រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​​កំពុង​ធ្វើ​នយោបាយ​ការទូត​ ក្រោយ​ការ​បោះឆ្នោត​

ថ្ងៃ ចន្ទ 05 សីហា 2013
ដោយ គឹម យុទ្ធណា
RFI

ជា​បន្តបន្ទាប់​គ្នា​ នា​រយៈពេល​ចុងក្រោយ​នេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុងតែ​កាន់អំណាច​ជា​រដ្ឋាភិបាល​ចាំផ្ទះ បាន​ទទួល​ជួប​ជាមួយនឹង​មន្ត្រីការទូត​ជាច្រើន​ប្រទេស​ប្រចាំ​នៅ​កម្ពុជា។ ជំនួប​នេះ​គឺ​ត្រូវបាន​ធ្វើឡើង ​បន្ទាប់ពី​កម្ពុជា​បាន​បញ្ចប់​ការរៀបចំ​ការ​បោះឆ្នោត​​ថ្នាក់ជាតិ​របស់ខ្លួន​ កាលពីពេល​កន្លងទៅ​ថ្មីៗនេះ និង​ខណៈដែល​លទ្ធផល​ជា​ផ្លូវការ​នៃ​ការបោះឆ្នោត​មិនទាន់​ចេញ​ជា​ផ្លូវការ​នៅឡើយ​នោះ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ នៅ​ថ្ងៃ​ចន្ទ​នេះ។ RFI/Siv Channa

សេចក្តីរាយការណ៍​របស់ គឹម យុទ្ធណា​

(02:44)

ការទទួល​ជួប​មន្ត្រីការទូត​បរទេស​ទាំងអស់នោះ គឺ​បាន​រៀបចំ​ឡើង​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​ប្រជាជន​កម្ពុជា មានដូចជា​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជាដើម។ គោលបំណង​នៃ​ការទទួល​ជួប​មន្ត្រីការទូត​បរទេស គឺ​ដើម្បី​និយាយ​ពី​បច្ចុប្បន្នភាព​នយោបាយ បញ្ហា​សន្តិសុខ ដំណើរការ​ទូទៅ​នៃ​ការបោះឆ្នោត និង​ភាពមិនប្រក្រតី​ជុំវិញ​លទ្ធផល​​បោះឆ្នោត​​ដែល​ប្រកាសឡើង​ដោយ​គណបក្សនីមួយៗ ។
 
ជាក់ស្តែង​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ថ្លែង​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន ក្រោយពី​ជំនួប​ការទូត​មួយ ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ជាមួយ​លោក​ Serge Mostura ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា លោក ស ខេង បាន​ថ្លែង​ឲ្យ​ដឹងថា នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​លោក​បានទទួល​ជួប​មន្ត្រី​ទូត​ជាង១០ប្រទេស​ហើយ មកពី​ទូត​បារាំង អង់គ្លេស អាមេរិក សហភាព​អឺរ៉ុប និង​បណ្តា​ទូត​​ជាច្រើន​ទៀត។
 
លោក ស ខេង បន្តថា ក្នុង​ការជួប​ជាមួយ​មន្ត្រី​ទូត​បរទេស​ទាំងអស់នោះ លោក​បាន​និយាយ​អំពី​ស្ថានភាព​នយោបាយ និង​បញ្ហា​សន្តិសុខ នៅក្រោយ​ការបោះឆ្នោត ពិសេស​ការចោទប្រកាន់​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ ដែល​លទ្ធផល​ជា​ផ្លូវការ​នៅ​មិនទាន់​ចេញ​នៅឡើយ​នោះ។ បន្ថែម​ពីលើ​នោះ​ លោក​បាន​បញ្ជាក់ថា ការជជែក​ពី​ការស្វែងរក​ដំណោះស្រាយ​ទៅលើ​បញ្ហា​នេះ គឺ​ត្រូវបាន​លើកយក​ពិភាក្សា​ផងដែរ។ បើតាម​លោក ស ខេង ការដោះស្រាយ​បញ្ហា គឺ​ត្រូវ​ផ្អែកលើ​វិធានការ​រក្សាសុខ​សន្តិភាព ស្ថិរភាព​នយោបាយ រក្សា​សណ្តាប់ធ្នាប់​សង្គម ការគោរព​គោល​ការ​ណ៏​ច្បាប់ និង​ការសម្របសម្រួល​គ្នា​ដោយ​សន្តិវិធី។
 
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏បាន​បញ្ជាក់​ជំហរ​ប្រាប់​អ្នកការទូត​បរទេស​ថា យើង​មិន​អាចធ្វើ​អ្វីដែល​ខុសពី​គោល​ការ​ណ៏​ច្បាប់​បានទេ បើ​មិន​ដូច្នោះ វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រ​យោ​ជ​ន៏​ប្រជាពលរដ្ឋ ពិសេស​នៅក្រោយ​ការបោះឆ្នោត​នេះ ដែល​ប្រជាពលរដ្ឋ​សង្ឃឹម និង​ជឿជាក់​ថា​ សុខ​សន្តិភាព​កម្ពុ​ជាមាន​ដំណើរការ​ទៅមុខ។ លោក​បាន​លើក​ជា​ក្តី​ព្រួយបារម្ភ​ថា បើ​គណបក្សនយោបាយ​ដែល​ទទួល​ការគាំទ្រ និង​ផ្តល់​សេចក្តីទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ មិនមាន​ការស្រុះស្រួល​គ្នា នោះ​វា​នឹង​នាំ​ឲ្យ​ពួកគាត់​មានការ​ខកចិត្ត​ក្នុង​ដំណើរ​នៅ​កម្ពុជា​នេះ។
 
បើ​យោងតាម លោក ស ខេង មន្ត្រីការទូត​នានា​បាន​សម្តែង​ការយកចិត្តទុកដាក់​ទា​ក់​ទង​នឹង​ការពង្រឹង​សុខសន្តិភាព ហើយ​និង​ការដោះស្រាយ​បញ្ហា​នានា ដែល​ត្រូវធ្វើឡើង​ដោយ​សន្តិវិធី និង​ស្របតាម​ច្បាប់​ជា​ធរមាន។ គួរ​កត់សម្គាល់ថា យុទ្ធនាការ​នយោបាយ​ការទូត​របស់​គណបក្ស​កាន់អំណាច​បានធ្វើ​ឡើង ខ​ណៈ​ដែល​បក្សប្រឆាំង​កំពុង​បដិសេធ​លទ្ធផល​បោះឆ្នោត និង​ទាមទារ​ឲ្យ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​អំពី​ភាពមិនប្រក្រតី​នានា​ក្នុងពេល​បោះឆ្នោត៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

2 Responses to "រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​​កំពុង​ធ្វើ​នយោបាយ​ការទូត​ ក្រោយ​ការ​បោះឆ្នោត​"

  1. :* says:

    សួរថាតើ ប័ណ្ណបោះឆ្នោតទាំងអស់ប៉ុន្មាន? ប្រើក្នុងពេលបោះឆ្នោតអស់ប៉ុន្មាន?
    តើ ប័ណ្ណបោះឆ្នោតទាំងអស់នៅសល់ប៉ុន្មាន?
    សរុបឆ្នោតទាំងប្រើប្រាស់នឹងនៅសល់ គ្រប់ចំនួនដែរឬទេ?

    មើលមុខអាសំគមឃ្វាលគោជាមួយខ្ញុំ គេធ្វើលោកធំ ក្លាយជាអ្នកមានគេលែងស្គាល់អ្នកក្រកាលនៅឃ្វាលគោជាមួយគ្នាហើយ…….!!!

  2. Real Khmerologist says:

    The joint committee for the investigation of electoral irregularities can not be formed and proceeded unless there is an involvement from the independent organizations and under the observation from the United Nation representatives.