Monday, 05 August 2013
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ កាលពីម្សិលមិញសិស្សសាលាជាច្រើនក្នុងចំណោមសិស្ស ប្រមាណជិត ១១ ម៉ឺននាក់ដែលនឹងត្រូវចូលរួមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទនេះ បាននាំគ្នាទៅស្រោចទឹកលើករាសីឬធ្វើពិធីបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិ នៅតាមទីវត្តអារាមឬទីសក្ការៈនានាដើម្បីសូមឲ្យពួកគេបានប្រឡងជាប់។
យុវសិស្ស សាន់ មករា អាយុ ១៩ ឆ្នាំ រៀននៅសាលាឯកជន ទួនហ្វា ដែលនឹងត្រូវចូលប្រឡងជាមួយសិស្សមកពីសាលារដ្ឋនានា និងមិត្តភក្ដិរបស់គេ បាននាំគ្នាទៅអុជធូបបន់ស្រន់ នៅព្រះអង្គ ដងកើ មុខព្រះបរមរាជវាំង កាលពីម្សិលមិញ បាននិយាយថា រូបគេនឹងទទួលបានជោគជ័យ នៅក្នុងការប្រឡងនេះ។
មករាបានលើកឡើងថា៖ «យោងតាមសម្រង់ពិន្ទុឆមាសទី១និងឆមាសទី ២ ដែលខ្ញុំទទួលបាន ៧៥ ភាគរយ បូករួមទាំងការសិក្សា រំឭកមេរៀនជាប្រចាំនោះ ខ្ញុំមានជំនឿថា ខ្ញុំនឹងប្រឡងជាប់ជាមិនខាន»។ ដោយមានបំណងចង់ក្លាយខ្លួនជាសេដ្ឋវិទូ ដ៏ល្បីឈ្មោះនាពេលអនាគត មករា បានប្រាប់ថា រូបគេនឹងចាប់យកមុខវិជ្ជាផ្នែកសេដ្ឋកិច្ច នៅថ្នាក់មហាវិទ្យាល័យ បន្ទាប់ពីលទ្ធផលនៃការប្រឡងបញ្ជាក់ថា រូបគេពិតជាជាប់មែននោះ។
មិនមែនមានតែ មករា ម្នាក់ប៉ុណ្ណោះទេ ដែលមានជំនឿ និងមានទំនុកចិត្តលើការសិក្សារបស់ខ្លួនឯង យុវសិស្សមកពីវិទ្យាល័យ ជ្រោយចង្វារ គឹម ហេង អាយុ ១៨ ឆ្នាំ ដែលបានមកប្រជ្រៀតសុំទឹកមន្តពីកន្លែងអាស្រមព្រះអង្គ ដងកើ បន្ទាប់ពីបានទៅពិនិត្យមើលបញ្ជីឈ្មោះរបស់ខ្លួន នៅមណ្ឌលវិទ្យាល័យ ព្រែកលៀប បាននិយាយដោយក្ដីអំនួតថា នៅក្នុងសាលា រូបគេរៀនបាននិទេ្ទសខ្ពស់គួរសមដែរ គឺចំណាត់ថ្នាក់ប្រចាំខែ ក៏ដូចជា ឆមាស មិនដែលបានក្រោម ៦៥ ភាគរយនោះទេ។
គឹម ហេង បានថ្លែងបន្តថា៖«ជាការពិតនៅពេលនេះ ខ្ញុំមានអារម្មណ៍ហាក់ដូចជាភ័យខ្លាចបន្តិចមែន ប៉ុន្តែខ្ញុំសង្ឃឹមថា ខ្ញុំប្រាកដជាប្រឡងជាប់ ប្រសិនបើគ្មានអំពើពុករលួយទេនោះ»។
យុវសិស្សរូបនេះបាននិយាយទៀតថា ឪពុកម្ដាយរបស់គេ បានជំរុញលើកទឹកចិត្តដល់គេឲ្យបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ខាងផ្នែកឯកទេសវិស្វកម្ម តាមក្ដីបំណងរបស់គេផ្ទាល់ បើសិនជាគេប្រឡងជាប់។
កញ្ញា អុល ស្រីនាង មកពីវិទ្យាល័យ ច្បារអំពៅ និងមិត្តភក្ដិ ៧ នាក់ បាននាំគ្នាយក ទៀន ធូប ផ្កាឈូក និង ផ្លែឈើ ទៅថ្វាយព្រះអង្គ ដងកើ ជួយឲ្យពួកគេប្រឡងជាប់គ្រប់ៗគ្នា។ ស្រីនាង បាននិយាយទៀតថា៖«ពេលនេះ ខ្ញុំមានអារម្មណ៍ភ័យព្រួយខ្លាំងណាស់ ហេតុដូច្នេះហើយ ទើបពួកខ្ញុំទាំងអស់គ្នា នាំគ្នាមកបួងសួង សុំឲ្យព្រះអង្គ ដងកើ ជួយឲ្យពួកខ្ញុំ គ្មានការភិតភ័យ ក្នុងថ្ងៃប្រឡង និងបន់ស្រន់សូមឲ្យពួកខ្ញុំបានប្រឡងជាប់គ្រប់ៗគ្នា»។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឲ្យដឹងកាលពីម្សិលមិញថា តាមព័ត៌មាន ដែលលោកទទួល បានវិញ្ញាសាប្រឡងនឹងត្រូវគេលក់ ក្នុងតម្លៃ ៣០ ដុល្លារ សម្រាប់វិញ្ញាសាចំនួន ៥ មុខ និង ១០០ ដុល្លារ សម្រាប់វិញ្ញាសាទាំង ១០។
លោក រ៉ុង ឈុន បានឲ្យដឹងទៀតថា ដោយឡែកនៅឯខេត្ត បាត់ដំបង និងខេត្ត កំពង់ឆ្នាំង មានសេចក្ដីរាយការណ៍មកថា ការជ្រើសរើស គណមេប្រយោគ និងអនុរក្សតាមបន្ទប់ប្រឡង បានធ្វើឡើងខុសពីគោលការណ៍ និងសេចក្ដីណែនាំរបស់ក្រសួង ដែលតម្រូវឲ្យជ្រើសរើសយកគ្រូនៅថ្នាក់វិទ្យាល័យ។ ប៉ុន្តែនៅក្នុងខេត្តទាំងពីរមានការជ្រើសរើសគ្រូថ្នាក់ អនុវិទ្យាល័យមកធ្វើជាគណៈមេប្រយោគ និង អនុរក្សទៅវិញ។
លោក រ៉ុង ឈុន បានថ្លែងបន្តទៀតថា៖ «អ្វីជាការបារម្ភរបស់យើងនៅពេលនេះ គឺខ្លាចមានអំពើពុករលួយកើតឡើង នៅក្នុងអំឡុងពេលប្រឡងគឺការលួចធ្វើកំណែវិញ្ញាសា ក្នុងបន្ទប់ប្រឡងលក់ឲ្យបេក្ខជនប្រឡង ដែលធ្វើឲ្យបាត់បង់នូវឧត្តមភាពនៃការអប់រំរបស់យើង»។
ពាក់ព័ន្ធទៅនឹងបញ្ហានេះលោក អ៊ឹង ង៉ោហុក អនុប្រធានការិយាល័យប្រឡង នៃក្រសួងអប់រំ បានថ្លែងថា ក្រសួងបានចេញសេចក្ដីណែនាំ និងគោលការណ៍មួយចំនួនរួចហើយ ពាក់ព័ន្ធទៅនឹងការដាក់ពិន័យទៅលើគណៈមេប្រយោគ និងអនុរក្សទាំងឡាយណា ដែលប្រព្រឹត្តផ្ទុយពីសេចក្ដីណែនាំ និងគោលការណ៍របស់ក្រសួង។
លោកបានថ្លែងថា៖ «យើងមានច្បាប់ស្ដី ពីការអប់រំនិងអនុក្រឹត្យជាច្រើនទៀត សម្រាប់ដាក់ពិន័យទៅលើបុគ្គលណាមួយ ដែលប្រព្រឹត្តផ្ទុយពីសេចក្ដីណែនាំ និងគោលការណ៍ណែនាំរបស់ក្រសួងក្នុងពេលប្រឡង។ យើងក៏បានចាត់វិធានការដាក់ពិន័យដល់លោកគ្រូអ្នកគ្រូនិងបុគ្គលិក សិក្សាមួយចំនួន ដែលបានប្រព្រឹត្តល្មើសនាពេលកន្លងមករួចហើយដែរ»។
ជាមួយគ្នានេះ លោកបានអំពាវនាវសុំឲ្យមាតាបិតាសិស្ស រួមទាំងបេក្ខជនប្រឡងគ្រប់រូប កុំចាញ់កលរបស់ជនឱកាសនិយមមួយចំនួនដែលលក់វិញ្ញាសាប្រឡង ដោយលោកបញ្ជាក់ថា គឺមកដល់ថ្ងៃម្សិលមិញ គ្មាននរណាម្នាក់អាចដឹងពីវិញ្ញាសាប្រឡងទេ ហើយវិញ្ញាសាទាំងនោះ កំពុងត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាពបំផុត នៅតាមមន្ទីរអប់រំខេត្តក្រុងនីមួយៗ។
លោកហុកបានបញ្ជាក់ទៀតថា៖ «នៅព្រឹកថ្ងៃចន្ទនេះ លោករដ្ឋមន្ត្រីក្រសួងអប់រំ និងលោកអភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីអប់រំមួយចំនួននឹងអញ្ជើញទៅកាន់មណ្ឌលប្រឡងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ ដើម្បីធ្វើជាគណៈអធិបតីបើកហិបវិញ្ញាសាប្រឡង»។
បើតាមលោក ង៉ោ ហុក បេក្ខជន-បេក្ខនារី នៅទូទំាងប្រទេស ដែលនឹងត្រូវចូលរួមប្រឡងយកសញ្ញាបត្រទុតិយភូមិឆ្នាំ ២០១៣ នេះ មានចំនួនសរុបប្រមាណ ជិត ១១ ម៉ឺននាក់ មានមណ្ឌលប្រឡងចំនួន ២៣៤ មណ្ឌល បែងចែកជាបន្ទប់ចំនួន ៤៣៩០។ ដោយឡែកនៅក្នុងរាជធានីភ្នំពេញ មានបេក្ខជនចូលរួមប្រឡងសរុប ចំនួន ១ ៩០៧៩ នាក់ និងចែកចេញជា ៣៧ មណ្ឌល៕

ចេះតែចុះផ្សាយដែរ សរសេរឈ្មោះ និងតួនាទី មិនត្រូវផង សូមបីតែគ្រូនៅជនបទក៏ស្កាល់ថា លោក អ៊ឺង ង៉ោហុក ជាប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ