នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) គេសង្កេតឃើញមានឯកសារមួយចំនួនដែលមានទម្រង់ជាសេចក្ដីប្រកាសរបស់គណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យប្រជាពលរដ្ឋដែលជាមន្ត្រីរាជការ កម្មករ និងមនុស្សចាស់ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើង ធ្វើប្រវត្តិរូបរបស់ខ្លួន ដើម្បីបើកលុយដែលគណបក្សនោះបានសន្យាថានឹងផ្ដល់ឲ្យ បើសិនឈ្នះឆ្នោត។ ប៉ុន្តែ ការចេញសេចក្ដីប្រកាសទាំងនោះត្រូវបានគណបក្សសង្គ្រោះជាតិ បដិសេធថា មិនមែនជាឯកសារដែលធ្វើឡើងដោយគណបក្សខ្លួននោះទេ។
ដោយ ចេង ម៉េងជូ
2013-08-03
RFA

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នាទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣។ RFA/Den Ayuthea
ថ្វីបើចំណុចគោលនយោបាយចម្បងរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានគេមើលឃើញថា ជាចំណុចទាក់ទាញរបស់គណបក្សប្រឆាំងមួយនេះក៏ដោយ ក៏អាចមានគេយកចំណុចទាក់ទាញទាំងនោះមកក្រឡុកបក្សនេះបានដែរ។
ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ នេះ គណបក្សសង្គ្រោះជាតិ បានដាក់ចេញនូវកម្មវិធីនយោបាយដែលមានវិធានការបន្ទាន់ ៧ចំណុច ក្នុងនោះមានដូចជា ការដំឡើងប្រាក់ខែឲ្យកម្មករឲ្យបានយ៉ាងតិច ៦០ម៉ឺនរៀលក្នុង១ខែ មន្ត្រីរាជការទទួលបានប្រាក់ខែយ៉ាងតិច ១លានរៀល និងការផ្ដល់ប្រាក់ឧបត្ថម្ភដល់មនុស្សចាស់ ៤ម៉ឺនរៀលក្នុងមួយខែជាដើម ហើយគណបក្សនេះថែមទាំងបានសន្យាទៀតថា ខ្លួននឹងអនុវត្តគោលនយោបាយដែលបានដាក់ចេញឲ្យខាងតែបាន បើសិនឈ្នះឆ្នោត។
ប៉ុន្តែ ថ្មីៗនេះ ខណៈដែលគណបក្សប្រឆាំងមួយនេះមិនទាន់ទទួលស្គាល់លទ្ធផលបោះឆ្នោតនៅឡើយផង មានពាក្យចចាមអារ៉ាម និងលិខិតអនាមិកមួយចំនួន ត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយប្រើឈ្មោះគណបក្សសង្គ្រោះជាតិ អំពាវនាវដល់មន្ត្រីរាជការ កម្មករ និងមនុស្សចាស់ដែលមានអាយុលើសពី ៦៥ឆ្នាំ ឲ្យបំពេញប្រវត្តិរូបដើម្បីបើកថវិកាដែលគណបក្សនេះបានសន្យាថានឹងផ្ដល់ជូន តាមការឃោសនារបស់ខ្លួនកន្លងមក ព្រោះការបោះឆ្នោតបានបញ្ចប់ហើយ។
សំឡេង៖ «គណបក្សសង្គ្រោះជាតិ សូមអញ្ជើញអ៊ំប្រុសអ៊ំស្រី ដែលមានអាយុចាប់ពី ៦០ឆ្នាំ មេត្តាទៅបើកប្រាក់ឧបត្ថម្ភ ៤ម៉ឺនរៀលពីគណបក្សសង្គ្រោះជាតិ នៅគ្រប់បណ្ដារាជធានីខេត្ត។ កម្មករកម្មការិនី សូមទៅជួបគណបក្សសង្គ្រោះជាតិ ដើម្បីបើកប្រាក់ខែឧបត្ថម្ភ ១៥០ដុល្លារ។ មន្ត្រីរាជការទាំងអស់ សូមអញ្ជើញទៅបើកប្រាក់ខែបន្ថែមបង្គ្រប់ ១លានរៀលក្នុងមួយខែពីស្នាក់ការបក្សសង្គ្រោះជាតិ។ នេះ គឺជាអ្វីដែលគណបក្សសង្គ្រោះជាតិ បានសន្យាមុនការបោះឆ្នោត។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន។ សូមទំនាក់ទំនងមកគ្រប់សាខាទីស្នាក់ការបក្សសង្គ្រោះជាតិ។ ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ ហត្ថលេខា សម រង្ស៊ី»។
ក្រៅពីសំឡេងនេះ នៅមានលិខិតស្នាមមួយចំនួនទៀតដែលត្រូវបានគេក្លែងបន្លំ ដោយមានរូបសញ្ញា និងត្រារបស់គណបក្សសង្គ្រោះជាតិ ព្រមទាំងហត្ថលេខារបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅលើលិខិតស្នាមទាំងនោះទៀតផង។
បន្ទាប់ពីមានការផ្សព្វផ្សាយឯកសារ និងសំឡេងក្លែងបន្លំទាំងនោះមក គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីប្រកាសបដិសេធចោល ដោយចាត់ទុកថា វាគ្រាន់តែជាពាក្យចចាមអារ៉ាម និងជាលិខិតអនាមិកដែលមានចេតនាបំពុលបរិយាកាសសង្គមប៉ុណ្ណោះ។ ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា រាល់លិខិតស្នាម ឬឯកសារផ្លូវការទាំងអស់របស់គណបក្សសង្គ្រោះជាតិ គឺត្រូវបានផ្សព្វផ្សាយតាមវិទ្យុ ក្នុងកម្មវិធីសំឡេងសង្គ្រោះជាតិ គេហទំព័ររបស់គណបក្ស និងទំព័រហេ្វសប៊ុក របស់គណបក្សសង្គ្រោះជាតិ តែប៉ុណ្ណោះ។
ចាប់តាំងពីមុនការបោះឆ្នោតបានចាប់ផ្ដើម ទង្វើរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មួយចំនួនក្នុងការក្លែងព័ត៌មាន ឬបង្កជាពាក្យចចាមអារ៉ាមផ្សេងៗ បានឆ្លុះបញ្ចាំងឲ្យឃើញពីការប្រឆាំងគ្នាតាមគ្រប់រូបភាព រវាងអ្នកគាំទ្រគណបក្សនយោបាយធំពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលជាដៃគូប្រជែងដ៏ស្វិតស្វាញក្នុងការបោះឆ្នោត។
ចំណុចទាក់ទាញរបស់គណបក្សប្រឆាំង ដែលសន្យាថានឹងដំឡើងប្រាក់ខែដល់កម្មករ មន្ត្រីរាជការ និងផ្ដល់ប្រាក់ឧបត្ថម្ភដល់ចាស់ជរានេះ ត្រូវបានអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី ចាត់ទុកថា ជាការសន្យាដែលអាចអនុវត្តបានក្នុងស្ថានភាពសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ន។ លោក កែម ឡី បានមានប្រសាសន៍ថា បើរដ្ឋាភិបាលបច្ចុប្បន្នអាចកាត់បន្ថយការចំណាយដែលមិនចាំបាច់បាន រដ្ឋាភិបាលនេះក៏អាចយកគោលនយោបាយដំឡើងប្រាក់ខែ និងប្រាក់ឧបត្ថម្ភទាំងនេះទៅអនុវត្តបានដែរ។
ចំពោះការដំឡើងប្រាក់ខែជូនកម្មករឲ្យបានយ៉ាងតិច ១៥០ដុល្លារ លោក កែម ឡី យល់ឃើញថា គោលនយោបាយនេះនឹងអាចជួយលើកស្ទួយជីវភាពគ្រួសារទាំងមូលរបស់ប្រជាពលរដ្ឋជាច្រើន ហើយតាមការសិក្សារបស់លោក ពួកគេនឹងអាចរួចផុតពីបន្ទាត់នៃភាពក្រីក្រក្នុងរយៈពេល ៥ឆ្នាំ៖ «គោលនយោបាយហ្នឹងសំខាន់ណាស់ យើងគិតមើល ប្រជាពលរដ្ឋអ្នកកម្មករមិនតិចជាង ៧៥ម៉ឺននាក់ទេ បើសិនជាគាត់ទទួលបានប្រាក់បៀវត្សរ៍ហ្នឹងគ្រប់គ្រាន់ ហើយគាត់អាចសល់ គាត់អាចចិញ្ចឹមសមាជិកគ្រួសារ ដូចជាយាយតាចាស់ ឬក៏កូននៅក្នុងបន្ទុកហ្នឹងបន្តទៅទៀត»។
ការដំឡើងប្រាក់ខែដល់មន្ត្រីរាជការឲ្យបានយ៉ាងតិច ២៥០ដុល្លារ ក៏នឹងជះឥទ្ធិពលជាវិជ្ជមានជាច្រើនដល់ការកាត់បន្ថយអំពើពុករលួយ និងអាចពង្រឹងគុណភាពសេវាសាធារណៈឲ្យបានប្រសើរឡើងផងដែរ នេះបើតាមការសិក្សារបស់អ្នកស្រាវជ្រាវរូបនេះ។
លោក កែម ឡី បានបន្ថែមថា ប្រសិនបើរដ្ឋាភិបាលអាចផ្ដល់សេវាអប់រំ និងសុខភាពដែលមានគុណភាពប្រសើរដល់ប្រជាពលរដ្ឋក្រីក្រនោះ នឹងអាចជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋក្រីក្រ ពិសេសជនចាស់ជរាប្រមាណ ៦០ម៉ឺននាក់ នៅទូទាំងប្រទេសដែលកំពុងរស់ក្នុងភាពក្រីក្រ។
ទោះបីយ៉ាងនេះក្ដី រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កន្លងមក តែងរិះគន់គោលនយោបាយដំឡើងប្រាក់ខែរបស់គណបក្សសង្គ្រោះជាតិ ដោយចាត់ទុកថា វាគ្រាន់តែជាការសន្យាខ្យល់តែប៉ុណ្ណោះ ហើយគណបក្សកាន់អំណាចនេះបានអះអាងថា លក្ខខណ្ឌសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ន មិនអាចដំឡើងប្រាក់ខែដល់មន្ត្រីរាជការ និងកម្មករក្នុងកម្រិតដែលគណបក្សប្រឆាំងបានលើកឡើងនោះឡើយ។
ទាក់ទងនឹងគោលនយោបាយជួយជនចាស់ជរា ថ្វីបើរដ្ឋាភិបាលមិនទាន់មានគោលនយោបាយណាមួយឧបត្ថម្ភថវិកាប្រចាំខែដល់ចាស់ជរាក៏ពិតមែន តែក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការអន្តរជាតិមួយចំនួន ដែលធ្វើការពាក់ព័ន្ធនឹងវិស័យនេះ បានបង្កើតគណៈកម្មាធិការថ្នាក់ជាតិមួយ ដើម្បីរៀបចំបង្កើតគោលនយោបាយលើកស្ទួយមនុស្សចាស់ចាប់តាំងពីឆ្នាំ២០០៣ មកម្ល៉េះ។
ការអង្កេតក្នុងឆ្នាំ២០០៧ ដែលធ្វើឡើងដោយក្រសួងនេះ សហការជាមួយអង្គការអន្តរជាតិ ហេភ អេច្ច អ៊ីនធឺណេហ្សិនណល (HelpAge International) ព្រមទាំងអង្គការ យូ.អិន.អេហ្វ.ភី.អេ ប្រចាំនៅកម្ពុជា (UNFPA Cambodia) បានរកឃើញថា កម្ពុជា មានសមាគមមនុស្សចាស់ប្រមាណ ៣៣១កន្លែងនៅទូទាំងប្រទេស ដែលភាគច្រើនប្រមូលផ្ដុំនៅភាគពាយព្យ។
របាយការណ៍ឆ្នាំ២០១២ ស្តីពីភាពចាស់ជរានៅកម្ពុជា របស់អង្គការ យូ.អិន.អេហ្វ.ភី.អេ ប្រចាំនៅកម្ពុជា បានសរសេរថា ដល់ពេលដែលកម្ពុជា ត្រូវបង្កើតគោលនយោបាយជាក់លាក់សម្រាប់មនុស្សចាស់ហើយ ខណៈដែលកម្ពុជា ជាប្រទេសហត្ថលេខីក្នុងផែនការសកម្មភាពអន្តរជាតិទីក្រុងម៉ាឌ្រីត ស្ដីពីភាពចាស់ជរាដែលបានអនុម័តនៅក្នុងមហាសន្និបាតពិភពលោកលើកទី២ ស្ដីពីភាពចាស់ជរា កាលពីខែមេសា ឆ្នាំ២០១២។
ទាក់ទងនឹងគោលនយោបាយសង្គមកិច្ចទាំងនេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី យល់ឃើញថា បើសិនជាគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតមែន រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សនេះ គួរធ្វើកំណែទម្រង់ឲ្យបានស៊ីជម្រៅ បើមិនដូច្នោះទេ ប្រទេសកម្ពុជា នឹងគ្មានអ្វីផ្លាស់ប្ដូរជាដុំកំភួនទេ៖ «បើសិនជាគណបក្សប្រជាជន គាត់ជាប់ឆ្នោតមែន ហើយគាត់មិនធ្វើកំណែទម្រង់គ្រប់វិស័យស៊ីជម្រៅ ហើយគាត់មិនបានដំឡើងប្រាក់បៀវត្សរ៍គ្រប់គ្រាន់សម្រាប់មន្ត្រីរាជការ ប៉ូលិស ទាហាន ទេ គាត់មិនបានវិនិយោគខ្លាំងទៅជួយសង្គមកិច្ចទេ គឺមិនមានការប្រែប្រួលធំទេ ហើយគាត់បាត់បង់នូវការគាំទ្របន្ថែមទៀតយ៉ាងខ្លាំង»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា បើសិនរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ មិនអាចអនុវត្តតាមការសន្យាទេ ជំហររបស់គណបក្សនេះ គឺការលាលែងពីតំណែង៖ «គោលនយោបាយដែលយើងបានជម្រាបជូនប្រជាពលរដ្ឋ ជាគោលនយោបាយនៃរដ្ឋាភិបាលសង្គ្រោះជាតិ មានន័យថា គណបក្សសង្គ្រោះជាតិ កាន់តំណែងជានាយករដ្ឋមន្ត្រី។ យើងត្រូវតែធ្វើឲ្យទាល់តែបាន ហើយបើធ្វើមិនបាន ពាក្យសន្យារបស់យើង គឺចុះចេញពីតំណែង»។
ទោះបីគណបក្សសង្គ្រោះជាតិ នៅតែបន្តសន្យាថានឹងអនុវត្តគោលនយោបាយរបស់ខ្លួនឲ្យខាងតែបានក៏ដោយ ក៏លទ្ធផលបឋម និងមិនផ្លូវការនៃការបោះឆ្នោតបង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត។ តែគណបក្សប្រឆាំងនេះមិនទាន់ទទួលស្គាល់លទ្ធផលនោះទេ ហើយបានស្នើឲ្យមានការបង្កើតគណៈកម្មការឯករាជ្យមួយ ស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ព្រោះគណបក្សនេះជឿជាក់ថា ជ័យជម្នះពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី២៨ កក្កដា កន្លងទៅ ជារបស់គណបក្សខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក សម រង្ស៊ី ប្រកាសប្រាប់អ្នកគាំទ្រនៅខេត្តកណ្ដាលថាឈ្នះឆ្នោត
- អង្គការក្រៅរដ្ឋាភិបាលប្រមាណ៤០គ្រោងស្រាវជ្រាវបញ្ហាពាក់ព័ន្ធការបោះឆ្នោត
- ពលរដ្ឋនៅភាគពាយ័ព្យរក្សាភាពស្ងប់ស្ងាត់ក្រោយការបោះឆ្នោត
- លោក ហ៊ុន សែន មិនបារម្ភពីអាមេរិកកាត់ផ្ដាច់ជំនួយ
- នាយករដ្ឋមន្ត្រីអះអាងថាអាចបង្កើតរដ្ឋាភិបាលដោយមិនត្រូវការបក្សប្រឆាំង
- ការបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត
- លោក ហ៊ុន សែន ព្រមានចំពោះគម្រោងធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោត
- ក្រសួងមហាផ្ទៃប្រតិកម្មចំពោះរបាយការណ៍លោក ប្រែដ អាដាម
- បទវិភាគ៖ តើហេតុអ្វីយុវជនចូលរួមសង្កេតការណ៍បោះឆ្នោតដោយខ្លួនឯង?
What a joke? It would work if and only if CNRP leads the government. Yet NEC announces the winner of the election for this mandate. Don’t worry Cambodian keeps an eye on the NEC to make sure of free and fair role to announce the result because we need CNRP to put their 7 points into implementation. I m not taking side, but want to be fair and transparency in a reflection of raising a high living of standard for all Khmer.
តាមមើលគ្មានអាណាក្រៅពីអាយួនម្នាក់បញ្ចេញមតិក្នុង camnews នេះទេដែលធ្វើចលាចល !