន​កូដកម្ម បាតុកម្ម​ជិត ១០០​លើក ដោយ​ឡែក​ក្នុង​រោងចក្រ​ក្នុង​មួយ​ខែ​អាច​មាន​កូដកម្ម​ដល់​ទៅ ៥​ដង​ក៏​មាន។ កម្មករ​ធ្វើ​ការ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង​មាន​ប្រមាណ ៧០​ម៉ឺន​នាក់។ ចំណែក​រោងចក្រ​នៅ​កម្ពុជា មាន​ជាង ៦០០​រោងចក្រ​សហគ្រាស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

One Response to "នាយករដ្ឋមន្ត្រី​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​អន្តរាគមន៍​កម្មករ​បាតុកម្ម"

  1. Strey Khmer says:

    For example, U.S. government has law that the companies must pay $ 7.50 per hour to the workers. If any companies pay below than $7.50 per hour, they must against with the law and face in big trouble.
    And also, Obama will pass the law in Jan 1st,2014, that the full time worker who works over
    30 hour a week, the companies must pay the free medical for them. It means when the workers get sick the company must pay all the cost in the Hospital for them.
    !
    When Hun Sen going to have the law which is very necessary treatment care for your workers?
    Why Hun Sen made law against with Kem Sokha only one week, and he lack ability to make
    the important law for the worker?