មេដឹកនាំ​បក្ស​នយោបាយ​ចាស់​និង​ថ្មី​កំពុង​ប្រកួត​ដណ្តើម​តំណែង​នាយករដ្ឋ​មន្ត្រី

ម៉ែន​ គឹមសេង
19 កក្កដា 2013
វីអូអេខ្មែរ

 

ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ មាន​ការចូលរួម​ដោយ​​គណបក្ស​​នយោបាយ​​ចំនួន​​ប្រាំបី​។

ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ មាន​ការចូលរួម​ដោយ​​គណបក្ស​​នយោបាយ​​ចំនួន​​ប្រាំបី​។

វ៉ាស៊ីនតោន៖ គណបក្ស​នយោបាយ​ចំនួន​ប្រាំបី​ដែល​មាន​មេដឹកនាំ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​កម្រិត​ថ្នាក់​ជាតិ​និង​អន្តរជាតិ​និង​អ្នក​ដែល​ប្រជាពលរដ្ឋ​មិន​ដែល​ឮ​និង​មិនស្គាល់​មុខ​សោះ​កំពុង​ដឹកនាំ​គណបក្ស​របស់​ខ្លួន​ដើម្បី​ប្រកួត​ប្រជែង​យក​កៅអី​នាយករដ្ឋ​មន្ត្រី​និង​សភាជាតិ​ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ។

១) ​គណបក្ស​សញ្ជាតិ​កម្ពុជា (គសក)

គណបក្ស​ដែល​ស្ថិតនៅ​លេខរៀង​ទីមួយ​លើ​សន្លឹក​ឆ្នោត​ដែល​អ្នក​បោះឆ្នោត​មើល​ឃើញ​គឺ​គណបក្ស​សញ្ជាតិ​កម្ពុជា។ គណបក្ស​នេះ​មាន​មេបក្ស​គឺ​ជា​ព្រះសង្ឃ​មួយ​អង្គ​ដែល​សមាជិក​បក្សហៅ​ថា​ព្រះ​គ្រូ​មហាថេរៈ​ លោកតា​ហង្ស​ភ្នំត្បែង​មាន​ជ័យ។ គណបក្ស​មិន​បាន​បញ្ចេញ​ព័ត៌មាន​ច្រើន​ទេ​ទាក់​ទង​នឹង​ព័ត៌មាន​ផ្ទាល់​ខ្លួនរបស់​មេដឹកនាំ​បក្ស​រូប​នេះ​ក្រៅ​តែ​ពី​ថា​ព្រះអង្គ​នៅ​បួស​នៅឡើយ​និង​មាន​ព្រះ​ជន្ម​ជាង​៧០​ព្រះ​វស្សា​ហើយ​នឹង​មក​កាន់​កិច្ចការ​នៅ​ពេលណាដែល​គណបក្ស​នេះ​ឈ្នះ​ឆ្នោត។

កិច្ចការ​ផង​ទាំ​ង​ឡាយ​ត្រូវ​បាន​ទទួល​រ៉ាប់​រង​ដោយ​លោក សេង សុខេង ​ប្រធាន​ស្តីទីរបស់​គណបក្ស​ដែលជា​អ្នកចេញ​មុខ​ដឹកនាំ​គណបក្ស​ចូល​ប្រឡូក​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​សម្រាប់​នីតិកាលទី​៥​នេះ។

លោក​សេង សុខេងកើត​នៅ​ថ្ងៃ​ទី១៩ ខែ​តុលា ​ឆ្នាំ​១៩៧៣​នៅ​ស្រុក​ពារាំងខេត្ត​ព្រៃវែង។ លោក​មាន​កូន​បួននាក់​ស្រី​ពីរ​និង​ប្រុស​ពីរ​នាក់។

លោក​ សេង សុខេង​មិន​មែន​ចេញ​មកពីត្រកូល​អ្នក​នយោបាយ​ទេ​គឺ​លោក​ជា​កូនកសិករ​សុទ្ធសាធ។ លោក​បាន​បញ្ចប់​ការសិក្សា​ថ្នាក់វេជ្ជ​បណ្ឌិត​នៅ​ឆ្នាំ​២០០០​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្រ្ត​ក្នុង​រាជធានី​ភ្នំពេញ ​ហើយ​បាន​សិក្សា​បន្ត​យក​សញ្ញាប័ត្រ​អនុបណ្ឌិត​ខាង​សុខភាព​សាធារណៈ​នៅឆ្នាំ​២០០៦។ លោក​កំពុង​បម្រើ​ការ​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ដោយ​មាន​ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម។

លោក​សុខេង ​បាន​បញ្ជាក់​ពី​គោល​បំណង​នៃ​ការ​ហក់​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នេះ​ថា៖

«គឺ​ជា​បំណង​ប្រាថ្នា​របស់​ខ្ញុំ​គឺ​ខ្ញុំ​ចង់​ធ្វើ​អ្វីៗ​បាន​ដល់​ប្រយោជន៍​មនុស្ស​ច្រើន​ មនុស្ស​ទូទៅ​ច្រើន។ នេះ​ជា​បំណង​ប្រាថ្នា​របស់​ខ្ញុំ»។

គណបក្ស​សញ្ជាតិ​កម្ពុជា​ចាត់​ទុក​ភាព​ក្រីក្រ​ជា«សត្រូវ​ចំពោះ​មុខ​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់»។

គណបក្ស​សញ្ជាតិ​កម្ពុជា​សង្ឃឹម​ថា​នឹ​ង​ទទួល​បាន​អាសនៈ​យ៉ាង​ហោច​ណាស់​៨០​នៅក្នុង​រដ្ឋ​សភាជាតិ​ដោយ​លោក​ផ្អែក​ការសន្និដ្ឋាន​លើ​ចំនួន​រូបថត​របស់​ប្រធាន​គណបក្ស​ដែល​ពលរដ្ឋ​អ្នក​មាន​ជំនឿ​គោរព​បូជា​បាន​ជាវ​យក​ទៅ​រក្សា​ទុក​នៅ​តាម​គេហដ្ឋាន។

២ )​ គណបក្ស​ហ៊្វុនស៊ិនប៉ិច ​ដែល​មាន​អក្សរ​កាត់​ថា​ ររជកឯអសស

គណបក្ស​ហ៊្វុនស៊ិនប៉ិច​គឺ​ជាគណបក្សដែលមានការ​ផ្លាស់​ប្តូរមេដឹកនាំច្រើន​ជាងគេនិង​បាន​ឆ្លង​កាត់​ការបែកបាក់​ផ្ទៃ​ក្នុង​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឱ្យ​គណបក្ស​នេះ​បាន​ធ្លាក់​ពី​គណបក្ស​ដែល​មាន​ចំណាត់​ថ្នាក់​លេខមួយ​ហើយ​បាត់​បង់​ប្រជាប្រិយ៍​ភាព​ជា​បន្ត​បន្ទាប់។

ប្រធាន​នាពេលបច្ចុប្បន្ននេះគឺសម្តេចរាជ​បុត្រី​ព្រះ​អនុជ​ នរោត្តម អរុណ​រស្មី។ ​ សម្តេចរាជ​បុត្រីកើត​នៅ​ថ្ងៃ​ទី២ ​ខែ​តុលា​ ឆ្នាំ​១៩៥៥ ​នៅ​រាជធានីភ្នំពេញ​និងជាបុត្រីពៅរបស់ព្រះបាទនរោត្តម​ សីហនុ អតីត​ព្រះ​មហាក្សត្រ​ដ៏ឆ្នើមនៃ​ប្រទេស​កម្ពុជា​និង​មាន​មាតា​នាម ម៉ានីវណ្ណ ផានិវង្ស។

សម្តេច​រាជ​បុត្រី​មាន​ស្វាមី​គឺ​លោក​កែវ ពុទ្ធរស្មី​និង​មាន​បុត្រ​ចំនួន​៥​អង្គ។ លោក​កែវ ពុធ​រស្មី​ក៏​ឈរ​ឈ្មោះ​ជា​អ្នក​តំណាង​រាស្រ្ត​ដែរ។

ដោយ​លើក​ម្រាម​ដៃ​ពីរនៅ​រាល់​វេទិការ​ឃោសនាដែល​ជា​សញ្ញា​នៃ​ជ័យ​ជម្នះនិង​ជាលេខពីរ​ដែល​កំណត់លេខគណបក្ស​នៅ​លើ​សន្លឹក​ឆ្នោត​ផង ​វត្តមាន​សម្តេច​រាជ​បុត្រីបាន​ធ្វើ​ឱ្យ​គណបក្សនេះ​នៅ​បន្ត​បាន​នូវ​សែ​រាជវង្សក្នុង​ការ​ដឹកនាំ​គណបក្ស​រាជានិយម​មួយ​នេះ។

មេបក្ស​រូបនេះ​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ក្នុង​ឆ្នាំ​១៩៨២​ដោយ​កាន់​តួរ​នាទី​ជា​នាយក​ព្រះរាជ​ខុទ្ទកាល័យ​របស់​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម​សីហនុ។
សម្តេច​រាជ​បុត្រី​មាន​ប្រវត្តិ​ការងារ​ភាគច្រើន​ក្នុង​ផ្នែក​ធនាគារនិង​ជា​អ្នក​ការទូត​របស់​ប្រទេស​កម្ពុជា​ដោយ​ព្រះអង្គ​ធ្លាប់​ធ្វើ​ជា​ប្រធាន​ធនាគារ​កសិករ​កម្ពុជា​និង​ធ្វើ​ការ​នៅធនាគារ​ពីរ​នៅ​សហរដ្ឋ​អាមេរិកហើយ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី។

សម្តេច​អរុណ​ រស្មី​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​ដេកាត ​និង​ សាលាមធ្យម​សិក្សា​រ៉ូម៉ាំង​កាតូលិក ម៉ាទឺដៃ ​(ហៅថា​សាលាយាយជី) នៅ​ខេត្ត​កែប។ សម្តេច​នរោត្តម​ អរុណរស្មី ​អាច​និយាយ​ភាសា​ខ្មែរ ឡាវ ថៃ​ បារាំង​និង​អង់គ្លេស​បាន​យ៉ាង​ល្អ។

ព្រះ​អង្គធ្លាប់​ត្រូវ​បាន​គណបក្ស​ដាក់​ឱ្យ​ឈរ​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​ម្តង​ហើយ​កាលពី​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨​ប៉ុន្តែ​មិន​បាន​ទទួល​លទ្ធផល​ដុំ​កំភួន​អ្វី​ទេ​ដោយ​សារគណបក្ស​រាជា​និយម​បាន​បំបែក​ចេញ​ដល់​ទៅ​ពីរ​គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​និង​គណបក្ស​នរោត្តម​រណឫទ្ធិ។ សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៣នេះព្រះ​អង្គ​ត្រូវ​បាន​គណបក្ស​ដាក់​ឱ្យ​ឈរ​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​ជាលើក​ទីពីរ​ដើម្បី​ដឹកនាំ​គណបក្ស​រាជា​និយម​តែ​មួយ​គត់ឱ្យទទួល​ជ័យជម្នះ​និង​អនុវត្ត​តាម​មាគ៌ា​«នយោបាយ​សីហនុ​និយម»។​

បើ​ទទួល​បាន​ជ័យ​ជម្នះ​ព្រះ​អង្គ​អាច​ជា​នាយក​រដ្ឋ​មន្ត្រី​ស្រ្តី​ទីមួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តួរ​នាទី​ស្រ្តី​ក្នុង​ឆាក​នយោបាយ​កំពុង​តែ​រីក​ចម្រើន​ទៅ​មុខ​យ៉ាង​យឺតៗ។

៣ )​ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ (គសរប)

ស្រ្តី​ទីពីរ​នៅក្នុង​ការ​បោះឆ្នោតជាតិឆ្នាំ​២០០១៣​នេះ​ដែល​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​គឺលោកស្រី​ សុខ រ័ត្នសុវណ្ណបច្ចៈសីលា ​នៃ​គណបក្សសាធារណរដ្ឋ​ប្រជាធិបតេយ្យ។ លោកស្រី​មេបក្ស​នេះ​មាន​ប្រវត្តិ​ផ្ទាល់​ខ្លួន​កំសត់​ជាងគេ​បង្អស់ក្នុង​ចំណោម​មេបក្ស​ទាំង​៨។ តាម​ជីវប្រវត្តិ​សង្ខេប​ដែលគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចែកជូន​ឱ្យ​ដឹង​ថា​លោកស្រី​សុខ រ័ត្ន​សុវណ្ណបច្ចៈ​សីលា​កើត​នៅថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៦៥ ​នៅ​ទីក្រុង​ភ្នំពេញ។ មេបក្ស​រូប​នេះ​ជា​កូន​កំព្រា​ដែល​មិន​ស្គាល់​សូម្បី​តែ​ឈ្មោះ​ឱពុក​ម្តាយ​របស់​ខ្លួន ​ហើយ​បច្ចុប្បន្នជា​ស្រ្តី ​ម៉េម៉ាយ​ដែល​មាន​កូន​ប្រាំ​នាក់។ ប្រវត្តិ​រូប​បាន​បញ្ជាក់ថា​ក្នុង​ឆ្នាំ​១៩៧៩​លោក​ស្រី​ធ្លាប់​ដើរ​សុំ​ទាន​គេ​ដើម្បី​បាន​រស់​ជីវិត​ហើយ​រៀន​សូត្រ​បាន​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ លោក​ស្រី​រ័ត្នសុវណ្ណបច្ចៈសីលា​ធ្លាប់​ជា​ជន​ភៀស​ខ្លួន​រស់​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ​ថៃមុន​ពេលបាន​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក។

លោកស្រី​សុខ រ័ត្ន​សុវណ្ណបច្ចៈ​សីលា​បាន​វិល​ត្រឡប់​មក​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នៅ​ឆ្នាំ​២០១១​ដោយ​បង្កើត​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ឡើង។​

នេះ​គឺ​ជា​គណបក្ស​នយោបាយដែល​គាំទ្រ​ឱ្យ​មាន​ប្រព័ន្ធ​បោះឆ្នោត​ឯកត្ត​នាមនិង​ហាម​មិន​ឱ្យ​មន្ត្រី​រាជការ​ធ្វើ​ការ​ងារ​ពីរ​កន្លែង​គឺ​ការងារ​ស៊ីវិល​ផង​និង​ជា​កងកម្លាំង​ប្រដាប់​អាវុធ​ផងហើយ​ក៏ដូច​ជា​ហាម​ឃាត់​មិន​ឱ្យ​តំណាងរាស្ត្រ​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ផង​និង​តំណែង​ជា​អ្នក​តំណាង​រាស្ត្រ​ផង។

គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ឈរ​នៅ​លេខរៀង​ទី​បី​នៅ​ក្នុង​សន្លឹកឆ្នោត​ហើយ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោកស្រី​សុវណ្ណបច្ចៈ​សីលា​គឺ​ថា​គណបក្ស​នេះ​តំណាង​ឱ្យ​ឃើញ​ថា​ស្ត្រី​មាន​ឋានៈ​តូច​ទាប​ក៏​អាច​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​បាន​ដែរ។

៤ ) គណបក្ស​ប្រជាជន​កម្ពុជា (ប្រជ)

គណបក្ស​ដែល​មាន​លេខ​រៀង​ទី​បួន​លើ​សន្លឹកឆ្នោត​ពី​អណត្តិ​ជាប់ៗ​គ្នា​គឺ​គណបក្ស​ប្រជាជន​កម្ពុជា។​

វរៈជន​នយោបាយ​បី​នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក​ ជាស៊ីម ​លោក​ហ៊ុន សែន​និង​លោក​ហេង សំរិន​ត្រូវ​បាន​គណបក្ស​ដែល​មាន​ដើម​ទង​ចេញ​ពី​បក្សកំម្មុយនីស្ត​មួយ​នេះ​លើក​ស្ទួយ​ទន្ទឹម​គ្នា​តាំងពី​មាន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​១៩៩៣​មក​។

ប្រធាន ​គណបក្ស​ គឺ​លោក​ជាស៊ីម​ បាន​កើត​នៅថ្ងៃ​ទី​១៥ខែ​វិច្ឆិកាឆ្នាំ​១៩៣២​ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​។

លោក​ជា ស៊ីម​ត្រូវ​បាន​ក្រុម​កំម្មុយនីស្ត​វៀតណាម​ជ្រើស​រើស​ឱ្យ​ចូលបម្រើ​ការ​ក្នុង​ពេល​សង្រ្គាម​ប្រឆាំង​នឹង​បារាំង​ក្នុង​ទសវត្សរ៍​១៩៥០។ លោក​បាន​ចូលរួម​ជាមួយ​នឹង​ក្រុម​ខ្មែរ​ក្រហម​ហើយ​បាន​ក្លាយ​ជា​លេខា​បក្ស​ស្រុក​ពញាក្រែក។ ក្រោយពី​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​លោក​បាន​ឡើង​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​និង​ក្រោយ​មក​កាន់​តំណែង​ជា​ប្រធាន​រដ្ឋ​សភា​នៃ​រដ្ឋ​កម្ពុជា។ លោក​បាន​កាន់​តំណែង​ជា​ប្រធាន​សភា​ជាតិ​ក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​ឧសភា​ឆ្នាំ​១៩៩៣ ​ហើយ​បាន​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធ​សភា​ក្នុង​ឆ្នាំ​១៩៩៩។

វរៈជន​ដ៏​សំខាន់​ម្នាក់​ទៀត​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុ​ជា​គឺ​លោក​ ហេង សំរិន ​ប្រធាន​កិត្តិយស​នៃ​បក្ស​នេះ។ កើត​នៅថ្ងៃ​ទី​២៥​ខែ​ឧសភាឆ្នាំ​១៩៣៤ ​លោក​ហេង សំរិន​បាន​ចូលរួម​ជាមួយ​នឹង​ក្រុម​ខ្មែរ​ក្រហម​និង​បាន​កាន់​តំណែង​ជា​មេបញ្ជាការ​កងពល​ថ្មើរ​ជើង​លេខ​៤​ពី​ឆ្នាំ​១៩៧៦ ​ដល់​ឆ្នាំ​១៩៧៨។ លោក​បាន​ធ្វើ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេចមួយ​ប្រឆាំង​នឹង​ការដឹកនាំ​របស់​ប៉ុលពត​ ហើយ​ក៏​បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​១៩៧៨។ លោក​ហេង សំរិន​បាន​ឡើង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ប្រជាជន​បដិវត្តន៍​ដែល​បាន​គ្រប់​គ្រង​ប្រទេស​ក្រោយ​ពី​វៀតណាម​បាន​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩។ លោក​ក៏​បាន​ធ្វើ​ជា​ប្រមុខ​រដ្ឋ​អស់​ជាច្រើន​ឆ្នាំ។

អនុប្រធាន​បក្ស​ដ៏​មាន​ឥទ្ធិពល​របស់​គណបក្ស​នេះ​គឺលោក​ហ៊ុន សែន។ លោក​ហ៊ុន សែន​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​បាន​ចំនួន​២៨​ឆ្នាំ​ហើយជា​អ្នក​នយោបាយ​ដែល​មានបទពិសោធន៍ក្នុងឆាក​នយោបាយ​ច្រើន​ជាងគេ​និង​ត្រូវ​រងការរិះគន់​ក៏​ដូច​ជាការសរសើរ​ទាំង​នៅ​ឆាក​អន្តរជាតិ​និង​ក្នុង​ស្រុក​ចំពោះ​ការដឹកនាំ​របស់​លោក។

លោក​ហ៊ុន សែន​កើត​នៅ​ថ្ងៃ​ទី​៥​ខែ​សីហា​ឆ្នាំ​១៩៥២ ​នេះ​បើ​តាម​សៀវភៅ​ពី​ប្រវត្តិ​របស់​គាត់​ប៉ុន្តែ​ឆ្នាំ​កំណើត​ផ្លូវការ​នៅ​ គ.ជ.ប ​ដាក់​ថា​ លោក​កើត​នៅ​ថ្ងៃ​ទី​៤​ខែ​មេសា​ឆ្នាំ​១៩៥១។ លោក​ហ៊ុន សែន​កើត​ នៅ​ខេត្ត​កំពង់​ចាម​ក្នុង​គ្រួសារកសិករ។​ លោក​មាន​ឈ្មោះ​ដើម​ថា​ហ៊ុន ណាល់​ ហើយ​បាន​រត់​ចូល​ព្រៃ​ដើម្បី​តស៊ូ​ប្រឆាំង​នឹង​ការទម្លាក់​សម្តេច​ព្រះ​នរោត្តម​ សីហនុ​ចេញ​ពី​អំណាច​ក្នុង​ឆ្នាំ​១៩៧០។

លោក​ហ៊ុន​ សែន​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​តាំង​ពី​ឆ្នាំ​១៩៨៥​មក​ហើយ​លោក​បាន​ដើរ​តួរនាទី​យ៉ាង​សំខាន់​ក្នុងការ​ចរចា​សន្តិភាព​ដែល​ឈាន​ដល់​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ឆ្នាំ​១៩៩១​ដែល​នាំ​ឱ្យ​មាន​ការ​បោះឆ្នោត​តាម​លទ្ធិ​ប្រជាធិបតេយ្យ។

លោក​ធ្លាប់​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ទីពីរ​ក្រោយ​ពី​គណបក្ស​របស់​លោ​កបាន​ចាញ់​ឆ្នោត​ក្នុង​ឆ្នាំ​១៩៩៣ ​ក្រោយ​ពី​គណបក្ស​របស់​លោ​កបាន​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៨​លោក​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ជាប់​ជា​រហូត​មក។​ លោក​ហ៊ុន​ សែន​ត្រូវ​បាន​គណបក្ស​ប្រើ​ប្រាស់​ជា​សារ​ដ៏​សំខាន់​មួយ​ដើម្បី​ទាក់​ទាញ​អ្នក​បោះឆ្នោត។

ពាក្យ​ស្លោក​ដ៏​សំខាន់​មួយ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​នេះគឺ​«បើ​ស្រឡាញ់​ បើ​អាណិត ​បើ​ពេញ​ចិត្ត​ បើ​ជឿ​ទុក​ចិត្ត​ហ៊ុន សែន​សូម​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​មាន​តម្លៃ​ស្មើ​នឹង​បោះឆ្នោត​ឱ្យ​ខ្លួន​ឯង»។

កូនប្រុស​ពៅ​របស់​លោក​ហ៊ុន​ សែន​ឈ្មោះ ហ៊ុន ម៉ានី កំពុង​ឈរ​ឈ្មោះ ជា​បេក្ខជន​តំណាង​រាស្ត្រ​ដែរ។

៥ ) គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច (គខអស)

គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គឺ​ជា​គណបក្ស​ដែល​ដឹកនាំ​ដោយ​លោក ហួន រាជ​ចំរើន។
ក្នុង​វ័យ​៥៣​ឆ្នាំ​ លោក​ រាជចំរើនមាន​កូន​៩​នាក់​ប្រុស​៧នាក់ ស្រី​ពីរ​នាក់​និង​មាន​ដើម​កំណើត​នៅ​ស្រុក​ទ្រាំង​ខេត្ត​តាកែវ។

គណបក្ស​មាន​រូបសញ្ញា​ទំពាំង​ប្រាំដើមដែល​ជា​ការ​ជួនគ្នា​ល្អ​ជាមួយ​នឹង​លេខរៀង​ទី​៥​ដែលមាន​នៅ​លើ​សន្លឹក​ឆ្នោត។

គណបក្សនេះ​មាន​ត្រកូល​ចេញ​ពី​អ្នក​សារព័ត៌មាន​ដោយ​សារ​តែ​លោក​រាជ​ចំរើន​ខ្លួន​ឯង​ធ្លាប់​បាន​បង្កើត​សារព័ត៌មាន​មួយ​ហើយ​កូន​ប្រុស​ទាំងបី​នាក់​របស់​លោក​សុទ្ធ​តែ​ជា​ចាងហ្វាង​សារព័ត៌មាន​ក្នុង​ស្រុក​នាពេល​បច្ចុប្បន្ន​នេះ។ ​

លោក​រាជចំរើនមាន​សញ្ញា​ប័ត្រ​បរិញ្ញាប័ត្រ​មក​ពី​សាលា​តិចណូ​និង​បាន​ឆ្លង​កាត់​បទពិសោធន៍​ការងារ​យ៉ាង​ក្រាស់​ក្រែល ​ដោយ​ធ្វើ​ជា​មន្ត្រី​ប៉ូលិស​ ​អ្នក​តស៊ូ​ក្នុង​ចលនា​របស់​ហ៊្វុនស៊ិនប៉ិច ​គ្រូ​បង្រៀន ​អ្នក​ជំនួញ ​និង​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាដើម។​

មេបក្សរូប​នេះប្រកាន់​គោលការណ៍​គោរព​គណបក្ស​ដទៃ​ទៀត​ថា​ជារៀមច្បង​និង​ជា​ឱពុក​ម្តាយ​ដោយ​សារ​តែ​គណបក្ស​របស់​លោក​ទើបបាន​បង្កើត​ឡើង​ក្នុង​ខែ​ធ្នូឆ្នាំ​២០១២​តែ​ប៉ុណ្ណោះ។

លោក​រាជចំរើន​បាន​បញ្ជាក់​ថា៖​

«បាន​ជា​ខ្ញុំ​បាទ​រៀបចំ​បង្កើត​គណបក្ស​នេះ​ឡើង​ដោយ​ដាក់​ឈ្មោះ ​ថា​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដោយ​ផ្អែក​ទៅលើ​ជន​ជាតិ​ខ្មែរ​ទាំង​អស់​គឺ​ជា​ម្ចាស់​គណបក្ស​ហើយ​រួមគ្នា​អភិវឌ្ឍន៍​ជាតិ​ទើប​យើង​មាន​សេដ្ឋកិច្ច។ អញ្ចឹង​បាន​ខ្ញុំ​ដាក់​ឈ្មោះ​ថា​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ហើយ​យើង​យក​ចំណុច​គោលការណ៍​អភិវឌ្ឍន៍​ជាតិ​មក​និយាយ​ដោយ​យើង​ដើរ​តាម​លំអាន​ព្រះ​ករុណា​ជា​អង្គម្ចាស់​ជីវិត​ដម្កល់​លើ​ត្បូង​ព្រះ​មហាវីរៈក្សត្រ​ដែល​លោក​បាន​ទាម​ទារ​ឯករាជ្យជាតិ​ពី​បារាំង​នៅ ឆ្នាំ​១៩៥៤​ដោយ​ដើរ​តាម​គោល​នយោបាយ​ មួយ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ អភិវឌ្ឍន៍​វិស័យ​កសិឧស្សាហកម្ម​ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​និង​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច»។

គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មាន​បាវចនា​ «សង្គ្រោះ បំរើ ការពារ» ហើយ​មាន​ដាក់​បេក្ខជន​តំណាង​រាស្ត្រ​នៅ​តែ​ខេត្ត​ក្រុង​ចំនួន​៧​ប៉ុណ្ណោះ។

៦ ) គណបក្ស​ខ្មែរ​ឈប់​ក្រ (គខឈក)

លោក​ក្រវ៉ាញ ដារ៉ន គឺ​ជា​ប្រធាន​«គណបក្សខ្មែ​ឈប់​ក្រ​»ដែល​ជា​គណបក្ស​មួយ​បាន​ចាប់​បដិសន្ធិ​នៅ​សហរដ្ឋអាមេរិក​កាលពីថ្ងៃ​ទី​៤​ខែ​កក្កដា​ឆ្នាំ​២០០៧។

លោក​ ក្រវ៉ាញ ដារ៉ន ​ មាន​ដើម​កំណើត​នៅ​ស្រុក​ក្រគ​ ខេត្តពោធិ៍សាត់​។ មេបក្ស​ដែល​មាន​វ័យ​៥៩​ឆ្នាំ​រូប​នេះ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​សេវាកម្ម​មនុស្ស​ជាតិ​និង​សង្គមកិច្ច​ពី​សហរដ្ឋ​អាមេរិក។

លោក​បាន​បម្រើ​ការងារ​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក្នុ​ងតួរ​នាទី​ជា​បុគ្គលិក​ការងារ​សង្គម​កិច្ច​អស់​រយៈ​ពេល​២៥​ឆ្នាំ​ហើយ។

មេបក្ស​រូប​នេះ​មិន​ធ្លាប់​មាន​មហិច្ឆតា​ចូល​ប្រឡូកក្នុង​ឆាក​នយោបាយ​ដើម្បី​បាន​តំណែង​ធំ​ដុំអ្វី​ឡើយ​ក្នុង​ពេល​កន្លង​មក​ប៉ុន្តែ​កត្តា​សង្គម​កម្ពុជា​បាន​បង្ខំ​ចិត្តឱ្យ​លោកត្រូវ​តែ​ចូលរួម​ដោយ​ខាន​មិន​បាន។ ​លោកក្រវ៉ាញ​ ដារ៉នបាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ចូល​នយោបាយ​នេះ​ថា៖

«តាម​ពិត​ទៅ​ខ្ញុំ​ជា ​អ្នក​មនុស្សធម៌​សុទ្ធ​សាធ ​ខ្ញុំ​អត់​ចូលចិត្ត​នយោបាយ​ទេ​ព្រោះអី​ខ្ញុំ​ក៏​មិន​មែន​ជា​អ្នក​នយោបាយ​ដែរ​ប៉ុន្តែ​ដោយសារ​តែ​ការ​ទុក្ខសោក​របស់​ខ្មែរ​កាន់​តែ​ខ្លាំង​ទៅៗ​។ ខ្ញុំ​មាន​បង្កើត​NGOs​ច្រើន​សម្រាប់​ជួយ​ខ្មែរ​ប៉ុន្តែ​ដឹកថ្នាំ​ពេទ្យ​ថ្នាំ​អីមក​រដ្ឋាភិបាល​គេ​ពុករលួយ​ទារ​លុយ​នេះ​លុយ​នោះ​ច្រើន​ពេក​ទៅ​ខ្ញុំ​ហ្នឹ​ងក៏​ធុញ​ថប់​ក្នុ​ង​ជីវិត​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​មាន​តែ​រៀបចំ​សាកល្បង​ធ្វើ​អ្នក​នយោបាយ​ព្រោះ​ខ្ញុំ​អត់​ឃើញ​អ្នក​នយោបាយ​ណា​មួយ​ដែល​ជា​គំរូ​ខ្ញុំ​បាន​ទេ។ អញ្ចឹង​បាន​ខ្ញុំ​សម្រេច​ចិត្ត​ថា​ធ្វើ​នយោបាយ​ខ្លួន​ឯង​តែ​ម្តង​។ ខ្ញុំ​អត់​មាន​ស្ថិត​ក្រោម​នយោបាយ​របស់​អ្នក​ណា​ទាំងអស់»។

ការស្អប់​អំពើ​ពុករលួយ​បាន​ចាក់​ឬសជ្រៅ​ក្នុង​ផ្នត់​គំនិត​របស់​លោក​ក្រវ៉ាញ ដារ៉ន​ហើយ​លោក​បាន​ទប់​ចិត្ត​មិន​បាន​ក្នុង​សម័យ​សាធារណរដ្ឋរបស់​លោក​សេនា​ប្រមុខ​លន់ នល់ ​ដោយ​លោក​បាន​ដឹកនាំ​ការ​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ម្នាក់​ដែល​ពុករលួយ​និងគាបសង្កត់​ប្រជា​ពលរដ្ឋ។

គណបក្ស​ខ្មែរ​ឈប់​ក្រ ​មាន​គោល​នយោបាយ​ខុស​ពី​គេ​ក្នុង​រឿង​អន្តោ​ប្រវេសន៍​វៀតណាម។ លោក​ក្រវ៉ាញ ដារ៉ន ​បញ្ជាក់​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​រៀបចំ​ឱ្យ​ជន​ភៀសខ្លួន​វៀតណាម​ចេញ​ពី​ប្រទេស​ខ្មែរ​ទៅ​តាំង​ទីលំនៅ​នៅ​ប្រទេស​ទីបី។
គណបក្ស​ខ្មែរឈប់​ក្រ​មាន​លេខរៀង​ទី៦​លើ​សន្លឹក​ឆ្នោត។

៧ ) គណបក្ស​សង្គ្រោះ ជាតិ (គសជ)

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្សមាន​សក្តា​នុពល​ខ្លាំង​និង​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើងដោយ​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា​និង​គណបក្ស​សម រង្ស៊ី។ គណបក្ស​នេះ​មាន​មេដឹកនាំ​ដែល​មាន​លោក​សម រង្ស៊ី​ជា​ប្រធាន​បក្ស​និង​លោក​កឹម សុខា​ជា​អនុប្រធាន​ហើយ​ត្រូវ​បាន​គណបក្ស​យក​មេដឹកនាំទាំង​ពីរ​មក​ដាក់​ធ្វើ​ការ​ឃោសនា​ទន្ទឹម​គ្នា។ ​

លោក​ សម រង្ស៊ី​ ដែល​ឆ្នាំ​នេះ​មាន​វ័យ​៦៤​ឆ្នាំ​ជា​អ្នក​នយោបាយ​ដែល​ចេញ​ពី​ត្រកូល​វរជន​ក្រុង​ភ្នំពេញ​ដោយ​មាន​ឱពុក​ជាអតីត​ឧបនាយក​រដ្ឋ​មន្ត្រី​គឺ​លោក​ សម សារី។ លោកបាន​សិក្សា​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ខាង​ផ្នែក​គ្រប់​គ្រង​ជំនួញ​និង​មាន​សញ្ញាប័ត្រ​ផ្សេង​ៗ​ទៀត​ខាង​ផ្នែក​គណនីយ​ សេដ្ឋកិច្ច និង​វិទ្យាសាស្រ្ត​នយោបាយ។ លោក​សម រង្ស៊ី​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នៅ​ក្នុង​ឆ្នាំ​១៩៨១​តាម​រយៈ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​និង​បាន​ឡើង​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​មួយ​រយៈ​ខ្លី។

លោក​សម រង្ស៊ី​ក៏​ធ្លាប់​ជា​នាយក​ធនាគារ Paluel-Marmont ​ដែល​ជា​ធនាគារ​មាន​ឯកទេស​ខាង​ស្រាវជ្រាវ​ហិរញ្ញ​វត្ថុ​និង​វិនិយោគ​ភាគហ៊ុន ​និង​ជា​ប្រធាន​នៃ​ក្រុមហ៊ុន​វិនិយោគ​ DR Gestion ​ពីឆ្នាំ​១៩៨៨​ដល់​ឆ្នាំ​១៩៩២​មុន​នឹង​លោក​មក​ចូល​ប្រឡូក​យ៉ា​ង​ពេញ​ទំហឹង​ជាមួយ​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ លោក​សម រង្ស៊ី​ទើប​តែ​ត្រូ​វបាន​ព្រះ​មហាក្សត្រ​កម្ពុជា​លើកលែង​ទោស​ទាក់​ទង​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ដែល​លោក​យល់​ថា​បាន​ធ្វើ​ឱ្យ​បាត់​បង់​ដី​ស្រែ​ប្រជា​កសិករនិង​ការ​ផ្សាយ​ឯកសារ​ព្រំដែន​នានា។​

ភរិយា​របស់​លោក​សម រង្ស៊ី ​គឺ​លោក​ស្រី​ជូឡុង សូម៉ូរ៉ា​ក៏​ជា​បេក្ខជន​តំណាង​រាស្ត្រ​ម្នាក់​ដែរ។ គូស្វាមី​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​គូ​ជីវិត​និង​ជា​ដៃ​គូ​ក្នុង​ឆាក​នយោបាយ​ក៏​ខ្លាំងមួយ។ លោកសម រង្ស៊ី និង​លោកស្រី​ជូឡុង​ សូម៉ូរ៉ា​ បាន​រៀបការ​ចំនួន​៤២​ឆ្នាំ​ហើយ​ដោយ​មាន​កូន​ចំនួន​៣​នាក់។

មាន​ប្រជាប្រិយ៍​ភាព​ប្រហែល​គ្នា​នេះ​ដែរ​គឺ​លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​។ បើ​ទោះបី​ជា​ឆ្លង​កាត់​ព្យុះ​ភ្លៀង​នយោបាយ​ជាច្រើន​ដែល​មាន​ពេល​មួយ​លោក​ត្រូវ​ចាក​ចេញ​ពី​នយោបាយ​មួយ​រយៈ​ពេល​ខ្លី​ទៅ​បង្កើត​អង្គការ​សង្គម​ស៊ីវិល ​ក៏​លោក​កឹម សុខា​ត្រូ​វបាន​គេ​ចងចាំ​ចំពោះ​ទស្សនៈ​មួយ​របស់​លោក​ដែល​ «មិន​យក​ខ្មែរ​ណា​ម្នាក់​ជា​សត្រូវ​ទេ!»។
ជា​អ្នក​នយោបាយ​ផង​និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ដីធ្លី​ផង​លោក​កឹម សុខា​ក៏​ធ្លាប់​ត្រូវ​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​មួយ​រយៈពេល​ខ្លី​ដែរ​មុន​នឹង​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​អន្តរាគមន៍​ដោះ​លែង​គាត់​ចេញ​មក​វិញ។ លោក​ត្រូវ​បាន​អង្គការ​លើក​លែង​ទោស​អន្តរជាតិចាត់​ទុកថា​គឺ​ជា​«អ្នក​ទោស​មនសិការ»។

លោក​កឹម សុខា​ កើត​នៅ​ថ្ងៃទី​២៧​ខែ​មិថុនា ឆ្នាំ​១៩៥៣ ​នៅ​ខេត្ត​តាកែវ​។ លោក​បាន​ចេញ​ដំណើរ​ពី​អ្នក​នយោបាយ​នៅក្នុង​គណបក្ស​សេរីនិយម​ព្រះ​ពុទ្ធ​សាសនា​ និង​បន្ត​មក​គណបក្សលោកតា​សឺនសាន​ពេល​ដែល​មាន​ការបែកប្រេះស្រាំ​នៅ​ក្នុ​ងបក្ស​និង​បាន​ក្លាយ​ជា​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយ​រយៈ​ខ្លី​មុន​នឹង​លោក​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ចុង​ក្រោយ​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​នឹង​លោក​សម រង្ស៊ី​បង្កើត​គណបក្ស​សង្គ្រោះជាតិ។

លោក​កឹម សុខា​មាន​សញ្ញា​ប័ត្រ​អនុបណ្ឌិត​ខាង​ផ្នែក​គីមីវិទ្យា​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​គីមី​ក្នុង​ទីក្រុង​ប្រាគ ​នៃ​សាធារណរដ្ឋ​ឆេកូ​និង​សញ្ញា​ប័ត្រ​ច្បាប់​ពី​សាកល​វិទ្យាល័យ​ច្បាប់​និង​សេដ្ឋកិច្ច​ក្នុង​ទីក្រុង​ភ្នំពេញ។

៨ ) គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (គសប)

គណបក្ស​ចុងក្រោយ​គេ​នៅ​ក្នុង​សន្លឹក​ឆ្នោត​គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​ប្រធាន​បក្ស​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​ក្នុង​ចំណោម​ប្រធានគណបក្ស​នយោបាយ​ទាំងអស់។ លោក​ខឹម​ វាសនា​បាន​សម្រេច​ស្នាដៃ​ធំៗ​ជាច្រើន​បន្ទាប់​ពី​លោក​បានបញ្ចប់​ការសិក្សាថ្នាក់​បរិញ្ញាប័ត្រ​ខាង​ផ្នែក​នីតិសាស្រ្ត​ក្នុង​ឆ្នាំ​១៩៩៨​ ដោយ​បាន​ជាប់​ឆ្នោត​ជា​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សម រង្ស៊ី​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០០៣ ​សម្រាប់​មណ្ឌលព្រៃវែង​ មុន​នឹង​លោក​លាលែង​ចេញ​ពី​គណបក្ស​នេះ​នៅ​ថ្ងៃ​ទី​២៨​ខែកុម្ភៈ ​ឆ្នាំ​២០០៦។​ លោក​បាន​ដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​ដែល​លោក​បាន​បង្កើត​ឡើង។

កើត​នៅ ​ខេត្ត​ព្រៃវែង​ ក្នុង​ភូមិ​ពានា ​ឃុំ​ក្តឿងរាយ ​ស្រុក​កញ្ចៀច​ ខេត្ត​ព្រៃ​វែង​ មេបក្ស​ដែល​មាន​វ័យ​៤៣​ឆ្នាំ​រូបនេះ​នៅមិន​ទាន់​មានប្រពន្ធ​នៅឡើយ​ទេ។

លោក​ខឹម វាសនា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​អ្នក​ដែល​បាន​ប្រើ​ប្រាស់​ធម្មអាថ៍​ក្នុង​ការ​អប់រំ​ពន្យល់​សមាជិក​និង​អ្នកមក​ចូលរួមស្តាប់​លោក​ឱ្យ​យល់​ស៊ី​ជម្រៅ​អត្ថន័យ​នៃ​ពាក្យ​នយោបាយ។

លោក​តែង​តែ​ជំរុញ​នូវ​គោល​ការណ៍​សំខាន់​មួយ​ដែល​គេ​អាច​ងាយ​ស្រួល​ចាំ​បាន​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​គឺ​ ការ «បន្ថយ​អំណាច​រដ្ឋ​និង​បង្កើត​អំណាច​ជូន​ពលរដ្ឋ»។ ​

លោក​ខឹម វាសនា​ធ្លាប់​បាន​បម្រើ​ការងារ​នៅ ​នាយកដ្ឋាន​កិច្ចការ​នយោបាយ​នៃ​ក្រសួង​មហា​ផ្ទៃ​ពីឆ្នាំ​១៩៩៨​ដល់​ឆ្នាំ​២០០៥ ​ដោយ​ព្យួរ​ការងារ​នេះ​ទុក​មួយ​រយៈ​សិន​ក្នុង​ពេល​ដែល​លោក​កំពុង​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នេះ៕

 


អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

 

What Next?

Recent Articles

4 Responses to "មេដឹកនាំ​បក្ស​នយោបាយ​ចាស់​និង​ថ្មី​កំពុង​ប្រកួត​ដណ្តើម​តំណែង​នាយករដ្ឋ​មន្ត្រី"

  1. cheath says:

    គណបក្សសង្គ្រោះជាតិ កំពុងសុបិន្តកណ្តាលថ្ងៃចែសទេដឹង !
    *************************************************
    ខណៈដែលការ បោះឆ្នោតជាតិ អាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កាន់តែខិតជិតមកដល់ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា។
    ពិតណាស់បើទោះបីមានគណបក្ស ចំនួន៨ ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនេះក៏ដោយ ប៉ុន្តែ អ្នកដែលទទួលជ័យជំនះពិតប្រាកដក្នុងការបោះឆ្នោតនេះគឺពិតជាគណបក្សប្រជាជន កម្ពុជា ។ មួយរយៈពេលចុងក្រោយនេះ ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ បានខិតខំប្រឹងប្រែងធ្វើប្រជាភិថុតិ សព្វបែបយ៉ាង ដើម្បីទាក់ ទាញ ការគាំទ្រពីប្រជាពលរដ្ឋ ឲ្យបោះឆ្នោតគាំទ្រខ្លួន។ ប៉ុន្តែប្រជាពលរដ្ឋបានដឹងយ៉ាងច្បាស់ អំពីសារជាតិរបស់ សម រង្ស៊ី និង កឹម សុខា រួចទៅហើយ ថាជាអ្នកនយោបាយ ឱកាសនិយមធ្វើអ្វីៗ ដើម្បីតែការស្រេកឃ្លានយ៉ាងខ្លាំងក្នុងការចង់បានអំណាច និងធ្វើអ្វីៗទាំងអស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
    ក្រុមអ្នកតាម ដាន ស្ថានការណ៍បោះឆ្នោត ក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ឃើញថា មេដឹកនាំនិងមន្រ្តីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ បានប្រើប្រាស់គោលនយោបាយ៧ចំណុច មកឃោសនាទាក់ទាញការគាំទ្រ ពីប្រជាពលរដ្ឋដោយអះអាងថា នៅ ពេលឈ្នះឆ្នោត នឹងអនុវត្តន៍គោលនយោបាយទាំង៧ចំណុច នោះឲ្យបានជោគជ័យ។ ប៉ុន្តែសម្រែកឃោសនា របស់ក្រុមមេដឹក នាំ គណបក្សប្រឆាំង មិនខុសពីពីសម្លេងត្រដោកចងកគោក្របី នោះទេ ចំណែកការពិតវិញ ពុំមានន័យខ្លឹមសារ អ្វីទាំងអស់វាគ្រាន់តែជាស្រមោលប៉ុណ្ណោះ។
    ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ប្រាកដជាជ្រើសរើស យកអ្នកធ្វើ មិនមែនជ្រើសរើសយកអ្នក ដែលចាំតែថា អ្នកដែលចាំរិះគន់គេអត់គោលដៅច្បាស់លាស់នោះទេ ។ នៅពេលចុះពីយន្តហោះ បានជាន់ ទឹកដីខ្មែរវិញ សមរង្ស៊ី ចាប់ដៃលោក កឹម សុខា ក្នុងន័យនយោបាយរបស់ខ្លួន ដើម្បី ជាការបញ្ជាក់បោកបញ្ឆោតថា សម្ព័ន្ធភាពផ្ទៃក្នុងគណបក្សប្រឆាំង មានភាពរឹងមាំពុំមានបញ្ហារង្គោះរង្គើ ដូចព័ត៌មាន ដែលបែកធ្លាយ ចេញមកខាង ក្រៅឡើយ ។ ក៏ប៉ុន្តែសម្ព័ន្ធភាព រវាងអ្នកនយោបាយទាំងពីរមានភាពរឹងមាំ ឬក៏ទន់ជ្រាយនោះគឺ មានតែខ្លួនឯងទេ ដែលជា អ្នកដឹងច្បាស់ជាងគេ ព្រោះអ្នកទាំងពី គឺជាអ្នកនយោបាយឱកាសនិយមដូចគ្នា។ ប្រភពពីផ្ទៃក្នុងគណបក្ស សង្គ្រោះជាតិ បាន បង្ហើបឲ្យដឹងថា សម្ព័ន្ធភាពរវាង កឹម សុខា និង សមរង្ស៊ី អាចដឹងច្បាស់ នៅក្រោយថ្ងៃបោះឆ្នោត ។ក្នុងនោះអ្វីដែលគួឲ្យអាណិត គឺ សមរង្ស៊ី ជាអ្នកនយោបាយ ចាញ់បោកកឹមសុខា ។
    ប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ នៅពេលនេះកំពុងត្រៀមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី។ កត្តាដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ ត្រៀមខ្លួនបោះឆ្នោត ជូនគណ បក្ស ប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆាប់ៗខាងមុខនេះ គឺដោយសារគណបក្សប្រជាជន មានស្នាដៃក្នុងការផ្តួលរំលំ របបខ្មែរក្រហមប៉ុលពត នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ និងរំលាយអង្គការចាត់តាំងខ្មែរ ក្រហមទាំងស្រុង កាលពីចុងឆ្នាំ១៩៩៨ ។ មានន័យថា គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោសែន ជាអ្នកបញ្ចប់សង្គ្រាមហើយនាំមកនូវសន្តិសុខ និងសន្តិភាព ពេញលេញ សម្រាប់ប្រទេសកម្ពុជា ព្រមទាំងកសាងប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ ការដែលប្រជាពលរដ្ឋខ្មែរ អាចរស់នៅដោយសុខសាន្ត និងមានជីវភាពធូរធារនៅពេលនេះ មិនអាចមើលរំលងកិច្ចខិតខំប្រឹងប្រែងសព្វបែបយ៉ាង របស់ គណបក្សប្រជាជនកម្ពុជាបានឡើយ។
    អ្នកវិភាគមួយចំនួនបានលើកឡើងថា ក្រុមមេដឹកនាំគណបក្ស ប្រឆាំងកំពុងតែ រំពឹងថា ល្បែងប្រជាភិថុតិ របស់ខ្លួនអាចទាក់ ទាញ ការគាំទ្រពីប្រជាពលករដ្ឋបានច្រើនហើយអាច ទទួលបានជោគជ័យ ក្នុងការបោះឆ្នោត ប៉ុន្តែ បើពិនិត្យទៅលើស្ថានភាពជាក់ស្តែង គឺក្តីសង្ឃឹម របស់ក្រុមមេដឹកនាំនៅគណបក្សប្រឆាំង គ្រាន់តែជាការយល់សប្តិ ទាំងកណ្តាលថ្ងៃចែសប៉ុណ្ណោះ ព្រោះប្រជាពលរដ្ឋដែលកំពុងរស់នៅសុខសាន្តពួកគាត់ មិនភ្លេចគុណអ្នកបញ្ចប់ សង្គ្រាមឡើយ។ ដូច្នេះគណបក្ស ប្រឆាំងកុំស្មានថា បងប្អូនប្រជាពលរដ្ឋ ចាក់ចោលCPPដែលជាអង្ករ ហើយស្រវាគណបក្សសង្គ្រោះជាតិដែលជាអង្កាម នោះ ព្រោះប្រជាពលរដ្ឋខ្មែរ មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការជ្រើសរើសមេដឹកនាំ៤អាណត្តិកន្លងរួចមកហើយ៕

  2. Khmerkid says:

    លោក ជាតិ បាត់មុខយូរហើយ ទើបលេចមុខថ្មីៗនេះ ស្មានតែយួនសំលាប់ចោលបាត់ទៅហើយ  
    ព្រោះថាធ្វើការញុះញុងខ្មែរមិនបានកន្លងមក  ក្រែងថាលោកសម រង្សី គ្មានផ្លូវវិលចូលស្រុកវិញអី? 
    លោកជួយអោយលោកវិភាគសយ សុភាព ហៅអាឡប់  សួរមើលចាំពេលណាទើបកោសក់? 
    កុំអោយរាស្រ្តខ្មែរថា ចេះតែថាអត់ធ្វើ នរណាសន្យាខ្យល់? ខ្លាចតែគាត់ថាអត់បាននិយាយទេ រឺក៏មិនចាំទេ 
    ល្មមៗបានហើយពួកអាលើកជើង ឥតអៀនខ្មាស់ ស្តាយឈាមម្តាយខំបង្កើតផង!
    បើមិនជួយជាតិគួរកំុខំបំពុលបរិយាកាស អី  ! ចាំមើលៗ

  3. cheath says:

    IRI ថា ប្រជាជនគាំទ្រCPPខ្លាំងណាស់
    បក្សដែលរលាយគឺបក្សសមរង្សី+បក្សសិទ្ធិមនុស្សរបស់អាយ៉ង
    គោ ១០០ កឹម សុខា ហៅបក្សសង្គ្រោះជាតិឯណោះទេ
    ***/**************************************
    ក្រុមអ្នកវិភាគស្ថានការណ៍ ក្នុងប្រទេសកម្ពុជា បានទទួលស្គាល់ថា ដោយសារសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណា ចក្រ កម្ពុជា មានប្រជា ប្រិយភាព ក្នុងការដឹកនាំប្រទេស ឱ្យមានការរីកចំរើន លើគ្រប់វិស័យ ទើបមានការគាំទ្រពី ប្រជាពលរដ្ឋ ទូទាំងប្រទេស ។ ជាក់ស្ដែងនៅ ក្នុងរបាយ ការណ៍ស្ទង់មតិ របស់ជនបរទេស(IRI )បានឱ្យដឹងថា ប្រជាប្រិយភាពរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងការដឹកនាំប្រទេស ជាតិមានការគាំទ្រពីប្រជាពលរដ្ឋ កើន ឡើងរហូតដល់៨៧ភាគរយ ។ ការរកឃើញបែបនេះ បានស្តែងចេញជាភស្ដុតាងបង្ហាញច្បាស់ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៣ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១២ដោយផ្តល់ជោគជ័យធំធេងដល់គណបក្សប្រជាជនកម្ពុជា និងជាសក្ខីកម្មបន្តសម្រាប់ការបោះឆ្នោតជាតិ អាណត្ដិទី៥ ខែកក្កដា ឆ្នាំ២០១៣ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន នូវការគាំទ្រ កាន់តែច្រើនថែមទៀត ។ ដូច្នេះសំរាប់គណបក្ស សង្គ្រោះជាតិ ដែលបង្កើតដោយ សមរង្សីនិងកឹមសុខា សំរាប់ការប្រគួត ប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាមិនអាចឈានទៅរួចសំរាប់គ្រប់គ្រងអំណាច តាមមហិច្ឆតាស្រេកឃ្លានអំណាចដែលខ្លួនចង់បាននោះទេ ស្របពេល ដែលផ្ទៃក្នុងគណបក្សសមរង្សីនិងបក្សសិទ្ធិមនុស្សកឹមសុខាកំពុង បន្ដបែកបាក់ប្រខាំគ្នាដូចឆ្កែដណ្តើមអំណាចត្រួតត្រាក្នុងបក្សឥតឈប់ឈរនោះ ។ តាមការស្ទង់មតិរបស់IRIបានអោយដឹងយ៉ាងច្បាស់ថា“ចម្លើយក្នុង ចំណោម អ្នក ផ្ដល់ សម្ភាសន៍ ៨១ភាគរយ នៃមនុស្ស ចំនួន២០០០នាក់ បានឆ្លើយថា រដ្ឋាភិបាល របស់សម្ដេច តេជោហ៊ុនសែន សព្វថ្ងៃ ដើរលើផ្លូវត្រូវ ។ ក្នុងនោះអ្នកដែល ត្រូវ បានសម្ភាសន៍ ហើយឆ្លើយថា បោះ ឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា មានចំនួន ៦៧ភាគរយ ។អ្នកដែលជឿលើការដឹកនាំរបស់សម្ដេចហ៊ុន សែន មាន ៨៧ភាគរយ អ្នកមិនជឿ មាន១៣ភាគរយ ។
    សំរាប់បក្សប្រឆាំងសមរង្សីនិងគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខា ដែលអួតខ្លួនថាជាអ្នកខ្លាំងណាស់ នោះ ការ ស្ទាបស្ទង់បានបញ្ជាក់ថា សម្លេងគាំទ្របក្សប្រឆាំង បានធ្លាក់ពី២១ ភាគរយ មកនៅត្រឹម១៣ភាគរយ” ។ តាមរយៈ លទ្ធផល នៃការស្ទង់មតិនោះ បានបង្ហាញថា ប្រជាប្រិយភាពរបស់គណបក្សប្រឆាំង កំពុងមានការថយចុះយ៉ាងខ្លាំង ព្រោះគណបក្សនេះពូកែតែខាងប្រូ ភរភូត កុហកបោកប្រាស់ ញុះញង់អុចអាល បង្ករបញ្ហារមិនចេះចប់ បំផ្លាញការរស់នៅប្រកបដោយសេចក្តីសុខសាន្តរបស់ប្រជាជនដោយ មិនដែលសូម្បីប៉ុនចុងក្រចកណានោះ ដើម្បីបម្រើ ផល ប្រយោជន៍ប្រជា ពលរដ្ឋ និងកសាងប្រទេសជាតិ ឱ្យមានការរីកចំរើនសោះឡើយ ។
    សម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ប្រសិនបើអ្នកគាំទ្រសម្ដេច ស្ថិតនៅក្រោម ៦០ភាគ រយ នោះសម្ដេចនឹងលាឈប់ពីនាយករដ្ឋមន្ដ្រី ព្រោះសម្ដេចបានដាក់គោលដៅថា បើប្រជា ពលរដ្ឋ លែងជឿ ស្ថិតនៅក្រោម៦០ភាគរយនោះ សម្ដេចនឹងចាកចេញ មិនតំណាងឱ្យគណ បក្ស ក្នុងតំណែង ជានាយករដ្ឋមន្ដ្រីទៀតទេ ។ ការប្ដេជ្ញាចិត្ដច្បាស់លាស់ របស់សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បែបនេះហើយ គឺជាមូលហេតុ ដែលធ្វើឱ្យគណបក្សប្រជាជន កម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ទទួលបាននូវការគាំទ្រ កាន់តែខ្លាំងពីមួយអាណត្ដិទៅមួយ អាណត្ដិ ដែលបើទោះបីជាក្រុមអ្នកនយោបាយប្រឆាំងបើកការវាយប្រហារក្នុងនយោបាយបោកប្រាស់ប្រជាជន លើគណបក្ស ប្រជាជន កម្ពុជានិងរាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋបានដឹងនូវការពិត រួចជាស្រេច ទៅហើយ រយៈពេលជិត ៤អាណត្ដិកន្លងទៅនេះ ។
    អ្នកសង្កេតការណ៍ឯករាជ្យ បាននិយាយថា តាមការស្ទង់មតិដូចខាងលើ កំពុងតែធ្វើឱ្យក្រុមអ្នកនយោបាយប្រឆាំង អស់សង្ឃឹម ក្នុងការប្រកួតប្រជែង ឈានទៅ គ្រប់គ្រង និងដឹកនាំរដ្ឋាភិបាល តាមរយៈការបោះឆ្នោតជាតិអាណត្ដិទី៥ ខែកក្កដា ឆ្នាំ២០១៣ខាង មុខ។ពួកគេបានសង្កត់ធ្ងន់ថា ទោះបីក្រុមអ្នកនយោបាយនៃគណបក្សប្រឆាំង មិនទទួលស្គាល់ថា ប្រជាពលរដ្ឋ ៨៧ ភាគរយ គាំទ្រការដឹកនាំត្រឹមត្រូវ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏ដោយ ក៏ការស្ទង់មតិរបស់ជនបរទេសIRI បានបង្ហាញ នូវការពិតរួចជាស្រេច ។ ពិតណាស់ លទ្ធផលនេះត្រូវបានបង្ហាញតាមរយះជោគជ័យយ៉ាងត្រជះត្រចង់នូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិទី៣ ថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០១២ កន្លងមក សម្រាប់ជាជំហានយ៉ាង សំខាន់មួយទៀតក្នុការនាំមកនូវជោគជ័យ ឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៣ ដែល
    ប្រជាពលរដ្ឋកម្ពុជា បានឃើញ ការពិតនូវការរីកចំរើន ដែលជាស្នាដៃរបស់ រាជរដ្ឋាភិបាល ដឹកនាំដោយនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលពួកគាត់ ហើយប្រើប្រាស់ សន្លឹកឆ្នោតកាត់ក្ដី យ៉ាងយុត្ដិធម៌ជាទីបំផុត ។
    សូមបញ្ជាក់ដែរថា មួយរយៈពេលចុងក្រោយនេះ ក្រុមអ្នកនយោបាយដ៏មហាចោលម្សៀត នៃគណបក្ស ប្រឆាំង បានបើកការវាយប្រហារយ៉ាងខ្លាំងមកលើ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ ។ ក៏ប៉ុន្ដែតាមពិនិត្យ ជាក់ស្ដែង កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកនយោបាយ នៃគណបក្សប្រឆាំង ពុំបាន ទទួលលទ្ធផលឡើយ តែបានថ្លាក់ខ្លួន យ៉ាងដុនដាបទៅ ៗ។ព្រោះថាតាមការស្ទង់មតិរបស់IRI បានរកឃើញថា អ្នកជឿជាក់លើការដឹកនាំ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន មាន ៨៧ភាគរយ ហើយអ្នកមិនជឿ មានត្រឹមតែ ១៣ភាគរយប៉ុណ្ណោHប៉ុន្តែក្នុងចំណោម១៣%នេះក៏មិនប្រាកដគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ដែរ ។វាមានហេតុផលច្រើនណាស់ដែលតួរលេខ១៣% នេះត្រូវបែកខ្ញែកលើច្រើនមូលហេតុទៀតនោះ ។ ដូច្នេះតួលេខ ៨៧ភាគរយ និង១៣ភាគរយ គឺខុសគ្នាឆ្ងាយណាស់ ហេតុ នេះ គណបក្សប្រឆាំង គ្មានឱកាសទទួលបានការគាំទ្រពីប្រជាពលរដ្ឋ សម្រាប់ការដឹកនាំ រាជ រដ្ឋាភិបាល នាពេលខាងមុខនោះទេ ។ ម្យ៉ាងទៀត ផ្ទៃក្នុងការគណបក្សសមរង្ស៊ី ក្តី បក្សសិទ្ធិមនុស្សកឹមសុខាក្តីកំពុងមាន ភាពចម្រូងចម្រាស ខាំគ្នាដូចឆ្កែ ដណ្តើមអំណាចក្នុងបក្ស ហើយមន្ដ្រីថ្នាក់ខ្ពស់ និងសកម្មជន ថ្នាក់មូលដ្ឋានរបស់បក្សប្រឆាំងជាច្រើនបានសម្រេចចិត្ដផ្ដាច់ខ្លួនចេញច្រើនឡើងជាបន្ដបន្ទាប់ស្ទើររៀង រាល់ថ្ងៃ មករួមរស់នៅជាមួយគណះបក្សប្រជាជនកម្ពុជា៕

  4. CPP says:

    អាឈាមឆ្កែ! “Cheath” !! មួយថ្ងៃៗមិនគិតពីរឿងសេដ្ឋកិច្ច និងការកសាងប្រទេសទេ មានតែរកវិធីបំផ្លាញខ្មែរ។