អង្គការ​អន្តរជាតិ​ផ្ញើ​លិខិត​ចំហ​ជូន​លោក ហ៊ុន សែន ទាក់ទង​សេរីភាព​បញ្ចេញ​មតិ

ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​សម្រាប់​នីតិកាល​ទី៥ ដែល​ខិត​ជិត​មក​ដល់ មាន​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​នៅ​តំបន់​អាស៊ី ជាង ៥០​ប្រទេស សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នយោបាយ ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា។ អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ទទូច​ទាមទារ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៥​ចំណុច​សំខាន់ៗ ដើម្បី​ធានា​ឱ្យ​ការ​បោះឆ្នោត​មាន​លក្ខណៈ​សេរី។

 

ដោយ ឡេង ម៉ាលី
2013-07-16
RFA

អង្គការ​សង្គម​ស៊ីវិល​អាស៊ាន ៦១០
អង្គការ​សង្គម​ស៊ីវិល​អាស៊ាន​ចំនួន ៥២ មក​ពី ១៥​ប្រទេស ផ្ញើ​លិខិត​ចំហ​មួយ​ច្បាប់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី១៦ ខែ​កក្កដា ឆ្នាំ​២០១៣។ Open Letter Screenshot

អង្គការ​សង្គម​ស៊ីវិល​អាស៊ាន​ចំនួន ៥២ មក​ពី ១៥​ប្រទេស ផ្ញើ​លិខិត​ចំហ​មួយ​ច្បាប់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី១៦ ខែ​កក្កដា ឆ្នាំ​២០១៣។ លិខិត​ចំហ​សរសេរ​ថា អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ បាន​ស្វាគមន៍​ចំពោះ​ការ​ដក​បម្រាម​ថ្ងៃ​ទី២១ មិថុនា ដែល​មិន​ឱ្យ​ផ្សាយ​កម្មវិធី​បន្ត​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ពី​គ្រប់​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​វិញ។

ក៏ប៉ុន្តែ អង្គការ​ទាំង​នេះ​នៅ​តែ​ព្រួយ​បារម្ភ​ដែល​រដ្ឋាភិបាល​ប៉ុនប៉ង​កម្រិត​សេរីភាព​ក្នុង​ការ​ប្រកាន់​មតិ និង​ការ​បញ្ចេញ​មតិ​នៅ​មុន​ពេល​បោះឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ ជា​ពិសេស គឺ​ការ​ហាម​ផ្សាយ​អំពី​មតិ​យោបល់ ការ​ស្ទាបស្ទង់ និង​លទ្ធផល​បោះឆ្នោត​នៅ​មុន​ថ្ងៃ​បោះឆ្នោត។ បម្រាម​នេះ​បង្ហាញ​ពី​ការ​ប៉ុនប៉ង​រឹតត្បិត​មតិ​យោបល់​ទិតៀន ឬ​ប្រឆាំង​រដ្ឋាភិបាល ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល​គ្រប់គ្រង​គ្រប់​ស្ថានីយ​ទូរទស្សន៍ វិទ្យុ និង​កាសែត ហើយ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​រង​ការ​គំរាម​កំហែង និង​រំខាន​តាម​ផ្លូវ​តុលាការ។

លិខិត​ចំហ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​បញ្ជាក់​ថា ការ​ចេញ​បម្រាម​មិន​ឱ្យ​ផ្សាយ​រយៈពេល ៥​ថ្ងៃ គឺ​ជា​បម្រាម​ធ្វើ​ឡើង​ស្រេច​តែ​ចិត្ត និង​ជា​ការ​រឹតត្បិត​ជ្រុល​លើ​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិ​របស់​សាធារណជន ក្នុង​ការ​ទទួល​ព័ត៌មាន​លើ​រឿង​នយោបាយ។ ជំនួស​ការ​ដាក់​បម្រាម និង​ការ​ចាប់​ពិរុទ្ធ​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​បែប​នេះ អាជ្ញាធរ​គួរ​ផ្ដោត​លើ​ការ​ធានា​ដល់​សុវត្ថិភាព​អ្នក​កាសែត និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត។

អង្គការ​ទាំង​៥២ ព្រួយ​បារម្ភ​ដែរ​ចំពោះ​ព័ត៌មាន​អំពី​ការ​រំខាន​ដល់​យុទ្ធនាការ​ហែ​ក្បួន និង​កិច្ច​ប្រជុំ​សកម្មជន និង​បេក្ខជន​បោះឆ្នោត និង​ការ​បំផ្លាញ​ស្លាក​សញ្ញា​របស់​បក្ស​ប្រឆាំង។ ម្យ៉ាង​ទៀត ក៏​ព្រួយ​បារម្ភ​ចំពោះ​ការ​ចេញ​ឃោសនា​រក​សំឡេង​ឆ្នោត​ដោយ​មន្ត្រី​សាធារណៈ និង​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ច្បាប់​ហាម​ឃាត់។

អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​សោកស្ដាយ​ចំពោះ​ការ​បណ្ដេញ​សមាជិក​បក្ស​ប្រឆាំង ២៩​រូប ពី​រដ្ឋសភា គឺ​ក្នុង​នោះ​មាន ២៧​រូប​ពី​បក្ស សម រង្ស៊ី និង​បក្ស សិទ្ធិ​មនុស្ស ដែល​បញ្ចូល​គ្នា​ជា​បក្ស​សង្គ្រោះ​ជាតិ។ ការ​បណ្ដេញ​នេះ គឺ​ជា​ចេតនា​ធ្វើ​ឱ្យ​គាំង​បក្ស​ប្រឆាំង និង​ការ​ដក​អភ័យ​ឯកសិទ្ធិ​សភា​របស់​អ្នក​ទាំង​នោះ មុន​ពេល​បោះឆ្នោត។ លិខិត​បន្ត​ថា ក្នុង​ស្មារតី​នៃ​ការ​ប្រោស​ប្រទាន​ការ​លើក​លែង​ទោស​ដល់​លោក សម រង្ស៊ី រដ្ឋាភិបាល​គួរ​តែ​លុប​ចោល​បណ្ដឹង​ទាំងអស់​ប្រឆាំង​សមាជិក​បក្ស​សង្គ្រោះ​ជាតិ ជា​ពិសេស​ថ្នាក់​ដឹកនាំ​បក្ស​នេះ គឺ​លោក កឹម សុខា និង​ធានា​ថា សមាជិក​ទាំង​នេះ​បាន​ចូលរួម​ការ​បោះឆ្នោត​ដោយ​ពេញ​លេញ។

អង្គការ​សង្គម​ស៊ីវិល​សង្កត់​ធ្ងន់​ថា ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ គឺ​មិន​មែន​គ្រាន់​មាន​ការ​បោះឆ្នោត​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​មាន​សិទ្ធិ​ចូលរួម​កិច្ចការ​សាធារណៈ និង​រដ្ឋាភិបាល ហើយ​ពលរដ្ឋ​អាច​ពិភាក្សា​ជា​សាធារណៈ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច គ្មាន​ការ​រំខាន ការ​គំរាម​កំហែង និង​ការ​បំភិត​បំភ័យ។ ត្រូវ​មាន​លទ្ធភាព​ស្មើ​គ្នា​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ស្មើ​ភាព និង​យុត្តិធម៌ រួម​ទាំង​លទ្ធភាព​ទទួល​ព័ត៌មាន​ស្ដីពី​នយោបាយ ពី​បេក្ខជន និង​ដំណើរ​ការ​បោះឆ្នោត ដើម្បី​ជ្រើស​រើស​តាម​ការ​ដឹង​របស់​ខ្លួន។

ដោយសារ​ការ​ព្រួយ​បារម្ភ​ទាំង​នេះ អង្គការ​សង្គម​ស៊ីវិល​ទាំង ៥២​អង្គការ ទាមទារ​យ៉ាង​ខ្លាំង​ក្លា​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ចំនួន ៥​ចំណុច គឺ ទី១ ត្រូវ​អនុញ្ញាត​ដល់​គ្រប់​សកម្មភាព​ស្រប​ច្បាប់​ទាំងអស់​ទាក់ទង​នឹង​ការ​បោះឆ្នោត​ខាង​មុខ មាន​ដូច​ជា ការ​ឃោសនា​គ្រប់​បក្ស​នយោបាយ និង​បេក្ខជន ធ្វើ​ទៅ​ដោយ​គ្មាន​ការ​រំខាន ការ​ប្រើ​ហិង្សា ការ​គំរាម​កំហែង និង​ការ​បំភិត​បំភ័យ​ឡើយ។ ទី២ ដក​ចេញ​ដោយ​គ្មាន​លក្ខខណ្ឌ​លើ​រាល់​ការ​ហាម​ផ្សាយ និង​ការ​បញ្ចេញ​មតិ​នយោបាយ​ដោយ​បក្ស​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នៅ​មុន​ពេល ក្នុង​ពេល និង​ក្រោយ​ពេល​បោះឆ្នោត ហើយ​មិន​ត្រូវ​ដាក់​កំហិត​ថ្មី​ណា​មួយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឡើយ។ ទី៣ ត្រូវ​ធានា​ផ្ដល់​ការ​ផ្សព្វផ្សាយ​ស្មើ​ភាព ដោយ​សេរី និង​យុត្តិធម៌ ដល់​គ្រប់​បេក្ខជន​បក្ស​នយោបាយ ដោយ​គ្មាន​ការ​រើសអើង ហើយ​មាន​មូលដ្ឋាន​កម្មវត្ថុ​ច្បាស់​លាស់។ ទី៤ ត្រូវ​ធានា​សុវត្ថិភាព​ដល់​អ្នក​កាសែត និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​យក​ព័ត៌មាន និង​ឃ្លាំ​មើល​ការ​បោះឆ្នោត និង​ទី៥ ផ្ដល់​ឋានៈ​សមាជិក​សភា​ដល់​សមាជិក​គណបក្ស​ប្រឆាំង​ចំនួន ២៩​រូប ដែល​ត្រូវ​បណ្ដេញ​ចេញ​នោះ​ឡើង​វិញ ហើយ​លុប​ចោល​បទ​ចោទ​ទាំងអស់​ពី​សមាជិក និង​បេក្ខជន​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់។

អង្គការ​សង្គម​ស៊ីវិល​ទាំង​៥២ ដែល​មក​ពី​ប្រទេស​ចំនួន​១៥ គឺ​មាន​ជា​អាទិ៍ ប្រទេស​បង់ក្លាដេស ភូមា ឬ​មីយ៉ាន់ម៉ា ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន សិង្ហបុរី កូរ៉េ​ខាង​ត្បូង ស្រីលង្កា តៃវ៉ាន់ ថៃ និង​ប្រទេស​ទីម័រ ដែល​ជា​សមាជិក​របស់​វេទិកា​ដើម្បី​សិទ្ធិ​មនុស្ស​អាស៊ី ឬ​ហៅ​ថា ហ្វរ៉ាំអេស៊ា (FORUM ASIA) និង​ជា​សមាជិក​សម្ព័ន្ធ​សារព័ត៌មាន​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា ស៊ីប៉ា (SEAPA)៕

ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក​លិខិត ឬ សម្រាប់​អាន​លើ​ទូរស័ព្ទ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

3 Responses to "អង្គការ​អន្តរជាតិ​ផ្ញើ​លិខិត​ចំហ​ជូន​លោក ហ៊ុន សែន ទាក់ទង​សេរីភាព​បញ្ចេញ​មតិ"

  1. 23 October says:

    Where was Mr. Cheat? I knew that you always post a long commentaries. So please Mr. Cheat clarify those issues above.

  2. Strey Khmer says:

    Hun Sen should be ashamed to this insistence from the fifteenth countries of Asia for fifth importance points on his nomination on the rights of free press and free speech.
    So he should change his attitude of abusing the human rights in Cambodian’s society
    without the foreigners get involve in his behaviors doing on his own people awfully.

  3. Anonymous says:

    That is royal government of Cambodia.
    Event civil society from other countries they know what are you doing to own people.