កសិដ្ឋាន​ស្លែគ្រោង​ពង្រីក​អាហារ​បំប៉ន​វីតាមីន​រ៉ែ

Friday, 02 August 2013
Joanna Wolfarth
ភ្នំពេញ ប៉ុស្តិ៍

130802_22

កសិដ្ឋាន​ដាំស្លែ​ ដែល​ជា​ពពួក​វារីជាតិ​ត្រូវ​បាន​អង្គការ​អះអាង​ថា​សម្បូរ​ដោយ​ប្រូតេអ៊ីន វីតាមីន និង​ជាតិ​រ៉ែ​​។ រូបថត Jess Dyer

សៀមរាប : អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​១៦​កាលពី​ដើម​ខែ​បាន​មក​ជួបជុំ​គ្នា​នៅឯ​ទីស្នាក់ការ​អង្គការ​កសិដ្ឋាន​ផលិត​អាហារ​បំប៉ន​វារីជាតិ​អេនធិនណា​ (Antenna)​ ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប​ដើម្បី​ពិភាក្សា​និង​ស្វែងយល់​អំពី​ផលិតផល​និង​អត្ថប្រយោជន៍​មួយ​ចំនួន​របស់​អាហារ​បំប៉ន​វារីជាតិ​ដែល​មាន​អំណោយផល​និង​លក្ខខណ្ឌ​អាកាសធាតុ​តំបន់​ត្រូពិច​មាន​សារសំខាន់​ល្អ​សម្រាប់​ការ​ដាំដុះ​។ អាហារ​វារីជាតិ​ឬ​ស្លែ​នៅ​តំបន់​ត្រូពិច​មាន​ប្រូតេអ៊ីន​ខ្ពស់​សម្បូរ​វីតាមីន​ជាតិ​ដែក​កាល់ស្យូម​និង​ជីវជាតិ​ជាច្រើន​។

កសិដ្ឋាន​ផលិត​អាហារ​បំប៉ន​វារីជាតិ​នៅ​ខេត្ត​សៀមរាប​ដែល​បើក​សម្ពោធ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១១​បាន​ប្រតិបត្តិការ​ដោយ​មាន​បុគ្គលិក​១០​នាក់​។

លោក ហ្សង់ហ្វ្រង់ស័រ​ប៊ីឡា​តំណាង​របស់​អង្គការ​កសិដ្ឋាន​ផលិត​អាហារ​បំប៉ន​វារីជាតិ​អេនធិនណា​កម្ពុជា​បាន​ពន្យល់​ពី​អត្ថ​ប្រយោជន៍​ថា​៖ «​អាហារ​វារីជាតិ​នេះ​វា​អាច​ជួយ​ដល់​កុមារ​ដែល​ខ្វះ​អាហារ​បំប៉ន​បាន​និង​អាច​ជួយ​ឲ្យ​ពួកគេ​មាន​សារជាតិ​បំប៉ន​នោះ​មក​វិញ​បាន​ទៀត​ផង។ វា​ជា​អាហារ​សម្បូរ​ទៅ​ដោយ​វីតាមីន​អា និង​ជាតិ​រ៉ែ​ដែក​»។

បច្ចុប្បន្ន​អង្គការ​អេនធិនណា​បាន​សហការ​ជាមួយ​នឹង​ដៃគូ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​បី តែ​អង្គការ​ក៏​មាន​បំណង​ចង់​បង្កើន​ចំនួន​ដៃគូ​សហការ​ច្រើន​ជាង​នេះ​ដែរ​ដើម្បី​ចែកចាយ​នូវ​ផលិត​អាហារ​វារីជាតិ​នេះ​ដល់​បណ្តា​ទីផ្សារ​នានា​ប្រកប​ដោយ​គុណ​តម្លៃ​របស់​វា​។ អាហារ​បំប៉ន​វារីជាតិ​នេះ​ច្រើន​លក់​នៅ​តំបន់​សហគមន៍​ក្រីក្រ​ពោល​វា​គឺជា​ចង្វាក់​ផលិតកម្ម​នៃ​ពាណិជ្ជកម្ម​ខ្នាត​តូច​មួយ​នៅ​ឡើយ​។

អង្គការ​មាន​ក្រុម​អ្នក​ទីផ្សារ​ក្នុង​ស្រុក​របស់​ខ្លួន​ដើម្បី​ណែនាំ​ពន្យល់​ពី​ផលិតផល​និង​អត្ថប្រយោជន៍​របស់​វា​ផង​ដែរ​។

ជាក់ស្តែង​គេ​ឃើញ​មាន​ការ​លក់​នូវ​ផលិតផល​អាហារ​បំប៉ន​វារីជាតិ​នេះ​រយៈពេល​១០​ថ្ងៃ​ជូន​ដល់​ក្រុម​គ្រួសារ​នានា​ដែល​មាន​កូន​ខ្វះ​សារជាតិ​បំប៉ន​នោះ​ក្នុង​តម្លៃ​១៥០០​រៀល​ផង​ដែរ​។

លោក​ហ្សង់ហ្វ្រង់ស័រ ប៊ីឡា​និយាយ​ថា​៖ «​យើង​មាន​បំណង​ចង់​ផ្តោត​សំខាន់​ទៅ​លើ​ក្រុម​កុមារ​មាន​វ័យ​ក្រោម​៥​ឆ្នាំ​ដោយ​ពួកគេ​ទាំងនេះ​រមែង​មាន​ជំងឺ​ក្រិន​ដែល​បង្ក​ឲ្យ​មាន​សរីរាង្គកាយ​ខកខាន​លូតលាស់​បាន​ល្អ​។ មិន​តែ​ប៉ុណ្ណោះ​វា​មាន​សារសំខាន់​ណាស់​សម្រាប់​ជួយ​អភិវឌ្ឍ​ដល់​ប្រព័ន្ធ​ខួរក្បាល​និង​បង្កើត​ឲ្យ​មាន​សារធាតុ​បំប៉ន​ក្នុង​ខ្លួន​ពួកគេ​បាន​។ ចំណែក​គោលដៅ​របស់​យើង​ផ្សេង​ទៀត​នោះ​គឺ​សម្រាប់​ជួយ​ដល់​ក្រុម​ស្រ្តី​មាន​គភ៌​ក្រុម​ស្រ្តី​បំបៅដោះ​កូន​និង​ក្រុម​មនុស្ស​មាន​ផ្ទុក​មេរោគ​អេដស៍​ជាដើម​»។

ខណៈ​អង្គការ​ក៏​កំពុង​តែ​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រសួង​សុខាភិបាល​លោក​ហ្សង់ហ្វ្រង់ស័រ​ប៊ីឡា​សង្ឃឹម​ថា​នឹង​អាច​ផ្គត់ផ្គង់​ផលិត​អាហារ​បំប៉ន​នេះ​គ្រប់​ទីកន្លែង​នៅ​កម្ពុជា​។

ផលិតផល​អាហារ​បំប៉ន​វារីជាតិ​នេះ​អាច​ជាវ​បាន​នៅ​ហាង​កាហ្វេ​ Peace Cafe ក្នុង​ខេត្ត​សៀមរាប​៕ PR

 

What Next?

Recent Articles

One Response to "កសិដ្ឋាន​ស្លែគ្រោង​ពង្រីក​អាហារ​បំប៉ន​វីតាមីន​រ៉ែ"

  1. Real Khmerologist says:

    Thank you for your research. The green water moss is plentiful during the rainy season, but its beneficial nutrient was unknown to local consumers in the past.