គ.ជ.ប៖ លោក សម រង្ស៊ី មិន​អាច​ឈរ​ឈ្មោះ​បោះ​ឆ្នោត

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ប្រហែល ៤​ឆ្នាំ។ លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​១៩ កក្កដា នេះ គឺ​ក្រោយ​ពេល​ដែល​លោក​ទទួល​បាន​ការ​លើក​លែង​ទោស​កាល​ពី​ថ្ងៃ​ទី​១២ កក្កដា។

 

ដោយ កែវ និមល
2013-07-17
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សម រង្ស៊ី ៣០៥
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៣។ AFP PHOTO/Brendan SMIALOWSKI

មន្ត្រី​រដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កន្លង​មក​បាន​អះអាង​ថា ក្នុង​ពេល​លោក​ស្នាក់​នៅ​និរទេស​ខ្លួន​នៅ​បរទេស​នេះ ឈ្មោះ​លោក​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត ហើយ​លោក​មិន​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​បាន​ឡើយ ដោយសារ​មាន​ឈ្មោះ​ថា​ជា​ទណ្ឌិត។

ឆ្លើយ​តប​បញ្ហា​នេះ លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​អះអាង​ជា​ថ្មី​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ថា បើ​ទោះ​បី​ជា​លោក សម រង្ស៊ី បាន​ទទួល​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​ហើយ​ក៏ដោយ ក៏​រូប​លោក​មិន​អាច​បោះ​ឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​បាន​ឡើយ។

លោក ទេព នីថា បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក សម រង្ស៊ី មិន​អាច​មាន​ឈ្មោះ​បោះ​ឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​បាន ដោយសារ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​បញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​នយោបាយ​ដែល​ត្រូវ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​នោះ បាន​បិទ​ចប់​សព្វ​គ្រប់​អស់​ហើយ។

លោក ទេព នីថា៖ «មិន​អាច​ទេ ពីព្រោះ​ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ចប់​ទៅ​ហើយ គ.ជ.ប បាន​ផ្ដល់​សុពលភាព​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១២ ហើយ​ការ​ចុះ​បញ្ជី​បេក្ខជន​នោះ ក៏​បាន​ចប់​សព្វគ្រប់​អស់​ហើយ។ អ៊ីចឹង​តាម​ច្បាប់ កាល​ណា​បញ្ជី​បោះ​ឆ្នោត ក៏​ដូច​ជា​បញ្ជី​បេក្ខជន កាល​ណា​សម្រេច​ហើយ មិន​អាច​កែប្រែ​បាន​ទេ។ អ៊ីចឹង​តាម​ច្បាប់​ជា​ធរមាន គឺ​មិន​អាច​ចូល​រួម​បាន​ទេ»

លោក ទេព នីថា បាន​ឲ្យ​ដឹង​បន្ថែម​ថា បើ​ទោះ​បី​ជា​លោក សម រង្ស៊ី បាន​ទទួល​ការ​លើក​លែង​ទោស​ហើយ​ក៏ដោយ តែ​នោះ​ជា​ការ​សម្របសម្រួល​ផ្នែក​នយោបាយ​ប៉ុណ្ណោះ ហើយ​បើ​ចង់​ឲ្យ​មាន​ការ​លើកលែង​ទាក់ទង​គោលការណ៍​ច្បាប់​ទៀត ទាល់តែ​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​កែ​ច្បាប់​នោះ​ទៀត៖ «សម្រប​សម្រួល​នយោបាយ​មិន​មែន​រឿង​ច្បាប់​ទេ។ ទី​១ អនុវត្ត​ច្បាប់។ សម្រប​សម្រួល​នយោបាយ គឺ​ធ្វើ​អ្វី​មួយ​ដើម្បី​ដោះស្រាយ​រឿង​ច្បាប់។ ដល់​ពេល​ដោះស្រាយ​ច្បាប់​វា​ត្រូវ​ការ​ពេល​វេលា ត្រូវ​ការ​កែប្រែ​ច្បាប់​អី​ជា​ដើម។ អ៊ីចឹង​រយៈពេល​នេះ មិន​អាច​ធ្វើ​អី​កើត​ឡើយ»

ប៉ុន្តែ​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​សង្កេត​មើល​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) មាន​ប្រសាសន៍​ថា បើ​កាល​ណា​មាន​ការ​សម្របសម្រួល​ខាង​នយោបាយ​ហើយ ការ​សម្រប​សម្រួល​ខាង​ផ្លូវ​ច្បាប់​ក៏​ត្រូវ​តែ​មាន​ដែរ។

លោក គល់ បញ្ញា៖ «ល្បែង​បោះ​ឆ្នោត​វា​ត្រូវ​ការ​ការ​ទទួល​យក​បាន​ដែរ។ ពាក្យ​ថា ទទួល​យក​បាន មាន​ពេល​ខ្លះ​វា​ជា​ការ​សម្រេច​ចិត្ត​ខាង​នយោបាយ ខាង​ឆន្ទៈ ខាង​សីលធម៌ នេះ​ជា​ការ​ពិត។ អ៊ីចឹង​យើង​ណែនាំ​ទៅ យើង​ណែនាំ​ទៅ គ.ជ.ប ទៅ គាត់​ដាក់​បញ្ចូល​ហើយ។ ប៉ុន្តែ​បើ​និយាយ​អំពី​នីតិវិធី​វា​មាន​ការ​លំបាក​អ៊ីចឹង​ខ្លះ​ហើយ។ បកស្រាយ​ទៅ​វា​មាន​បញ្ហា​អ៊ីចឹង​ហើយ ហើយ​ឡើង​ទៅ​បកស្រាយ​ពិភាក្សា​គ្នា​ទៅ​ខាង​លើ​ទៀត​ទៅ អ្នក​នយោបាយ​នេះ ។ ពីព្រោះ​អ្នក​នយោបាយ​ជា​អ្នក​ធ្វើ​ច្បាប់ ធ្វើ​អី​ទាំង​អស់​ហ្នឹង។ បើ​អ៊ីចឹង អ្នក​នយោបាយ​ចង់​ធ្វើ​អី​ក៏​បាន​ដែរ»

លោក គល់ បញ្ញា យល់​ថា លោក សម រង្ស៊ី អាច​បោះ​ឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​បាន បើ​ទោះ​បី​ជា​ពេល​វេលា​នៅ​សល់​តិចតួច​មុន​ដល់​ថ្ងៃ​បោះ​ឆ្នោត​ក៏ដោយ។ ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ កក្កដា ខាង​មុខ​នេះ។

ទាក់ទង​ការ​វិល​ត្រឡប់ និង​ការ​បាន​ទទួល​សិទ្ធិ​បោះ​ឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​របស់​លោក សម រង្ស៊ី នេះ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ កក្កដា ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​សម្រេច​ថា តើ​ត្រូវ​ធ្វើ​បែប​ណា​នៅ​ឡើយ​ទេ ចំពោះ​សិទ្ធិ​បោះ​ឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ដោយ​រង់ចាំ​លោក សម រង្ស៊ី សម្រេច ពេល​លោក​វិល​ត្រឡប់​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ កក្កដា នេះ៖ «យើង​នឹង​ជជែក​គ្នា កាល​ណា​លោក​ប្រធាន​មក​ដល់។ ឥឡូវ​មិន​ទាន់​បាន​គិត​ដល់​រឿង​នេះ​នៅ​ឡើយ​ទេ។ រវល់​តែ​រៀបចំ​ការ​វិល​ត្រឡប់​របស់​គាត់»

លោក សម រង្ស៊ី បាន​និរទេស​ខ្លួន​ទៅ​ប្រទេស​បារាំង ​កាល​ពី​ឆ្នាំ​២០០៩។  មុនពេល ទទួលការ​លើក​លែងទោស លោក​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ចំនួន ១២​ឆ្នាំ បន្ទាប់​ពី​តុលាការ​បាន​ផ្ដន្ទាទោស​កំបាំង​មុខ ក្រោម​បទ​ចោទ​ជា​ច្រើន​ករណី រួម​មាន​ការ​ផ្សាយ​ផែនទី​មិន​ពិត អំពី​ព្រំដែន​កម្ពុជា ជា​មួយ​វៀតណាម ។

ប្រភព​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា មាន​សមាជិក និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ៤​ម៉ឺន​នាក់ នឹង​ទៅ​ទទួល​លោក សម រង្ស៊ី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​លោក​វិល​ត្រឡប់​មក​ប្រទេស​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

What Next?

Recent Articles

3 Responses to "គ.ជ.ប៖ លោក សម រង្ស៊ី មិន​អាច​ឈរ​ឈ្មោះ​បោះ​ឆ្នោត"

  1.   says:

    ពិតជាអាច…

  2. Strey Khmer says:

    If Sam Rainsy cannot join in his election, why don’t they let Hun Sen in power forever without
    people votes for him, wasting times and money for no competition?
    In U.S. and Europe, they allowed only two candidates for the final in their election.
    First candidate, stand for Republican, and the second, stand for Democracy.
    If no allowed Sam Rainsy to join , Hun Sen must be alone in the election
    without no body to challenge with him. So Hun Sen fight on the stage just himself and
    he the winner and he the looser by the Americans and other of Western Governments
    punishment him.

  3. ???Kingdom???ឆ្គួតឡប់ says:

    កើតឬមិនកើតអាស្រ័យឆន្ទៈហ៊ុនសែន​មិនអាស្រ័យពួកមួយដំបស្វាគជបទេ!!!