សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ព្រះវិហារ​ភ័យ​ខ្លាច​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន

ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ បាន​កន្លង​ផុត​ទៅ​រយៈពេល ១​សប្ដាហ៍​មក​ហើយ ក៏ប៉ុន្តែ ក្រុម​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ភាគ​ឧត្តរ បាន​អះអាង​ថា សមត្ថកិច្ច​មួយ​ចំនួន​នៅ​តែ​តាម​ឃ្លាំ​មើល​សកម្មភាព​ពួក​គេ​ជាមួយ​នឹង​អំពើ​គំរាម​កំហែង​ផង។

ដោយ ហង្ស សាវយុត
2013-08-05
RFA

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រះវិហារ បាន​អះអាង​ថា ក្រុម​ការងារ​របស់​បក្ស​នេះ​មួយ​ចំនួន​មាន​ការ​ភ័យ​ខ្លាច នៅ​ពេល​ដែល​ឃើញ​កង​សន្តិសុខ​មួយ​ក្រុម​ដើរ​សួរ​រក​មុខ​ពួក​គេ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៤ ខែ​សីហា។

កម្លាំង​សមត្ថកិច្ច និង​សន្តិសុខ​ដើរ​សួរ​រក​មុខ​សកម្មជន​នោះ គឺ​នៅ​ពេល​ពួក​គេ​បាន​ចុះ​ធ្វើ​សកម្មភាព​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ផ្សារ ដែល​មិន​បាន​បោះ​ឆ្នោត។

ប្រធាន​ក្រុម​ការងារ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ព្រះវិហារ គឺ​លោក សឹង សាន់ដេ។ លោក​បាន​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី៤ ខែ​សីហា ថា គណបក្ស​របស់​លោក​នៅ​ក្នុង​ខេត្ត​នេះ បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ត្រួត​ពិនិត្យ​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ក្រុម​ការងារ​របស់​លោក​មួយ​ចំនួន​បាន​ចុះ​ទៅ​ក្នុង​ផ្សារ​កំពង់ប្រណាក នៃ​ទី​រួម​ខេត្ត ដើម្បី​ស្រង់​យក​ឈ្មោះ​ប្រជាពលរដ្ឋ​ណា​មិន​បាន​បោះ​ឆ្នោត ក៏ប៉ុន្តែ បន្ទាប់​ពី​ធ្វើ​ការ​បាន​បន្តិច ក៏​មាន​កម្លាំង​សន្តិសុខ​មួយ​ចំនួន​ចូល​ទៅ​សួរ​រក​មុខ​អ្នក​ដែល​ដើរ​កត់​ឈ្មោះ​នោះ។

លោក សឹង សាន់ដេ៖ «ព្រឹក​នេះ​ក្រុម​ការងារ​ខ្ញុំ​រាយការណ៍​ថា សមត្ថកិច្ច​ស្លៀក​ឯកសណ្ឋាន ហើយ​និង​ស្លៀក​ខោ​អាវ​សន្តិសុខ បាន​ទៅ​សួរ​រក​អ្នក​ដែល​ដើរ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​មិន​បាន​ទៅ​បោះ​ឆ្នោត​នោះ ធ្វើ​ឱ្យ​ក្រុម​ការងារ​របស់​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច ព្រោះ​គេ​ដើរ​រក​ពេញ​តែ​ផ្សារ ប៉ូលិស​មិន​ដឹង​ប៉ុន្មាន​នាក់​ទេ ហើយ​ខ្ញុំ​ទៅ​អំបាញ់មិញ ឃើញ​សន្តិសុខ​ម្នាក់​ស្លៀក​ពាក់​ខោ​អាវ​ស៊ីវិល ដើរ​ស៊ើប​ស្រាវជ្រាវ»

ទោះ​យ៉ាង​ណា មេ​បញ្ជា​ការ​ប៉ូលិស បាន​បដិសេធ​ថា មិន​មាន​កម្លាំង​សមត្ថកិច្ច និង​សន្តិសុខ​ណា​ម្នាក់​ត្រូវ​បាន​បញ្ជា​ឱ្យ​តាម​រារាំង ឬ​គំរាម​កំហែង​ទៅ​លើ​ការ​ដើរ​ចុះ​ឈ្មោះ​អ្នក​មិន​បាន​បោះ​ឆ្នោត​នោះ​ទេ។

ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក ស៊ី គីរី បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​ដែល​ថា កម្លាំង​សមត្ថកិច្ច​គំរាម​កំហែង​ទៅ​លើ​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​នៅ​ឡើយ​ទេ៖ «ចាំ​មើល​ខ្ញុំ​ឆែក ប៉ុន្តែ​ខ្ញុំ​អត់​មាន​ទេ។ ថ្ងៃ​នេះ​ខ្ញុំ​ចុះ​ទៅ​មើល​បង​ប្អូន​ស្ទូង​ដក​អី ការពារ​ទឹក​ជំនន់​អី ដូច​ជា​អត់​ទាន់​មាន​ព័ត៌មាន​អីចឹង​ទេ»

លោក ស៊ី គីរី បាន​បញ្ជាក់​ថា កម្លាំង​របស់​លោក​ដូច​ជា​មិន​បាន​ទៅ​ពាក់ព័ន្ធ​នឹង​ការងារ​របស់​គណបក្ស​នយោបាយ​ដូច្នេះ​ទេ ពីព្រោះ​តែ​ការងារ​បែប​នេះ គឺ​ជា​រឿង​របស់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ខេត្ត​ប៉ុណ្ណោះ។

ចំណែក លោក ឈឹម សំអឿន ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ព្រះវិហារ ក៏​បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ដូច​គ្នា​ដែរ។ លោក ឈឹម សំអឿន បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដើរ​ស្រង់​ឈ្មោះ​អ្នក​មិន​បាន​បោះ​ឆ្នោត​នោះ គឺ​មិន​មាន​នរណា​ហាម​ឃាត់​ទេ ពីព្រោះ​វា​ជា​សិទ្ធិ​សេរីភាព។ ក៏ប៉ុន្តែ លោក​ឆ្ងល់​ថា ការ​បោះ​ឆ្នោត​កន្លង​ទៅ ប្រសិន​បើ​មាន​ភាព​មិន​ប្រក្រតី ហេតុ​អ្វី​បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រះវិហារ មិន​ធ្វើ​បណ្ដឹង​ដាក់​មក​រូប​លោក។

មន្ត្រី​ដដែល​បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​បោះ​ឆ្នោត គឺ​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត ខេត្ត​ព្រះវិហារ បាន​ទទួល​បណ្ដឹង​១​ច្បាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បណ្ដឹង​នោះ​មិន​គ្រប់​តាម​លក្ខណៈ​ផ្លូវ​ច្បាប់​ទៅ​ទៀត។

អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ច័ន្ទ បាន​មាន​ប្រសាសន៍​ថា កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ លោក​បាន​ទទួល​ព័ត៌មាន​អំពី​បញ្ហា​ដែល​ថា​មាន​សមត្ថកិច្ច​មួយ​ក្រុម បាន​ដើរ​សួរ​រក​មុខ​ក្រុម​សកម្មជន​ដើរ​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត​នោះ​មែន ក៏ប៉ុន្តែ លោក​មិន​ទាន់​បាន​ស៊ើប​អង្កេត​នៅ​ឡើយ ដោយសារ​តែ​លោក​ជាប់​រវល់​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

4 Responses to "សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ព្រះវិហារ​ភ័យ​ខ្លាច​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន"

  1. Khmer Krom says:

    Hun Sen is the bad, stupid and crazy man in the world.

  2. ប្រជាពលរដ្ធ says:

    ជំរាបជួនមិត្តអ្នកអានអង្គការជាតិ អង្គការអន្តជាតិ NEC ថា
    គ.ជ.ប ឃុំ លេខ ០០៧ ខេត្តលេខ ២១ ដកប្រាក់មួយពាន់រៀលពេលបើកលុយអោយមន្រ្តីរៀបចំបោះឆ្នោតនិងរាប់សន្លឹកឆ្នោតតាមការិយាល័យដែល គ.ជ.ប ឃុំ លេខ ០០៧ ទទួលខុសត្រវក្នុងមួយនាក់ជាថ្លែបើកប្រាក់ពីធានាគារជាតិជាតិ បើសរុបមិនដល់១០០,០០០រៀល(ដប់មឺនរៀល)ផង
    តើគ.ជ.ប ឃុំផ្សេងទៀត ធ្វើដួចនេះទេ?សួមការិយាល័យផ្សេងជួយចែករំលែកផង
    តើនេះជាទង្វើត្រឹមត្រួវរបស់ គ.ជ.ប ទេ?
    តើ គ.ជ.ប ពឹតជាអព្យាក្រឹតទេ តម្លាភាពទេសំរាប់គណបក្សនយោបាយទំាងអស់នៅក្នុងឃុំ លេខ ០០៧ ខេត្តលេខ ២១ និងទូទំាងប្រទេសកម្ពុជា?
    តើ គ.ជ.បខេត្ត រឺ NEC អាចចាត់ជាអព្យាក្រឹតទេ ត្រឹមត្រួវទេ បើគ្រាន់តែកួនចៅធ្វើទង្វើនេះមិនដឹងផង?
    សូមអោយអង្គការជាតិ អង្គការអន្តជាតិ NEC សើបអង្កេត និងពិនិត្យឡើងវិញអំពីបញ្ហានេះ
    សួមអោយមិត្តអ្នកអាន និង​អង្គការសង្គមសីវិលជួយឆ្លើយ

  3. psa says:

    HUN Sen = Pol Pot

  4. psa says:

    Hun Sèn= a Pol Pot.