ក្រុមគ្រូបង្រៀនថ្នាក់ទី១០-១១ ជាច្រើននៅខេត្តកំពង់ឆ្នាំង ចង់ឲ្យមន្ទីរ និងក្រសួងអប់រំ យុវជន និងកីឡា ពន្យល់ពីមូលហេតុដែលពួកគាត់មិនត្រូវបានអនុញ្ញាតឲ្យធ្វើជាអនុរក្សសម្រាប់សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៣។
ដោយ ជិន ជេដ្ឋា
2013-08-05
RFA

សិស្សសាលាចេញពីមណ្ឌលប្រឡងមួយកន្លែង នាខេត្តបាត់ដំបង ក្នុងថ្ងៃប្រឡងបាក់ឌុប ថ្ងៃទី១ កាលពីថ្ងៃទី៦ សីហា ឆ្នាំ២០១២។ RFA/Soun Sophalmony
ស្របពេលគ្នានេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បញ្ជាក់ថា រឿងនេះវាគឺជារឿងចម្លែកដែលនៅទូទាំង ២៤ខេត្ត-ក្រុង មានតែខេត្តកំពង់ឆ្នាំង មួយប៉ុណ្ណោះ ដែលមិនយកគ្រូថ្នាក់ទី១០ និង១១ ទៅធ្វើជាអនុរក្សសម្រាប់ការប្រឡងបាក់ឌុប (Bac II) ឆ្នាំ២០១៣ នេះ។
ក្រុមគ្រូបង្រៀនជាច្រើននាក់មកពីវិទ្យាល័យផ្សេងៗគ្នា នៅខេត្តកំពង់ឆ្នាំង បានបញ្ជាក់ស្រដៀងគ្នានៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៣ ថា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មិនបានផ្ដល់ព័ត៌មានច្បាស់លាស់ពីមូលហេតុនៃការមិនអនុញ្ញាតឲ្យពួកគាត់ធ្វើជាអនុរក្ស សម្រាប់សម័យប្រឡងកម្រិតមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ សីហា ឆ្នាំ២០១៣។
លោកគ្រូបង្រៀននៅវិទ្យាល័យសុរាម្រិត ម្នាក់ ដែលថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា លោកគ្រូ និងគ្រូៗផ្សេងទៀត មិនបានធ្វើជាអនុរក្សសម្រាប់ការប្រឡងបាក់ឌុប ឆ្នាំ២០១៣ នេះទេ ហើយលោកគ្រូសុំឲ្យថ្នាក់លើពន្យល់អំពីបញ្ហានេះឲ្យបានច្បាស់លាស់៖ «ប្រសិនបើទូទាំងខេត្តគេធ្វើដូចគ្នា អាហ្នឹងវាអត់ប៉ះពាល់អីទេ គ្រាន់តែថា បើសិនជាធ្វើឡើងដោយបុគ្គលខ្លះបានចេញ បុគ្គលខ្លះអត់បានចេញ អាហ្នឹងវាសតិអារម្មណ៍យើងអីចឹងទៅណា៎»។
លោកគ្រូម្នាក់ទៀតបង្រៀននៅវិទ្យាល័យរលាប្អៀរ បានបញ្ជាក់ស្រដៀងគ្នាថា កាលពីឆ្នាំកន្លងទៅ លោកគ្រូ និងគ្រូៗផ្សេងទៀតមានឈ្មោះធ្វើជាអនុរក្សសម្រាប់ការប្រឡងបាក់ឌុបទាំងអស់គ្នា ក៏ប៉ុន្ដែ ឆ្នាំនេះបែរជាអត់ទៅវិញ៖ «វាមិនសមដូចជាមិនសម ព្រោះថាពួកដែលខំប្រឹងឡើងពីក្រោមទៅបង្រៀនអត់បានចេញទៅប្រឡង។ សំណូមពរចង់បានចេញទៅប្រឡងបាក់ឌុបអីចឹងទៅណា៎ ប៉ុន្តែឥឡូវអត់ហើយវាជ្រុលហើយ»។
ទោះជាយ៉ាងណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង លោក ពេជ្រ សំបូរ នៅល្ងាចថ្ងៃទី៤ ខែសីហា បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ជុំវិញបញ្ហានេះ ក៏ប៉ុន្តែលោកបានជំរុញឲ្យវិទ្យុអាស៊ីសេរី ទៅមើលកាសែតក្នុងស្រុកដែលបានចេញផ្សាយពីបញ្ហានេះ។
ទាក់ទិននឹងបញ្ហានេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ក្រៅពីខេត្តកំពង់ឆ្នាំង ក៏នៅមានខេត្តបាត់ដំបង មួយចំនួនដែរដែលមានករណីលោកគ្រូ និងអ្នកគ្រូបង្រៀនថ្នាក់ទី១០ និង១១ មិនបានធ្វើជាអនុរក្ស បែរជាគ្រូថ្នាក់ទី៨ និងទី៩ ធ្វើជំនួសទៅវិញ។ លោកថា ការរៀបចំបែបនេះ គឺជារឿងខុសឆ្គងមួយរបស់ក្រសួងអប់រំ៖ «តាមការពិត ជុំវិញបញ្ហាហ្នឹងជារឿងមួយចម្លែកនៅក្នុង២៤ខេត្តក្រុង យើងឃើញតែខេត្តកំពង់ឆ្នាំង មួយ គ្រូបង្រៀនថ្នាក់ទី១០ និង១១ មិនបានចេញធ្វើអនុរក្ស»។
លោកបញ្ជាក់ថា ការប្រឡងថ្នាក់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៣ នឹងមិនទទួលបានភាពត្រឹមត្រូវ និងគុណភាពឡើយ ដោយសារតែនៅមុនការប្រឡងមានគ្រូបង្រៀនជំនាញឯកទេសបានទាក់ទាញ និងប្រកាសលក់វិញ្ញាសារបស់ខ្លួនដោយចំហ ក្នុង ៥មុខវិជ្ជា តម្លៃ ៣០ដុល្លារ នេះបើតាមប្រភពដែលលោកទទួលបានពីខេត្តកំពង់ចាម ស្វាយរៀង និងខេត្តកណ្ដាល ព្រមទាំងនៅតាមបណ្ដាខេត្តមួយចំនួនទៀត ក៏មានរូបភាពប្រហាក់ប្រហែលគ្នានេះដែរ។
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីអំពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡងថ្ងៃទី៥ សីហា ឆ្នាំ២០១៣ កាលពីថ្ងៃទី៣១ កក្កដា ថា ដើម្បីឲ្យដំណើរការប្រឡងប្រព្រឹត្តទៅប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងមានប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពនូវបទបញ្ញត្តិនៃការប្រឡងឲ្យល្អប្រសើរ ជាពិសេសមិនត្រូវនាំយកសម្ភារៈដែលក្រសួងបានហាមឃាត់ចូលទៅក្នុងមណ្ឌល ឬបន្ទប់ប្រឡងឡើយ។
ការប្រឡងកម្រិតមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៣ នេះ មានថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម មានបេក្ខជនប្រឡងចំនួន ១០៧.៨៣៥នាក់ និងមានមណ្ឌលប្រឡងចំនួន ២៣៤មណ្ឌល ចែកចេញជា ៤.៣៩០បន្ទប់ នៅទូទាំង២៤រាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ ការប្រឡងនេះនឹងត្រូវប្រកាសលទ្ធផលនៅរសៀលថ្ងៃទី៣០ សីហា ឆ្នាំ២០១៣ សម្រាប់រាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនឹងប្រកាសនៅថ្ងៃទី៣១ សីហា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សិស្សានុសិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ
- គ្រូបង្រៀនមួយចំនួនត្អូញត្អែរពីការបែងចែកគ្រូអនុរក្សប្រឡងបាក់ឌុបមានភាពលម្អៀង
- សមាគមគ្រូបង្រៀនស្នើក្រសួងអប់រំទប់ស្កាត់ការបែកធ្លាយវិញ្ញាសាប្រឡងបាក់ឌុប
- គ្រូបង្រៀនមួយចំនួននៅកំពង់ធំត្អូញត្អែរពីភាពមិនប្រក្រតីក្នុងការដំឡើងកាំប្រាក់
- ក្រសួងអប់រំបង្ហាញតារាងប្រាក់ខែគ្រូបង្រៀនជាសាធារណៈលើកដំបូង
- បុគ្គលិកអប់រំ៧នាក់នៅរតនគិរីរងការចោទថាចូលបម្រើការងារគ.ខ.ប
- សមាគមគ្រូបង្រៀនស្នើរដ្ឋាភិបាលអាណត្តិថ្មីបើកប្រាក់ឲ្យទៀងទាត់
- ប្រធានការិយាល័យអប់រំស្រុកខេត្តរតនគិរីរងការចោទថាប្រព្រឹត្តអំពើពុករលួយ
- មន្ត្រីអប់រំស្រុកខេត្តព្រៃវែងរងការចោទថាប្រព្រឹត្តអំពើពុករលួយ
ក្រសួងអប់រំគួរតែពិនិត្យមើលបចេ្ចកទេសការងាររបស់មន្ត្រីថ្នាក់ក្រោមអោយបានល្អ ជាពិសេសវាអាច
ពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយផ្សេងៗ ដូចជាការសូកលុយដើម្បីអោយបានចេញជាមេប្រយោគជា
ដើម ។ ការបន្តរធ្វើទង្វើរបៀបនេះវារឹតតែអោយខូចឈ្មោះសម័យតេជោសែនកាន់តែខ្លាំងឡើយៗ ។
កុំអន់សតិពេកបន្ទប់ប្រឡងមានតែ៤៣៩០ទេ។បើប្រើអនុរក្ស២នាក់ក្នុង១បន្ទប់ វាអស់ចំនួន៨៧៨០នា់ក់ប៉ុណ្ណោះ។ការចាត់ចែងអាចមានមុន មានក្រោយ។អស់លោក
លើកឡើងនេះគួរចាប់អារម្មណ៍ណាស់ហើយ តែនៅប្រលងបឋមភូមិទៀត។រង់ចាំមើលបន្តិចទៅ។