គណបក្ស​សង្គ្រោះ​ជាតិ ពិភាក្សា​រឿង​ស្នើ​ចុះឈ្មោះលោក សម រង្ស៊ី ជា​បេក្ខជន​តំណាងរាស្ត្រ​ នៅមណ្ឌល ខេត្តកណ្តាល

ថ្ងៃទី 16 កក្កដា 2013
ដោយ: មុនី​រាជ​
CEN

 

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​គណបក្សសង្គ្រោះ​ជាតិ កំពុងតែ​ធ្វើ​គិតគូរ​អំពី​បញ្ហា​ស្នើសុំ​ចុះឈ្មោះ​លោក សម រង្ស៊ី ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ដែល​ទទួលបាន​ការលើក​លែង​ទោស​ពី​ព្រះមហាក្សត្រ នៅក្នុង​បញ្ជី​បោះឆ្នោត និង​បេក្ខជន​តំណាងរាស្ត្រ ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​) ដើម្បី​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប បាន​អះអាងថា មិនអាច​ធ្វើទៅ​រួច​ទេ​។

​លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ  និង​ជា​អ្នកនាំពាក្យ​គណបក្ស សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍ កាលពី​រសៀល ថ្ងៃទី​១៦ ខែកក្កដា ថា គណបក្ស​កំពុងតែធ្វើការ​នៅលើ​រឿង​ស្នើសុំ​បញ្ចូល​ឈ្មោះ​លោក សម រង្ស៊ី នៅក្នុង​បញ្ជី បេក្ខជន តំណាងរាស្ត្រ និង​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​។​ តាមគម្រោង លោកសមរង្ស៊ី នឹង​ត្រូវ​បញ្ចូល​ក្នុង​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ នៅមណ្ឌល ខេត្តកណ្តាល។

​លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា “​គណបក្ស​កំពុងតែ​នាំគ្នា​គិតគូរ​អំពី​បញ្ហា​ហ្នឹង។ ឥឡូវ​កំពុងតែធ្វើការ​ងារ​ហ្នឹង​”​។​

​ចំណែក​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​មានប្រសាសន៍ថា ជាទូទៅ​ តាមច្បាប់​បោះឆ្នោត​ ជា​ធរមាន គឺ​ពុំមាន​កន្លែង​ណា​បញ្ចូល​ឈ្មោះ​លោក សម រង្ស៊ី បាន​នៅពេលនេះ​ទេ​។ ពីព្រោះថា ច្បាប់បោះឆ្នោត​បើក​កាលណា​លុប​ចេញពី​បញ្ជី​បោះឆ្នោត​ហើយ គឺ​រហូត​ទៅដល់​ការចុះឈ្មោះ​ថ្មី ទើប​អាច​ចុះឈ្មោះ​បាន​។ ហើយ​ការបោះឆ្នោត​ឆ្នាំ​២០១៣​នេះ គ​.​ជ​.​ប ចុះឈ្មោះ​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២ បញ្ជី​បោះឆ្នោត​ត្រូវបាន គ​.​ជ​.​ប ផ្តល់​សុពលភាព​ហើយ​។ ហើយ​បញ្ជី​បោះឆ្នោត នេះ​តាមច្បាប់​បោះឆ្នោត​ មិនអាច​កែប្រែ​បានទេ​។​

​អគ្គលេខាធិការ គ​.​ជ​.​ប បាន​បញ្ជាក់ថា “​ដើម្បី​ចុះឈ្មោះ​បាន​ សម្រាប់​ការបោះឆ្នោត​២០១៣​នេះ គឺ​មិនអាច​ចុះ​កើត​ទេ រហូតដល់​ចុងឆ្នាំ​២០១៣ ដែល យើង​ត្រូវ​ចុះឈ្មោះ​ប្រចាំឆ្នាំ​ពី​ខែតុលា ទើប​អាច​ចុះឈ្មោះ​បាន មានន័យថា ក្រោយ​ការបោះឆ្នោត យើង​ពុំមាន​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​ចុះឈ្មោះ នៅ​ពាក់កណ្តាល​ទី​នៅពេល​បោះឆ្នោត​បានទេ​”​។​

​សូមជម្រាបថា លោក សម រង្ស៊ី ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត និង​ជាពិសេស ​គឺ​លោក សម រង្ស៊ី មិន​ត្រូវបាន​គណបក្ស សង្គ្រោះ​ជាតិ ​ដាក់ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ នៅក្នុង​បញ្ជី​ឈ្មោះ បេក្ខជន សំរាប់​ការចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ នោះទេ​៕​

 

What Next?

Recent Articles

One Response to "គណបក្ស​សង្គ្រោះ​ជាតិ ពិភាក្សា​រឿង​ស្នើ​ចុះឈ្មោះលោក សម រង្ស៊ី ជា​បេក្ខជន​តំណាងរាស្ត្រ​ នៅមណ្ឌល ខេត្តកណ្តាល"

  1. a says:

    https://www.youtube.com/watch?v=-3JlcVIGl2k
    លេខ ៤ នាំយួនចូលស្រុកជា រឿងពិត