ថ្ងៃទី 4 សីហា 2013
ដោយ: លី សិលា
CEN
ភ្នំពេញ: ដោយសំអាងថា គណៈកម្មការចម្រុះ ដែល គជប តំណាងគណបក្សប្រជាជនកម្ពុជា និងតំណាងគណបក្សសង្គ្រោះជាតិ បានប្រជុំឯកភាពជាគោលការណ៍ ដើម្បីបង្កើត កាលពីថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០១៣ មិនមានសមាសភាពសង្គមស៊ីវិល ចូលរួមនោះ គណបក្សសង្គ្រោះជាតិ តាមរយៈលោក សម រង្ស៊ី បានប្រកាសថា គណបក្សប្រឆាំង នឹងមិនបញ្ជូនតំណាងរបស់ខ្លួន ឲ្យចូលរួមបន្តប្រជុំ នៅថ្ងៃអាទិត្យ ទី៤សីហានេះទេ។
គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ជាចំហរសាទរកិច្ចប្រជុំ កាលពីថ្ងៃសៅរ៍ ទី៣សីហា ឆ្នាំ២០១៣ និងបានចាត់ទុកជាជំហានជាវិជ្ជមានមួយ ឆ្ពោះទៅរកការបង្កើតគណៈកម្មការចំពោះកិច្ចមួយ សម្រាប់ធ្វើការឃ្លាំមើល ស៊ើបអង្កេត និងដោះស្រាយភាពមិនប្រក្រតី ពាក់ព័ន្ធនឹងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ។
ក៏ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍ ក៏ដូចជា ក្នុងលិខិតរបស់លោក សម រង្ស៊ី ផ្ញើជូនលោក អ៊ឹម សួស្តី ប្រធានគជប ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ យល់ឃើញថា សមាសភាពគណៈកម្មការចំពោះកិច្ច ដែល គជប ស្នើឡើង គឺនៅមានលក្ខណៈចង្អៀតនៅឡើយ ដែលផ្ទុយពីគោលបំណងរបស់គណបក្សសង្គ្រោះជាតិ ចង់បាន។ នោះគឺគណៈកម្មការ ត្រូវបានការចូលរួមពីតំណាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងអង្គការសង្គមស៊ីវិល អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ដោយមានគជប ជាអ្នកសម្របសម្រួល និងអង្គការសហប្រជាជាតិ ជាអាជ្ញាកណ្តាល។
លោក សម រង្ស៊ី បានបញ្ជាក់ថា ការដែល គជប ស្នើអញ្ជើញឲ្យតំណាងគណបក្សសង្គ្រោះជាតិ ចូលរួមប្រជុំ ដើម្បីពិភាក្សាអំពីអាណត្តិ និងតួនាទី ភារកិច្ចរបស់គណៈកម្មការចំពោះកិច្ច នៅថ្ងៃអាទិត្យនេះ គណបក្សសង្គ្រោះជាតិ មិនទាន់អាចចាត់តំណាងឲ្យចូលរួមបានទេ ដោយរង់ចាំឲ្យមានការបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដែលមានសមាសភាពចូលរួមមានលក្ខណៈទូលំទូលាយ តាមការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ។
សូមរម្លឹកថា ជំនួបពិភាក្សារវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប និងតំណាងមកពីគណបក្សប្រជាជនកម្ពុជា ព្រមទាំងតំណាងមកពីគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃសៅរ៍ បានឈានដល់ការព្រមព្រៀងជាគោលការណ៍ថា នឹងបង្កើតគណៈកម្មការចំរុះរួមគ្នា ដើម្បីដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។
បន្ទាប់ពីកិច្ចប្រជុំបង្កើតគណកម្មការសំរាប់ដោះស្រាយភាពមិនប្រក្រតី ស្តីពី ការបោះឆ្នោត ដែលមានសមាសភាព គ.ជ.ប គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃសៅរ៍រួចមក គ.ជ.ប ក៏បានចេញលិខិត កោះអញ្ជើញតំណាងគណបក្សនយោបាយទាំងពីរ ឲ្យបន្តបើកកិច្ចពិភ្សាទៀត នៅថ្ងៃអាទិត្យនេះ ដើម្បីជជែកវែកញែក ក្នុងការកំណត់ទំរង់ សមាសភាព អាយុកាល និង ភារៈកិច្ចព្រមទាំងតួនាទីរបស់គណៈកម្មការនេះ៕

ល្អពួកយើងស្គាល់ល្បិចចោរច្បាស់ណាស់។
គណបក្សប្រឆាំងមិនចង់ធ្វើអ្វីទាំងអស់ គេគ្រាន់តែចង់ឈ្នះឆ្នោតតែប៉ុណ្ណោះ
សាបព្រោះខ្យល់នឹងទទួលបានផលគឺព្យុះសង្ឃរា ដាំស្វាយបានផ្លែសា្វយ ដាំក្រូចបានផ្លែក្រូច។ គជប ក៏ដូច តុលា ក៏ដូចជាក្រុមប្រឹក្សាធម្មនុញ្ញ តែងតែងរងក់ធ្វើបាបគណៈបក្សប្រឆាំង ឥឡូវនេះដល់ពេលបក្សប្រឆាំង ងរងក់វិញម្តងហើយដោយយកតម្លាភាព យុត្តិធម៌មកធ្វើជាហេតុផលក្នុងការទាមទារ។
Very childished!!!