Friday, 19 July 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ សង្គ្រាមពាក្យសម្ដីដ៏ក្តៅគគុកផ្អើលក្នុងហ្វេសប៊ុករវាងតារាចម្រៀង ឯក ស៊ីដេនិងអតីតសង្សាររស់នៅប្រទេសបារាំង ឈ្មោះ ប៉ែន វ៉ាន់សាវី ដែលលោក ឯក ស៊ីដេ អះអាងថានាង ប៉ែន វ៉ាន់សាវី ជាឈ្មោះក្លែងក្លាយ ខណៈឈ្មោះពិតគឺ ថ្លាង ចាន់សុផារី នោះ នៅពេលនេះស្រ្តីដែលជាម្ចាស់ឈ្មោះ ថ្លាង ចាន់សុផារី ពិតនោះ បានចេញមកបដិសេធថា នាងមិនដែលស្គាល់តារាចម្រៀងខ្មែរលោក ឯក ស៊ីដេទេ និងបានព្រមានដោយពាក្យសម្ដីធ្ងន់ៗសុំឲ្យលោក ឯក ស៊ីដេ ដករូបថតនាងចេញពីហ្វេសប៊ុកទៀតផងបើមិនដូច្នេះទេនាងនឹងដាក់ពាក្យទៅស្ថានទូតបារាំងហើយ។
បង្ហាញមុខនៅក្នុងវីដេអូឃ្លីប បដិសេធតបទៅនឹងតារាចម្រៀងលោក ឯក ស៊ីដេ នាង ថ្លាង ចាន់សុផារី មិនបានចេញមុខមកអះអាងតែម្នាក់ឯងនោះទេ គឺមានវត្តមានគូដណ្តឹងនាងផងដែរ ដែលអមទៅដោយសំឡេង នាង ប៉ែន វ៉ាន់សាវី សួរនូវសំណួរជាច្រើនទាក់ទិននឹងការបង្កាច់បង្ខូចឈ្មោះនាង។
នៅក្នុងវីដេអូឃ្លីប ដែលមានរយៈពេលប្រមាណជា៦នាទីនិង៤០វិនាទីនោះ ដំបូងឡើយបានផ្តើមពីសំឡេងនាង ប៉ែន វ៉ាន់សាវី ដោយពាក្យសម្ដីទន់ភ្លន់ថា៖«ជម្រាបសួរអ្នកនាង ថ្លាង ចាន់សុផារីថ្ងៃនេះខ្ញុំចង់និយាយជាមួយអ្នកនាងបន្តិចដើម្បីឲ្យអ្នកនាងបង្ហាញរូបពិតនិងឈ្មោះពិតបានទេ?»។
ឆ្លើយតបនឹងសំណើរបស់នាង ប៉ែន វ៉ាន់សាវី ដែលជាអតីតសង្សារលោកឯក ស៊ីដេនោះនិយាយភាសាខ្មែរ បែបប៉ៃឡាំៗស្រ្តីអាណិកជនខ្មែរ អ្នកនាង ថ្លាង ចាន់សុផារី បានតបថា៖«នេះខ្ញុំឈ្មោះថ្លាង ចាន់សុផារីពិតប្រាកដ ខ្ញុំមានគូដណ្តឹងហើយ នេះគូដណ្តឹងរបស់ខ្ញុំអង្គុយនៅជាមួយខ្ញុំហើយខ្ញុំក៏មិនដែលក្លែងឈ្មោះ ប៉ែន វ៉ាន់សាវី និងតាមសុំស្រឡាញ់តារាចម្រៀងខ្មែរលោកឯក ស៊ីដេ ស្អីគេនោះដែរ»។ នាងបន្តថា៖«អត់ទេ ខ្ញុំនៅរៀន ខ្ញុំក៏មិនមែនអ្នកមើលកូនក្មេងទេ។No! អត់ការពិតទេខ្ញុំអត់ដែលស្រឡាញ់អត់ដែលស្គាល់តារាចម្រៀងខ្មែរនោះដែរ»។
នាងថ្លាង ចាន់សុផារីក៏បានព្រមានយ៉ាងធ្ងន់ៗមកតារាចម្រៀងលោក ឯក ស៊ីដេ នេះដែរដោយនាង និយាយថា សុំឲ្យតារាចម្រៀងនោះ ដករូបនាងនៅក្នុងហ្វេសប៊ុកនោះចេញបើមិនដករូបនាងចេញទេនោះ នាងនឹងយកវីដេអូឃ្លីបនេះទៅស្ថានទូតបារាំង ហើយនឹងដាក់ពាក្យប្តឹងតែម្តង។
យ៉ាងណា នៅក្នុងវីដេអូឃ្លីបនោះ នាងថ្លាង ចាន់សុផារីមិនសូវជាបាននិយាយអ្វីច្រើនឡើយ។ ប៉ុន្តែក្នុងនោះត្រូវបានតួឯកស្រីក្នុងរឿងជម្លោះស្នេហាជាមួយតារាចម្រៀងលោក ឯក ស៊ីដេគឺនាងប៉ែន វ៉ាន់សាវី នាងបានលើកឡើងច្រើន បន្ថែមទម្ងន់លើចម្លើយបដិសេធរបស់នាង ថ្លាង ចាន់សុផារី ដោយនាងនិយាយថា៖«ពេលនេះនឹងបានដឹងហើយថា លោក ឪពុក របស់នាង ថ្លាង ចាន់សុផារី អាចធ្វើអ្វីចំពោះ លោក ឯក ស៊ីដេ ដែលលោកយកឈ្មោះកូនគេយកទៅផុសក្នុងហ្វេសប៊ុក ថាជារូបខ្ញុំនោះដែលកូនគេនៅរៀន ហើយលោកថា កូនគេជាអ្នកមើលក្មេងនោះ និងកូនគេមានគូដណ្តឹងហើយ បែរជាថា គេទៅសុំស្រឡាញ់លោកនោះ»។
នាង ប៉ែន វ៉ាន់សាវីបានបញ្ជាក់ទៀតថា៖«នេះឃើញហើយនៅថា រូបពិតនាង ថ្លាង ចាន់សុផារី និងរូបប៉ែន វ៉ាន់សាវី ខុសគ្នាយ៉ាងណានោះ មិនមែនជារូបតែមួយដូចលោក[ឯក ស៊ីដេ]ថានោះទេ»៕

ស្មោកគ្រោកណាស់ បើច្រៀងរកលុយមិនកើត រកស៊ីធាក់ស៊ីក្លូ ឬ រត់ម៉ូតូរ៉ឺម៉កតុកតុកទៅប្រសើរជាង.
ស្មោកគ្រោកណាស់ ធ្វើសត្វប្រឡាំងកាស !!! អាថោក !!!