គង់ សុឋានរិទ្ធ
16 កក្កដា 2013
វីអូអេខ្មែរ
លោកទេព នីថា អគ្គលេខាធិការគ.ជ.ប.ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅស្នាក់ការគណៈកម្មធិការរៀបចំការបោះឆ្នោត។
ភ្នំពេញ — គណបក្សសង្រ្គោះជាតិ នៅថ្ងៃអង្គារនេះ បានរៀបចំសំណើបេក្ខភាពលោក សម រង្ស៊ី ជាបេក្ខជនតំណាងរាស្ដ្រប្រចាំមណ្ឌលខេត្តកណ្តាលសម្រាប់ដាក់ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិចារណាដាក់បញ្ចូលជាផ្លូវការក្នុងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ដ្រ។ នេះបើតាមការឲ្យដឹងរបស់មន្ត្រីជាន់ខ្ពស់របស់គណបក្សជំទាស់។
លោកសម រង្ស៊ីគឺជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សសង្រ្គោះជាតិ ដែលនឹងត្រូវប្រកួតប្រជែងដោយផ្ទាល់ជាមួយបេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោកហ៊ុន សែន ដែលកាន់អំណាចយូរមកពីគណបក្សប្រជាជនកម្ពុជា។
លោកយឹម សុវណ្ណ អ្នកនាំពាក្យ និងជាបេក្ខជនតំណាងរាស្ដ្ររបស់គណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គណបក្សរបស់លោកគ្រោងនឹងបញ្ជូនសំណើនោះទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)នៅថ្ងៃនេះ។
លោកនិយាយថា៖ «ស្នើទៅឯកឧត្តមអ៊ឹម សួស្តី ដើម្បីដាក់ឈ្មោះឯកឧត្តមសម រង្ស៊ីចូលក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយនិងបញ្ជីអ្នកតំណាងរាស្ដ្រនៅក្នុងខេត្តកណ្តាលដើម្បីបើកផ្លូវឲ្យឯកឧត្តមបានឈរជាបេក្ខជនតំណាងរាស្ដ្រក្នុងខេត្តកណ្តាល»។
សំណើនេះធ្វើឡើងបីថ្ងៃប៉ុណ្ណោះមុននឹងប្រធានគណបក្សសង្រ្គោះជាតិត្រូវត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ក្រោយពីនិរទេសខ្លួនអស់រយៈពេលបួនឆ្នាំ ដោយសារការផ្តន្ទាទោសដោយតុលាការខ្មែរនិងក្រោយពីព្រះមហាក្សត្រទ្រង់ព្រះរាជទានការលើកលែងទោសដល់រូបលោក។
លោកទេព នីថា អគ្គលេខាធិការគ.ជ.ប.មានប្រសាសន៍ថា រហូតមកទល់នឹងល្ងាចថ្ងៃអង្គារនេះ គ.ជ.ប.មិនទាន់បានទទួលសំណើណាមួយពីគណបក្សសង្គ្រោះជាតិទាក់ទិននឹងសំណើដាក់បេក្ខជនលោកសម រង្ស៊ីនោះទេ។
មន្ត្រីគ.ជ.ប.ដដែលបញ្ជាក់ថា ទោះជាយ៉ាងណាមិនមានច្រកណាមួយសម្រាប់បើកផ្លូវឲ្យលោកសម រង្ស៊ីឈរឈ្មោះនោះទេ។
លោកឲ្យដឹងថា៖ «យើងអត់បានទទួលលិខិតនេះទេ។ ដូចខ្ញុំជម្រាបអញ្ចឹង តាមផ្លូវច្បាប់ គ.ជ.ប.គ្មានសមត្ថកិច្ចអីទៅសម្រេចរឿងនេះទេ ព្រោះថា ការចុះឈ្មោះបោះឆ្នោតចប់ហើយ។ ការចុះបញ្ជីគណបក្សនយោបាយក៏ចប់អស់ហើយ ហើយក៏អត់មានច្បាប់ណាអនុញ្ញាតឲ្យសើរើឬចុះបន្ថែមទេ»។
លោកសម រង្ស៊ីត្រូវបានតុលាការខ្មែរកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលជាង១១ឆ្នាំពីបទដកតម្រុយបង្គ្រោលព្រំដែនលេខ១៨៥នៅស្រុកចន្ទ្រាខេត្តស្វាយរៀង និងផ្សព្វផ្សាយព័ត៌មានមិនពិត និងក្លែងឯកសារសារធារណៈ។ ហើយលោកបាននិរទេសខ្លួនដើម្បីគេចពីការចាប់ដាក់ពន្ធនាគារដោយអាជ្ញាធរខ្មែរចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ។
ការដាក់ទោសនេះត្រូវក្រុមមន្ត្រីសង្គមស៊ីវិលហៅថា គឺជាការផ្តន្ទាទោសដោយសារមូលហេតុនយោបាយ។
ប៉ុន្តែព្រះមហាក្សត្រសម្តេចព្រះបរមនាថនរោត្តម សីហមុនី បានលើកលែងទោសលោកសម រង្ស៊ី កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីមានសំណើពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
សហគមន៍អន្តរជាតិ មានបារាំង ជប៉ុន អាមេរិក អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានស្វាគមន៍ការលើកលែងទោសនេះ។
ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិកបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាបង្កបរិយាកាសសុវត្ថិភាពដល់ការវិលត្រឡប់របស់លោកសម រង្ស៊ី ព្រមទាំងអនុញ្ញាតឲ្យរូបលោកចូលរួមការបោះឆ្នោតវិញបាន។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលុបឈ្មោះលោកសម រង្ស៊ីចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតនិងបានដកហូតសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ដ្រ ដោយសារតែពិរុទ្ធភាពរបស់លោក។
លោកបណ្ឌិតឡៅ ម៉ុងហៃ សាស្ត្រាចារ្យច្បាប់ និងជាអ្នកវិភាគនយោបាយឯករាជ្យ មានប្រសាសន៍ថា គ.ជ.ប.អាចចុះឈ្មោះបេក្ខជនតំណាងរាស្ដ្រឲ្យលោកសម រង្ស៊ីឡើងវិញបានដោយគ្រាន់តែយោងតាមមូលដ្ឋាននៃគោលការណ៍លើកលែងទោសដោយព្រះមហាក្សត្រ និងស្មារតីដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌៕




https://www.youtube.com/watch?v=-3JlcVIGl2k
លេខ ៤ នាំយួនចូលស្រុកជា រឿងពិត
គួរពន្យល់ផងដែរថា ហេតុអីបានជា គជប ទិញឡានថ្មីតែរហូតរាល់ពេលបោះឆ្នោតម្តងៗ ដូចជា សំ សាវុធ ដែលរស់នៅជិតផ្សារតាប៉ាង យកឡានគជប ថ្មីច្រឺង មកប្រើជាឯកជនយ៉ាងអនាធិបតេយ្យ។ គិតទៅស្រូលដែរឡាន គជប ទញឲ្យ សាំង គជប បើកឲ្យ តែយកមកទុកនៅផ្ទះដឹកប្រពន្ធ កូន និង ស្រីដើរលេងយ៉ាងរំភើយ។
វានៅតែសូញសាញអញ្ចឹងហើយ ពីព្រោះអីគជប ជាឆ្កែរបំរើរបស់ស៊ីភីភីតើ? ចាំបាច់ឆ្ងល់
អី បើយកដំបងសំពងទៅលើម្ចាស់វាទើប អាពួកនេះវា ថា O.K យ៉ាងលឿន ។
ច្រកគឺមានតែមួយគឺអនុម័តច្បាប់បន្ថែមស្តីពីការបោះឆ្នោត ឬចុះឈ្មោះបោះឆ្នោតទៅគឺបានទៅហើយ ។
អាគណៈកម្មាធិការបោះឆ្នោតណឹង បើលុបឈ្មោះគេពូកែណាស់
ដល់គេទាមទាឱ្យដាក់ឈ្មោះវិញ វាថាអត់មានច្បាប់នេះអត់មានច្បាប់នោះ
ដូចអាតុលាការស្រុកខ្មែរចឹង សុទ្ធតែគេត្រូវជាប់គុកប៉ុណ្ណេះៗឆ្នាំ
ដល់មហាអំណាចគេចង់ផ្ដាច់ជំនួយ បានវាវារជើងបួនវេស្រវេស្រវ៉ាជិតធ្លាក់អណ្ដាត !