Tuesday, 06 August 2013
ហ៊ីង សុខសាន
ភ្នំពេញ ប៉ុស្តិ៍
ជា ធម្មតាក្នុងការលេងអុកគូប្រកួតតែងតែដាក់ខសន្យានឹងគ្នាមុនពេលប្រកួត ដូចជា កាន់កូនណា ដើរកូនហ្នឹង និងមិនឲ្យមានអ្នកផ្សេងឲ្យយោបល់។ល។ ប៉ុន្តែសម្រាប់គូប្រកួតអុកមួយក្តារចុងក្រោយ រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី គឺមិនបានដាក់ខសន្យា ដូចខាងលើនោះទេ នេះក៏ព្រោះតែលោក ហ៊ុន សែន ជាអ្នកលេងអុកជើងចាស់ម្នាក់ ហើយចាត់ទុកលោក សម រង្ស៊ី គ្រាន់តែជាដៃគូជើងទន់ៗម្នាក់។
ដោយសារមោទនភាពនេះហើយទើបលោក ហ៊ុន សែន ភ្លេចគិតថា លោក សម រង្ស៊ី ដែលជាអ្នកលេងអុកខ្សោយទាំងក្រឡាដើរ និងខ្សោយទាំងដេញសម្លាប់ «ចាប់ស្តេច អង្គ» ពីពេលមុននោះបានសិក្សាពីចំណុចខ្សោយទាំងនេះ និងភាពបរាជ័យនាពេលកន្លងមករបស់ខ្លួន។ លើសពីនេះលោក សម រង្ស៊ី នៅមានដៃគូម្នាក់ទៀត ដែលមានសមត្ថភាពប្រកួតជាមួយលោក ហ៊ុន សែន ដែរនោះ គឺលោក កឹម សុខា។ អ្នកទាំងពីរ (លោក សម រង្ស៊ី និងលោក កឹម សុខា) បានសហការគ្នាដាក់ផុក ដើម្បីលេងអុកមួយក្តារចុងក្រោយនេះ ជាមួយលោក ហ៊ុន សែន យកឈ្នះចាញ់តែម្តង។
ការសហការគ្នាយ៉ាងល្អនេះ ទើបធ្វើឲ្យក្រឡាអុករបស់លោក សម រង្ស៊ី ឡើងកូនអុកនីមួយៗមានប្រសិទ្ធភាព ក្នុងការវាយបំបែកក្រឡាអុកដ៏រឹងមាំ របស់លោក ហ៊ុន សែន នេះដោយសារការវាយស្ថានការណ៍ខុស ព្រោះលោក ហ៊ុន សែន ចាត់ទុកការសហការគ្នារវាងលោក សម រង្ស៊ី និងលោក កឹម សុខា ដែលរួមគ្នាប្រកួតជាមួយគាត់ គ្រាន់តែជាព្យុះក្នុងក្អម ឬឆ្កែពីរស៊ីបាយចានតែមួយ។ ផ្ទុយទៅវិញ ការសហការគ្នាបានយ៉ាងល្អ និងមានភាពរឹងមាំ ហើយក្លាយទៅជាព្យុះក្រៅក្អមបានបោកបក់កូនអុករបស់លោក ហ៊ុន សែន បែកខ្ញែកនាំឲ្យលោក សម រង្ស៊ីមានឱកាសឡើងបកត្រីបាន ៣ ហើយត្រីនោះជាត្រីទឹមទៀតផង។
អ្វីទៅដែលហៅថា ត្រីទឹម? វាមានអត្ថប្រយោជន៍អ្វីខ្លះ? ក្នុងល្បែងអុក គូប្រកួតមានពីរនាក់ ហើយមានកូនអុកម្នាក់ៗចំនួន ១៦ ក្នុងចំណោមកូនអុក ១៦ មានកូនអុក ៨ ដែលគេតម្រៀបនៅជួរមុខ និងមាន ឈ្មោះហៅថា «ត្រី ឬត្រីកូនអុក»។ នៅពេលកូនត្រីនេះ បានដើរទៅដល់ក្រឡា ដាក់កូនត្រីម្ខាងទៀត របស់គូប្រកួត កូនត្រីនោះនឹងបក។ ពេលបកហើយ កូនត្រីនោះមានភាពពិសេសនៅត្រង់ថា វាអាចដើរខ្វែងក្រឡាបានទាំងបួនទិស ដែលខុសពីមុនគឺអាចដើរបានតែទៅមុខត្រង់ប៉ុណ្ណោះ។
ត្រីទឹម ជាកូនត្រីអុកបកបានចំនួន ២ ឡើង ហើយនៅទន្ទឹមគ្នា ប៉ុន្តែបើមិននៅទន្ទឹមគ្នាទេ គេហៅថា ត្រីចង ព្រោះវានៅខ្វែងក្រឡាគ្នា។ ជាធម្មតាអ្នកលេងអុក តែងតែរារាំងមិនឲ្យគូប្រកួតឡើងបកត្រីទឹម បាន ដោយងាយៗនោះទេ មានន័យថា គេនឹងរកវិធីកម្ចាត់សព្វបែបយ៉ាងព្រោះកាលណាបណ្តោយ ឲ្យគេ មានត្រីទឹម គឺគេមានប្រៀបឈ្នះច្រើន។ ត្រីទឹម គឺអាចចងប្រទាក់ក្រឡាគ្នាបានយ៉ាងល្អ ក្នុងការការពារ ការវាយលុកពីសត្រូវ និងជាទ័ពពិសេស ដែលប្រើដើម្បីព័ទ្ធចាប់ស្តេច (អង្គ) របស់សត្រូវ បានយ៉ាងងាយទៀតផង។
សម្រាប់ក្រឡាអុករបស់លោក សម រង្ស៊ី ដែលមានការសហការយ៉ាងល្អជាមួយលោក កឹម សុខា បានធ្វើឲ្យក្រឡាអុកនេះមានត្រីបកទឹមដល់ទៅ ៣។ ត្រីបកទី ១ គឺលោក សម រង្ស៊ី មានអាសនៈសភា មិនតិចជាង ៥៥កៅអី ដែលមានលទ្ធភាពគ្រប់គ្រាន់ដាក់សម្ពាធនយោបាយទៅថ្ងៃមុខ ពិសេសរារាំងមិនឲ្យបង្កើតរចនាសម្ព័ន្ធដឹកនាំរដ្ឋសភា ក្នុងសម័យប្រជុំដំបូងរបស់ខ្លួន ៦០ ថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោតតាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ដែលទាមទារឲ្យរដ្ឋសភាមានសមាជិក ជាតំណាងរាស្ត្រយ៉ាងតិច១២០ រូប។ ត្រីបកទី២ គឺលោក សម រង្ស៊ី បានស្នើឲ្យបង្កើតគណៈកម្មការចម្រុះដើម្បីស៊ើបអង្កេតភាពមិនប្រក្រតី តិចឬច្រើនគណៈកម្មការនេះ នឹងរកឃើញភាពមិនប្រក្រតី និងធ្វើរបាយការណ៍ដើម្បីវាយតម្លៃថា តើវាអាចប៉ះពាល់កម្រិតណាដល់លទ្ធផលនៃការបោះឆ្នោត។
ចំណុចនេះ លោក ហ៊ុន សែន យល់ស្របដោយបានទាំងបង្កើតក្រុមការងារសម្រាប់កិច្ចការនេះទៀតផង។ នេះមានន័យថា ទឹកមាត់លោក សម រង្ស៊ី ប្រៃជាងមុន ដែលអាចធ្វើឲ្យលោក ហ៊ុន សែន បានពិចារណា រាល់សំណើរបស់បក្សប្រឆាំងរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ឬអាចនិយាយមួយបែប ទៀតថា ទោះបីលោក សម រង្ស៊ី ទាមទារអ្វីក៏លោក ហ៊ុន សែន យល់ព្រមដែរក្នុងកាលៈទេសៈនេះ ហើយបើសង្កេតមើលកាយវិការ និងពាក្យសម្ដីរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅ ក្នុងពេលចុះត្រួតពិនិត្យការដ្ឋានស្ពានអាកាស ស្ទឹងមានជ័យ គឺហាក់ដូចជាទន់ភ្លន់ច្រើនជាងមុនណាស់។
ត្រីបក ទី៣ គឺលោក សម រង្ស៊ី មានសហគមន៍អន្តរជាតិ ចាប់អារម្មណ៍ និងយកចិត្ត ទុកដាក់ចំពោះកង្វល់នានាដែលលោក សម រង្ស៊ី បានលើកឡើង ហើយមកដល់ពេលនេះ មានសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ប្រទេសជប៉ុន ជាដើមបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដើម្បីគាំទ្រឲ្យមានការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីដែលបានកើតឡើងក្នុងការបោះឆ្នោត។
តាមរយៈត្រីបកទឹមទាំង៣ បានធ្វើឲ្យលោក សម រង្ស៊ី មានឱកាសគ្រប់គ្រាន់ ក្នុងការចូលទៅព័ទ្ធចាប់ស្តេច (អង្គ) របស់លោក ហ៊ុន សែន បានគ្រប់ពេលប្រសិនបើលោក ហ៊ុន សែន ធ្វេសប្រហែសក្នុងការទប់ទល់ ចំពោះក្រឡាអុកមួយក្តារនេះ ប៉ុន្តែដោយសារលោក ហ៊ុន សែន មានបទពិសោធ និងមានល្បិចច្រើន មិនបណ្តោយឲ្យត្រីបកទឹមទាំង៣ របស់លោក សម រង្ស៊ី អាចចូលទៅព័ទ្ធស្តេច (អង្គ) របស់ខ្លួនដោយងាយៗនោះទេ ឬនិយាយម្យ៉ាងទៀតថា មិនបណ្តោយឲ្យលោក សម រង្ស៊ី រុញរហូតផ្ទប់នឹងជញ្ជាំងក្តារអុករកក្រឡារត់មិនរួចនោះឡើយចង់មិនចង់គឺលោក ហ៊ុន សែន ប្រឹងរកឧបាយកលយ៉ាងណាដើម្បីបំបែកត្រីបកទឹមទាំង ៣ របស់លោក សម រង្ស៊ី ម្តងមួយៗ ឬក៏រកមធ្យោបាយដើម្បីផ្លាស់ប្តូរ ស្ថានការណ៍ពីចាញ់មកឈ្នះ ឬពីចាញ់មកស្មើ។
ល្បិចទី១ របស់លោក ហ៊ុន សែន បានប្រើក្នុងការទប់ទល់ជាមួយត្រីបកទឹមទាំង ៣ របស់លោក សម រង្ស៊ី គឺការបង្ហាញមុខលើកទី១ ជាសាធារណៈនៅថ្ងៃទី ៣១ កក្កដា។ វាមិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែនេះជាយុទ្ធសាស្ត្រមួយ«Soft Approach» ដែលបន្ទន់ឥរិយាបថ សុំចរចាដើម្បីស្ទាបស្ទង់ស្ថានការណ៍ ឬពន្យារពេលរង់ចាំទ័ពជំនួយសម្រាប់វាយបកទៅសត្រូវវិញនៅពេលមានឱកាសហុចឲ្យ។ នេះដូចជាល្បិច មួយដែល ឆាវ ឆាវ បានប្រើក្នុងរឿង សាមកុក នៅពេលត្រូវបានឡោមព័ទ្ធដោយកងទ័ព ៧ សែននាក់របស់ស្តេចត្រាញ់ យៀង សាវ។
ឆាវ ឆាវ បានសុំចរចា និងទទួលយកគ្រប់លក្ខខណ្ឌដែល យៀង សាវ ទាមទារ តែនេះជាការពន្យារពេលមួយដើម្បីរង់ចាំទ័ពជំនួយ ហើយនៅពេល ឆាវ ឆាវ ក្តាប់ស្ថានការណ៍បាន និងខណៈពេលទ័ពជំនួយមកដល់ ចាប់ផ្តើមគំរាម យៀង សាវ ថា ច្បាំងមិនដែលចាញ់ឡើយ នៅពេលដែល ឆាវ ឆាវ នៅមានដង្ហើម។ ឆាវ ឆាវ បានប្តូរស្ថានការណ៍ពីចាញ់មកឈ្នះ ដោយបានធ្វើឲ្យទ័ព ៧ សែននាក់របស់ យៀង សាវ នៅសល់មិនដល់ ១០០ នាក់ ហើយស្តេចត្រាញ់ យៀង សាវ ឈឺចាប់រហូតក្អួតឈាមស្លាប់ នៅក្នុងសមរភូមិនេះ ដោយសារទ័ពជំនួយរបស់ ឆាវ ឆាវ។
សម្រាប់ លោក ហ៊ុន សែន តើនរណាជាទ័ពជំនួយ? តើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាទ័ពជំនួយឬ? តាមការសង្កេត និងវាយតម្លៃទៅលើសកម្មភាព និងការសម្រេចចិត្តនានារបស់ គ.ជ.ប គឺត្រូវបានសហគមន៍អន្តរជាតិ អ្នកវិភាគសង្គមនានា បានហៅ គ.ជ.ប ថាជាគណៈកម្មាធិការជាតិ Yes, No, OK ឬគណៈកម្មាធិការជាតិលួចបន្លំសន្លឹកឆ្នោតជាដើម។ មួយថ្ងៃក្រោយបន្ទាប់ពីចេញមុខសាធារណៈ ព្រមទាំងយល់ព្រមឲ្យបង្កើតគណៈកម្មការចម្រុះ ប៉ុន្តែគណៈកម្មការចម្រុះមិនទាន់ចេញជារូបរាងផង លោក ហ៊ុន សែន បានប្រើល្បិចទី២ គឺការគំរាម ដែលជាសារនយោបាយមួយផ្តាំផ្ញើតាមរយៈលោក វ៉ូលហ្គាំង ម៉ូស័រ (Wolfgang Moser)ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ដែលទើបនឹងចប់អាណត្តិថានឹងប្រគល់អាសនៈសភារបស់គណបក្ស សង្គ្រោះជាតិ ឲ្យគណបក្សតូចៗ ប្រសិនបើគណបក្សប្រឆាំងនេះ បដិសេធមិនទទួលយកអាសនៈរបស់ខ្លួននៅរដ្ឋសភាទេ នោះ។
ល្បិចទាំងពីរខាងលើ មិនមានប្រសិទ្ធភាពក្នុងការទប់ទល់នឹង ត្រីបកទឹមទាំង ៣ របស់លោក សម រង្ស៊ី នោះឡើយ ព្រោះលោក សម រង្ស៊ី ឬគណបក្សសង្គ្រោះជាតិ នៅមានត្រីមួយទៀត ដែលបានត្រៀមខ្លួន នឹងបកនៅពេលកាលៈទេសៈហុចឲ្យ។ ក្នុងការប្រកួតអុក ទោះបីជានៅសល់កូនអុកសំខាន់ៗដូចជាទូក ១ ឬ ២ គោល ១ ឬ ២ សេះ ១ ឬ ២ ក៏ដោយ កាលណាយើងមានត្រី ១មិនទាន់បក គឺយើងមានឱកាសក្នុងការព័ទ្ធចាប់ស្តេច (អង្គ) របស់គូប្រកួតម្ខាងទៀត ដោយប្រើពេលវេលាយូររហូតដល់ ៦៤ ជំហាន (ក្រឡា) ប៉ុន្តែបើឱកាសហុចឲ្យ គេនឹងបកត្រីនោះភ្លាម ទោះវាជាត្រីចង ឬត្រីទឹមក៏ដោយឬត្រូវចំណាយពេលខ្លី សម្រាប់ដេញចាប់ស្តេច (អង្គ) ដូចជា ១៦ ជំហានបើនៅទូក ១ ៤៤ ជំហានបើនៅគោល ១ ឬ ៦៤ ជំហានបើនៅសេះ ១ រួមជាមួយត្រីបកចុងក្រោយ។
ត្រីទី៤ដែលលោក សម រង្ស៊ី នឹងបកខាងមុខ បើទោះបីជាត្រីចងឬត្រីទឹមក៏ដោយហើយវាមានឥទិ្ធពលខ្លាំងណាស់ និងធ្វើឲ្យលោក ហ៊ុន សែន មិនហ៊ានលេង ចូលជាដាច់ខាត ព្រមទាំងមិនចង់ឲ្យលោក សម រង្ស៊ី បកផងដែរ។ ត្រីបកទី៤ ដែលលោក សម រង្ស៊ី នឹងប្រើនោះគឺកម្លាំងគាំទ្រមហាជន ពិសេសយុវជន ដែលកំពុងស្រេកឃ្លានចង់ឲ្យមានការផ្លាស់ប្តូរ និងរង់ចាំតែភ្លើងខៀវពីមេបក្សប្រឆាំងតែប៉ុណ្ណោះ ហើយបើកើតមាន វានឹងពុះកញ្ជ្រោល។
លោក ហ៊ុន សែន មិនដែលប្រាថ្នាចង់លេងជាមួយនោះទេ ព្រោះគាត់ធ្លាប់ភ្លក្សម្តងរួចទៅហើយក្នុងខែ កញ្ញា ឆ្នាំ ១៩៩៨។ សម្រាប់ឆ្នាំ ២០១៣ ភាពពុះកញ្ជ្រោលនឹងខ្លាំងក្លាជាងឆ្នាំ ១៩៩៨ រាប់សិបដងទៅទៀត និងពិបាករកវិធានការណាមួយដើម្បីទប់ស្កាត់បានឡើយ។ សម្រាប់លោក សម រង្ស៊ី និងលោក កឹម សុខា ឬគណបក្សសង្គ្រោះជាតិ អាចនឹងលេងដើម្បីជាថ្នូរនឹងសេរីភាព និងលទ្ធិប្រជាធិបតេយ្យជូនជាតិនិងប្រជាពលរដ្ឋ ប៉ុន្តែសម្រាប់លោក ហ៊ុន សែន ច្បាស់ជាមិនហ៊ានលេងទេ បើទោះបីជាធ្លាប់គំរាមថា នឹងបិទទ្វារវាយឆ្កែនាពេលកន្លងមកក៏ដោយព្រោះសន្ទុះគាំទ្រពីសំណាក់យុវជន ចំពោះគណបក្សប្រឆាំងមានសភាពខ្លាំងក្លា។
ទោះជាយ៉ាងនេះក៏ដោយ វាមិនទាន់បិទបញ្ចប់គ្រប់សាច់រឿងនៅឡើយទេ ដូចនេះយើងត្រូវរង់ចំាមើលជាបន្តទៀតថា តើលោក ហ៊ុន សែន មានល្បិចអ្វីថ្មីទៀត ហើយលោក សម រង្ស៊ី និងលោក កឹម សុខា នឹងប្រើប្រាស់ត្រីបកទី៤ របស់គាត់ដែរឬទេ?
ទស្សនៈខាងលើនេះ ជាការយល់ឃើញរបស់បុគ្គលខ្ញុំផ្ទាល់ ដែលជាសាស្រ្តាចារ្យ និងជាបញ្ញវន្ត ដែលបានសិក្សាស្រាវជ្រាវទៅលើប្រវត្តិសាស្រ្តនយោបាយនៅកម្ពុជាតែប៉ុណ្ណោះ ហើយសូមប្រើប្រាស់ពេលទំនេរពីការងារដើម្បីសរសេរអត្ថបទនេះ ក្នុងការចែករំលែកនូវពុទ្ធិបន្តិចបន្តួច ជុំវិញស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន។ នេះក៏ជាការប្រើប្រាស់សិទ្ធិរបស់ខ្ញុំផ្ទាល់ ក្នុងនាមជាពលរដ្ឋខែ្មរមួយរូប ដែលត្រូវបានធានាដោយមាត្រា ៣៥ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។ ទស្សនៈនេះ ក៏មិនបានឆ្លុះបញ្ចាំងពីនិន្នាការនយោបាយទៅរកគណបក្សនយោបាយណាមួយឡើយ។
ដូចនេះខ្ញុំសូមទទួលយកដោយរីករាយនូវការទិតៀនដើម្បីស្ថាបនាពីសំណាក់អស់លោក លោកស្រីជាប្រិយមិត្តអ្នកអានទាំងអស់តាមរយៈអ៊ីមែល hingsoksan@yahoo.com៕ ដោយ ហ៊ីង សុខសាន
I love reading this article. Thank you, the writer. Your analysis is very reasonable and acceptable. Wish you good luck!!
ខ្ញុំក៏មានទស្សនះដូចគ្នាទៅនឹងការវិភាគខាងលើនេះដែរ ។
Good explaination. But supporters of CPP still think it is useless. They (CPP) think they are the best and strongest, they never accept their failure and just blame their supporter.
អំនាចរបស់លោក ហ៊ុន សែនពេលនេះ មានតែសំបកក្រៅប៉ុណ្ណោះ ។ បើមិនជឿខ្ញុំ កាត់ក្បាលអាCheath ចុះពីព្រោះវានេះជំពាក់ខ្ញុំ ហើយខ្ញុំកំពុងតែរកមុខវា។
The more agressive, the situation changes more and rapid. Nothing now is a single factor in this global world. More polite and professional may be rewarded than forcing people and hurt its people. No matter what chess style each player tends to adapt, it also depends on the watcher to applaud
ព័ទ្ធអាចម៍ក្ត អាថៅកែបាតុកម្ម បើស្រុកខ្មែរចលាចលមិនមែនងាប់សម រង្សីទេ គឺងាប់រាស្ត្រខ្មែរ
I support you Mr. Sok San.
តើអាចទេដែលថាសម្តេចហ៊ុន សែនត្រូវប្រើកម្លាំងមហាជន យុវជនរបស់គណបក្សប្រជាជនមកទប់ទល់ជាមួយមហាជន យុវជនរបស់បក្សប្រឆាំងវិញនោះ?
Good analysis, Please write down more articles. I agreed with you.