ថ្ងៃ សុក្រ 02 សីហា 2013
ដោយ អ៊ឹម រចនា
RFI
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃនេះ បានសម្រេចឲ្យតំណាងគណបក្សប្រជាជនកម្ពុជា១រូប និងតំណាងគណបក្សសង្គ្រោះជាតិ១រូប ចូលជួបពិភាក្សាការងារ នៅថ្ងៃទី៣ ខែសីហា ស្អែកនេះ។ សេចក្ដីសម្រេចនេះ ត្រូវបាន គជប អះអាងថា ធ្វើឡើងបន្ទាប់ពីបានទទួលលិខិតពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។

ការប្រជុំរបស់ គជប នាពេលកន្លងមក (RFI/Siv Channa)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប ឲ្យដឹងថា នៅថ្ងៃសុក្រ ទី២សីហានេះថា គជប បានទទួលលិខិតពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ជាលិខិតស្នើឲ្យរៀបចំគណៈកម្មការចំរុះមួយ ធ្វើការស៊ើបអង្កេត និងធ្វើរបាយការណ៍ អំពីភាពមិនប្រក្រតី នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា កន្លងទៅ។
គណៈកម្មការចម្រុះ ដែលមានសមាសភាពមកពីគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា អង្គការសង្គមស៊ីវិលជាតិ អន្ដរជាតិ ដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោតមួយចំនួន ត្រូវបានលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង អះអាងថា ជាការចាំបាច់បំផុត ដើម្បីធ្វើការស៊ើបអង្កេត និងធ្វើរបាយការណ៍ អំពីភាពមិនប្រក្រតីនៃការបោះឆ្នោតជាតិអាណត្តិទី៥។
ឆ្លើយតបទៅនឹងសំណើឲ្យរៀបចំគណៈកម្មការចំរុះពីគណបក្សទាំង២ អង្គប្រជុំ គជប បានសម្រេចឲ្យតំណាងគណបក្សប្រជាជនកម្ពុជា១រូប និងតំណាងគណបក្សសង្គ្រោះជាតិ១រូប ចូលជួបពិភាក្សាការងារ នៅថ្ងៃទី៣ ខែសីហា វេលាម៉ោង៩ព្រឹក។
បើទោះបីជា សំណើរបស់បក្សប្រឆាំងកាលពីចុងខែមុន សុំឲ្យបង្កើតគណៈកម្មការចម្រុះ ធ្លាប់ត្រូវបាន លោកទេព នីថា អគ្គលេខាធិការ គជប ទាត់ចោលម្ដងរួចមកហើយ ក្នុងលេសថា «មិនមែនជាសមត្ថកិច្ចរបស់ គជប» ក្ដី ក៏ការដែល គជប ទទួលជួបតំណាងគណបក្សទាំងពីរនៅពេលនេះ ត្រូវបានគេមើលឃើញថា ជាការវិវឌ្ឍថ្មីមួយទៀត ពាក់ព័ន្ធនឹងបញ្ហាចម្រូងចម្រាសលើលទ្ធផលនៃការបោះឆ្នោត៕



AFTER HEARD AND SAW THE GREEN LIGHT FROM HUN SEN…TEP NITHA DO EVERYTHING FOR HIS BOSS NOW. TIME TO CLEAN NEC???. POURKK AH CHHKAI DACH THLAIY.