CNRP មិន​ចាប់​អារម្មណ៍​នឹង​ការ​ចែក​អំណាច​ទេ

Friday, 02 August 2013
Abby Seiff និង ជាង សុខា
ភ្នំពេញ ប៉ុស្តិ៍

130802_01

ប្រជាពលរដ្ឋ​ ​​បង្ហាញពី​ភាព​មិន​អាច​ចូលរួម​បោះ​ឆ្នោត​របស់​ខ្លួន​​នៅ​ឯស្នាក់​ការ​គណបក្សសង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃពុធ​ ដែល​អ្នក​ខ្លះ​ថាមិនមាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។ រូបថត ផា លីណា

ភ្នំពេញៈ មន្រ្តី​គណបក្ស​ប្រឆាំង​កាល​ពី​ម្សិលមិញ​បាន​បន្ត​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​និង​ហ្មត់ចត់​ទៅ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​ថ្លែង​ថា គណបក្ស​នេះ​មិន​មាន​ចេតនា​ដើម្បី​ជួប​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច ពាក់​ព័ន្ធ​នឹង​ការ​ចែក​អំណាច​នោះ​ទេ។

ការ​ថ្លែង​បែប​នេះ​បាន​ធ្វើ ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ស្នើ​ឲ្យ​មាន​គណៈកម្មការ​ពីរ ដែល​គណៈកម្មការ​មួយ​នឹង​មើល​ទៅ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត រីឯ​គណៈកម្មការ​មួយ​ទៀត​នឹង​បើក​ចរចា​ពី​ការ​បែង​ចែក​អំណាច ខណៈ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា ការ​ចរចា​បែប​នេះ​អាច​នឹង​កើត​ឡើង​បាន។

អ្នក​នាំ​ពាក្យ​គណបក្ស សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ៖ «យើង​មិន​ចាប់​អារម្មណ៍ [ការ​ពិភាក្សា​បែង​ចែក​អំណាច​ទេ]។ នេះ​គឺជា​ពាក្យ​ចចាម​អារ៉ាម​យើង​ត្រូវ​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ប្រជាជន​ដែល​ត្រូវ​គេ​លុប​ឈ្មោះ​ចោល​សិន»។

កាល​ពី​រសៀល​ថ្ងៃ​ពុធ លោក យឹម សុវណ្ណ ថ្លែង​ថា គណបក្ស​បាន​ទទួល​ពាក្យ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថា ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មិន​អាច​ទៅ​រួច​ទេ ដោយ​សារ​ពេល​វេលា​មិន​គ្រប់​គ្រាន់ ប៉ុន្តែ​បាន​បញ្ជាក់​ថា ពួក​គេ​រួម​ជាមួយ​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ភាគី​ដទៃៗ​ទៀត​ត្រូវ​អញ្ជើញ​ទៅ​សង្កេត​ការណ៍​ក្នុង​ការ​រាប់ សន្លឹក​ឆ្នោត​។

លិខិត​នេះ​បាន​ធ្វើ​ឡើង​ស្ទើរ​តែ​ចំ​ពេល​ជាមួយ​នឹង​ពាក្យ​សម្តី​របស់ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​ក្នុង​នោះ​លោក​បាន​ថ្លែង​ថា ប្រសិន​បើ គ.ជ.ប អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត លោក​នឹង​ស្វាគមន៍​គណៈកម្មការ​មួយ​នេះ​ដែល​បង្កើត​ឡើង​ដោយ​មាន​សមាសភាព នៃ​គណបក្ស​ទាំង​ពីរ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ពិនិត្យ​ទៅ​លើ​អ្វី​ដែល​ជា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។

លោក យឹម សុវណ្ណ បន្ត​ថា​គណបក្ស​លោក​កំពុង​ប្រកាន់​ជំហរ​រឹងមាំ ចំពោះ​សំណើ​ដំបូង​របស់​ខ្លួន​ដែល​សុំ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​មួយ ដែល​រួម​បញ្ចូល​តំណាង​របស់​អង្គការ​សហ​ប្រជាជាតិ ហើយ​មិន​មែន​សម្រាប់​តែ «សង្កេត​ការណ៍​ឬ​តាម​ដាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​វាយ​តម្លៃ​បញ្ហា​និង​វាយ​តម្លៃ​ផល​វិបាក​ដែល​បាន​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទាំង​មូល»។

អ្នក​នាំ ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី លោក ផៃ ស៊ីផាន​បាន​ថ្លែង​ថា​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ​ទេ អំពី​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លើ​ការ​បោះឆ្នោត​នោះ។

លោក​បាន​ថ្លែង​ថា ៖ «ចំពោះ​រឿង​នេះ​ខ្ញុំ​មិន​ឮ​អ្វី​ពី [គណបក្ស​ប្រឆាំង] ទេ»។


លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថា ជាមួយ​នឹង​ភាព​ជាប់​គាំង​ដែល​បង្ហាញ​សញ្ញា​តិច​តួច​នៃ​ភាព​កាន់​តែ​ខ្សោយ​ទៅៗ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បញ្ចប់​និង​ចេញ​តួលេខ​របស់​ខ្លួន​ឲ្យ បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក អ៊ូ វីរៈ បន្ត​ទៀត​ថា​៖ «ការ​ផ្ទៀង​ផ្ទាត់​សន្លឹក​ឆ្នោត​គឺជា​ផ្នែក​ងាយ​ស្រួល​បំផុត​។ គណបក្ស​ប្រឆាំង​ត្រូវ​បង្ហាញ​ទម្រង់ ១១០៤ របស់​ខ្លួន [តួលេខ​ផ្ទាល់​បាន​ពី​ការិយាល័យ​បោះឆ្នោត​នីមួយៗ] ដើម្បី​ប្រៀប​ធៀប​ជាមួយ​នឹង​ទម្រង់​របស់ គ.ជ.ប តាម​ការិយាល័យ​នីមួយៗ​នោះ​ហើយ ជា​ការ​សំខាន់ ហើយ​ជា​រឿង​ងាយ​ស្រួល​បំផុត​ក្នុង​ការ​ធ្វើ​បែប​នេះ​។ ខ្ញុំ​នឹង​មិន​បញ្ជាក់​ឬ​បដិសេធ​ការ​អះអាង​របស់​គណបក្ស​ទាំង​ពីរ​នោះ​ទេ»។

លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា គណបក្ស​របស់​លោក​កំពុង​បន្ត​ប្រមូល​តួ​លេខ​ពី​ភ្នាក់ងារ​អង្កេតការណ៍​ដែល​ប្រចាំការ​នៅ​ការិយាល័យ​បោះឆ្នោត​រាប់​ម៉ឺន​ការិយាល័យ ប៉ុន្តែ​ថា ពួក​គេ​បាន​ប្រមូល​ភ័ស្តុតាង​បាន​គ្រប់​គ្រាន់​រួច​ហើយ ដើម្បី​បង្ហាញ​ថា គណបក្ស​បាន​ឈ្នះ​អាសនៈ​ច្រើន​ជាង​តួលេខ​បង្ហាញ​ដោយ គ.ជ.ប។

លោក​បន្ត​ថា ៖ «វា​សំខាន់​ត្រូវ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ឲ្យ​យើង​អាច​ទៅ គ.ជ.ប និយាយ​បង្ហាញ​ថា តួលេខ​ទាំង​នេះ​បាន​មក​ពី​ណា? សូម​រាប់​ទាំង​អស់​គ្នា​ជា​ពិសេស​នៅ​ក្នុង​ខេត្ត​ទាំង​នេះ [ជា​កន្លែង​ដែល​យើង​ឃើញ​មាន​បញ្ហា]»។

ដោយ​ធ្វើ​នៅ​កន្លែង​ផ្សេងៗ​គ្នា​ភ័ស្តុតាង​ដែល​សន្មត​ដោយ​គណបក្ស សង្គ្រោះ​ជាតិ ទំនង​ជា​នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ។ នៅ​ក្នុង​ការ​បង្ហាញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី បាន​បង្ហាញ​ទម្រង់​តាម​ដាន​ការ​បោះឆ្នោត​លេខ ១១០៤ ដែល​គាំទ្រ​ទៅ​លើ​ការ​បង្ហាញ​ថា គ.ជ.ប បាន​បំប៉ោង​ការ​រាប់​សន្លឹក​ឆ្នោត​របស់​គណបក្ស​តូចៗ​នៅ ការិយាល័យ​មួយ ដោយ​ថ្លែង​ថា ខ្លួន​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​នៃ​អំពើ​ក្លែង​បន្លំ​ដោយ គ.ជ.ប នោះ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​ការ​បោះឆ្នោត។

តាម​ការ​ដាក់​បង្ហាញ​លើ​ទំព័រ ហ្វេសប៊ុក នោះ​ថា​៖ «ភ័ស្តុតាង​ស្រដៀង​គ្នា​អាច រក​ឃើញ​ផង​ដែរ​នៅ​ការិយាល័យ​បោះឆ្នោត​ទាំងអស់​នៅ​ទូទាំង​ប្រទេស»។

លោក ទេព នីថា អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ច្រាន​ចោល​ការ​លើក​ឡើង​ដែល​ថា មាន​ការ​ក្លែង​បន្លំ​បែប​នេះ ហើយ​បាន​ហៅ​ការ​លើក​ឡើង​នេះ​ថា គ្មាន​មូលដ្ឋាន​ច្បាស់​លាស់៕ PS

 

What Next?

Recent Articles

4 Responses to "CNRP មិន​ចាប់​អារម្មណ៍​នឹង​ការ​ចែក​អំណាច​ទេ"

  1. Chourn says:

    ពិតហើយ ប្រសិនបើអ្នកចង់បានយុត្តិធម៌និងតម្លាភាពនោះអ្នកមិនត្រូវគិតតែពីការបែងចែកអំណាច នោះទេ ត្រូវតែវិភាគឲ្យដឹងពីភាពត្រឹមត្រូវនៃបរិយាកាសទូទៅនៃការរៀបចំបោះឆ្នោតជាមុនថាតើ គ្រប់ភាគីសុទ្ធតែយល់ថាការបោះឆ្នោតវាមានភាពត្រឹមត្រូវយុត្តិធម៌គ្រប់ជ្រុងជ្រោយជាមុន។

  2. មាត់ដាច says:

    ជាការពិតណាស់ ភាពមិនប្រក្រតីខ្លះច្បាស់ជាកើតមាន តែការសម្លឹងមើលអំណាចរបស់ CNRP ប្រាកដជាមិនអត់នោះទេ។ មកទល់ពេលនេះមានក្រុមមនុស្ស៥៥រូបប៉ុណ្ណោះមានវាសនានឹងបានចាយលុយជាតិទាំងពាន់ៗតាមរយៈប្រាក់ខែតំណាងរាស្រ្ត ​ចុះក្រុមមនុស្សដែលចូលរួមហែហមរាប់ម៉ឺននាក់តាំងពីមូលដ្ឋានដល់ទីក្រុង ពិតជា​មកពីកន្លែងណាទៅកន្លែងនោះវិញចុះ។ មុនបោះឆ្នោតលក់លៀសហាល ក្រោយបោះឆ្នោតលក់ខ្ចៅស្ងោប៉ុណ្ណោះ។

  3. Anonymous says:

    All Cambodians support to investigate on injustice election, NEC really kill the Cambodians.

  4. ែសន ឌឺ says:

    លក់លាសហាល និង លក់ខ្ចៅស្ងរក៏ជាមុខរបរថ្លៃថ្នូរជាងប្រកបអាជីពជាចោរលួចសន្លឹកឆ្នោតរបស់រាស្រ្តឆ្ងាយណាស់