Friday, 02 August 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ : ជាមួយនឹងភាពស្ងប់ស្ងាត់សកម្មភាពសិល្បៈមិនឃើញមានបទថ្មីចេញនឹងគេនោះក៏ស្រាប់តែលេចធ្លាយដំណឹងដ៏ភ្ញាក់ផ្អើលថា តារាចម្រៀងរាងខ្ពស់ស្រឡះ និងជាប្អូនស្រីបង្កើតរបស់លោកខេមរៈសិរីមន្ត នាង ខេមរៈស្រីពៅ ភ្ជាប់ពាក្យស្ងាត់ៗជាមួយបុរសអាណិកជនខ្មែរម្នាក់កំពុងរស់នៅសហរដ្ឋអាមេរិក។
ប៉ុន្តែយ៉ាងណាដំណឹងដ៏ភ្ញាក់ផ្អើលនោះ មិនត្រូវបានសាច់ញាតិរបស់នាងណាម្នាក់ទទួលស្គាល់ថា ជាការពិតឡើយដោយពួកគេអះអាងថានោះជាព័ត៌មានប្រឌិតដើម្បីបង្កាច់បង្ខូចកិត្តិយសនាងទៅវិញ។
ដំណឹងដ៏គួរឲ្យចាប់អារម្មណ៍ ជុំវិញជីវិតឯកជនរបស់ប្អូនស្រីលោក ខេមរៈ សិរីមន្ត និងអ្នកនិពន្ធល្បីលោក ខេមរៈ ភារុណ ក្នុងទ្រនំផលិតកម្មសាន់ដេ កញ្ញា ខេមរៈ ស្រីពៅ ភ្ជាប់ពាក្យស្ងាត់ៗជាមួយបុរសខ្មែររស់នៅអាមេរិក និងនៅសម្ងំបន្ទុំស្បែកថែខ្លួន ផ្គាប់ចិត្តគូដណ្តឹងឯនាយសមុទ្រនោះបានផុសចេញពីចង្កោមអ្នកសិល្បៈមួយក្រុមដែលសុំមិនបញ្ចេញឈ្មោះ។
ប្រភពពីមជ្ឈដ្ឋានតារាសិល្បៈមួយក្រុមនោះបានព្រលយពាក្យថា៖«កញ្ញាខេមរ: ស្រីពៅប្អូនស្រីលោក ខេមរៈ សិរីមន្ត នាងមានការរយាលពីការងារសិល្បៈច្រើននោះដោយសារនាងត្រូវធ្វើការសម្របខ្លួនបំពេញតាមការចង់បានពីគូដណ្ដឹងដែលទើបបានភ្ជាប់ពាក្យរួចកាលពីពេលថ្មីៗកន្លងមកនោះតែម្ដង»។
ប្រភពដដែលបានឲ្យដឹងទៀតថាបុរសដែលជាគូដណ្ដឹងរបស់តារាស្រីប្រចាំផលិតកម្មសាន់ដេ កញ្ញាខេមរៈស្រីពៅនោះគឺជាអាណិកជនខ្មែររស់នៅឯសហរដ្ឋអាមេរិកនិងក្រោយពីបានភ្ជាប់ពាក្យគូដណ្តឹងនាងបានសំណូមពរឲ្យកញ្ញាខេមរៈស្រីពៅលាឈប់ពីអាជីពសិល្បៈទើបមួយរយៈចុងក្រោយនេះស្រីពៅមិនសូវបានបង្ហាញមុខទាំងនៅលើវេទិកាសិល្បៈជោកជាំដូចកាលពីពេលមុន»។
ប៉ុន្តែពេលភ្នំពេញប៉ុស្តិ៍ជជីកសួរនិងសូមឲ្យបញ្ជាក់ពីអត្តសញ្ញាអនាគតប្អូនថ្លៃរបស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្តនោះប្រភពដដែលបែបជាស្ទាក់ស្ទើរក្នុងការបរិយាយដោយគ្រាន់តែនិយាយថា៖«មិនបានដឹងលម្អិតពីបុរសអាណិកជនម្នាក់នោះទេ។ តែនៅមិនយូរទេក្រោយពីបានភ្ជាប់ពាក្យរួច នៅអំឡុងចុងឆ្នាំ២០១៣នេះឬដើមឆ្នាំក្រោយ២០១៤ពិធីមង្គលការរបស់តារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ នឹងកន្លង់ឯនាយសមុទ្រនោះនឹងត្រូវប្រារព្ធឡើងហើយ»។
ឆ្លើយតបនឹងដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ កវីនិពន្ធដ៏មានទឹកដៃ និងជាបងប្រុសបង្កើតរបស់តារាចម្រៀងត្រកូលខេមរៈ លោក ខេមរៈភារុណ នោះ លោក បានធ្វើការបដិសេធទាំងស្រុងថា៖ «នោះមិនមែនជាព័ត៌មានពិតទេ»។
អ្នកនាំពាក្យត្រកូល ខេមរៈ រូបនេះបានអះអាងថា៖ «ប្អូនស្រីខ្ញុំស្រីពៅមិនដែលបានភ្ជាប់ពាក្យជាមួយបុរសអាណិកជនខ្មែរអាមេរិកណាទេ ហើយក៏គ្មានអាណិកជនចូលមកស្តីដណ្តឹងនិងភ្ជាប់ពាក្យនោះទេ ហើយក៏មិនដែលឮថាមានអ្នកអាមេរិកណា ចង់បានប្អូនស្រីខ្ញុំដែរ»។
អមជាមួយសំណើចកក្អិកនោះ កវីនិពន្ធវ័យជាង៣០ឆ្នាំរូបនេះបានបញ្ជាក់ថា៖ «បើប្អូនស្រីខ្ញុំភ្ជាប់ពាក្យមែននោះ មិនដឹងទៅលាក់ធ្វើអ្វី យើងសុទ្ធតែជាអ្នកសិល្បៈនោះ ម្ល៉េះសមទាំងបណ្តាញសារព័ត៌មានខ្ញុំហៅមកថតចុះផ្សាយហើយមិនឲ្យស្ងប់ស្ងាត់នោះទេ»។
លោក បានបន្ថែមទៀតថា៖ «ប៉ុន្តែខ្ញុំមានឈ្មោះតែជាបងប្រុសនិងដឹងត្រឹមតែការងារសិល្បៈនិងសុខទុក្ខប្អូនៗយ៉ាងណាតែប៉ុណ្ណឹង។ តែចំណែកថាប្អូនមានអ្នកណាស្រឡាញ់និងប្អូនត្រូវសម្រេចជ្រើសរើសយ៉ាងណា សម្រាប់អនាគតខ្លួននោះ ខ្ញុំមិនដឹងទេ ព្រោះនេះជាសិទ្ធិនិងការសម្រេចចិត្តឯកជនរបស់គេ។ ខ្ញុំមិនអាចជ្រៀតជ្រែកបានឡើយ»។
ថ្លែងពន្យល់ពីភាពស្ងប់ស្ងាត់ពីការងារសិល្បៈរបស់ប្អូនស្រីនោះ លោក ខេមរៈ ភារុណ បានឲ្យដឹងថា៖ «ដូចមហាជនដឹងហើយថា នៅរយៈពេលចុងក្រោយនេះ ប្អូនប្រុសខ្ញុំតារាចម្រៀងខេមរៈសិរីមន្តគាត់ជួបគ្រោះធំគ្រោះថ្នាក់ចរាចរណ៍។ ដូច្នេះមិនថា តែសិរីមន្តទេ ដែលមានភាពតក់ស្លុតនោះ គឺបងប្អូនក្នុងគ្រួសារម្នាក់ៗគឺសុទ្ធតែស្លុតរន្ធត់នឹងពឹ្រតិ្តការណ៍នោះ ហេតុនេះហើយពួកយើងមិនសូវចង់ឲ្យសមាជិកគ្រួសារណាម្នាក់មានសកម្មភាពអ្វីនោះទេ គឺចាំឲ្យមានអារម្មណ៍ស្ងប់ជាងនេះបន្តិចសិន»៕
why
គ្រួសារមិនចង់និយាយការពឹត គឺថាដល់ពេលណាគឺពេលនោះ……ឯនាងរមួលពោះស្ទើរប្រកាច់ ព្រោះឃ្លានសាច់ក្រកនៅបរទេស…..