2013-08-04
RFA

សកម្មភាពផ្ទៀងផ្ទាត់សន្លឹកឆ្នោតឡើងវិញ នាទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៣។ Photo: RFA
ដំណើរការនៃនីតិវិធីផ្ទៀងផ្ទាត់តួលេខសន្លឹកឆ្នោតបានប្រព្រឹត្តទៅនៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នៅថ្ងៃទី៣ ខែសីហា ការផ្ទៀងផ្ទាត់នៃតួលេខនៃសំឡេងឆ្នោតបានប្រព្រឹត្តទៅដោយមានអង្គការសង្គមស៊ីវិល និងបណ្ដាគណបក្សនយោបាយមួយចំនួនបានចូលរួម។ ការសង្កេតតាមដានរបស់សង្គមស៊ីវិលបានបញ្ជាក់ថា មានការប្រព្រឹត្តទៅជាធម្មតា ប៉ុន្តែក៏នៅមានតួលេខខ្លះមិនត្រូវគ្នាដែរ។
នៅទីស្តីការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានចាប់ផ្ដើមធ្វើការផ្ទៀងផ្ទាត់តួលេខដែលទទួលបានពីតាមបណ្ដាលខេត្តក្រុងមួយចំនួន។ អ្នកពិនិត្យតាមដានការផ្ទៀងផ្ទាត់តួលេខនេះមានសមាសភាគពីគណបក្សនយោបាយ អង្គការសង្គមស៊ីវិលមួយចំនួន បានដើរតួជាអ្នកសង្កេតការណ៍និងផ្ទៀងផ្ទាត់ចំពោះភាពមិនប្រក្រតីនៃតួលេខមួយចំនួន។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានបញ្ជាក់ថា ចំពោះដំណើរការផ្ទៀងផ្ទាត់តួលេខនៃការបោះឆ្នោតដែលទទួលបានពីតាមបណ្ដាខេត្តក្រុងមួយចំនួនកាលពីថ្ងៃ៣ សីហា គឺបានចំនួន ១៦ ខេត្ត ក្រុង នៅទូទាំងប្រទេស ហើយនៅសល់ប៉ុន្មានខេត្តក្រុងទៀត ដែលមិនទាន់បញ្ជូនតួលេខមកដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកបន្តថា ដំណើរការនេះមានកំហុសមួយចំនួនដែលកើតឡើងដោយក្រុមបច្ចេកទេសបានបូកតួលេខនោះច្រឡំ៖ «ជាទូទៅដូចពុំមានបញ្ហាអ្វីប្រែប្រួលនោះទេ ពីព្រោះថា ការបូកសរុបនៅតាមថ្នាក់ឃុំ ហើយបញ្ជូនមកថ្នាក់ខេត្តដែលធ្វើតាមលិខិតស្នាម គឺយើងមានឯកសារភ្ជាប់មកជាមួយទាំងអស់ ហើយករណីដែលឃើញភាពលម្អៀងអីនោះ យើងកែ យើងអាចធ្វើការកែនូវភាពលម្អៀងទាំងនោះនៅចំពោះមុខគណបក្ស និង អិន.ជី.អូ (NGO) ទាំងអស់ ពីព្រោះថា អានេះជាការបូកលេខ»។
លោកបានបន្ថែមថា នៅពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលទិន្នន័យពីគ្រប់បណ្ដាខេត្តក្រុងទូទាំងប្រទេសអស់ហើយ ដើម្បីយកមកផ្ទៀងផ្ទាត់ឱ្យបានចប់សព្វគ្រប់ នោះខាង គ.ជ.ប និងបង្កើតគណៈកម្មការចម្រុះមួយដើម្បីដោះស្រាយរាល់បណ្ដឹងទាំងអស់ទើបធ្វើការប្រកាសលទ្ធផលបឋមជាក្រោយ។
លោក ទេព នីថា៖ «ការងារដែលត្រូវធ្វើព្រមគ្នានេះដែរ គឺការដោះស្រាយបណ្ដឹងដែលសរុបទៅនៅឯថ្នាក់ឃុំ សង្កាត់ ហ្នឹង មានបណ្ដឹង ១២៤ ហើយនៅថ្នាក់ខេត្តហ្នឹងរហូតមកដល់ពេលនេះ មានបណ្ដឹងរហូតដល់ ៤០ និងនៅ គ.ជ.ប ហ្នឹងមានបណ្ដឹង ៩ ដែលទាក់ទងទៅនឹងការបោះឆ្នោត ការរាប់សន្លឹកឆ្នោតក្រៅពីការដោះស្រាយបណ្ដឹងនេះ។ យើងនឹងពិនិត្យបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីពិនិត្យលើរបាយការណ៍អំពីភាពមិនប្រក្រតី ដែលដាក់នៅតាមថ្នាក់រាជធានីខេត្ត និង គ.ជ.ប. ហើយយើងនឹងដោះស្រាយបញ្ហាទាំងអស់នេះ រួចហើយយើងធ្វើការប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត»។
នាយិកានៃសមាគមស្ត្រីសម្រាប់អភិវឌ្ឍសិទ្ធិមនុស្ស ឧស្សាហកម្ម និងកសិកម្ម អ្នកស្រី ឯម ពិនវីរី ជាអ្នកដែលបានចូលរួមនៅក្នុងការផ្ទៀងផ្ទាត់តួលេខដែលជាលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃ៣ ខែសីហា បានបញ្ជាក់ថា ដំណើរការនៃការផ្ទៀងផ្ទាត់តួលេខនេះ គឺមិនមានអ្វីដែលខុសពីភាពប្រក្រតីនោះទេ៖ «ចាស! ខ្ញុំមកពិនិត្យនៅថ្ងៃនេះឃើញថា មិនមានអីដែលជាភាពមិនប្រក្រតីនោះទេ អាចទទួលយកបាន»។
ចំពោះនាយិកានៃអង្គការលើកស្ទួយជនក្រីក្រ អ្នកស្រី រស់ ចន្តា បានបញ្ជាក់ថា អង្គការអ្នកស្រីបានចូលរួមក្នុងដំណើរការបោះឆ្នោតកាលពីពេលកន្លងទៅ ហើយអ្នកស្រីក៏ជាអ្នកតំណាងមកចូលរួមក្នុងដំណើរការផ្ទៀងផ្ទាត់តួលេខបានឱ្យដឹងថា ការផ្ទៀងផ្ទាត់នេះ គឺមិនទាន់ឃើញអ្វីដែលមិនប្រក្រតីនោះទេ ពីព្រោះអ្នកស្រីទើបតែបានផ្ទៀងផ្ទាត់តួលេខនៅខេត្តកំពង់ឆ្នាំង មួយប៉ុណ្ណោះ៖ «ខ្ញុំសង្កេតថ្ងៃនេះ ក្នុងការរាប់សន្លឹងឆ្នោតនេះ គឺខ្ញុំទើបបានមួយខេត្ត គឺខេត្តកំពង់ឆ្នាំង មួយទេ ដូច្នេះទាល់តែថ្ងៃច័ន្ទ ទើបខ្ញុំមកទៀត»។
ចំពោះការផ្ទៀងផ្ទាត់តួលេខនេះ នាយកនៃគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និចហ្វិក (NICFEC) លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ចំពោះការផ្ទៀងផ្ទាត់តួលេខនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនមានអ្វីកើតឡើងនោះទេ ក៏ប៉ុន្តែអ្វីដែលលោកព្រួយបារម្ភនោះ គឺត្រង់ថា មុនពេលតួលេខដែលបញ្ជូនមកនោះអាចមានការប្រែប្រួល។
លោកបន្ថែមទៀតថា អ្វីដែលខាងអង្គការសង្គមស៊ីវិលជួបផលវិបាកនោះ គឺនៅត្រង់ថា ខាង គ.ជ.ប. មិនបានបើកឱ្យទូលំទូលាយដើម្បីឱ្យខាងសង្គមស៊ីវិលអាចស៊ើបអង្កេតឱ្យបានស៊ីជម្រៅជាងនេះ។ លោកបន្តថា ការផ្ទៀងផ្ទាត់នៅពេលនេះ វាអាចមានភាពមិនប្រក្រតីជាច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ការបង្កើតគណៈកម្មការស៊ើបអង្កេតរឿងបោះឆ្នោតត្រូវបរាជ័យ
- តើគ.ជ.បអាចយកអាសនៈបក្សមួយទៅឲ្យបក្សមួយផ្សេងទៀតបានទេ?
- អង្គការក្រៅរដ្ឋាភិបាលប្រមាណ៤០គ្រោងស្រាវជ្រាវបញ្ហាពាក់ព័ន្ធការបោះឆ្នោត
- ទស្សនៈពលរដ្ឋនៅខេត្តព្រះសីហនុចំពោះការបោះឆ្នោត
- នាយករដ្ឋមន្ត្រីអះអាងថាអាចបង្កើតរដ្ឋាភិបាលដោយមិនត្រូវការបក្សប្រឆាំង
- ការបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត
- លោក ហ៊ុន សែន ព្រមានចំពោះគម្រោងធ្វើបាតុកម្មប្រឆាំងលទ្ធផលឆ្នោត
- ក្រសួងមហាផ្ទៃប្រតិកម្មចំពោះរបាយការណ៍លោក ប្រែដ អាដាម
- បទវិភាគ៖ តើហេតុអ្វីយុវជនចូលរួមសង្កេតការណ៍បោះឆ្នោតដោយខ្លួនឯង?
The irregularities happened at the polling stations, but not at the NEC head quarter !
The ballot boxes could have been exploited before shipping out from the local offices.
បើមានតម្លាភាពខ្លាចអីនិងអោយគេមើល ចាំបាច់ធ្វើលាក់លៀម ធ្វើអី ??? អោយខ្មែរទូទាំងប្រទេស អស់ចិត្តផង បើនៅតែធ្វើបែបនេះ ប្រជាជនខ្មែរ នៅតែបែកបាក់គ្នា ព្រោះតែការមិនទុកចិត្តគ្នាបែបនេះ ឯង ក្រែងសម្តេចមិនចង់អោយប្រជាជនបែកបាក់គ្នានោះអី ឬសម្តេចគ្រាន់តែសម្តែងអោយល្អមើល ?????? សូមអង្វរ ល្មមៗបានហើយសម្តេច ពេលសម្តេចចុះទៅខេត្តតើសម្តេចមានបានមើលពីទឹក មុខប្រជាជន ទេ តើពួកគាត់នៅតែគាំទ្រសម្តេច ឬអត់ ??? សម្តេចប្រាកដ៏ជាដឹង សម្តេចកុំសូវជឿ ពួកលើកជើងពេក ពួកនេះហើយដែលធ្វើអោយសម្តេចធ្លាក់សន្លឹកឆ្នោត ។ សូម្បីតែខ្ញុំជាអ្នកគាំទ្រ ក៏ជ្រិញពួកបណ្ឌឹតតាម TV បួនប្រាំនាក់នោះណាស់ ។ ពួកនេះវាហៃអើតែអញ្ចឹងទេ ពេលសម្តេច អស់អំណាច ពួកវាហ្នឹងហើយ ដែលរត់ចោលសម្តេចមុនគេ ។