អ្នក​ស្អាងភ្នំ​ខឹង​ទូរទស្សន៍​បាយ័ន ហើយ​បារម្ភ​នឹង​ការ​កត់​ឈ្មោះ

Friday, 02 August 2013
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

130802_09a

ពល​រដ្ឋ​ខេត្តកណ្តាល​ពិនិត្យ​រក​មើល​ឈ្មោះ​បិទ​នៅ​ការិយាល័យ​បោះ​ឆ្នោត​កាលពី​ថ្ងៃ ២៨ កក្កដា ។ រូបថត​ផា លីណា​

កណ្តាលៈ អ្នក​ភូមិ ដំរី​ឆ្លង ឃុំ ស្អាង​ភ្នំ ស្រុក ស្អាង ខេត្ដ កណ្ដាល ដែល​នាំ​គ្នា​រារាំង​ឲ្យ​បិទ​ការិយាល័យ​បោះឆ្នោត​ក្នុង​ឃុំ​នេះ​កាល ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ព្រោះ​តែ​ឃើញ​ជន​ចម្លែក​ជា​ច្រើន​មក​បោះឆ្នោត​ខុស​ពី​ធម្មតា កំពុង​តែ​បារម្ភ​នឹង​ទូរទស្សន៍​បាយ័ន​ផ្សាយ​ចោទ​ប្រកាន់​ថា ពួក​គាត់​រារាំង​ដំណើរការ​បោះឆ្នោត ហើយ​និង​មាន​ការ​ស្រង់​ឈ្មោះ​ពួក​គេ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន។

លោក លី ម៉េង អ្នក​ចូល​រួម​ការ​តវ៉ា​ម្នាក់​នៅ​ថ្ងៃ​នោះ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​កំពុង​តែ​ខឹង​សម្បា​នឹង​ការ​ផ្សាយ​មួល​បង្កាច់​របស់​ទូរទស្សន៍ បាយ័ន​ដែល​ចោទ​អ្នក​ភូមិ ដំរី​ឆ្លង ថា មាន​ចេតនា​រារាំង​មិន​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ទៅ​បោះឆ្នោត។ លោក​និយាយ​ថា៖ «យើង​មិន​បាន​រារាំង​ពលរដ្ឋ​មិន​ឲ្យ​បោះឆ្នោត​ទេ តែ​មក​ពី​មាន​មនុស្ស​ជាច្រើន​នាក់​ដែល​មក​បោះឆ្នោត​មុខ​ប្លែកៗ និង​មាន​យួន​ក៏​មក​បោះឆ្នោត​ដែរ។ ព្រោះ​តែ​ភាព​មិន​ប្រក្រតី​បែប​នេះ​ទើប​ពួក​យើង​ស្នើ​សុំ​ឲ្យ​បិទ​ការិយាល័យ​មួយ​នេះ»។

លោក​បន្ត​ថា ពលរដ្ឋ​គ្រាន់​តែ​ចង់​ឲ្យ​ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌​តែ​ប៉ុណ្ណោះ ពុំ​មាន​ចេតនា​រារាំង​មិន​ឲ្យ​គេ​បោះឆ្នោត​នោះ​ទេ។ លោក​ថា បច្ចុប្បន្ន​អ្នក​ភូមិ​ខ្លះ​កំពុង​តែ​មាន​ការ​បារម្ភ នឹង​ការ​ដើរ​ស្រង់​ឈ្មោះ​ពី​មន្ត្រី​ប្រជា​ការពារ​ភូមិ រក​អ្នក​ណា​ដែល​ចូល​រួម​តវ៉ា​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​នោះ​។ លោក​ថា ៖ «មិន​ដឹង​ថា​គេ​យក​ឈ្មោះ​នោះ​ទៅ​ធ្វើ​អ្វី​ទេ»។

លោក តាត សាមួន អាយុ ៦៦ឆ្នាំ ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​ប្រជា​ការពារ​ភូមិ​បាន​ដើរ​កត់​ឈ្មោះ​ពលរដ្ឋ ដោយ​ពុំ​ប្រាប់​ពី​មូលហេតុ​ទេ គេ​គ្រាន់​តែ​ថា​នៅ​សល់ ១០ ឈ្មោះ​ទៀត ប៉ុន្តែ មិន​ដឹង​ថា​ជា​ឈ្មោះ​អ្វី​ទេ។ លោក​ថា៖ «បើ​តាម​ខ្ញុំ​គិត​ប្រហែល​ជា​គេ​ដើរ​ស្រង់​ឈ្មោះ ១០ នាក់​ទៀត​ដើម្បី​ចាប់​ខ្លួន ពី​ព្រោះ​នៅ​ថ្ងៃ​បោះឆ្នោត​គេ​ចាប់​ពលរដ្ឋ​ម្នាក់ ប៉ុន្តែ​ល្ងាច​ឡើង​គេ​ដោះលែង​វិញ»។

លោក​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា នៅ​ការិយាល័យ​បោះឆ្នោត​លេខ ១២០៤ នៅ​ក្នុង​ភូមិ ដំរី​ឆ្លង ឃុំ ស្អាង​ភ្នំ មាន​ភាព​មិន​ប្រក្រតី​ព្រោះ​មាន​ពលរដ្ឋ​ប្លែក​មុខ​ជាច្រើន​មក​បោះឆ្នោត ទើប​អ្នក​ភូមិ​នាំ​គ្នា​តវ៉ា​ឲ្យ​គេ​បិទ​ការិយាល័យ​បោះឆ្នោត​មួយ​នោះ​។ លោក​និយាយ​ថា​៖«ពួក​យើង​ភ័យ​ខ្លាច​ពី​រឿង​គេ​កត់​ឈ្មោះ ប៉ុន្តែ​ខឹង​រឿង​គេ​ចោទ​ប្រកាន់​ពួក​យើង​តាម​ទូរទស្សន៍​បាយ័ន»។

លោក គឹម ចាន់គីរី អភិបាល​ស្រុក ស្អាង បាន​ឲ្យ​ដឹង​ថា អ្នក​នៅ​ក្នុង​ភូមិ​អះអាង​ថា មាន​ពលរដ្ឋ​ប្លែក​មុខ​នោះ គឺ​គេ​មាន​ប័ណ្ណ​ចុះ​ឈ្មោះ​បោះឆ្នោត​ត្រឹម​ត្រូវ ពី​ព្រោះ​អ្នក​ទាំង​នោះ​មក​ស្នាក់នៅ​ធ្វើ​ការ​ក្នុង​តំបន់​នោះ រួច​ក៏​ចុះ​ឈ្មោះ​នៅ​ទីនោះ​ដើម្បី​បោះឆ្នោត​តែ​ម្តង។ លោក​បន្ត​ថា បើ​យោង​តាម​ច្បាប់​បោះឆ្នោត​គឺ​ពុំ​ខុស​អ្វី​នោះ​ទេ។

លោក​អភិបាល​បញ្ជាក់​ទៀត​ថា ៖«ខ្ញុំ​គិត​ថា​ការ​រារាំង​នោះ គឺ​មាន​ចេតនា​តែ​ម្តង ពីព្រោះ​អ្នក​ដែល​រារាំង​នោះ​គឺ​មក​ពី​ខាង​ក្រៅ​មិន​មែន​អ្នក​នៅ​ក្នុង​ភូមិ​ទេ នេះ​គឺជា​ការ​ញុះញង់​ជា​ប្រព័ន្ធ​តែ​ម្តង​ដែល​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​មាន​បញ្ហា»។

លោក គឹម ចាន់គីរី អះអាង​ដែរ​ថា៖ «គិត​មក​ដល់​ពេល​នេះ ពុំ​មាន​អ្នក​ណា​ដើរ​កត់​ឈ្មោះ​ពួក​គាត់​ទេ​ហើយ​បើ​មាន​សូម​បង្ហាញ​សមត្ថកិច្ច​យើង​មក​ថា តើ​អ្នក​ណា​ជា​អ្នក​កត់​ឈ្មោះ​ពួក​គាត់»។

លោក គឹម ហុង ប្រធាន​គណៈកម្មាធិការ​បោះឆ្នោត​ខេត្ត កណ្តាល​បាន​បញ្ជាក់​ថា ការិយាល័យ​បោះឆ្នោត​ភូមិ ដំរី​ឆ្លង នៅ​ក្នុង​ឃុំ ស្អាង​ភ្នំ ស្រុក ស្អាង មាន​ឈ្មោះ​អ្នក​បោះឆ្នោត​ក្នុង​បញ្ជី​ចំនួន ២៥៨ នាក់ ប៉ុន្តែ​បាន​មក​បោះឆ្នោត​តែ ៨៦ នាក់​ក៏​មាន​បញ្ហា​ប៉ុន្តែ​សន្លឹក​ឆ្នោត​នៅ​តែ​រាប់​យក​ជា​ការ​ដដែល។

លោក​បញ្ជាក់​ថា​៖ «រឿង​ទាក់ទង​នឹង​ការ​បិទ​ស្ថានីយ​បោះឆ្នោត​នោះ ខាង​លោក​មិន​ចាត់​ការ​នោះ​ទេ គឺ​ឲ្យ​តំណាង​គណបក្ស​នយោបាយ​នីមួយៗ​ដាក់​ពាក្យ​បណ្តឹង​ទៅ គ.ជ.ប។ ទាក់​ទិន​រឿង​ដើរ​ស្រង់​ឈ្មោះ​នោះ ខ្ញុំ​មិន​ដឹង​ទេ វា​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ»។

លោក ទិត្យ ថាវរិទ្ធ អគ្គ​នាយក​ទូរទស្សន៍ បាយ័ន​ពុំ​អាច​ទាក់​ទង​ធ្វើ​ការ​បំភ្លឺ​តប​នឹង​ការ​រិះគន់​នេះ​បាន​ទេ កាល​ពី​ម្សិលមិញ៕

 

What Next?

Recent Articles

5 Responses to "អ្នក​ស្អាងភ្នំ​ខឹង​ទូរទស្សន៍​បាយ័ន ហើយ​បារម្ភ​នឹង​ការ​កត់​ឈ្មោះ"

  1. Chourn says:

    ខ្ញុំគិតថានយោបាយគំរាមគំហែងលែងមានប្រសិទ្ធភាពហើយពេលនេះ នៅទីណាក៍ដោយនៅលើ ពិភពលោកបើមានកាគំរាមគំហែងកាន់តែច្រើននោះការរើបំរាស់កាន់តែខ្ពស់។ យើងឃើញហើយថា បក្សប្រជាជននៅអាណត្តិនេះធ្លាក់កៅអីច្រើន តើនេះព្រោះតែអ្វី? មិនព្រោះតែការគំរាមគំហែងបំភិត បំភ័យទេឬ។ ដូច្នេះមានតែធ្វើអំពើរល្អទៅប្រជាជននោះទេទើបសង្ឃឹមថាបានសន្លឹកឆ្នោតពីគាត់ ព្រោះពួកគាត់យល់ច្បាស់ហើយថាសេរីភាពនិងយុត្តិធម៌គឺជាសេចក្តីប្រាថ្នារបស់ពួកគាត់តែមួយគត់​​ ស្អប់ខ្ពើមការគំរាមគំហែង។ នេះសរបញ្ជាក់ឲ្យឃើញថាប្រទេសប្រជាធិបតេយ្យគេត្រូវការសេរីភាព មិនមែនការគំរាមគំហែងនោះទេ គេមិនអាចធ្វើនយោបាយផ្តាច់ការក្នុងប្រទេសសេរីបាននោះទេ។

  2. ស្រុក​ខ្ញុំ​បាទ says:

    នេះ​ជា​ការ​សង​សឹក​នយោបាយ​ហើយ!!!

  3. Chenda says:

    បក្សប្រជាជនជាសន្តានក្រោយរបស់ខ្មែរក្រហម ហេតុនេះ​ របៀបគ្រប់គ្រងអំណាចស្រដៀងគ្នានឹងពួកប៉ុល​ពត​​ គឺផ្តាច់ការ ដូច្នេះ “អ្នកណាដែលហ៊ានប្រឆាំងបក្ស នឹងចាត់ទុកជាខ្មាំងដែលត្រូវតែកំទេច​ ” គ្រាន់តែ របបបច្ចុប្បន្ននេះ ​ផ្លាស់ប្តូររូបភាពពី​”ការកាប់សម្លាប់ដោយផ្ទាល់ “មក​ជា “ការចាប់ដាក់គុក”​ វិញតែប៉ុណ្ណោះ ។

  4. ពួកអ្នកអែងកំពុងដុតកំហឹងប្រជាពលរដ្ធអោយកាន់តែខ្លាំងទៀតហើយ ។ អ្នកអែង នឹងទទួលលទ្ធផលគួរអោយជួរចត់វិញជាមិនខានចាំមើលចុះ ។

  5. ស្រុក​ខ្ញុំ​បាទ says:

    ចប់​ហើយ​ស្រុក​យើង គ្មាន​ថ្ងៃ​រើ​រួច​ខ្លួន​ពី​ពួក​កុម្មុយនីស្ត និង​របប​កុម្មុយនីស្ត​ផ្តាច់​ការ​ទេ!!!